Thai Liang Lim/E+ via Getty Images
ចូរចាំយាម!
ពិភពលោកបារម្ភអំពីឥទ្ធិពលដែលបណ្ដាញសង្គមមានទៅលើយុវវ័យ
ក្នុងអំឡុងឆ្នាំ២០២៥ រដ្ឋាភិបាលនៅទូទាំងពិភពលោកបានបង្ហាញក្ដីបារម្ភអំពីឥទ្ធិពលដែលបណ្ដាញសង្គមមានទៅលើយុវវ័យ។ ហេតុនេះ នៅប្រទេសមួយបានដាក់បម្រាមទៅលើយុវវ័យអាយុក្រោម១៦ឆ្នាំមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ដាញសង្គមទេ។ ហើយប្រទេសផ្សេងទៀតក៏គិតចង់ធ្វើដូច្នេះដែរ។
គួរឲ្យចាប់អារម្មណ៍ សូម្បីតែយុវវ័យខ្លះក៏ទទួលស្គាល់ថាបណ្ដាញសង្គមអាចមានឥទ្ធិពលមិនល្អមកលើពួកគេដែរ។ យោងទៅតាមការស្ទង់មតិមួយនៅសហរដ្ឋអាម៉េរិកដែលបានចេញនៅខែមេសា ឆ្នាំ២០២៥ បានរៀបរាប់ថា៖«យុវវ័យប្រមាណ៤៨ភាគរយដែលមានអាយុពី១៣ដល់១៧ឆ្នាំ បាននិយាយថាបណ្ដាញសង្គមមានឥទ្ធិពលមិនល្អមកលើពួកគេ»(Pew Research Center)។
អ្នកជំនាញខ្លះបានព្រមានអំពីឥទ្ធិពលដែលបណ្ដាញសង្គមមានទៅលើសុខភាពផ្លូវចិត្តរបស់ពួកយុវវ័យ។ កាលពីឆ្នាំមុន វេជ្ជបណ្ឌិតវីវីក មើធី នៅសហរដ្ឋអាម៉េរិក បានរៀបរាប់ថា៖«វិបត្តិសុខភាពផ្លូវចិត្តកើនឡើងក្នុងស្រទាប់យុវវ័យ។ កត្តាចម្បងមួយដែលបង្កឲ្យមានវិបត្តិនេះ គឺដោយសារការប្រើប្រាស់បណ្ដាញសង្គម។ បញ្ហានេះជារឿងបន្ទាន់ដែលត្រូវដោះស្រាយ»។
តើតាមរបៀបណាឪពុកម្ដាយអាចការពារកូនពីគ្រោះថ្នាក់ដែលមកពីការប្រើប្រាស់បណ្ដាញសង្គម? គម្ពីរមានយោបល់ល្អៗអំពីរឿងនេះ។
អ្វីដែលឪពុកម្ដាយអាចធ្វើ
សូមពិចារណាគោលការណ៍គម្ពីរដូចខាងក្រោម៖
“មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភាសិត ១៤:១៥
ដោយសារបណ្ដាញសង្គមអាចមានឥទ្ធិពលអាក្រក់មកលើកូនរបស់អ្នក សូមប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឲ្យកូនៗប្រើប្រាស់វា។ មុននឹងអនុញ្ញាតឲ្យកូនប្រើប្រាស់ អ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពចាស់ទុំល្មមគ្រប់គ្រាន់ក្នុងការគោរពពេលវេលាដែលអ្នកបានកំណត់ឲ្យប្រើប្រាស់។ ហើយនៅដំណាលគ្នានោះ កូននៅតែមានការសេពគប់ជាមួយមិត្តភក្តិ និងចេះជៀសវាងពីព័ត៌មានមិនសមរម្យដែលមានក្នុងបណ្ដាញសង្គម។
ដើម្បីស្វែងយល់ថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«តើកូនរបស់ខ្ញុំគួរប្រើបណ្ដាញសង្គមទេ?» និងអត្ថបទ«ចូរបង្រៀនកូនជំទង់របស់អ្នកអំពីរបៀបប្រើបណ្ដាញសង្គមដោយសុវត្ថិភាព»។
«[ចូរ]ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភេសូរ ៥:១៦
បើអ្នកអនុញ្ញាតឲ្យកូនប្រើប្រាស់បណ្ដាញសង្គម សូមដាក់កំហិតអំពីរបៀបដែលគាត់ប្រើប្រាស់វា។ បន្ទាប់មក ពន្យល់មូលហេតុដែលការដាក់កំហិតទាំងនេះ ជួយពួកគេឲ្យប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព។ បន្ថែមទៅទៀត អ្នកក៏ត្រូវចេះសម្គាល់ការប្រព្រឹត្តរបស់កូនដែរ។ បើអ្នកឃើញថាការប្រព្រឹត្តរបស់កូនខុសប្លែកពីមុន អ្នកអាចដាក់កម្រិតលើអ្វីដែលកូនមើលឬលេងក្នុងបណ្ដាញសង្គមនោះ។
សូមប្រើវីដេអូគំនូរជីវចលលើក្ដារខៀនដែលមានចំណងជើងថាចូរប្រើអ៊ីនធឺណិតដោយឈ្លាសវៃ ដើម្បីជួយកូនឲ្យយល់មូលហេតុដែលអ្នកដាក់កម្រិតលើការប្រើប្រាស់របស់គាត់។
ដើម្បីទទួលបានយោបល់ពីគោលការណ៍គម្ពីរ សូមមើលអត្ថបទដែលមានចំណងជើងថា«មន្ត្រីនាយកដ្ឋានសុខាភិបាលបានព្រមានអំពីឥទ្ធិពលនៃបណ្ដាញសង្គមទៅលើក្មេងជំទង់ តើគម្ពីរចែងយ៉ាងណា?»។
ស្វែងយល់ថែមទៀត
គម្ពីរចែងថាយើងកំពុងរស់នៅគ្រាដែល«លំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១-៥) ប៉ុន្តែ គម្ពីរក៏មានយោបល់និងឱវាទល្អៗដែលអាចជួយយើងផងដែរ។ មានបញ្ជីអត្ថបទជាង២០ដែលមានមូលដ្ឋានក្នុងគម្ពីរ ដែលអាចជួយឪពុកម្ដាយនិងកូនៗ នៅក្នុងអត្ថបទ«បញ្ហាផ្លូវចិត្តមានកាន់តែច្រើនឡើងលើពួកយុវវ័យ តើគម្ពីរចែងយ៉ាងណា?»។