ជីវប្រវត្ដិ
ព្រះយេហូវ៉ាបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេង
បងប្រុសម្នាក់បានហុចក្រដាសមួយសន្លឹកដល់ខ្ញុំ។ នៅក្នុងក្រដាសនោះមានពាក្យថា៖ «ដាវីឌ សិផ្លេន ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៥៣៖ ‹ការប្រកាសអំពីទីបញ្ចប់នៃពិភពលោកនេះ›»។ ខ្ញុំសម្លឹងមើលទៅក្រដាសនោះ ហើយសួរគាត់ថា៖ «តើនេះជាក្រដាសអ្វី?»។ រួចគាត់ឆ្លើយថា៖ «ក្រដាសនេះជាភារកិច្ចរបស់សិស្សសម្រាប់ថ្លែងសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ»។a ក្រោយមក ខ្ញុំនិយាយថា៖ «ខ្ញុំមិនបាននិយាយថា ខ្ញុំចង់ចុះឈ្មោះចូលសាលានោះទេ!»។
មុនខ្ញុំបន្តនិយាយអំពីរឿងនេះ ខ្ញុំចង់រៀបរាប់អំពីជីវប្រវត្តិរបស់ខ្ញុំសិន។ ខ្ញុំបានកើតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅក្រុងកាល់ហ្គារី ប្រទេសកាណាដា។ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ មានអ្នកត្រួសត្រាយវ័យក្មេងម្នាក់ឈ្មោះដូណាល់ ហ្វ្រេសឺ បានមកគោះទ្វារផ្ទះរបស់យើង ហើយម្ដាយរបស់ខ្ញុំបានយល់ព្រមសិក្សាគម្ពីរ។ ម្ដាយខ្ញុំពិតជាស្រឡាញ់សេចក្ដីពិត តែដោយសារគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ គាត់មិនបានធ្វើច្រើនក្នុងក្រុមជំនុំទេ។ ទោះជាយ៉ាងនោះក៏ដោយ គាត់បានរីកចម្រើន ហើយបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៥០។ គួរឲ្យស្ដាយណាស់ មិនដល់ពីរឆ្នាំផង ម្ដាយរបស់ខ្ញុំបានស្លាប់។ នៅពេលនោះ ឪពុកខ្ញុំមិនមែនជាអ្នកជឿទេ តែគាត់យល់ព្រមឲ្យសាក្សីរៀបចំពិធីបុណ្យសពសម្រាប់ម្ដាយខ្ញុំ។
ប៉ុន្មានថ្ងៃក្រោយពីពិធីបុណ្យសព បងស្រីវ័យចាស់ម្នាក់ឈ្មោះអាល្លីសដែលជាអ្នករើសតាំង បានអញ្ជើញខ្ញុំឲ្យចូលរួមកិច្ចប្រជុំ។ បងអាល្លីសស្គាល់ខ្ញុំ ដោយសារខ្ញុំតែងតែទៅកិច្ចប្រជុំសម្រាប់សុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាមជាមួយនឹងម្ដាយខ្ញុំ ពេលដែលគាត់អាចចូលរួមបាន។ ខ្ញុំបានសុំការអនុញ្ញាតពីឪពុកខ្ញុំដើម្បីចូលរួមកិច្ចប្រជុំដែលបងអាល្លីសបានអញ្ជើញខ្ញុំឲ្យចូលរួមនោះ។ ប៉ាបានអនុញ្ញាតឲ្យខ្ញុំទៅ ហើយគាត់ក៏ទៅជាមួយនឹងខ្ញុំដែរ ព្រោះគាត់ចង់អរគុណបងប្រុសដែលបានថ្លែងសុន្ទរកថានៅពិធីបុណ្យសពរបស់ម្ដាយខ្ញុំ។ នៅក្នុងកិច្ចប្រជុំយប់នោះ មានសាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើ។ នោះជាលើកទី១ដែលប៉ាខ្ញុំបានចូលរួមកិច្ចប្រជុំ ហើយកិច្ចប្រជុំនោះគឺពិតជាល្អណាស់សម្រាប់គាត់។ ប៉ារបស់ខ្ញុំធ្លាប់រៀនអំពីរបៀបឡើងធ្វើបទបង្ហាញជាសាធារណៈ ហើយគាត់កោតស្ងើចជាខ្លាំងចំពោះសុន្ទរកថាល្អៗនៅកិច្ចប្រជុំនោះ។ ដូច្នេះ ប៉ារបស់ខ្ញុំបានសម្រេចចិត្តចូលរួមកិច្ចប្រជុំនោះជារៀងរាល់សប្ដាហ៍។ បន្តិចម្ដងៗ គាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំទាំងអស់។
នៅសម័យនោះ អ្នកត្រួតពិនិត្យសាលាកិច្ចបម្រើផ្សាយតែងចាប់ផ្ដើមកិច្ចប្រជុំ ដោយហៅឈ្មោះបងប្អូនប្រុសដែលបានចុះឈ្មោះចូលសាលានោះ ហើយពួកគេម្នាក់ៗឆ្លើយថា៖ «បាទ»។ នៅកិច្ចប្រជុំយប់មួយ ខ្ញុំបានសុំអ្នកត្រួតពិនិត្យសាលានោះឲ្យហៅឈ្មោះខ្ញុំនៅកិច្ចប្រជុំបន្ទាប់។ បងប្រុសនោះបានសរសើរខ្ញុំយ៉ាងកក់ក្ដៅ តែគាត់មិនបានសួរខ្ញុំថា ខ្ញុំយល់ថាការហៅឈ្មោះនោះមានន័យយ៉ាងណាទេ។
ខ្ញុំមិនដឹងសោះថា ការហៅឈ្មោះនោះមានន័យថាខ្ញុំចង់ថ្លែងសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ។ តាមពិត ខ្ញុំគ្រាន់តែចង់ឲ្យអ្នកត្រួតពិនិត្យសាលានោះហៅឈ្មោះខ្ញុំប៉ុណ្ណោះ! នៅសប្ដាហ៍បន្ទាប់ គាត់បានហៅឈ្មោះខ្ញុំ ហើយខ្ញុំបានឆ្លើយទាំងមានមោទនភាពថា៖ «បាទ»។ ក្រោយកិច្ចប្រជុំចប់ បងប្អូនជាច្រើនបានមកសរសើរខ្ញុំ។ ប៉ុន្មានសប្ដាហ៍ក្រោយមក បងប្រុសម្នាក់បានឲ្យក្រដាសភារកិច្ចថ្លែងសុន្ទរកថាដល់ខ្ញុំ ដូចដែលខ្ញុំបានរៀបរាប់នៅដើមអត្ថបទនេះ។
ខ្ញុំភ័យខ្លាំងណាស់! នៅសម័យនោះ សិស្សត្រូវថ្លែងសុន្ទរកថាពី៦ទៅ៨នាទី ហើយគ្មានផ្នែកអានអំណានគម្ពីរទេ។ ប៉ារបស់ខ្ញុំបានជួយខ្ញុំឲ្យរៀបចំសុន្ទរកថា ហើយគាត់បានឲ្យខ្ញុំហាត់សុន្ទរកថានោះអស់២០ដងមុនខ្ញុំថ្លែង។ ក្រោយថ្លែងចប់ ខ្ញុំបានទទួលឱវាទដ៏ល្អ។ អស់ជាច្រើនឆ្នាំមកនេះ ព្រះយេហូវ៉ាបានបង្ហាត់បង្រៀនខ្ញុំតាមរយៈប៉ារបស់ខ្ញុំ បងប្អូនរួមជំនឿ និងអង្គការរបស់លោក។
ព្រះយេហូវ៉ាបន្តបង្ហាត់បង្រៀនខ្ញុំ
បងអាល្លីសដែលខ្ញុំបានរៀបរាប់នៅខាងលើ បានបង្ហាត់បង្រៀនខ្ញុំពេលខ្ញុំចាប់ផ្ដើមផ្សព្វផ្សាយ។ នៅសម័យនោះ យើងបានត្រូវលើកទឹកចិត្តឲ្យអានបទគម្ពីរបីដល់ម្ចាស់ផ្ទះ ហើយក្រោយមក ស្នើផ្ដល់សៀវភៅមួយក្បាល។ ពេលដល់វេនខ្ញុំត្រូវនិយាយជាមួយម្ចាស់ផ្ទះ បងអាល្លីសណែនាំខ្លួនគាត់ ចាប់ផ្ដើមការសន្ទនា រួចមកសុំខ្ញុំឲ្យអានបទគម្ពីរដំបូង។ ក្រោយមក ខ្ញុំបន្តការសន្ទនានោះ អានបទគម្ពីរទី២និងទី៣ ហើយស្នើផ្ដល់សៀវភៅណាមួយ។ យូរៗទៅ ខ្ញុំបានរៀនឲ្យចេះចាប់ផ្ដើមការសន្ទនាដោយខ្លួនឯង។ ក្រោយពីប៉ារបស់ខ្ញុំបានទទួលការជ្រមុជទឹកនៅចុងឆ្នាំ១៩៥៤ គាត់បានបន្តបង្ហាត់បង្រៀនខ្ញុំក្នុងកិច្ចបម្រើផ្សាយ។ ដោយសារគាត់ជាពោះម៉ាយ គាត់បានខំអស់ពីសមត្ថភាពដើម្បីចិញ្ចឹមអប់រំខ្ញុំក្នុងសេចក្ដីពិត។ កិច្ចប្រជុំផ្សេងៗនិងកិច្ចបម្រើផ្សាយជាអ្វីដែលសំខាន់ណាស់សម្រាប់គាត់។ ខ្ញុំតែងតែដឹងថា យើងនឹងចូលរួមកិច្ចប្រជុំទាំងអស់ និងចូលរួមក្នុងកិច្ចបម្រើផ្សាយនៅចុងសប្ដាហ៍។
អ្វីដែលខ្ញុំបានរៀនអស់១២ឆ្នាំនៅសាលា បានជួយខ្ញុំយ៉ាងច្រើនក្នុងជីវិត។ ជាឧទាហរណ៍ ខ្ញុំបានរៀនច្រើនអំពីគណិតវិទ្យានិងវេយ្យាករណ៍ភាសាអង់គ្លេស។ វគ្គសិក្សាភាសាអង់គ្លេសនិងវគ្គសិក្សាឲ្យចេះសរសេររឿង បានជួយខ្ញុំឲ្យបំពេញភារកិច្ចនៅឥឡូវ ពេលខ្ញុំធ្វើការជាមួយការិយាល័យខាងការនិពន្ធ។
អ្នកឯទៀតច្រើនតែសួរខ្ញុំអំពីមូលហេតុដែលខ្ញុំចាប់អារម្មណ៍តន្ត្រី។ ប៉ាម៉ាក់របស់ខ្ញុំសុទ្ធតែជាអ្នកចូលចិត្តតន្ត្រី។ ពេលខ្ញុំមានអាយុ៧ឆ្នាំ ខ្ញុំបានចូលរៀនព្យ៉ាណូអស់មួយរយៈ តែគ្រូរបស់ខ្ញុំគិតថា ខ្ញុំរៀនព្យ៉ាណូមិនចេះទេ។ ដូច្នេះ គាត់បានប្រាប់ប៉ារបស់ខ្ញុំថា ខ្ញុំគួរឈប់រៀនព្យ៉ាណូទៅ។ ខ្ញុំក៏អាចយល់មូលហេតុដែលខ្ញុំរៀនព្យ៉ាណូមិនចេះដែរ ពីព្រោះនៅពេលនោះ ខ្ញុំមិនសូវចូលចិត្តលេងភ្លេងទេ។
ប៉ុន្មានខែក្រោយមក ប៉ារបស់ខ្ញុំបានរកគ្រូបង្រៀនមួយទៀត។ លើកនេះ ខ្ញុំបានរៀនទាំងព្យ៉ាណូទាំងច្រៀង ហើយខ្ញុំរៀនពូកែទាំងពីរមុខនោះ។ ពេលខ្ញុំនៅក្មេង ខ្ញុំបានច្រៀងសូប្រាណូ ហើយដោយសារខ្ញុំច្រៀងពីរោះ ខ្ញុំបានឈ្នះការប្រកួតខ្លះៗដែរ។ គោលដៅរបស់ខ្ញុំគឺចង់ក្លាយទៅជាគ្រូតន្ត្រី ដើម្បីខ្ញុំអាចមានលុយគ្រប់គ្រាន់ផ្គត់ផ្គង់ខ្លួន ពេលដែលធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្តែ ក្រោយពីខ្ញុំបានរៀនមួយរយៈ ខ្ញុំដឹងថាខ្ញុំត្រូវចំណាយពេលច្រើនដើម្បីសិក្សាត្រៀមប្រឡងអំពីការច្រៀងបន្ទរ ប្រវត្តិសាស្ត្រនៃតន្ត្រី និងការតែងបទភ្លេង។ ដូច្នេះ ខ្ញុំសម្រេចចិត្តឈប់រៀនតន្ត្រី ហើយចាប់ផ្ដើមត្រួសត្រាយពេញពេលនៅឆ្នាំ១៩៦៣។
កិច្ចបម្រើពេញពេលនាំឲ្យខ្ញុំមានអំណរ
ក្រោយពីខ្ញុំត្រួសត្រាយបានមួយឆ្នាំ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស ហើយបានត្រូវចាត់ឲ្យទៅបម្រើនៅក្រុងកាផិសខេស៊ីង ខេត្តអនតារីយ៉ូ។ ដៃគូត្រួសត្រាយរបស់ខ្ញុំឈ្មោះដានីយ៉ែល ស្គីនណឺ ហើយគាត់មានអាយុបងខ្ញុំជាងពីរដង។ គាត់បានបង្រៀនខ្ញុំយ៉ាងច្រើនអំពីរបៀបរៀបចំផ្សេងៗក្នុងក្រុមជំនុំ។ ពេលខ្ញុំមានអាយុ២០ឆ្នាំ ខ្ញុំបានត្រូវតែងតាំងជាសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ។ ដូច្នេះ មានអ្វីជាច្រើនដែលខ្ញុំត្រូវរៀន។ នៅសព្វថ្ងៃនេះដែរ ខ្ញុំពិតជាសប្បាយដែលអង្គការចាត់ទុកការបង្ហាត់បង្រៀនប្អូនប្រុសវ័យក្មេងថាជាអ្វីដែលសំខាន់។ បើពួកគេខំប្រឹង ព្រះយេហូវ៉ាអាចប្រើពួកគេ សូម្បីតែពួកគេនៅក្មេងក៏ដោយ!
ការរស់នៅក្នុងក្រុងកាផិសខេស៊ីងមានការពិបាកខ្លះៗ។ នៅរដូវរងា សីតុណ្ហភាពអាចចុះត្រជាក់ដល់៤៤អង្សាសេក្រោមសូន្យ ឬជួនកាល សីតុណ្ហភាពកើនឡើងដល់៣៣អង្សាសេក្រោមសូន្យតែប៉ុណ្ណោះ។ ខ្ញុំនិងបងដានីយ៉ែលក៏ត្រូវធ្វើដំណើរដោយថ្មើរជើងស្ទើរតែគ្រប់កន្លែងដែរ។ ទោះជាយ៉ាងនោះក៏ដោយ អំណរមួយក្នុងចំណោមអំណរជាច្រើនដែលខ្ញុំមានពេលបំពេញភារកិច្ចនោះ គឺខ្ញុំបានជួបបងស្រីម្នាក់ឈ្មោះលីនដា ខូល ដែលក្រោយមកក្លាយទៅជាប្រពន្ធរបស់ខ្ញុំ។
លីនដាខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ ហើយមានការត្រឡប់ទៅជួបល្អៗជាច្រើន។ គាត់មានចិត្តទូលាយ កក់ក្ដៅ ហើយចូលចិត្តចំណាយពេលជាមួយនឹងអ្នកឯទៀត។ ម្ដាយរបស់គាត់ឈ្មោះហ្គូលឌី ជាបងស្រីដ៏ស្មោះត្រង់ម្នាក់។ ប៉ារបស់លីនដាឈ្មោះអាឡិន។ គាត់បានប្រឆាំងសេចក្ដីពិតនៅដើមដំបូង។ ទោះជាដូច្នោះក៏ដោយ ម៉ាក់របស់លីនដា តែងតែនាំគាត់និងបងប្អូនប្រុសៗរបស់គាត់ឈ្មោះចននិងហ្គ័រដឺនទៅកិច្ចប្រជុំ ហើយបង្ហាត់បង្រៀនពួកគាត់ឲ្យផ្សព្វផ្សាយ។ ក្រោយមក ហ្គូលឌី លីនដា ចន និងហ្គ័រដឺនទៅជាអ្នកត្រួសត្រាយ។ ច្រើនឆ្នាំក្រោយមក ឪពុកក្មេករបស់ខ្ញុំបានទទួលយកសេចក្ដីពិត ហើយជាប់រវល់ក្នុងក្រុមជំនុំ។
នៅឆ្នាំ១៩៦៥ ខ្ញុំបានត្រូវអញ្ជើញឲ្យចូលសាលាកិច្ចបម្រើរាជាណាចក្រដែលមានរយៈពេលមួយខែនៅបេតអែលកាណាដា ដើម្បីទទួលការបង្ហាត់បង្រៀនថែមទៀត។ នៅសាលានោះ ខ្ញុំបានត្រូវលើកទឹកចិត្តឲ្យបំពេញពាក្យសុំចូលសាលាគីលាត។ ខ្ញុំមិនដែលគិតអំពីកិច្ចបម្រើជាសាសនទូតទេ ដោយសារខ្ញុំគិតថាខ្ញុំមិនមានសមត្ថភាព តែខ្ញុំបានបំពេញពាក្យសុំនោះ។ ក្រោយមក ខ្ញុំបានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី៤២។ អ្នកបង្រៀនសាលាគីលាតច្រើនតែសរសេរចំណុចដែលយើងត្រូវរីកចម្រើន ហើយឲ្យដល់យើង។ តាំងពីដើមដំបូង អ្នកបង្រៀនបានលើកទឹកចិត្តខ្ញុំឲ្យឆ្លៀតយកគ្រប់ឱកាសកាលដែលខ្ញុំនៅសាលានោះ ឲ្យរៀនច្រើនបំផុតអំពីអង្គការ។ នៅពេលនោះ ខ្ញុំមានអាយុត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ ដូច្នេះឱវាទនោះពិតជាមានប្រយោជន៍ណាស់។
នៅសាលាគីលាត យើងបានរៀនអំពីរបៀបប្រាស្រ័យទាក់ទងជាមួយនឹងអ្នកសារព័ត៌មានដូចជា ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ និងអ្នកកាសែត។ ខ្ញុំពិតជាចូលចិត្តរៀនអំពីអ្វីទាំងនេះ។ ពេលនោះ ខ្ញុំមិនបានយល់ថា ការសិក្សានោះនឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់ខ្ញុំនៅពេលក្រោយមកទេ។ ខ្ញុំនឹងពន្យល់អំពីរឿងនេះនៅពេលក្រោយ។
ខ្ញុំបានត្រូវចាត់ឲ្យទៅប្រទេសសេណេហ្គាល់
ប៉ុន្មានថ្ងៃក្រោយពីបញ្ចប់វគ្គសិក្សាសាលាគីលាត ខ្ញុំនិងបងប្រុសម៉ៃឃឺល ហុឡាដែលជាដៃគូសាសនទូតរបស់ខ្ញុំ បានទៅបំពេញភារកិច្ចរបស់យើងនៅប្រទេសសេណេហ្គាល់ នាទ្វីបអាហ្វ្រិក។ នៅពេលនោះ មានអ្នកផ្សាយប្រហែលជា១០០នាក់នៅក្នុងប្រទេសនោះ។
ក្រោយពីខ្ញុំបានបំពេញភារកិច្ចនៅទីនោះអស់ប៉ុន្មានខែ ខ្ញុំបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការនៅការិយាល័យសាខាមួយថ្ងៃក្នុងមួយសប្ដាហ៍។ ការិយាល័យសាខានោះមិនមែនធំទេ គឺមានតែបន្ទប់មួយក្នុងផ្ទះសាសនទូតប៉ុណ្ណោះ។ ទោះជាការរៀបចំនោះសាមញ្ញក៏ដោយ បងប្រុសអេម៉ាញូអែល ផាត់ថឺរ៉ាឃីសដែលជាអ្នកត្រួតពិនិត្យការិយាល័យសាខារំលឹកខ្ញុំថា ការិយាល័យសាខានោះជាតំណាងអង្គការរបស់ព្រះយេហូវ៉ានៅប្រទេសសេណេហ្គាល់។ នៅពេលមួយ បងផាត់ថឺរ៉ាឃីសបានសម្រេចចិត្តថា យើងគួរសរសេរសំបុត្រលើកទឹកចិត្តទៅសាសនទូតទាំងអស់។ នៅពេលនោះ ការចម្លងឯកសារជាក្រដាសគឺមិនថោកទេ ដូច្នេះយើងត្រូវសរសេរសំបុត្រនីមួយៗដោយប្រើអង្គុលីលេខ។ នេះតម្រូវឲ្យខំប្រឹងយ៉ាងខ្លាំង ដោយសារយើងត្រូវធ្វើឲ្យប្រាកដថាយើងមិនវាយពាក្យណាមួយខុស!
កាលដែលខ្ញុំត្រៀមត្រឡប់ទៅផ្ទះសាសនទូតរបស់ខ្ញុំវិញនៅយប់ជ្រៅនោះ បងផាត់ថឺរ៉ាឃីសបានហុចស្រោមសំបុត្រមួយដល់ខ្ញុំ។ គាត់និយាយថា៖ «ដាវីឌ អង្គការបានសរសេរសំបុត្រដល់ប្អូន»។ ក្រោយមក ពេលខ្ញុំបើកសំបុត្រនោះ ខ្ញុំឃើញសំបុត្រដែលខ្ញុំបានវាយ! បទពិសោធន៍នេះបានបង្រៀនខ្ញុំឲ្យគោរពអង្គការយើង មិនថាការិយាល័យសាខានៅទីនោះធំឬតូចយ៉ាងណាក្ដី។
ខ្ញុំជាមួយនឹងសាសនទូតឯទៀតនៅប្រទេសសេណេហ្គាល់ នាឆ្នាំ១៩៦៧
ខ្ញុំទៅជាមិត្តភក្ដិរបស់បងប្អូនជាច្រើនក្នុងក្រុមជំនុំ ហើយខ្ញុំច្រើនតែចំណាយពេលជាមួយនឹងពួកគេនៅយប់ថ្ងៃសៅរ៍។ នោះជាគ្រាដ៏សប្បាយណាស់ ហើយយើងនៅតែទាក់ទងគ្នារហូតមកដល់សព្វថ្ងៃ។ ម្យ៉ាងទៀត ខ្ញុំនៅតែអាចមានឱកាសនិយាយភាសាបារាំងពេលខ្ញុំធ្វើទស្សនកិច្ចនៅការិយាល័យសាខាផ្សេងៗនៅទូទាំងពិភពលោក។
នៅឆ្នាំ១៩៦៨ ខ្ញុំនិងលីនដាបានភ្ជាប់ពាក្យ។ អស់ប៉ុន្មានខែក្រោយមក ខ្ញុំព្យាយាមរកការងារមិនពេញពេល ដើម្បីខ្ញុំនិងលីនដាអាចត្រួសត្រាយជាមួយគ្នានៅប្រទេសសេណេហ្គាល់។ ប៉ុន្តែ ចៅហ្វាយនៅទីនោះជាទូទៅជ្រើសរើសជនជាតិសេណេហ្គាល់ឲ្យធ្វើការ ជាជាងជនបរទេស។ នៅទីបំផុត ក្រោយពីខ្ញុំបានត្រឡប់ទៅប្រទេសកាណាដាវិញ យើងបានរៀបការ ហើយទទួលភារកិច្ចជាអ្នកត្រួសត្រាយពិសេសនៅអេតម៉ាញស្ទឺន ជាក្រុងតូចមួយនាខេត្តញូវប្រាំងស្វេក ដែលជាប់ព្រំប្រទល់នឹងខេត្តកេបិក។
នៅថ្ងៃអាពាហ៍ពិពាហ៍របស់យើង នាឆ្នាំ១៩៦៩
យើងត្រួសត្រាយនៅខេត្តញូវប្រាំងស្វេកនិងខេត្តកេបិក
មុនយើងបានត្រូវចាត់ឲ្យបម្រើនៅក្រុងអេតម៉ាញស្ទឺន គ្មានអ្នកផ្សព្វផ្សាយនៅទីនោះទេ ហើយមានសិស្សគម្ពីរតែតិចតួចប៉ុណ្ណោះ។ មួយវិញទៀត សាសនាកាតូលិកមានឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សដែលនៅទីនោះ គឺមានឥទ្ធិពលលើស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរបស់ពួកគេ។ សឹងតែគ្រប់ផ្ទះមានស្លាកសញ្ញាដែលថា ហាមសាក្សីព្រះយេហូវ៉ាចូល។ នៅគ្រានោះ យើងមិនសូវខ្វល់អំពីស្លាកសញ្ញាបែបនោះទេ ដូច្នេះយើងនៅតែទៅផ្ទះនីមួយៗដើម្បីផ្សព្វផ្សាយទោះជាមានស្លាកនោះក៏ដោយ។ ជារៀងរាល់សប្ដាហ៍ អង្គការមួយខាងសាសនាកាតូលិកបានសរសេរក្នុងកាសែតថា៖ «សូមឲ្យយើងស្វែងរកសាក្សីព្រះយេហូវ៉ា ហើយបណ្ដេញពួកគេចេញ»។ នៅពេលនោះ មានសាក្សីតែបួននាក់ប៉ុណ្ណោះនៅក្រុងអេតម៉ាញស្ទឺន គឺបងប្រុសវីកទ័រ ន័របឺក និងបងស្រីវ៉េលដា ន័របឺក ហើយខ្ញុំនិងលីនដា។ ដូច្នេះ យើងដឹងថា ពួកគេកំពុងនិយាយអំពីយើង។
ខ្ញុំចាំមិនភ្លេចទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែលមកទីនោះជាលើកដំបូង។ ក្រោយពីចំណាយពេលមួយសប្ដាហ៍ជាមួយនឹងពួកយើង គាត់បាននិយាយថា៖ «ប្រហែលជាមានអ្វីតែមួយដែលប្អូនៗអាចធ្វើពេលដែលនៅទីនេះ គឺជួយមនុស្សឲ្យលែងសូវរើសអើងសាក្សីព្រះយេហូវ៉ា»។ ចាប់ពីពេលនោះមក យើងបានតាំងគោលដៅនោះ ហើយយើងបានទទួលជោគជ័យមែន! បន្តិចម្ដងៗ មនុស្សចាប់ផ្ដើមឃើញភាពខុសគ្នារវាងសាក្សីព្រះយេហូវ៉ាដែលមានចិត្តរាបទាប និងបុព្វជិតសាសនាកាតូលិកដែលមានអំណួត។ នៅសព្វថ្ងៃនេះ មានក្រុមជំនុំតូចមួយនៅក្រុងនោះ។
ក្រោយពីយើងបំពេញភារកិច្ចប្រហែលជាមួយឆ្នាំនៅតំបន់ដាច់ស្រយាលនោះ យើងបានត្រូវអញ្ជើញឲ្យបម្រើនៅក្នុងក្រុមជំនុំធំមួយ នាក្រុងកេបិក។ យើងបានបម្រើនៅទីនោះអស់៦ខែជាមួយនឹងបងប្អូនដែលរួសរាយរាក់ទាក់។ ក្រោយមក យើងបានត្រូវអញ្ជើញឲ្យចាប់ផ្ដើមកិច្ចការធ្វើដំណើរត្រួតពិនិត្យ។
អស់រយៈពេល១៤ឆ្នាំក្រោយមក យើងបានទៅធ្វើទស្សនកិច្ចនៅមណ្ឌលផ្សេងៗនៅខេត្តកេបិក។ នោះជាគ្រាដ៏រំភើបណាស់! កិច្ចការផ្សព្វផ្សាយនៅខេត្តកេបិកកំពុងទទួលលទ្ធផលល្អ ហើយនៅក្នុងក្រុមជំនុំដែលយើងធ្វើទស្សនកិច្ច យើងច្រើនតែឃើញក្រុមគ្រួសារលើសពីមួយកំពុងសិក្សាគម្ពីរ និងមានគោលដៅទទួលការជ្រមុជទឹក!
យើងនឹកចាំអំពីបងប្អូនដ៏ស្មោះត្រង់
បងប្អូនជនជាតិកាណាដាដែលរស់នៅតំបន់ដែលនិយាយភាសាបារាំង មានលក្ខណៈដែលគួរឲ្យស្រឡាញ់រាប់អាន។ ពួកគេនិយាយចំៗ មានអំណរ និងមានចិត្តខ្នះខ្នែង។ ប៉ុន្តែ ជួនកាលពួកគេជួបបញ្ហាផ្សេងៗដែលធ្វើឲ្យពួកគេពិបាកទទួលយកសេចក្ដីពិត ហើយពួកគេក៏ទទួលការប្រឆាំងពីក្រុមគ្រួសារដែរ។ ឪពុកម្ដាយដែលមិនមែនជាអ្នកជឿរបស់ប្អូនៗវ័យក្មេងខ្លះបានឲ្យជម្រើសពួកគេថា៖ «ឈប់សិក្សាជាមួយនឹងសាក្សីព្រះយេហូវ៉ាឬចាកចេញពីផ្ទះ!»។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ព្រះយេហូវ៉ាច្បាស់ជាមានមោទនភាពចំពោះពួកគេយ៉ាងខ្លាំង!
ខ្ញុំក៏ចង់លើកឡើងអំពីអ្នកត្រួសត្រាយពេញពេលនិងអ្នកត្រួសត្រាយពិសេស ដែលបម្រើយ៉ាងស្មោះត្រង់នៅខេត្តកេបិកនាសម័យនោះដែរ។ ពួកគេភាគច្រើនមកពីតំបន់ផ្សេងៗក្នុងប្រទេសកាណាដា។ ក្រៅពីរៀនភាសាបារាំង ពួកគេក៏ត្រូវរៀនដែរអំពីវប្បធម៌និងរបៀបគិតគូររបស់មនុស្សនៅតំបន់នោះ ហើយនេះច្រើនតែមានឥទ្ធិពលពីសាសនាកាតូលិក។
អ្នកត្រួសត្រាយពិសេសភាគច្រើនបានត្រូវចាត់ឲ្យទៅបម្រើនៅតំបន់ដាច់ស្រយាលដែលមិនមានអ្នកផ្សព្វផ្សាយ។ ដោយសារមនុស្សនៅតំបន់នោះរើសអើងសាក្សីព្រះយេហូវ៉ា នោះធ្វើឲ្យបងប្អូនពិបាករកកន្លែងស្នាក់នៅ ហើយកាន់តែពិបាករកការងារមិនពេញពេល។ សូម្បីតែបងប្អូនដែលទើបតែរៀបការថ្មីៗ ក៏ត្រូវរស់នៅជុំគ្នាជាមួយនឹងបងប្អូនឯទៀតដែរ ព្រោះពួកគេគ្មានលទ្ធភាពបង់ថ្លៃចំណាយផ្សេងៗតែពីរនាក់នោះទេ។ ពេលខ្លះមានគ្នា៤នាក់ ៦នាក់ ឬ៨នាក់។ អ្នកត្រួសត្រាយទាំងនេះខំព្យាយាមយ៉ាងខ្លាំង។ ពេលពួកគេចាប់ផ្ដើមបង្រៀនគម្ពីរ ពួកគេខំអស់ពីសមត្ថភាពដើម្បីជួយសិស្សគម្ពីរនោះ។ ឥឡូវនៅខេត្តកេបិក មានអ្នកផ្សព្វផ្សាយជាច្រើន។ យ៉ាងនេះ អ្នកត្រួសត្រាយទាំងនោះជាច្រើននាក់បានទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។
ពេលយើងធ្វើទស្សនកិច្ចក្នុងនាមជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល តាមធម្មតាយើងព្យាយាមផ្សព្វផ្សាយជាមួយនឹងក្មេងជំទង់នៅថ្ងៃសៅរ៍ពេលព្រឹក។ នេះបើកឱកាសឲ្យយើងដឹងអំពីការពិបាកដែលពួកគេជួបប្រទះ។ សព្វថ្ងៃនេះ ក្មេងជំទង់ខ្លះដែលយើងធ្លាប់ផ្សព្វផ្សាយជាមួយ កំពុងបម្រើនៅប្រទេសក្រៅជាសាសនទូតឬបានទទួលភារកិច្ចផ្សេងៗក្នុងអង្គការព្រះ។
នៅសម័យនោះ ក្រុមជំនុំខ្លះមិនអាចជួយយើងបង់ថ្លៃសាំងនិងអាហារទេ ដូច្នេះពេលខ្លះនៅចុងខែ យើងដាច់លុយ។ នៅពេលនោះ យើងត្រូវពឹងលើព្រះយេហូវ៉ាទាំងស្រុង ដោយសារមានតែលោកប៉ុណ្ណោះដែលស្គាល់ស្ថានភាពរបស់យើង។ លោកមិនដែលបោះបង់ចោលយើងទេ។ ព្រះយេហូវ៉ាតែងតែជួយយើងតាមវិធីណាមួយ ដើម្បីយើងអាចធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយទៀត។
មេរៀនពីបងប្អូនដ៏ស្មោះត្រង់
ដូចខ្ញុំបានរៀបរាប់នៅខាងលើ ខ្ញុំបានទទួលប្រយោជន៍យ៉ាងច្រើនពីការបង្ហាត់បង្រៀននៅសាលាគីលាត អំពីរបៀបប្រាស្រ័យទាក់ទងជាមួយនឹងអ្នកផ្សាយព័ត៌មាន។ កាលដែលខ្ញុំបម្រើនៅខេត្តកេបិក យើងមានឱកាសជាច្រើនដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងកាសែត។ ខ្ញុំច្រើនតែបានត្រូវចាត់ឲ្យបម្រើជាមួយនឹងបងប្រុសឡេអន់ ក្រេផូ។ គាត់ក៏ជាអ្នកធ្វើដំណើរត្រួតពិនិត្យដែរ ហើយគាត់ពូកែទាក់ទងជាមួយនឹងអ្នកផ្សាយព័ត៌មាន។ ពេលគាត់និយាយជាមួយពួកអ្នកដែលមានមុខមាត់ខាងសារព័ត៌មាន គាត់មិនព្យាយាមបង្ហាញថាគាត់ចេះច្រើនអំពីនោះទេ។ ផ្ទុយទៅវិញ គាត់និយាយថា៖ «លោក ខ្ញុំនិងគ្នារបស់ខ្ញុំគឺជាអ្នកបម្រើព្រះ ហើយមិនសូវដឹងរបៀបនិយាយតាមទូរទស្សន៍និងវិទ្យុទេ។ ប៉ុន្តែ អង្គការរបស់យើងបានសុំយើងឲ្យប្រាប់មនុស្សអំពីមហាសន្និបាតដ៏ធំរបស់សាក្សីព្រះយេហូវ៉ា។ បើលោកជួយយើង យើងពិតជាអរគុណមែនទែន»។ ដោយសារបងឡេអន់បានបង្ហាញចិត្តរាបទាប នោះអ្នកផ្សាយព័ត៌មានជាច្រើននាក់សុខចិត្តជួយយើង។
ខ្ញុំបានទទួលប្រយោជន៍ជាច្រើនពីការបង្ហាត់បង្រៀននៅសាលាគីលាត និងពីបទពិសោធន៍ដែលខ្ញុំមានជាមួយនឹងបងឡេអន់។ ក្រោយមក ការិយាល័យសាខាបានចាត់ខ្ញុំឲ្យជួយបងប្រុសគ្លេន ហោ ក្នុងរឿងក្ដីដែលអាចពាក់ព័ន្ធនឹងប្រព័ន្ធផ្សាយព័ត៌មាន។ បងហោជាមេធាវីម្នាក់របស់យើង។ គឺពិតជាឯកសិទ្ធិណាស់ដែលខ្ញុំអាចរួមការងារជាមួយនឹងបងហោ។ គាត់និយាយការពារអង្គការរបស់យើងខាងផ្លូវច្បាប់ដោយមិនភ័យខ្លាចទាល់តែសោះ។ ប៉ុន្តែសំខាន់បំផុត គាត់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។
នៅឆ្នាំ១៩៨៥ យើងបានត្រូវចាត់ឲ្យបម្រើនៅមណ្ឌលដែលនៅជិតផ្ទះរបស់ឪពុកខ្ញុំក្នុងប្រទេសកាណាដាភាគខាងលិច។ យ៉ាងនេះ យើងអាចជួយថែទាំគាត់។ បីខែក្រោយមក ឪពុករបស់ខ្ញុំបានស្លាប់។ យើងបន្តបម្រើក្នុងមណ្ឌលផ្សេងៗនៅប្រទេសកាណាដាភាគខាងលិចរហូតដល់ឆ្នាំ១៩៨៩។ ក្រោយមក យើងពិតជាភ្ញាក់ផ្អើលពេលយើងទទួលការអញ្ជើញឲ្យចូលក្នុងក្រុមគ្រួសារបេតអែលសហរដ្ឋអាម៉េរិក។ ដូច្នេះ យើងត្រូវឈប់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ក្រោយពីធ្វើកិច្ចការនោះជិត១៩ឆ្នាំ។ ក្នុងអំឡុងឆ្នាំទាំងនោះ យើងបានស្នាក់នៅផ្ទះរាប់រយ និងបានបរិភោគអាហាររាប់ពាន់ពេលជាមួយនឹងបងប្អូន។ យើងពិតជាមានអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានឲ្យផ្ទះយើងស្នាក់នៅជាមួយ និងផ្ដល់អាហារឲ្យយើង!
យើងរើទៅសហរដ្ឋអាម៉េរិក
ពេលយើងទៅដល់តំបន់ប៊្រុគ្លីន ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅការិយាល័យខាងកិច្ចបម្រើ។ ខ្ញុំនឹងមានអំណរគុណជានិច្ចចំពោះការបង្ហាត់បង្រៀនដែលខ្ញុំបានទទួលនៅទីនោះ។ មេរៀនមួយដែលខ្ញុំបានរៀនគឺថា ត្រូវប្រាកដអំពីហេតុការណ៍ពិត និងកុំចេះតែសន្និដ្ឋានអំពីរឿងណាមួយ។ ក្រោយមក នៅឆ្នាំ១៩៩៨ ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅការិយាល័យខាងការនិពន្ធ ហើយខ្ញុំនៅតែរៀនច្រើននៅទីនោះ។ អស់ប៉ុន្មានឆ្នាំ ខ្ញុំមានឯកសិទ្ធិជួយបងប្រុសចន បាដែលពេលនោះបម្រើជាអ្នកចាត់ចែងកិច្ចការគណៈកម្មាធិការខាងការនិពន្ធ។ ខ្ញុំនឹងតែងតែឲ្យតម្លៃចំពោះការបង្ហាត់បង្រៀនដែលខ្ញុំបានទទួល និងពេលវេលាដែលខ្ញុំបានចំណាយជាមួយនឹងគាត់។ គាត់ពិតជាយកតម្រាប់លោកយេស៊ូគ្រិស្ត។
ខ្ញុំនិងលីនដាជាមួយនឹងបងចន បានិងបងមីលដ្រេត បា
ខ្ញុំអរសប្បាយធ្វើការជាមួយនឹងបងប្អូនដែលមានចិត្តរាបទាបដែលបម្រើនៅការិយាល័យខាងការនិពន្ធ។ ពួកគេតែងតែសុំព្រះយេហូវ៉ាឲ្យជួយពួកគេក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេដឹងថាអ្វីណាក៏ដោយដែលពួកគេសម្រេច គឺដោយសារឫទ្ធានុភាពរបស់លោក មិនមែនដោយសារទេពកោសល្យរបស់ពួកគេទេ។
ខ្ញុំដឹកនាំក្រុមតន្ត្រីប៉មយាមនៅកិច្ចប្រជុំប្រចាំឆ្នាំ នាឆ្នាំ២០០៩
ខ្ញុំចែកគម្ពីរនៅមហាសន្និបាតអន្តរជាតិនៅក្រុងសេអ៊ូល ប្រទេសកូរ៉េ នាឆ្នាំ២០១៤
ខ្ញុំនិងលីនដាក៏មានឯកសិទ្ធិទៅជួបបងប្អូនដ៏ស្មោះត្រង់នៅ១១០ប្រទេសដែរ។ យើងបានឃើញដោយផ្ទាល់ភ្នែកនូវសេចក្ដីស្រឡាញ់របស់បងប្អូនសាសនទូត សមាជិកគណៈកម្មាធិការការិយាល័យសាខា និងអ្នកបម្រើពេញពេលឯទៀត។ ម្យ៉ាងទៀត យើងក៏បានឃើញចិត្តខ្នះខ្នែងនិងភក្ដីភាពរបស់អ្នកផ្សាយដែលនៅប្រទេសទាំងនោះ ដែលបម្រើព្រះយេហូវ៉ាទោះជាមានសង្គ្រាម បញ្ហាសេដ្ឋកិច្ច និងការបៀតបៀនក្ដី។ ព្រះយេហូវ៉ាច្បាស់ជាស្រឡាញ់ពួកគេខ្លាំងណាស់!
អស់ជាច្រើនឆ្នាំកន្លងមកនេះ លីនដាជួយខ្ញុំច្រើនណាស់កាលដែលខ្ញុំព្យាយាមបំពេញភារកិច្ចរបស់ខ្ញុំ។ គាត់ស្រឡាញ់មនុស្ស ហើយតែងតែរកវិធីជួយអ្នកឯទៀត។ គាត់ក៏ពូកែចាប់ផ្ដើមការសន្ទនាដែរ។ គាត់បានជួយមនុស្សជាច្រើនឲ្យរៀនអំពីព្រះយេហូវ៉ា ហើយបានជួយបុគ្គលខ្លះដែលបានឈប់បម្រើព្រះយេហូវ៉ាឲ្យត្រឡប់មកលោកវិញ។ លីនដាពិតជាអំណោយពីព្រះយេហូវ៉ាមែន! ម្យ៉ាងទៀត កាលដែលយើងចាស់ទៅ យើងសប្បាយដែលយើងមានជំនួយពីបងប្អូនវ័យក្មេងជាងដែលជួយយើងឲ្យធ្វើដំណើរ និងជួយយើងឲ្យបំពេញសេចក្ដីត្រូវការផ្សេងទៀតរបស់យើង។—ម៉ាក. ១០:២៩, ៣០
កាលដែលខ្ញុំគិតអំពី៨០ឆ្នាំដែលកន្លងទៅនេះ ខ្ញុំមានអំណរគុណជាខ្លាំង។ ខ្ញុំយល់ស្របនឹងពាក្យរបស់អ្នកតែងចម្រៀងសរសើរព្រះដែលសរសេរថា៖ «ឱព្រះ លោកបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេង ហើយរហូតដល់ឥឡូវ ខ្ញុំនៅតែប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់លោក»។ (ចសព. ៧១:១៧) ដរាបណាខ្ញុំមានជីវិតរស់នៅ ដរាបនោះខ្ញុំចង់បន្តធ្វើដូច្នេះ។
a សព្វថ្ងៃនេះ ការបង្ហាត់បង្រៀននេះគឺជាផ្នែកនៃកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។