ថ្ងៃពុធ ទី១៥ ខែមេសា
[ចូរ]ស្រឡាញ់គ្នាទៅវិញទៅមក។—យ៉ូន. ១៥:១២
រាស្ត្ររបស់ព្រះយេហូវ៉ាចូលចិត្តជួយគ្នាទៅវិញទៅមក។ (២កូ. ៨:៤) ប៉ុន្តែ ពេលខ្លះត្រូវការចិត្តក្លាហានឲ្យធ្វើដូច្នេះ។ ជាឧទាហរណ៍ ពេលសង្គ្រាមផ្ទុះឡើង អ្នកចាស់ទុំក្នុងតំបន់នោះទទួលស្គាល់ថាបងប្អូនត្រូវការការលើកទឹកចិត្ត ការគាំទ្រ និងប្រហែលជារបស់របរចាំបាច់ឬជំនួយខាងការគោរពប្រណិប័តន៍។ ដោយសារពួកអ្នកចាស់ទុំស្រឡាញ់ចៀម ពួកគេប្រថុយជីវិតដើម្បីផ្ដល់អ្វីដែលបងប្អូនត្រូវការ។ ក្នុងស្ថានភាពបែបនេះគឺសំខាន់ដែលយើងរក្សាសាមគ្គីភាព។ សូមធ្វើតាមការណែនាំពីការិយាល័យសាខាក្នុងតំបន់របស់អ្នក។ (ហេ. ១៣:១៧) ជាទៀងទាត់ពួកអ្នកចាស់ទុំគួរពិនិត្យមើលការណែនាំអំពីរបៀបត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងអ្វីដែលត្រូវធ្វើពេលមានមហន្តរាយ។ (១កូ. ១៤:៣៣, ៤០) ចូរមានចិត្តក្លាហានតែប្រុងប្រយ័ត្ន។ (សុភ. ២២:៣) សូមគិតមុនប្រព្រឹត្ត។ ចូរកុំចេះតែប្រថុយជីវិត។ ចូរពឹងផ្អែកលើព្រះយេហូវ៉ា។ លោកអាចជួយអ្នកឲ្យផ្ដល់ជំនួយដល់បងប្អូនដោយមានសុវត្ថិភាព។ w២៤.០៧ ទំ.៤ វ.៨; ទំ.៥ វ.១១
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា
ពេលមានទុក្ខលំបាកនោះ ខ្ញុំបានស្រែករកព្រះយេហូវ៉ា . . . ហើយលោកបានឮសំឡេងស្រែកអង្វរសុំរបស់ខ្ញុំ។—ចសព. ១៨:៦
ស្ដេចដាវីឌស្គាល់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើលោក។ ពេលពួកសត្រូវនិងស្ដេចសុលដេញតាមសម្លាប់គាត់ ដាវីឌបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ បន្ទាប់ពីព្រះតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់និងសង្គ្រោះគាត់ ដាវីឌបានប្រកាសថា៖ «ព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ!»។ (ចសព. ១៨:៤៦) តើដាវីឌចង់មានន័យយ៉ាងណា? ឯកសារយោងមួយរៀបរាប់ថា ដាវីឌបានបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា«ជាព្រះដែលមានជីវិតរស់នៅដែលតែងតែជួយរាស្ត្រលោក»។ ដោយសារមានបទពិសោធន៍ផ្ទាល់ខ្លួន ដាវីឌដឹងថាព្រះរបស់គាត់ជាព្រះដែលមានជីវិតរស់នៅ ហើយការជឿជាក់នេះពង្រឹងការតាំងចិត្តរបស់គាត់ឲ្យបន្តបម្រើនិងសរសើរព្រះយេហូវ៉ា។ (ចសព. ១៨:២៨, ២៩, ៤៩) ការដែលយើងជឿជាក់ថាព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ អាចជួយយើងឲ្យបម្រើលោកដោយខ្នះខ្នែង។ យើងនឹងមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក និងមានចិត្តចង់បន្តខំប្រឹងក្នុងកិច្ចបម្រើរបស់លោក។ យើងក៏នឹងតាំងចិត្តបន្តនៅជិតស្និទ្ធជាមួយព្រះយេហូវ៉ាដែរ។ w២៤.០៦ ទំ.២០-២១ វ.៣-៤
ថ្ងៃសុក្រ ទី១៧ ខែមេសា
កុំឲ្យអ្នកណានាំអ្នករាល់គ្នាវង្វេងចេញឲ្យសោះ។—២ថែ. ២:៣
តើយើងរៀនអ្វីពីពាក្យរបស់សាវ័កប៉ូលដែលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច? ពេលយើងឮអ្វីមួយដែលមិនស្របនឹងអ្វីដែលយើងបានរៀនពីគម្ពីរ ឬពេលយើងឮរឿងដ៏គួរឲ្យភ្ញាក់ផ្អើល យើងត្រូវប្រើសមត្ថភាពវែកញែក។ នៅអតីតសហភាពសូវៀត សត្រូវរបស់យើងធ្លាប់ផ្ញើសំបុត្រដល់បងប្អូនដែលមើលទៅមកពីមន្ទីរចាត់ការពិភពលោក។ សំបុត្រនោះបានលើកទឹកចិត្តបងប្អូនឲ្យញែកខ្លួន ហើយបង្កើតអង្គការថ្មីមួយ។ សំបុត្រនោះមើលទៅដូចជាសំបុត្រផ្លូវការពិតមែន។ ប៉ុន្តែ បងប្អូនដ៏ស្មោះត្រង់មិនបានចាញ់បោកទេ។ ពួកគេយល់ថាពាក្យនៅក្នុងសំបុត្រនោះមិនស្របនឹងអ្វីដែលពួកគេបានរៀនឡើយ។ នៅសព្វថ្ងៃនេះ ជួនកាលសត្រូវនៃសេចក្ដីពិតប្រើអ្វីដូចជាប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញសង្គម ដើម្បីព្យាយាមបំភាន់និងបំបាក់បំបែកយើង។ ជាជាង«ឲ្យការវែកញែក[របស់យើង]ងាយរង្គោះរង្គើ» យើងអាចការពារខ្លួនដោយពិចារណាថាអ្វីដែលយើងឮឬអ្វីដែលយើងអានគឺស្របនឹងសេចក្ដីពិតដែលយើងបានរៀនរួចហើយឬយ៉ាងណា។—២ថែ. ២:២; ១យ៉ូន. ៤:១ w២៤.០៧ ទំ.១២ វ.១៤-១៥