ថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ចម្រៀងលេខ១៣៥ ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ «កូនអើយ ចូរមានប្រាជ្ញា»
ចូរបង្ហាញការយល់ធ្លុះជ្រៅ ហើយអ្នក«នឹងទទួលបានជោគជ័យ»
«អ្នកណាដែលបង្ហាញការយល់ធ្លុះជ្រៅក្នុងរឿងណាមួយ អ្នកនោះនឹងទទួលបានជោគជ័យ»។—សុភ. ១៦:២០
ចំណុចផ្ដោត
របៀបដែលការបង្ហាញការយល់ធ្លុះជ្រៅអាចជួយយើងឲ្យប្រព្រឹត្តត្រឹមត្រូវក្នុងស្ថានភាពពិបាក។
១-២. តើការយល់ធ្លុះជ្រៅគឺជាអ្វី ហើយតើនោះអាចជួយយើងយ៉ាងដូចម្ដេច?
តើធ្លាប់មានបុគ្គលណាម្នាក់ប្រព្រឹត្តទៅលើអ្នកដោយគ្មានការគោរពឬទេ? តើគេធ្លាប់វិនិច្ឆ័យខុសអំពីអ្នក ឬតើធ្លាប់មានអ្នកណាម្នាក់ធ្វើឲ្យអ្នកទើសចិត្តឬទេ? ម្យ៉ាងទៀត តើអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកភ័យខ្លាចឬទេ? ក្នុងស្ថានភាពទាំងនោះ គឺមិនស្រួលឲ្យយើងនិយាយឬធ្វើអ្វីដែលត្រឹមត្រូវទេ។ ដូច្នេះ យើងពិតជាសប្បាយណាស់ដែលគម្ពីរប្រាប់អំពីគុណសម្បត្តិមួយដែលអាចជួយយើងក្នុងស្ថានភាពទាំងនោះនិងនៅក្នុងស្ថានភាពជាច្រើនទៀត។ គុណសម្បត្តិនោះគឺការយល់ធ្លុះជ្រៅ។
២ ការយល់ធ្លុះជ្រៅគឺជាសមត្ថភាពមើលហួសពីអ្វីដែលងាយកត់សម្គាល់។ គុណសម្បត្តិនេះជួយយើងឲ្យយល់អំពីមូលហេតុដែលអ្វីណាមួយកើតឡើង ឬយល់អំពីមូលហេតុដែលបុគ្គលណាម្នាក់ប្រព្រឹត្តអ្វីណាមួយ។ ជាលទ្ធផល ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ។ ជាឧទាហរណ៍ ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យ«ចេះទប់មាត់» ហើយដឹងថាពេលណាគួរ«នៅស្ងៀម»។ (សុភ. ១០:១៩; ចសព. ៤:៤) ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យចេះទប់កំហឹង ហើយមើលរំលងកំហុសរបស់អ្នកឯទៀត។ គុណសម្បត្តិនេះក៏អាចជួយយើងឲ្យទទួលយកឱវាទនិងការកែតម្រង់ដែរ។ (សុភ. ១៩:២០) ពេលយើងបង្ហាញការយល់ធ្លុះជ្រៅ យើងមិនគ្រាន់តែធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តប៉ុណ្ណោះទេ តែយើងផ្ទាល់ ហើយពួកអ្នកដែលយើងនិយាយទៅកាន់និងប្រព្រឹត្តទៅលើ ក៏ទទួលប្រយោជន៍ដែរ។ ម្យ៉ាងទៀត ពេលយើងស្ថិតនៅក្នុងស្ថានភាពពិបាកណាមួយដែលនាំឲ្យយើងខឹង យើងនឹងមិនខឹងយ៉ាងខ្លាំងរហូតដល់ធ្វើខុសនោះទេ។ សូមយើងពិចារណាកំណត់ហេតុបីយ៉ាងក្នុងគម្ពីរ ដែលបង្ហាញអំពីរបៀបដែលការបង្ហាញការយល់ធ្លុះជ្រៅអាចជួយយើងឲ្យរក្សាចិត្តរាបទាប ចិត្តស្ងប់ ហើយទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។
ចូរមានចិត្តរាបទាប ជាជាងមានអំណួត
៣. តើណាម៉ានជាអ្នកណា?
៣ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ យើងត្រូវជៀសវាងពីការមានអំណួត។ (១ពេ. ៥:៥) ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យធ្វើដូច្នេះ។ តើតាមរបៀបណា? សូមគិតអំពីគំរូរបស់ណាម៉ាន។ គាត់រស់នៅស្រុកស៊ីរី ជាស្រុកមួយនៅខាងជើងស្រុកអ៊ីស្រាអែល។ ណាម៉ានមានមុខមាត់ និងជាមេទ័ពស៊ីរីយ៉ាងអង់អាច។ ប៉ុន្តែ គាត់មានជំងឺដ៏កាចសាហាវមួយ គឺជំងឺឃ្លង់។—២បស. ៥:១
៤. តើណាម៉ានបានបង្ហាញការយល់ធ្លុះជ្រៅមួយកម្រិតយ៉ាងដូចម្ដេច?
៤ ប្រពន្ធរបស់ណាម៉ានមានអ្នកបម្រើស្រីវ័យក្មេងម្នាក់ដែលជាជនជាតិអ៊ីស្រាអែល។ ក្មេងស្រីនោះបានប្រាប់ប្រពន្ធរបស់ណាម៉ានថា នៅស្រុកអ៊ីស្រាអែលមានអ្នកប្រកាសទំនាយម្នាក់ដែលអាចធ្វើឲ្យប្ដីរបស់នាងជាសះស្បើយ។ (២បស. ៥:២, ៣) ណាម៉ានអាចគិតថា ‹តើក្មេងស្រីដែលជាជនរួមជាតិរបស់សត្រូវខ្ញុំអាចប្រាប់អ្វីដែលមានប្រយោជន៍ដល់ខ្ញុំយ៉ាងដូចម្ដេចបាន?›។ ផ្ទុយទៅវិញ ណាម៉ានបានបង្ហាញការយល់ធ្លុះជ្រៅមួយកម្រិត។ ជាជាងមិនអើពើនឹងអ្វីទាំងអស់ដែលក្មេងស្រីនោះនិយាយ គាត់បានបង្ហាញចិត្តរាបទាប ហើយយកចិត្តទុកដាក់ស្ដាប់អ្វីដែលនាងនិយាយ។ បន្ទាប់មក គាត់បានទទួលការអនុញ្ញាតពីស្ដេចស្រុកស៊ីរីឲ្យទៅស្រុកអ៊ីស្រាអែលដើម្បីរកវិធីព្យាបាលជំងឺរបស់គាត់។—២បស. ៥:៤, ៥
៥. តើអ្វីបានកើតឡើងពេលណាម៉ានបានទៅដល់ស្រុកអ៊ីស្រាអែល?
៥ ណាម៉ានបានទៅដល់វិមានស្ដេចយេហូរ៉ាមនៃស្រុកអ៊ីស្រាអែលទាំងសង្ឃឹមថា គាត់នឹងជាសះស្បើយពីជំងឺឃ្លង់។ ប៉ុន្តែ ស្ដេចយេហូរ៉ាមបែរជាគិតថា ស្ដេចស្រុកស៊ីរីចង់រករឿងគាត់។ ពេលអ្នកប្រកាសទំនាយអេលីសេឮអំពីរឿងនេះ គាត់បានសុំស្ដេចយេហូរ៉ាមឲ្យចាត់ណាម៉ានទៅឯគាត់។ (២បស. ៥:៦-៩) ប៉ុន្តែ ពេលទៅដល់ផ្ទះរបស់អេលីសេ រឿងមិនបានកើតឡើងដូចដែលណាម៉ានបានរំពឹងទុកនោះទេ។ អេលីសេមិនបានចេញពីផ្ទះដើម្បីទៅទទួលណាម៉ានឬទៅនិយាយជាមួយគាត់ដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ អេលីសេបានចាត់អ្នកបម្រើម្នាក់ឲ្យប្រាប់ណាម៉ាននូវអ្វីដែលគាត់ត្រូវធ្វើដើម្បីជាសះស្បើយ។—២បស. ៥:១០
៦. (ក) តើអ្វីប្រហែលជាធ្វើឲ្យណាម៉ានមានអំណួតពេលស្ដាប់ការណែនាំពីអ្នកបម្រើរបស់អេលីសេ? (ខ) តើពួកអ្នកបម្រើរបស់ណាម៉ានបានបង្ហាញការយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច ហើយតើនោះមានលទ្ធផលអ្វី? (បណ្ដាស្ដេចទី២ ៥:១៣, ១៤)
៦ ដំបូង ណាម៉ានមិនមានប្រតិកម្មល្អចំពោះអ្នកបម្រើឬការណែនាំនោះទេ។ ដូច្នេះ គាត់«ចេញទៅទាំងមានកំហឹងយ៉ាងខ្លាំង»។ (២បស. ៥:១១, ១២) ហេតុអ្វី? គាត់ប្រហែលជាមានអារម្មណ៍ថា គាត់មិនបានទទួលការគោរពដែលគាត់សមនឹងទទួលក្នុងនាមជាមន្ត្រីជាន់ខ្ពស់កងទ័ពស្រុកស៊ីរីនោះទេ។ បន្ថែមទៅទៀត ណាម៉ានប្រហែលជាមានអារម្មណ៍ថា ការណែនាំដែលអេលីសេផ្ដល់ឲ្យនោះ ធ្វើឲ្យស្រុកស៊ីរីអាប់ឱនកិត្តិយស។ ដូច្នេះ ណាម៉ានបានសម្រេចចិត្តទៅស្រុកកំណើតវិញទាំងនៅតែមានជំងឺជាប់កាយ។ ប៉ុន្តែ ពួកអ្នកបម្រើរបស់គាត់បានបង្ហាញការយល់ធ្លុះជ្រៅដោយលើកទឹកចិត្តគាត់ឲ្យគិតឡើងវិញ។ នៅទីបំផុត ណាម៉ានឈប់មានអំណួត ហើយបង្ហាញចិត្តរាបទាបដោយធ្វើតាមអ្វីដែលអេលីសេនិយាយ។ ជាលទ្ធផល គាត់បានជាសះស្បើយ!—សូមអាន បណ្ដាស្ដេចទី២ ៥:១៣, ១៤
៧. តើយើងអាចរៀនអ្វីពីគំរូរបស់ណាម៉ាន? (សុភាសិត ២២:៤) (សូមមើលរូបភាពផងដែរ)
៧ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? អារម្មណ៍ឬទស្សនៈរបស់យើងមិនតែងតែត្រឹមត្រូវទេ។ ដូច្នេះ យើងត្រូវគិតឲ្យបានដិតដល់មុនយើងធ្វើអ្វីមួយ។ យើងបង្ហាញការយល់ធ្លុះជ្រៅ ពេលយើងមិនអនុញ្ញាតឲ្យអារម្មណ៍របស់យើងគ្រប់គ្រងលើយើង។ ការយល់ធ្លុះជ្រៅអាចជំរុញយើងឲ្យមានចិត្តរាបទាប។ បុគ្គលដែលមានចិត្តរាបទាបទទួលស្គាល់ថា គាត់មិនមែនចេះសព្វគ្រប់នោះទេ។ ជួនកាល យើងត្រូវការជំនួយពីអ្នកឯទៀត ជាពិសេសពីព្រះយេហូវ៉ា។ ទោះជាណាម៉ានមិនទាន់ជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាក្ដី គាត់បានបង្ហាញការយល់ធ្លុះជ្រៅមួយកម្រិត ដោយស្ដាប់អ្នកឯទៀតដោយចិត្តរាបទាប ដូចជាក្មេងស្រីជនជាតិអ៊ីស្រាអែលដែលជាខ្ញុំបម្រើរបស់ប្រពន្ធគាត់ ពួកអ្នកបម្រើរបស់គាត់ ហើយសំខាន់បំផុត អេលីសេដែលជាតំណាងព្រះយេហូវ៉ា។ ណាម៉ានបំបាត់ចោលអំណួត ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនាំឲ្យគាត់ជាសះស្បើយ។ ចុះយ៉ាងណាយើងវិញ? មុនយើងតបឆ្លើយនឹងរឿងណាមួយ ដូចជាពេលយើងទទួលឱវាទដែលមានមូលដ្ឋានពីគម្ពីរដែលយើងមិនយល់ស្រប ឬពេលទទួលការណែនាំពីអង្គការព្រះដែលយើងមិនយល់ គឺជាការល្អឲ្យយើងគិតសិនថា តើអ្វីដែលយើងចង់និយាយឬប្រព្រឹត្តបង្ហាញអំពីអំណួតឬចិត្តរាបទាប?—សូមអាន សុភាសិត ២២:៤
ដូចណាម៉ានស្ដាប់អ្នកឯទៀតដោយចិត្តរាបទាប នោះយើងគួរស្ដាប់ពេលយើងទទួលឱវាទ ពេលអ្នកឯទៀតប្រាប់អំពីបញ្ហាណាមួយ ឬពេលទទួលការណែនាំពីអង្គការព្រះ (សូមមើលវគ្គ៧)
ចូររក្សាចិត្តស្ងប់ ជាជាងមានកំហឹង
៨. តើយើងប្រហែលជាពិបាករក្សាចិត្តស្ងប់នៅពេលណា?
៨ ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យរក្សាចិត្តស្ងប់ ហើយជៀសវាងពីការមានកំហឹងពេលស្ថិតនៅក្នុងស្ថានភាពដ៏តានតឹង។ នេះមិនតែងតែស្រួលទេ ដោយសារជួនកាល អ្នកឯទៀតប្រព្រឹត្តនិងនិយាយដោយមិនសប្បុរសឬអយុត្តិធម៌មកលើយើង។ (អេភ. ៤:២៦) សូមគិតអំពីរបៀបដែលដាវីឌនិងអាប៊ីកែលបានបង្ហាញការយល់ធ្លុះជ្រៅក្នុងអំឡុងស្ថានភាពដ៏តានតឹងមួយ។
៩. តើណាបាលប្រព្រឹត្តយ៉ាងណាមកលើដាវីឌ?
៩ សូមស្រមៃគិតអំពីស្ថានភាពនេះ។ ដាវីឌនិងពួកបុរសរបស់គាត់កំពុងរស់នៅជាជនគេចខ្លួននៅតំបន់ស្ងាត់ជ្រងំប៉ារ៉ាន។ (១សាំ. ២៥:១) ពេលនៅទីនោះ ពួកគេបានជួយការពារពួកគង្វាលនិងហ្វូងសត្វរបស់ណាបាលដែលជាបុរសអ្នកមានម្នាក់។ (១សាំ. ២៥:១៥, ១៦) ពេលរដូវកាត់រោមចៀមមកដល់ ដាវីឌបានចាត់ពួកបុរសរបស់គាត់ឲ្យទៅឯណាបាល ហើយជូនពរនិងសុំស្បៀងអាហារតិចតួចពីគាត់។ ពួកគេធ្វើដូច្នេះ តាមរបៀបដែលបង្ហាញការគោរពនិងដោយសប្បុរស។ (១សាំ. ២៥:៦-៨) ប៉ុន្តែ ណាបាលមិនបានដឹងគុណដាវីឌនិងពួកបុរសរបស់ដាវីឌចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់គាត់នោះទេ។ គាត់ថែមទាំងក្អេងក្អាង ហើយនិយាយមើលងាយដាវីឌនិងពួកបុរសរបស់ដាវីឌទៀតផង។—១សាំ. ២៥:១០, ១១
១០. តើដាវីឌនិងអាប៊ីកែលបានបង្ហាញការយល់ធ្លុះជ្រៅតាមរបៀបណា? (សាំយូអែលទី១ ២៥:៣២, ៣៣) (សូមមើលរូបភាពផងដែរ)
១០ បើអ្នកស្ថិតនៅក្នុងស្ថានភាពដូចដាវីឌ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? យើងច្បាស់ជាអាចយល់អំពីមូលហេតុដែលដាវីឌខឹងយ៉ាងខ្លាំង។ គាត់ជាបុរសដែលមានអារម្មណ៍ខ្លាំង ហើយលើកនេះគាត់ខឹងយ៉ាងខ្លាំងរហូតដល់ចង់សម្លាប់ណាបាល! (១សាំ. ២៥:១៣, ២១, ២២) តាមពិត ពេលដាវីឌកំពុងធ្វើដំណើរចេញទៅសម្លាប់ ស្រាប់តែអាប៊ីកែលដែលជាប្រពន្ធដ៏ឈ្លាសវៃរបស់ណាបាលបានមកជួបគាត់។ តើអាប៊ីកែលបានបង្ហាញការយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច? នាងយល់ថាដាវីឌជាបុរសល្អ ទោះជាពេលនោះគាត់មានប្រតិកម្មខ្លាំងៗក៏ដោយ។ ដូច្នេះ នាងបានធ្វើអ្វីដែលនាងអាចធ្វើបានដើម្បីជួយដាវីឌឲ្យទប់កំហឹង។ នាងបានយកអំណោយជាច្រើន ហើយផ្ដល់យោបល់ដ៏ឈ្លាសវៃដល់គាត់។ (១សាំ. ២៥:១៨, ២៣-៣១) ដាវីឌបានបង្ហាញការយល់ធ្លុះជ្រៅដោយស្ដាប់អ្វីដែលអាប៊ីកែលនិយាយយ៉ាងយកចិត្តទុកដាក់ ហើយបានទទួលស្គាល់ថាពាក្យសម្ដីរបស់នាងបង្ហាញអំពីទស្សនៈរបស់ព្រះយេហូវ៉ាស្ដីអំពីរឿងនោះ។ ជាលទ្ធផល ដាវីឌមានចិត្តស្ងប់ ហើយជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។—សូមអាន សាំយូអែលទី១ ២៥:៣២, ៣៣
ដោយសារដាវីឌនិងអាប៊ីកែលបានបង្ហាញការយល់ធ្លុះជ្រៅក្នុងអំឡុងស្ថានភាពដ៏តានតឹង នោះរឿងដ៏គួរឲ្យខ្លោចផ្សាមិនបានកើតឡើង (សូមមើលវគ្គ១០)
១១. តើការបង្ហាញការយល់ធ្លុះជ្រៅអាចជួយយើងយ៉ាងណាពេលស្ថិតនៅក្នុងស្ថានភាពដែលអាចនាំឲ្យយើងខឹង? (សុភាសិត ១៩:១១)
១១ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? ការបង្ហាញការយល់ធ្លុះជ្រៅអាចជួយយើងឲ្យឆ្លើយតបដោយស្លូតបូតចំពោះរឿងណាមួយ ទោះជាយើងមានហេតុខឹងក៏ដោយ។ ការយល់ធ្លុះជ្រៅក៏អាចជួយយើងឲ្យពិចារណាថា ការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើងនឹងមានលទ្ធផលយ៉ាងណា។ (សូមអាន សុភាសិត ១៩:១១) ពេលអាប៊ីកែលបានរំលឹកដាវីឌអំពីទស្សនៈរបស់ព្រះយេហូវ៉ា ដាវីឌអាចទប់កំហឹងបាន។ បើមានអ្វីធ្វើឲ្យអ្នកខឹង សូមកុំតបទៅវិញដោយមិនបានគិតពិចារណាទុកជាមុនឡើយ។ (យ៉ា. ១:១៩) ផ្ទុយទៅវិញ សូមអធិដ្ឋានទៅព្រះយេហូវ៉ា ហើយទុកពេលស្វែងយល់អំពីទស្សនៈរបស់លោកចំពោះរឿងនោះ។ នេះទំនងជានឹងជួយអ្នកឲ្យមានចិត្តស្ងប់។
១២. តើអ្នកឯទៀតអាចជួយយើងឲ្យបង្ហាញការយល់ធ្លុះជ្រៅនិងរក្សាចិត្តស្ងប់យ៉ាងដូចម្ដេច?
១២ ដូចព្រះយេហូវ៉ាបានប្រើអាប៊ីកែលដើម្បីជួយដាវីឌឲ្យយល់ទស្សនៈរបស់លោកនិងរក្សាចិត្តស្ងប់ នោះលោកអាចប្រើអ្នកឯទៀតដើម្បីជួយយើងឲ្យមានការយល់ធ្លុះជ្រៅអំពីរឿងណាមួយ។ ដូច្នេះ ពេលអ្នកស្ថិតនៅក្នុងស្ថានភាពដ៏តានតឹង មុនតបឆ្លើយ សូមនិយាយជាមួយនឹងគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ជាបុគ្គលដែលអាចជួយអ្នកឲ្យមានទស្សនៈដូចព្រះយេហូវ៉ា។ (សុភ. ១២:១៥; ២០:១៨) ចុះអ្នកវិញ បើអ្នកមានឱកាសជួយមិត្តភក្ដិដែលស្ថិតនៅក្នុងស្ថានភាពដ៏តានតឹង តើអ្នកអាចយកតម្រាប់អាប៊ីកែលឬទេ? តើអ្នកអាចជួយមិត្តភក្ដិរបស់អ្នកឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះស្ថានភាពនោះឬទេ? ពេលអ្នកខំប្រឹងជួយអ្នកឯទៀតឲ្យបង្ហាញការយល់ធ្លុះជ្រៅនិងរក្សាចិត្តស្ងប់ នោះព្រះយេហូវ៉ាច្បាស់ជានឹងឲ្យពរអ្នក។
ចូរទុកចិត្តព្រះយេហូវ៉ាពេលភ័យខ្លាច
១៣. តើតាមរបៀបណាការយល់ធ្លុះជ្រៅអាចជួយយើងពេលយើងភ័យខ្លាច?
១៣ ជួនកាល យើងនឹងជួបស្ថានភាពពិបាកដែលធ្វើឲ្យយើងភ័យខ្លាច។ ការយល់ធ្លុះជ្រៅអាចជួយយើងមិនឲ្យផ្ដោតអារម្មណ៍លើការភ័យខ្លាច ដោយនឹកចាំថាព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាចក្នុងពិភពលោកនេះគឺតូចតាចណាស់ ពេលប្រៀបធៀបទៅនឹងឫទ្ធានុភាពដ៏ខ្លាំងមហិមារបស់ព្រះយេហូវ៉ា។ (ចសព. ២៧:១) ព្រះយេហូវ៉ាអាចជួយយើងក្នុងគ្រប់ស្ថានភាពទាំងអស់ សូម្បីតែពេលដែលយើងមានអារម្មណ៍ថានោះគ្មានដំណោះស្រាយក្ដី។ នេះជាអ្វីដែលបានកើតឡើងដល់អ្នកប្រកាសទំនាយយ៉ូណាស។ គាត់ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ តែគាត់ត្រូវការការយល់ធ្លុះជ្រៅកាន់តែច្រើនដើម្បីទទួលជោគជ័យក្នុងភារកិច្ចដ៏ពិបាកមួយ។
១៤. ហេតុអ្វីយ៉ូណាសប្រហែលជាភ័យខ្លាចមិនចង់ទទួលភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់?
១៤ ព្រះយេហូវ៉ាបានឲ្យយ៉ូណាសនូវភារកិច្ចដ៏ពិបាកមួយ។ គាត់ត្រូវទៅក្រុងនីនីវេ ហើយប្រកាសអំពីការវិនិច្ឆ័យទោស។ (យ៉ូណ. ១:១, ២) បើអ្នកបានទទួលភារកិច្ចនោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ការធ្វើដំណើរដោយថ្មើរជើងពីស្រុកអ៊ីស្រាអែលទៅក្រុងនីនីវេក្នុងស្រុកអាស៊ីរី គឺពិបាកណាស់ ហើយនោះត្រូវការពេលប្រហែលជាមួយខែ។ ជនជាតិអាស៊ីរីបានត្រូវគេស្គាល់ថា ជាជនជាតិដែលឆាប់ខឹងនិងឃោរឃៅ។ បន្ថែមទៅទៀត ក្រុងនីនីវេបានត្រូវហៅថា «ក្រុងដែលពេញទៅដោយការបង្ហូរឈាម»ទៀតផង! (ណា. ៣:១, ៧) ជាជាងទទួលភារកិច្ចនោះ យ៉ូណាសបានរត់គេចខ្លួន។—យ៉ូណ. ១:៣
១៥. តើអ្វីបានជួយយ៉ូណាសឲ្យកាន់តែទុកចិត្តព្រះយេហូវ៉ា? (យ៉ូណាស ២:៦-៩)
១៥ យ៉ូណាសកំពុងរត់គេចខ្លួន ពេលព្រះយេហូវ៉ារំលឹកគាត់អំពីឫទ្ធានុភាពរបស់លោកដោយធ្វើអព្ភូតហេតុសង្គ្រោះគាត់។ (យ៉ូណ. ១:១៥, ១៧) យ៉ូណាសបានរៀនមេរៀនពីរឿងនោះថា គាត់មិនចាំបាច់ភ័យខ្លាចក្នុងការទៅក្រុងនីនីវេទេ ដោយសារព្រះយេហូវ៉ាអាចការពារគាត់ពីគ្រោះថ្នាក់ណាក៏ដោយ។ (សូមអាន យ៉ូណាស ២:៦-៩) ពេលព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យយ៉ូណាសទទួលភារកិច្ចនោះម្ដងទៀត គាត់មិនស្ទាក់ស្ទើរទទួលទេ។ រួចមក គាត់បានទៅក្រុងនីនីវេ។ អ្នកក្រុងនោះស្ដាប់គាត់ ហើយទទួលការសង្គ្រោះ។—យ៉ូណ. ៣:៥
១៦. ក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច តើការយល់ធ្លុះជ្រៅអាចជួយយើងយ៉ាងណា? (សុភាសិត ២៩:២៥) (សូមមើលរូបភាពផងដែរ)
១៦ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? យើងមិនចង់ឲ្យអ្វីណាក៏ដោយ រារាំងយើងពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ ជាពិសេសការខ្លាចមនុស្ស។ (សូមអាន សុភាសិត ២៩:២៥) ការយល់ធ្លុះជ្រៅបានជួយយ៉ូណាសមិនឲ្យផ្ដោតអារម្មណ៍លើភារកិច្ចពិបាករបស់គាត់ តែឲ្យផ្ដោតអារម្មណ៍ទៅលើការគាំទ្រពីព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ យើងមិនចង់ផ្ដោតអារម្មណ៍ទៅលើការភ័យខ្លាចរបស់យើងទេ តែយើងចង់គិតអំពីរបៀបដែលព្រះយេហូវ៉ាធ្លាប់ជួយនិងការពារយើង។ យើងក៏អាចរំពឹងគិតអំពីគំរូរបស់បងប្អូនដែលបានប្រឈមមុខនឹងស្ថានភាពដ៏គួរឲ្យភ័យខ្លាចដោយជោគជ័យ ឬបានបំពេញភារកិច្ចដ៏ពិបាកដោយពឹងផ្អែកលើព្រះយេហូវ៉ា។ (ហេ. ១៣:៦) សូមយើងបង្ហាញការយល់ធ្លុះជ្រៅដោយទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា ហើយជួយអ្នកឯទៀតឲ្យធ្វើដូច្នោះដែរ។
គំរូរបស់យ៉ូណាសបង្រៀនយើងថា ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យទទួលយកការណែនាំពីព្រះ ហើយទទួលជោគជ័យក្នុងស្ថានភាពដ៏ពិបាក (សូមមើលវគ្គ១៦)
ចូរបន្តរៀនឲ្យគិតដូចព្រះយេហូវ៉ា
១៧. តើយើងកាន់តែអាចយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច?
១៧ ដូចយើងបានពិចារណារួចហើយ ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យប្រព្រឹត្តត្រឹមត្រូវក្នុងស្ថានភាពដ៏ពិបាក។ តើយើងអាចកាន់តែចេះយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាគឺជាប្រភពសំខាន់ចម្បងនៃការយល់ធ្លុះជ្រៅ ហើយលោកឲ្យសមត្ថភាពយល់ធ្លុះជ្រៅដល់អ្នកគោរពប្រណិប័តន៍លោក តាមរយៈបណ្ដាំនិងឫទ្ធានុភាពរបស់លោក។ (នេហ. ៩:២០; ចសព. ៣២:៨) លោកឲ្យយោបល់ដែលជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ និងគ្រប់គ្រងអារម្មណ៍របស់យើង។ (ចសព. ១១៩:៩៧-១០១) យើងកាន់តែចេះយល់ធ្លុះជ្រៅកាលដែលយើងគិតពិចារណាយ៉ាងដិតដល់អំពីអ្វីដែលគម្ពីរចែង ហើយអធិដ្ឋានសុំឫទ្ធានុភាពដ៏ខ្លាំងក្លាពីព្រះយេហូវ៉ា។ នេះនឹងជួយយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ ហើយធ្វើអ្វីដែលលោកចង់ឲ្យយើងធ្វើ។—សុភ. ២១:១១, កំ.ស.
១៨. តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ សូមឲ្យយើងបន្តស្វែងរកនិងឲ្យតម្លៃការយល់ធ្លុះជ្រៅដែលយើងបានទទួលពីព្រះយេហូវ៉ា។ (ចសព. ១៤:២) បើយើងធ្វើដូច្នេះ យើងនឹងមិនទៅជាអ្នកដែល«លែងមានការយល់ធ្លុះជ្រៅ»នោះទេ។ (សុភ. ២១:១៦) ប៉ុន្តែ យើងនឹងតាំងចិត្តកាន់តែខ្លាំងឲ្យបង្ហាញការយល់ធ្លុះជ្រៅនៅគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។ ជាលទ្ធផល យើង«នឹងទទួលបានជោគជ័យ»។
ចម្រៀងលេខ៤២ សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះ