ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
ចូររក្សាទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក
«ទោះជាខ្ញុំជួបទុក្ខវេទនានិងទុក្ខលំបាកក៏ដោយ ខ្ញុំនៅតែស្រឡាញ់បញ្ញត្តិរបស់លោកជានិច្ច»។—ចសព ១១៩:១៤៣
ចំណុចផ្ដោត
ការមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក អាចជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាកនោះដោយជោគជ័យ។
១-២. តើយើងត្រូវធ្វើអ្វីដើម្បីប្រឈមមុខនឹងទុក្ខលំបាកដោយជោគជ័យ? (សូមមើលរូបភាពផងដែរ)
តើថ្មីៗនេះអ្នកកំពុងរងអំពើអយុត្តិធម៌ ការប្រឆាំងពីក្រុមគ្រួសារ ឬការបៀតបៀន ដោយសារជំនឿរបស់អ្នកឬទេ? តើអ្នកកំពុងស៊ូទ្រាំនឹងបញ្ហាសុខភាពឬភាពចាស់ជរាឬទេ? ឬតើអ្នកកំពុងជួបរឿងខ្លោចផ្សា ដូចជាបាត់បង់មនុស្សជាទីស្រឡាញ់ឬទេ? ដូចចៀមដ៏មានតម្លៃជាច្រើនរបស់ព្រះយេហូវ៉ា ជីវិតរបស់អ្នកប្រហែលជា«ពេញទៅដោយទុក្ខព្រួយនិងទុក្ខលំបាក»។—ចសព ៩០:១០
២ ដើម្បីប្រឈមមុខនឹងទុក្ខលំបាករបស់យើងដោយជោគជ័យ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកនោះ។ ហេតុអ្វីនេះសំខាន់? សូមគិតអំពីឧទាហរណ៍នេះ៖ បញ្ហាដែលអ្នកជួបនៅក្នុងជីវិត ប្រៀបដូចជាឧបសគ្គដែលអ្នកអាចជួបនៅពេលបើកបរ។ ពេលជួបឧបសគ្គមួយ អ្នកប្រហែលជាត្រូវបត់ឆ្វេងឬបត់ស្ដាំ បន្ថយល្បឿន ឬឈប់ឡាន។ ប៉ុន្តែ ដើម្បីដឹងថាអ្នកគួរធ្វើអ្វី អ្នកត្រូវចេះមើលឧបសគ្គនោះឲ្យបានច្បាស់។ បើកញ្ចក់ឡានរបស់អ្នកស្រអាប់ដោយសារព្រឹលឬទឹកភក់ នោះអ្នកមិនអាចមើលឃើញឧបសគ្គដែលនៅខាងមុខច្បាស់ទេ។ ស្រដៀងគ្នាដែរ ដើម្បីប្រឈមមុខនឹងទុក្ខលំបាករបស់យើងដោយជោគជ័យ យើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាមានចំពោះទុក្ខលំបាករបស់យើង។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណា (១) របៀបមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាករបស់យើង (២) របៀបដែលការមានទស្សនៈមិនត្រឹមត្រូវចំពោះស្ថានភាពរបស់យើង អាចធ្វើឲ្យស្ថានភាពនោះកាន់តែពិបាក និង(៣) អ្វីដែលយើងអាចធ្វើដើម្បីរក្សាទស្សនៈត្រឹមត្រូវពេលយើងជួបទុក្ខលំបាក។
យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាករបស់យើងដើម្បីយើងអាចប្រឈមមុខនឹងទុក្ខលំបាកនោះដោយជោគជ័យ (សូមមើលវគ្គ២)
របៀបមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាករបស់យើង
៣. ហេតុអ្វីយើងមិនអាចជៀសផុតពីទុក្ខលំបាកដែលមាននៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ?
៣ យើងមិនអាចជៀសផុតពីទុក្ខលំបាកដែលមាននៅក្នុងពិភពលោកដ៏ទុច្ចរិតនេះទេ។ ដោយសារយើងរស់នៅក្នុងពិភពលោកដែលនៅក្រោមការគ្រប់គ្រងរបស់សាថាន ហើយដោយសារយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ នោះយើងទាំងអស់គ្នារងទុក្ខវេទនា។ បន្ថែមទៅទៀត កាលដែលរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ទីបញ្ចប់ យើងទាំងអស់គ្នានឹងមានទុក្ខលំបាកកាន់តែខ្លាំង មិនថាបណ្ដាលមកពីមហន្តរាយធម្មជាតិឬបណ្ដាលមកពីមនុស្សបង្កឡើងនោះទេ។ (ម៉ាថ. ២៤:៨; ២ធី. ៣:១៣) បើព្រះយេហូវ៉ាដោះស្រាយបញ្ហាទាំងអស់នោះនៅឥឡូវនេះ នោះអាចមើលទៅហាក់ដូចជាលោកកំពុងគាំទ្រសាថានឲ្យគ្រប់គ្រងពិភពលោកនេះ។ នៅក្នុងរបៀបរបបពិភពលោកនេះ យើងនឹង«ជួបទុក្ខវេទនា»ជាមិនខាន។—អទ. ៩:១២, កំ.ស.
៤. តើមានមូលហេតុអ្វីទៀតដែលនាំឲ្យគ្រិស្តសាសនិករងទុក្ខលំបាក?
៤ យើងក៏រងទុក្ខលំបាកដោយសារយើងកាន់តាមលោកយេស៊ូដែរ។ លោកយេស៊ូប្រាប់ពួកអ្នកកាន់តាមលោកជារឿយៗថា ពួកគេនឹងរងការបៀតបៀនដោយសារជំនឿរបស់ពួកគេ។ (ម៉ាថ. ២៤:៩; យ៉ូន. ១៦:២) ការដឹងអំពីរឿងនេះ ជួយឲ្យជំនឿរបស់យើងមិនរង្គោះរង្គើពេលយើងស្ថិតក្នុងស្ថានភាពដ៏លំបាក។ (១ថែ. ៣:៣, ៤) ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាកដោយសារយើងមានជំនឿរឹងមាំ យើងអាចប្រាកដថាយើងនៅតែដើរលើផ្លូវដែលនាំទៅឯជីវិតដែលគ្មានទីបញ្ចប់។ បន្ថែមទៅទៀត យើងបង្ហាញថាយើងនៅខាងអ្នកណា គឺខាងព្រះយេហូវ៉ាឬខាងសាថាន ក្នុងរឿងដ៏សំខាន់ដែលជាប់ទាក់ទងនឹងបុគ្គលគ្រប់រូបក្នុងសកលលោក។ ពេលសាថានវាយប្រហារមកលើនាមរបស់ព្រះ វាអះអាងថាមនុស្សជាតិបម្រើលោកដោយសារប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដើម្បីបង្ហាញថាការអះអាងរបស់វាគឺត្រឹមត្រូវ វាវាយប្រហារយ៉ាងខ្លាំងមកលើរាស្ត្ររបស់ព្រះយេហូវ៉ា។ (យ៉ូប ១:៩-១១) ពេលយើងរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា យើងបង្ហាញថាយើងពិតជាស្រឡាញ់លោក ហើយនោះធ្វើឲ្យចិត្តលោករីករាយ។—សុភ. ២៧:១១
៥. តើយើងអាចរៀនអ្វីពីអ្នកទូន្មាន ៧:១៣, ១៤? (សូមមើលរូបភាពផងដែរ)
៥ ព្រះយេហូវ៉ាអនុញ្ញាតឲ្យមានទុក្ខវេទនា។ ព្រះយេហូវ៉ាមិនដែលប្រព្រឹត្តអាក្រក់ឬល្បងលយើងដោយសេចក្ដីអាក្រក់ឡើយ។ (យ៉ា. ១:១៣) ប៉ុន្តែ ស្ដេចសាឡូម៉ូនបែរជាសរសេរថា៖ «ថ្ងៃលំបាក»គឺជា«ស្នាដៃរបស់ព្រះពិត»។ (សូមអាន អ្នកទូន្មាន ៧:១៣, ១៤) តើពាក្យរបស់គាត់មានន័យយ៉ាងណា? គាត់មិនមែនមានន័យថា ព្រះយេហូវ៉ាបានបណ្ដាលឲ្យរឿងអាក្រក់កើតឡើងទេ តែគាត់ចង់មានន័យថា រឿងអាក្រក់កើតឡើងដោយសារលោកអនុញ្ញាតឲ្យនោះកើតឡើង។ ដូច្នេះ តើយើងអាចរៀនអ្វីពីពាក្យរបស់សាឡូម៉ូននៅអ្នកទូន្មាន ៧:១៣, ១៤? ទី១ យើងត្រូវទទួលស្គាល់ការពិតថាក្នុងពិភពលោករបស់សាថាន យើងនឹងមានថ្ងៃល្អនិងថ្ងៃអាក្រក់។ ពេលយើងមានថ្ងៃល្អ យើងអាចអរគុណព្រះយេហូវ៉ាចំពោះគុណធម៌របស់លោក ហើយចាត់ទុកថ្ងៃនោះថាជាអំណោយពីលោក។ ទី២ សាឡូម៉ូនរំលឹកយើងថា យើងមិន«អាចដឹងថានឹងមានអ្វីកើតឡើងនៅអនាគត» ពោលគឺយើងមិនអាចដឹងថាថ្ងៃនោះនាំមករឿងល្អឬរឿងអាក្រក់ទេ។ បញ្ហាដែលយើងមិនបានរំពឹងទុកអាចកើតឡើងចំពោះមនុស្សសុចរិតនិងមនុស្សមិនសុចរិត។
យើងត្រូវទទួលស្គាល់ការពិតថានៅក្នុងពិភពលោករបស់សាថាន យើងនឹងមានថ្ងៃល្អនិងថ្ងៃអាក្រក់ (សូមមើលវគ្គ៥)
៦. តើមានមូលហេតុអ្វីខ្លះដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងរងទុក្ខវេទនា? (ហេប្រឺ ១២:៧, ១១)
៦ បើយើងមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាករបស់យើង នោះយើងនឹងឃើញថាព្រះយេហូវ៉ាកំពុងបង្រៀនយើងឲ្យពឹងផ្អែកលើលោក មិនមែនលើខ្លួនយើងទេ។ ព្រះយេហូវ៉ាតែងតែកត់សម្គាល់ទុក្ខលំបាកដែលយើងជួប និងយកចិត្តទុកដាក់ចំពោះយើង ពេលយើងរងទុក្ខវេទនា។ ទោះជាលោកអនុញ្ញាតឲ្យយើងចូលក្នុង«ជ្រលងងងឹតសូន្យសុង»ក៏ដោយ លោកបន្តណែនាំយើង ពង្រឹងទំនុកចិត្តយើងថាលោកស្រឡាញ់យើង និងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ (ចសព. ២៣:៤) ទុក្ខលំបាកក៏អាចជួយយើងឲ្យកត់សម្គាល់ភាពទន់ខ្សោយរបស់យើងដែរ ហើយដោយមានជំនួយពីព្រះយើងអាចកែប្រែបុគ្គលិកលក្ខណៈរបស់យើងឲ្យទៅជាមនុស្សល្អប្រសើរជាង។ (សូមអាន ហេប្រឺ ១២:៧, ១១) ជាឧទាហរណ៍ យ៉ូបត្រូវមានចិត្តរាបទាបកាន់តែខ្លាំងឡើង។ ព្រះយេហូវ៉ាមិនបានបណ្ដាលឲ្យយ៉ូបរងទុក្ខវេទនាទេ តែលោកអនុញ្ញាតឲ្យយ៉ូបរងទុក្ខវេទនា ហើយប្រើពេលនោះដើម្បីជួយយ៉ូបឲ្យរៀនមេរៀនដ៏សំខាន់។ (យ៉ូប ៤២:១-៦) យើងអាចប្រាកដថា បើព្រះយេហូវ៉ាអនុញ្ញាតឲ្យស្ថានភាពណាមួយកើតឡើងដែលនាំឲ្យយើងរងទុក្ខវេទនា លោកនឹងជួយយើងឲ្យរក្សាភាពស្មោះត្រង់នឹងលោក ហើយលោកនឹងឲ្យរង្វាន់យើងជាក់ជាមិនខាន។—រ៉ូម ៨:៣៥-៣៩
៧. ហេតុអ្វីអ្នកអាចមានសុភមង្គល ទោះជាពេលដែលអ្នកទទួលការបៀតបៀនដោយសារជំនឿក្ដី?
៧ យើងអាចមានសុភមង្គលនៅពេលដែលគេបៀតបៀនយើង។ បើអ្នកទទួលការបៀតបៀនដោយសារជំនឿរបស់អ្នក សូមកុំគិតថាអ្នកលែងទទួលពរពីព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ ការប្រឆាំងបែបនេះបង្ហាញថាអ្នកទទួលការពេញចិត្តពីលោក។ (ម៉ាថ. ៥:១០-១២) ដូចពួកសាវ័ក បើអ្នកមានទស្សនៈត្រឹមត្រូវ អ្នកអាចមានអំណរ និងមានមោទនភាពចំពោះខ្លួនពេលដែលត្រូវគេបៀតបៀនដោយសារអ្នកជាគ្រិស្តសាសនិក។ (សកម្ម. ៥:៤០-៤២) បន្ថែមទៅទៀត អ្នកប្រហែលជានឹងជួយពួកអ្នកដែលមិនមែនជាសាក្សីឲ្យរៀនសេចក្ដីពិតនិង«សរសើរព្រះ»។ (១ពេ. ២:១២) សូមគិតអំពីយ៉ូសែប។ ព្រះយេហូវ៉ាបានជួយគាត់ ហើយផ្ដល់រង្វាន់ឲ្យគាត់កាលដែលគាត់នៅក្នុងគុក មិនគ្រាន់តែក្រោយពីគាត់បានត្រូវដោះលែងប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាក៏អាចធ្វើដូចគ្នាសម្រាប់យើងដែរពេលដែលយើងរងទុក្ខវេទនា។—ដក. ៣៩:៣, ២៣
៨. តើមានអ្វីផ្សេងទៀតដែលជំរុញចិត្តយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក?
៨ ទុក្ខលំបាករបស់យើងនឹងមានទីបញ្ចប់។ បទពិសោធន៍របស់យ៉ូបរំលឹកយើងថាការពិបាករបស់យើងនឹងមានទីបញ្ចប់។ តាមពិត«ព្រះយេហូវ៉ាបានឲ្យពរដល់ជីវិតរបស់យ៉ូបនៅគ្រានេះ[ជាគ្រាបន្ទាប់ពីទុក្ខវេទនា]ច្រើនជាងគ្រាមុនទៅទៀត»។ (យ៉ូប ៤២:១២) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យយើងនៅក្នុងពិភពលោកថ្មីតាមរបៀបដ៏អស្ចារ្យ។ ជីវិតរបស់យើងនៅឥឡូវដែលពោរពេញទៅដោយបញ្ហាគឺខ្លីណាស់ បើប្រៀបធៀបនឹងជីវិតជារៀងរហូតដែលយើងនឹងមាននៅថ្ងៃអនាគត។ នេះជំរុញចិត្តយើងម្នាក់ៗឲ្យស៊ូទ្រាំរហូតដល់ទីបញ្ចប់!—ម៉ាថ. ២៤:១៣
របៀបដែលការមានទស្សនៈមិនត្រឹមត្រូវអាចធ្វើឲ្យយើងកាន់តែពិបាក
៩. តើការមានទស្សនៈខុសអំពីទុក្ខវេទនាអាចនាំឲ្យយើងកាន់តែមានបញ្ហាយ៉ាងដូចម្ដេច?
៩ ទោះជាយើងជួបទុក្ខលំបាកណាក៏ដោយ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកនោះ ដើម្បីជៀសវាងពីការបន្ថែមបញ្ហាដល់ខ្លួន។ ជាឧទាហរណ៍ យើងប្រហែលជាគិតថាព្រះយេហូវ៉ាជាអ្នកបណ្ដាលឲ្យយើងរងទុក្ខវេទនា។ អស់មួយរយៈពេល យ៉ូបមានអារម្មណ៍ថាព្រះជាអ្នកបណ្ដាលឲ្យគាត់មានបញ្ហា ហើយទស្សនៈខុសនេះបានធ្វើឲ្យគាត់«ព្យាយាមបញ្ជាក់ថាខ្លួនត្រឹមត្រូវ មិនមែនព្រះទេ»។ (យ៉ូប ៣២:២) ស្រដៀងនឹងយ៉ូបដែរ ដំបូងណាអូមីបានបន្ទោសព្រះយេហូវ៉ាចំពោះទុក្ខលំបាករបស់គាត់។ (រូថ ១:១៣, ២០, ២១) បើយ៉ូបនិងណាអូមីបន្តមានទស្សនៈខុសបែបនោះ ពួកគាត់នឹងបង្ខូចចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ា។ (សុភ. ១៩:៣) ប៉ុន្តែ ព្រះយេហូវ៉ាបានជួយពួកគាត់ឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់ពួកគាត់ ហើយលោកផ្ដល់ពរពួកគាត់ចំពោះចិត្តស្មោះភក្ដីរបស់ពួកគាត់។
១០. ពេលយើងជួបទុក្ខលំបាក តើយើងប្រហែលជាចាប់ផ្ដើមឆ្ងល់អំពីអ្វី?
១០ ទោះជាយើងដឹងប្រាកដថាព្រះយេហូវ៉ាមិនមែនជាអ្នកបណ្ដាលឲ្យយើងរងទុក្ខវេទនាក៏ដោយ យើងប្រហែលជាចាប់ផ្ដើមឆ្ងល់ថា តើលោកនៅតែយកចិត្តទុកដាក់ចំពោះយើងឬយ៉ាងណា។ ទស្សនៈមិនត្រឹមត្រូវបែបនេះអាចធ្វើឲ្យកម្លាំងរបស់យើងចុះខ្សោយ។ (សុភ. ២៤:១០) ពេលស្ដេចដាវីឌនិងអ្នកប្រកាសទំនាយហាបាគុកប្រឈមមុខនឹងទុក្ខលំបាក ជួនកាលពួកគាត់ឆ្ងល់ថា ព្រះយេហូវ៉ាស្ដាប់ការស្រែកសុំជំនួយរបស់ពួកគាត់ឬយ៉ាងណា។ (ចសព. ១០:១; ហាប. ១:២) ប៉ុន្តែ ពួកគាត់មិនបានឈប់អធិដ្ឋានទេ ហើយព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តរបស់បុរសដ៏ស្មោះត្រង់ទាំងនេះថាលោកគាំទ្រពួកគាត់។ លោកក៏នឹងធ្វើដូចគ្នាចំពោះអ្នកដែរ។—ចសព. ១០:១៧
១១. តើអ្វីអាចកើតឡើងចំពោះយើងបើយើងមិនមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក?
១១ បើយើងមិនមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកទេ នោះយើងប្រហែលជាភ្ញាក់ផ្អើលចំពោះទុក្ខលំបាកទាំងនោះ ហើយយើងប្រហែលជាមានអារម្មណ៍ថាទុក្ខលំបាកទាំងនោះមិនគួរកើតឡើងចំពោះយើងឡើយ។ (១ពេ. ៤:១២) នេះបានកើតឡើងចំពោះពួកអ្នកកាន់តាមលោកយេស៊ូ។ ពួកគេពិបាកជឿថាលោកនឹងប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំងនៅថ្ងៃខាងមុខ។ (លូក. ១៨:៣៣, ៣៤) ជាឧទាហរណ៍ ទោះជាលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកយ៉ាងច្បាស់ថាលោកនឹងរងទុក្ខក្ដី ពេត្រុសបានគិតថាព្រះនឹងមិនអនុញ្ញាតឲ្យលោកយេស៊ូរងទុក្ខតាមរបៀបនោះទេ។ លោកយេស៊ូដឹងថាការគិតបែបនោះអាចរារាំងលោកពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ដូច្នេះលោកបានស្ដីបន្ទោសពេត្រុស។ (ម៉ាក. ៨:៣១-៣៣) ម្យ៉ាងទៀត ទោះជាក្រោយពីលោកយេស៊ូស្លាប់ក៏ដោយ ពួកអ្នកកាន់លោកនៅតែពិបាកយល់មូលហេតុដែលលោកយេស៊ូស្លាប់។ ប៉ុន្តែ លោកយេស៊ូមិនបានឈប់ជួយពួកគេទេ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានមកនិយាយជាមួយនឹងពួកអ្នកកាន់តាមលោក ហើយជួយពួកគេឲ្យមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកដែលលោកជួបដោយ«ពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យ[ពួកគេ]យល់»។ (លូក. ២៤:២៥-២៧, ៣២, ៤៤-៤៨) ពេលដែលពួកអ្នកកាន់តាមរំពឹងគិតអំពីអ្វីដែលលោកយេស៊ូបានបង្រៀនពួកគេ នោះអាចជួយពួកគេឲ្យត្រៀមខ្លួនចំពោះការប្រឆាំងដែលពួកគេជួបក្នុងនាមជាអ្នកកាន់តាមលោក។ ស្រដៀងគ្នាដែរ ការរំពឹងគិតអំពីសេចក្ដីបង្រៀនក្នុងគម្ពីរអាចជួយយើងឲ្យត្រៀមខ្លួនចំពោះទុក្ខលំបាក។
១២. តើទស្សនៈមិនត្រឹមត្រូវចំពោះស្ថានភាពរបស់យើងអាចធ្វើឲ្យយើងមានអារម្មណ៍យ៉ាងណា?
១២ បើយើងមានទស្សនៈមិនត្រឹមត្រូវចំពោះស្ថានភាពរបស់យើង នោះអាចធ្វើឲ្យយើងមានអារម្មណ៍ថាស្ថានភាពរបស់យើងគឺពិបាកជាងស្ថានភាពជាក់ស្ដែង។ លោកយេស៊ូបានបង្ហាញអំពីរបៀបមួយដែលនេះអាចកើតឡើងពេលលោកលើកឧទាហរណ៍អំពីកម្មករដែលធ្វើការនៅចម្ការទំពាំងបាយជូរ។ កម្មករខ្លះត្អូញត្អែរដោយសារប្រាក់ឈ្នួលដែលពួកគេទទួលគឺខុសពីការរំពឹង។ ប៉ុន្តែ ម្ចាស់ដីនោះបានប្រាប់កម្មករម្នាក់ថា៖ «សម្លាញ់ ខ្ញុំមិនបានធ្វើអ្វីខុសទេ»។ (ម៉ាថ. ២០:១០-១៣) ការត្អូញត្អែររបស់កម្មករទាំងនោះមិនមែនដោយសារពួកគេរងអំពើអយុត្តិធម៌ទេ តែគឺដោយសារការរំពឹងរបស់ពួកគេគឺមិនត្រឹមត្រូវ។ នៅសព្វថ្ងៃនេះ សាក្សីខ្លះត្រូវតយុទ្ធនឹងអារម្មណ៍ដែលស្រដៀងនឹងនេះ ដូចជានៅពេលដែលពួកគេមិនបានទទួលឯកសិទ្ធិណាមួយក្នុងកិច្ចបម្រើព្រះឬលែងអាចបំពេញភារកិច្ចណាមួយទៀត។ តើមានអ្វីខ្លះដែលអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះស្ថានភាពដ៏ពិបាក?
អ្វីដែលយើងអាចធ្វើពេលជួបទុក្ខលំបាក
១៣. តើអ្វីប្រហែលជាកើតឡើងពេលជួបទុក្ខលំបាក?
១៣ អ្នកប្រហែលជាស្គាល់សេចក្ដីបង្រៀនក្នុងគម្ពីរអំពីទុក្ខលំបាក។ អ្នកប្រហែលជាថែមទាំងបានប្រាប់អ្នកឯទៀតអំពីសេចក្ដីបង្រៀនទាំងនោះដើម្បីជួយពួកគេឲ្យស៊ូទ្រាំនឹងទុក្ខលំបាកទៀតផង។ ប៉ុន្តែ ពេលអ្នកផ្ទាល់ជួបទុក្ខលំបាក អ្នកប្រហែលជាពិបាករក្សាទស្សនៈត្រឹមត្រូវ។ ជាឧទាហរណ៍ អ្នកប្រហែលជាមានអារម្មណ៍ថាព្រះយេហូវ៉ាកំពុងដាក់ទោសអ្នក ឬថាលោកមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក។ តើអ្វីអាចជួយអ្នកឲ្យរក្សាទស្សនៈត្រឹមត្រូវ?
១៤. តើអ្នកអាចអធិដ្ឋានអំពីអ្វីពេលអ្នករងទុក្ខ? (ភីលីព ៤:១៣)
១៤ សូមសុំជំនួយពីព្រះយេហូវ៉ា។ សូមប្រាប់ព្រះយេហូវ៉ាអំពីទុក្ខវេទនារបស់អ្នក ហើយថានោះមានឥទ្ធិពលយ៉ាងណាមកលើអ្នក។ អ្នកអាចអធិដ្ឋានចំៗអំពីរបៀបដែលអ្នកចង់ឲ្យព្រះយេហូវ៉ាជួយអ្នក។ អ្នកអាចសុំឫទ្ធានុភាពបរិសុទ្ធរបស់លោក ដើម្បីអ្នកអាចមានកម្លាំងនិងប្រាជ្ញាដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ។ ប៉ុន្តែ សូមចាំថាព្រះយេហូវ៉ាប្រហែលជាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក តាមរបៀបដែលអ្នកមិនបានរំពឹងទុក។ (អេភ. ៣:២០) លោកក៏ប្រហែលជាណែនាំពួកទេវតាឬបងប្អូនរួមជំនឿឲ្យគាំទ្រអ្នកដែរ។ (ចសព. ៣៤:៧) ដូច្នេះ សូមព្រមទទួលយកជំនួយពីព្រះយេហូវ៉ាមិនថាតាមរបៀបណាក៏ដោយ។ លោកផ្ដល់ឫទ្ធានុភាពរបស់លោកដោយចិត្តទូលាយ ហើយនោះអាចជួយអ្នកឲ្យតស៊ូនឹងទុក្ខលំបាកណាក៏ដោយ។—សូមអាន ភីលីព ៤:១៣
១៥. តើអ្វីនឹងជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាក? (សូមមើលរូបភាពផងដែរ)
១៥ ចូររក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ។ ក្នុងអំឡុងគ្រាដ៏ពិបាក អ្នកប្រហែលជាមិនអាចធ្វើច្រើនដូចដែលអ្នកធ្លាប់ធ្វើពីមុនទេ។ ប៉ុន្តែ នោះគឺជាពេលដែលអ្នកត្រូវធ្វើឲ្យកាន់តែប្រាកដខ្លាំងជាងពេលមុនៗទៅទៀតថា អ្នកមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ ដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីអានឬស្ដាប់អ្វីដែលនឹងជួយអ្នកឲ្យគិតអំពីព្រះយេហូវ៉ានិងប្រសាសន៍របស់លោក។ (ចសព. ១១៩:១៤៣) សូមបន្តអាន សិក្សា និងរំពឹងគិតទៅលើគម្ពីរជាទៀងទាត់។ សូមចូលរួមក្នុងកិច្ចបម្រើផ្សាយតាមដែលអាចធ្វើបាន ហើយចូលរួមនិងមានចំណែកក្នុងកិច្ចប្រជុំ។ សូមចំណាយពេលជាមួយនឹងបងប្អូនរួមជំនឿរបស់អ្នក។ សូមកុំញែកខ្លួនចេញពីអ្នកឯទៀត ទោះជាមានអារម្មណ៍ចង់ធ្វើដូច្នេះក៏ដោយ។—សុភ. ១៨:១
សូមធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ (សូមមើលវគ្គ១៥)
១៦. តើអ្នកប្រហែលជាមានការសង្ស័យអំពីអ្វីពេលជួបទុក្ខវេទនា ហើយតើតាមរបៀបណាអ្នកអាចបំបាត់ចោលការសង្ស័យនោះ? (កូរិនថូសទី២ ១០:៤, ៥)
១៦ ចូរបំបាត់ចោលការសង្ស័យរបស់អ្នក។ ពេលជួបទុក្ខលំបាក អ្នកប្រហែលជាត្រូវរំលំរំលើង«អ្វីៗដែលចាក់ឫសជ្រៅ» រួមមានការសង្ស័យអំពីខ្លួនឯងឬអំពីព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី២ ១០:៤, ៥) អ្នកអាចបំបាត់ការសង្ស័យទាំងនោះ ដោយប្រើ«ចំណេះអំពីព្រះ»ដែលមាននៅក្នុងគម្ពីរ និងនៅក្នុងសៀវភៅផ្សេងៗរបស់អង្គការលោក។ ជាឧទាហរណ៍ តើអ្នកសង្ស័យថាព្រះយេហូវ៉ានៅតែពេញចិត្តអ្នកឬទេ? សូមសិក្សាអំពីបទពិសោធន៍របស់សាវ័កប៉ូល។ ក្នុងអំឡុងកិច្ចបម្រើរបស់គាត់ គាត់រងទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ តែអ្វីទាំងនោះពង្រឹងការជឿជាក់របស់គាត់ថា គាត់ជាអ្នកបម្រើដែលទទួលការពេញចិត្តពីព្រះយេហូវ៉ានិងលោកយេស៊ូ។ (២កូ. ១១:២៣-២៧) តើអ្នកសង្ស័យថាព្រះយេហូវ៉ាពិតជាបានអភ័យទោសចំពោះកំហុសរបស់អ្នកនៅអតីតកាលឬទេ? បើដូច្នេះ សូមធ្វើបញ្ជីអំពីបទគម្ពីរដែលបង្ហាញថាព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ (អេ. ៤៣:២៥) បន្ទាប់មក សូមអាននិងរំពឹងគិតអំពីខគម្ពីរទាំងនោះ។ (ចសព. ១១៩:៩៧) តើរឿងខ្លោចផ្សាបានធ្វើឲ្យអ្នកសង្ស័យសេចក្ដីសន្យារបស់ព្រះឲ្យការពារអ្នកបម្រើដ៏ស្មោះត្រង់របស់លោកឬទេ? សូមស្រាវជ្រាវអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា ហើយរបៀបដែលលោកការពារចំណងមិត្តភាពរបស់យើងជាមួយនឹងលោកមិនថាមានអ្វីកើតឡើងក៏ដោយ។ (ចសព. ៩១:៩-១២) ម្យ៉ាងទៀត សូមអានបទពិសោធន៍របស់បងប្អូនដែលបានរងទុក្ខវេទនាយ៉ាងខ្លាំង ហើយអ្វីដែលពួកគេធ្វើដើម្បីបន្តបម្រើព្រះយេហូវ៉ាដោយអំណរ។a
១៧. តើយើងគួរធ្វើអ្វីពេលជួបទុក្ខលំបាក?
១៧ តើថ្ងៃនេះជាថ្ងៃល្អចំពោះអ្នក ដោយសារអ្នកមិនមានបញ្ហាធ្ងន់ធ្ងរណាមួយឬទេ? បើដូច្នេះមែន សូមអរគុណព្រះយេហូវ៉ា ហើយសរសើរលោកចំពោះអ្វីល្អៗដែលលោកបានផ្ដល់ឲ្យអ្នក។ (អទ. ៧:១៤) ប៉ុន្តែ ពេលជួបទុក្ខលំបាក សូមរក្សាទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកនោះ ហើយបន្តទុកចិត្តព្រះយេហូវ៉ាយ៉ាងខ្លាំង។ កាលដែលអ្នកធ្វើដូច្នេះ ព្រះយេហូវ៉ានឹង‹រៀបចំផ្លូវចេញ ដើម្បីឲ្យអ្នកអាចស៊ូទ្រាំ›។ (១កូ. ១០:១៣) ក៏ប៉ុន្តែ ចុះយ៉ាងណាបងប្អូនរួមជំនឿរបស់យើង? តើយើងអាចជួយពួកគេយ៉ាងដូចម្ដេចពេលពួកគេជួបទុក្ខលំបាក? នៅក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណារឿងនេះ។
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
a ជាឧទាហរណ៍ សូមមើលជីវប្រវត្តិជាភាសាអង់គ្លេសដែលមានចំណងជើងថា «A Happy Family, Shattered and Rebuilt» នៅគេហទំព័រjw.org ដែលរៀបរាប់អំពីរបៀបដែលបងប្រុសដាវីឌ មេស្សានិងក្រុមគ្រួសាររបស់គាត់ស៊ូទ្រាំនឹងការបាត់បង់កូនប្រុសជាទីស្រឡាញ់។