ថ្ងៃសុក្រ ទី១៦ ខែតុលា
កុំបណ្ដោយឲ្យចិត្តកូនបែរទៅតាមផ្លូវរបស់នាងឡើយ កុំវង្វេងចូលទៅក្នុងផ្លូវនោះឲ្យសោះ។—សុភ. ៧:២៥
កំណត់ហេតុរបស់សាឡូម៉ូន បង្ហាញអំពីអ្វីដែលអាចកើតឡើងចំពោះអ្នកគោរពប្រណិប័តន៍ណាម្នាក់របស់ព្រះយេហូវ៉ា។ គាត់ប្រហែលជាប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយក្រោយមកមានអារម្មណ៍ថាអ្វីនោះបានកើតឡើង«ភ្លាម» ឬគាត់ប្រហែលជានិយាយថា «នោះស្រាប់តែកើតឡើង»។ ប៉ុន្តែ បើគាត់គិតអំពីអ្វីដែលពិតជាបានកើតឡើង គាត់នឹងទំនងជាឃើញថានៅពេលមុនគាត់បានធ្វើការសម្រេចចិត្តដែលមិនប្រកបដោយប្រាជ្ញា ដែលបាននាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនោះ។ ប្រហែលជាគាត់បានជ្រើសរើសមិត្តភក្តិដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ មួយវិញទៀត គាត់ប្រហែលជាជ្រើសរើសការកម្សាន្ត មើលគេហទំព័រ ឬទៅកន្លែងដែលមិនសមត្រឹមត្រូវសម្រាប់គ្រិស្តសាសនិក។ ម្យ៉ាងទៀត គាត់ក៏ប្រហែលជាបានឈប់អធិដ្ឋាន អានគម្ពីរ ចូលរួមកិច្ចប្រជុំ ឬផ្សព្វផ្សាយ។ ដូចយុវជនដែលបានត្រូវរៀបរាប់នៅសៀវភៅសុភាសិត គាត់ប្រហែលជាមិនមែនប្រព្រឹត្តអំពើខុសឆ្គងនោះ‹ភ្លាមៗ›ប៉ុន្មានទេ។ តើមានមេរៀនអ្វីសម្រាប់យើង? យើងមិនគ្រាន់តែត្រូវជៀសវាងពីអំពើខុសឆ្គងប៉ុណ្ណោះទេ តែក៏ត្រូវជៀសវាងពីការប្រព្រឹត្តដែលនាំទៅដល់ការធ្វើអំពើខុសឆ្គងដែរ។ នេះជាអ្វីដែលសាឡូម៉ូនបានពន្យល់បន្ទាប់ពីគាត់បានរៀបរាប់អំពីអ្វីដែលបានកើតឡើង។—ម៉ាថ. ៥:២៩, ៣០ w២៤.០៧ ទំ.១៦ វ.១០-១១
ថ្ងៃសៅរ៍ ទី១៧ ខែតុលា
យើងមានទ្រព្យវិសេសនេះក្នុងភាជនៈដី។—២កូ. ៤:៧
តើទ្រព្យវិសេសនេះជាអ្វី? នេះគឺជាកិច្ចការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដែលជាកិច្ចការសង្គ្រោះជីវិត។ (២កូ. ៤:១) តើភាជនៈដីនេះជាអ្វី? នេះជាតំណាងអ្នកបម្រើព្រះដែលនាំដំណឹងល្អដល់អ្នកឯទៀត។ នៅសម័យប៉ូល ឈ្មួញបានប្រើភាជនៈដីដើម្បីដាក់ទំនិញដែលមានតម្លៃដូចជា អាហារ ស្រា និងលុយ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាប្រគល់ឲ្យយើងនូវដំណឹងល្អដែលមានតម្លៃ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចមានកម្លាំងដែលយើងត្រូវការដើម្បីស្មោះត្រង់ក្នុងការនាំដំណឹងរបស់យើង។ ជួនកាល យើងប្រហែលជាខ្លាចមនុស្សឬខ្លាចគេបដិសេធយើង។ តើយើងអាចយកឈ្នះបញ្ហានេះយ៉ាងដូចម្ដេច? សូមគិតអំពីសេចក្ដីអធិដ្ឋានរបស់ពួកសាវ័កពេលពួកគេបានត្រូវបង្គាប់មិនឲ្យផ្សព្វផ្សាយ។ ជាជាងភ័យខ្លាចរហូតដល់ឈប់ផ្សព្វផ្សាយ ពួកគេបានសុំព្រះយេហូវ៉ាជួយពួកគេបន្តប្រកាសដោយចិត្តក្លាហាន។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេភ្លាមៗ។ (សកម្ម. ៤:១៨, ២៩, ៣១) បើការខ្លាចមនុស្សធ្វើឲ្យអ្នកមិនសូវហ៊ានផ្សព្វផ្សាយ សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះមនុស្សដើម្បីអ្នកមិនខ្លាចប្រាប់ពួកគេអំពីដំណឹងល្អ។ w២៤.០៤ ទំ.១៦ វ.៨-៩
ថ្ងៃអាទិត្យ ទី១៨ ខែតុលា
ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។—ម៉ាថ. ៦:៩
សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ យើងចង់រួមចំណែកក្នុងការជម្រះនាមរបស់ព្រះពីការតិះដៀលរបស់សាថានដែលបាននិយាយភូតភរយ៉ាងអាក្រក់អំពីព្រះយេហូវ៉ា។ (ដក. ៣:១-៥; យ៉ូប ២:៤; យ៉ូន. ៨:៤៤) ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងចង់និយាយការពារព្រះរបស់យើងដោយប្រាប់សេចក្ដីពិតអំពីលោកដល់អស់អ្នកដែលនឹងស្ដាប់។ យើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាគុណសម្បត្តិចម្បងរបស់លោកគឺសេចក្ដីស្រឡាញ់ ហើយថារបៀបគ្រប់គ្រងរបស់លោកគឺសុចរិតនិងយុត្តិធម៌ ព្រមទាំងថាមិនយូរទៀតរាជាណាចក្ររបស់លោកនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ ហើយនាំមកនូវសន្តិភាពនិងសុភមង្គលដល់ក្រុមគ្រួសារមនុស្សជាតិ។ (ចសព. ៣៧:១០, ១១, ២៩; ១យ៉ូន. ៤:៨) ពេលយើងការពារកេរ្តិ៍ឈ្មោះរបស់ព្រះយេហូវ៉ាក្នុងកិច្ចបម្រើផ្សាយ យើងធ្វើឲ្យនាមលោកបរិសុទ្ធ។ យើងក៏ស្កប់ចិត្តដោយដឹងថាយើងកំពុងរស់នៅស្របតាមឈ្មោះរបស់យើង។ w២៤.០៥ ទំ.១៨ វ.១២