ថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
ចម្រៀងលេខ៣៥ «ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»
សូមកុំឲ្យអ្វីណាបំបែរអារម្មណ៍អ្នកពីអ្វីដែលសំខាន់បំផុតឡើយ
«ចូរខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។—អេភ. ៥:១៧
ចំណុចផ្ដោត
របៀបផ្ដោតអារម្មណ៍ទៅលើសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ ទោះជាមានស្ថានភាពផ្សេងៗដែលអាចបំបែរអារម្មណ៍យើងក៏ដោយ។
១-២. តើសកម្មភាពសំខាន់អាចបំបែរអារម្មណ៍របស់យើងយ៉ាងដូចម្ដេច?
ថ្មីៗនេះ តើមានអ្វីបំបែរអារម្មណ៍អ្នកឬទេ? តើនោះបានកើតឡើងនៅពេលណា? ប្រហែលជាមានអ្វីបំបែរអារម្មណ៍អ្នកពីសកម្មភាពដែលអ្នកកំពុងធ្វើ ហើយអ្នកត្រូវសម្រេចចិត្តថាសកម្មភាពមួយណាគឺសំខាន់ជាង។ ឧបមាថា អ្នកកំពុងបើកបរ ហើយមានគេតេមក។ អ្នកដែលតេមកនោះប្រហែលជាមានរឿងសំខាន់ចង់និយាយជាមួយអ្នក តែអ្នកទទួលស្គាល់ថានោះអាចបំបែរអារម្មណ៍អ្នកពីការបើកបរ។ ការផ្ចង់អារម្មណ៍បើកបរគឺជាអ្វីដែលសំខាន់ជាង។
២ ជីវិតរបស់យើងពោរពេញទៅដោយសកម្មភាពសំខាន់ជាច្រើន។ យើងដឹងថាទម្លាប់ល្អនិងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះaគឺជាអ្វីដែលសំខាន់បំផុត។ (ម៉ាថ. ៦:៣៣) ដូចអ្នកបើកបរត្រូវផ្ចង់អារម្មណ៍ទៅលើផ្លូវខាងមុខ ហើយចេះកត់សម្គាល់អ្វីដែលអាចបំបែរអារម្មណ៍គាត់ នោះរាស្ត្ររបស់ព្រះយេហូវ៉ាខំព្យាយាមកត់សម្គាល់អ្វីដែលអាចបំបែរអារម្មណ៍ពួកគេពីអ្វីដែលសំខាន់បំផុត។—សុភ. ៤:២៥; ម៉ាថ. ៦:២២
៣. តើតាមរបៀបណាអត្ថបទនេះនឹងជួយយើងមិនឲ្យអ្វីណាក៏ដោយមកបំបែរអារម្មណ៍យើង?
៣ គ្មានយើងណាម្នាក់ចង់ឲ្យអ្វីណាមួយមកបំបែរអារម្មណ៍យើងចេញពីសកម្មភាពក្នុងកិច្ចបម្រើព្រះទេ។ ប៉ុន្តែ យើងទាំងអស់គ្នាប្រឈមមុខនឹងរឿងផ្សេងៗដែលអាចបំបែរអារម្មណ៍យើងយ៉ាងងាយ។ (លូក. ២១:៣៤-៣៦) ដូច្នេះ ដើម្បីជួយយើងឲ្យផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា សូមយើងពិចារណាថា (១) មានអ្វីខ្លះដែលអាចបំបែរអារម្មណ៍យើង (២) អ្វីដែលលោកយេស៊ូបានធ្វើដើម្បីកុំឲ្យអ្វីណាមួយមកបំបែរអារម្មណ៍លោក និង(៣) របៀបដែលយើងអាចធ្វើតាមគំរូលោកយេស៊ូ។
តើអ្វីអាចបំបែរអារម្មណ៍យើង?
៤-៦. តើមានអ្វីខ្លះអាចបំបែរអារម្មណ៍យើងយ៉ាងងាយ?
៤ ក្នុងជីវិតរបស់យើង យើងត្រូវផ្ដោតអារម្មណ៍លើអ្វីជាច្រើន។ ជាឧទាហរណ៍ យើងប្រហែលជាមានបញ្ហាសុខភាព ឬមានកិច្ចការសំខាន់ចាំបាច់ដែលយើងត្រូវធ្វើសម្រាប់ខ្លួនឯងឬសម្រាប់ក្រុមគ្រួសារ។ ពិតមែនតែអ្វីទាំងនេះគឺសំខាន់ ហើយយើងត្រូវតែគិតអំពីអ្វីទាំងនោះ តែអ្វីទាំងនោះអាចទៅជាអ្វីដែលបំបែរអារម្មណ៍យើង។ នោះអាចកើតឡើងបើយើងតែងតែគិតអំពីអ្វីទាំងនោះ ហើយចំណាយពេលយ៉ាងច្រើនរហូតដល់គ្មានពេលវេលាឬកម្លាំងដើម្បីធ្វើអ្វីផ្សេងទៀត។
៥ បន្ថែមទៅទៀត យើងជាច្រើននាក់ រងឥទ្ធិពលពីភាពចលាចលខាងនយោបាយ បញ្ហាសេដ្ឋកិច្ច ការផ្ទុះឡើងនៃរោគរាតត្បាត និងជម្លោះឥតឈប់ឈរក្នុងរបៀបរបបពិភពលោកនេះ។ (២ធី. ៣:១) ពេលយើងជួបបញ្ហាទាំងនេះ យើងប្រហែលជាខ្វល់ខ្វាយខ្លាំងដល់ម្ល៉េះ រហូតដល់យើងគិតតែអំពីរឿងនោះ។
៦ យើងប្រហែលជាស្គាល់មនុស្សដែលមានបញ្ហាបែបនោះ ហើយនោះធ្វើឲ្យជីវិតរបស់ពួកគេផ្លាស់ប្ដូរទាំងស្រុង។ ដូច្នេះ យើងអាចយល់អំពីមូលហេតុដែលពួកគេតានតឹងចិត្តជាខ្លាំង។ ព្រះយេហូវ៉ាមិនបានបង្កើតមនុស្សឲ្យរងទុក្ខវេទនាឬតានតឹងចិត្តជាប់ជានិច្ចនោះទេ។ មនុស្សខ្លះមានអារម្មណ៍ថា ពួកគេមិនអាចរស់ដូចដែលចិត្តពួកគេចង់ឡើយ។ ជាលទ្ធផល បុគ្គលខ្លះព្យាយាមកាត់បន្ថយការតានតឹងចិត្ត ដោយធ្វើការកម្សាន្តឬការសម្រាកលម្ហែកាយយ៉ាងច្រើន។ តើយើងអាចធ្វើអ្វីបើយើងកត់សម្គាល់ថាយើងមានអារម្មណ៍បែបនេះ? សូមឲ្យយើងពិចារណាអំពីអ្វីដែលយើងអាចរៀនពីលោកយេស៊ូដើម្បីជួយយើងមិនឲ្យអ្វីមកបំបែរអារម្មណ៍ពីការគោរពប្រណិប័តន៍ព្រះ។
តើលោកយេស៊ូបានធ្វើអ្វីដើម្បីចាត់ទុកបំណងប្រាថ្នារបស់ព្រះថាសំខាន់បំផុតក្នុងជីវិតរបស់លោក?
៧. តើមានអ្វីខ្លះអាចបំបែរអារម្មណ៍លោកយេស៊ូ?
៧ មានអ្វីៗជាច្រើនដែលអាចបំបែរអារម្មណ៍លោកយេស៊ូ ដូចជារឿងនយោបាយនិងរឿងសង្គម។ នៅសម័យលោក មនុស្សជាច្រើនឈឺនិងក្រីក្រ។ (ម៉ាថ. ១៤:១៤; ម៉ាក. ១៤:៧) ពួកគេរងអំពើអយុត្តិធម៌ពីជនរួមជាតិរបស់ខ្លួន និងពីជនជាតិរ៉ូម។ ពេលបណ្ដាជនឃើញថាលោកយេស៊ូមានឫទ្ធានុភាពនិងសមត្ថភាពធ្វើអព្ភូតហេតុ ពួកគេចង់ចាប់លោកឲ្យធ្វើជាស្ដេច។ (យ៉ូន. ៦:១៤, ១៥) បន្ថែមទៅទៀត សាថានបានល្បួងលោកយេស៊ូឲ្យធ្វើជាអ្នកគ្រប់គ្រងពិភពលោកដោយមិនចាំបាច់រង់ចាំយូរ។ (ម៉ាថ. ៤:៨, ៩) មួយវិញទៀត មានពេលមួយដែលសាវ័កពេត្រុសជាមិត្តជិតស្និទ្ធម្នាក់របស់លោកយេស៊ូ បានលើកទឹកចិត្តលោកឲ្យមានរបៀបរស់នៅដែលស្រួលជាងដោយនិយាយថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង»។—ម៉ាថ. ១៦:២១, ២២
៨. តើអ្វីបានជួយលោកយេស៊ូមិនឲ្យបំបែរអារម្មណ៍ពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
៨ តើអ្វីបានជួយលោកយេស៊ូឲ្យចាត់ទុកបំណងប្រាថ្នារបស់ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់លោក? មានអ្វីបីយ៉ាង។ ទី១ លោកមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ (យ៉ូន. ៨:២៨; ១៤:៩) ទី២ លោកជាប់រវល់ក្នុងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ។ (ម៉ាថ. ៩:៣៥) ទី៣ លោកយល់ច្បាស់អំពីអ្វីដែលពិតជាសំខាន់។ (យ៉ូន. ៤:៣៤) លោកយេស៊ូបានបដិសេធការល្បួងរបស់សាថានយ៉ាងម៉ឺងម៉ាត់ ហើយទោះជាលោកដឹងថាពេត្រុសព្យាយាមជួយលោកក្ដី លោកដឹងថាយោបល់របស់ពេត្រុសមិនសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាទេ។ (ម៉ាថ. ៤:១០; ១៦:២៣) លោកយេស៊ូមិនបានឲ្យទស្សនៈរបស់មនុស្សនិងអ្វីដែលពួកគេនិយាយឬធ្វើមកបំបែរអារម្មណ៍លោកពីការសម្រេចគោលបំណងរបស់ព្រះឡើយ។ ពិតមែនតែអ្វីដែលបំបែរអារម្មណ៍យើងប្រហែលជាខុសពីលោកយេស៊ូ តែបើយើងធ្វើអ្វីបីយ៉ាងដូចលោកយេស៊ូបានធ្វើ នោះយើងអាចបន្តចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង។
របៀបដែលយើងអាចបន្តចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង
៩. តើការ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»មានន័យយ៉ាងណា? (អេភេសូរ ៥:១៧)
៩ សូមរៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ (សូមអាន អេភេសូរ ៥:១៧) យើងអាចរៀនអំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដោយអាននិងរំពឹងគិតអំពីបណ្ដាំរបស់លោក។ សូម្បីតែគម្ពីរមិនបានចែងយ៉ាងចំៗអំពីស្ថានភាពរបស់យើងផ្ទាល់ក៏ដោយ យើងអាចស្វែងយល់អំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ តើតាមរបៀបណា? គឺដោយសម្គាល់របៀបគិតគូររបស់ព្រះយេហូវ៉ា និងអនុញ្ញាតឲ្យនោះណែនាំយើង។
១០. តើយើងអាចរៀនអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាតាមរបៀបណា?
១០ យើងអាចរៀនអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាដោយសិក្សាគម្ពីរ និងដោយពិចារណារបៀបដែលលោកប្រព្រឹត្តចំពោះមនុស្ស។ (យេ. ៤៥:៥) កាលដែលយើងអានកំណត់ហេតុក្នុងគម្ពីរ យើងអាចសួរខ្លួននូវសំណួរដូចជា៖ ‹តើនេះបង្រៀនខ្ញុំអ្វីអំពីព្រះយេហូវ៉ា? តើខ្ញុំអាចប្រើកំណត់ហេតុនេះយ៉ាងដូចម្ដេចដើម្បីកាន់តែមានទស្សនៈដូចព្រះយេហូវ៉ា?›។ ពិតណាស់ គំនិតរបស់ព្រះយេហូវ៉ាគឺខ្ពង់ខ្ពស់ជាងគំនិតរបស់យើងឆ្ងាយណាស់។ (អេ. ៥៥:៩) ដូច្នេះ គឺសមត្រឹមត្រូវដែលយើងសុំលោកឲ្យជួយបង្រៀនយើងអំពីរបៀបធ្វើតាមបំណងប្រាថ្នារបស់លោក។ (ចសព. ១៤៣:១០) ម្យ៉ាងទៀត យើងមានទំនុកចិត្តពេលយើងអធិដ្ឋានសុំជំនួយដើម្បីយល់របៀបគិតគូររបស់លោក ហើយយករបៀបគិតគូរនោះជារបៀបគិតគូររបស់ខ្លួន។—១យ៉ូន. ៥:១៤
១១. តើព្រះយេហូវ៉ាចង់ឲ្យយើងបានអ្វី?
១១ កាលដែលយើងរៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា យើងយល់ថាលោកចង់ឲ្យយើងជៀសវាងពីអ្វីដែលអាចបំបែរអារម្មណ៍យើងដើម្បីយើងអាចត្រៀមខ្លួនជានិច្ចសម្រាប់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៤:៤៤) លោកមិនចង់ឲ្យយើងខ្វល់ខ្វាយខ្លាំងពេកទេ។ (ម៉ាថ. ៦:៣១, ៣២) នេះជាមូលហេតុដែលលោកផ្ដល់យោបល់ល្អដល់យើងដើម្បីយើងដឹងថា ត្រូវធ្វើអ្វីពេលយើងចាប់ផ្ដើមបារម្ភអំពីសុខភាព ការងារ ផ្ទះសម្បែង ឬក្រុមគ្រួសាររបស់យើង។ លោកអញ្ជើញយើងឲ្យពឹងផ្អែកលើលោកដើម្បីទទួលប្រាជ្ញានិងកម្លាំង ដែលជួយយើងឲ្យប្រឈមមុខនឹងបញ្ហារបស់យើង។—ចសព. ៥៥:២២; សុភ. ៣:៥-៧
១២. តើអ្វីអាចជួយយើងមិនឲ្យខ្វល់ខ្វាយច្រើនពេកអំពីព្រឹត្តិការណ៍ពិភពលោក? (ម៉ាថាយ ៥:៣)
១២ ចូរបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងទាំងអស់គ្នាខ្វល់ខ្វាយអំពីព្រឹត្តិការណ៍ពិភពលោកដែលយើងគ្រប់គ្រងមិនបាន។ ដូច្នេះ ដើម្បីកុំឲ្យអ្វីដែលយើងមិនអាចគ្រប់គ្រងបានមកបំបែរអារម្មណ៍យើង យើងផ្ដោតអារម្មណ៍ទៅលើសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ។ យើងអាចអរសប្បាយពេលយើងខំព្យាយាមបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះ ដោយសារព្រះយេហូវ៉ាបង្កើតយើងឲ្យមានសេចក្ដីត្រូវការនេះ។ (សូមអាន ម៉ាថាយ ៥:៣) យើងអាចបំពេញសេចក្ដីត្រូវការនេះ ដោយកាន់តែស្គាល់ព្រះយេហូវ៉ាតាមរយៈការសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក និងដោយខំអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍លោកក្នុងកិច្ចបម្រើពិសិដ្ឋណាក៏ដោយដែលយើងអាចធ្វើបាន។ យ៉ាងនេះ ព្រះយេហូវ៉ាក៏នឹងពេញចិត្តយើង ដោយសារយើងប្រើពេលវេលាដោយឈ្លាសវៃ។—សុភ. ២៣:១៥
១៣. តើយើងអាច«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»យ៉ាងដូចម្ដេច?
១៣ យើងតាំងចិត្ត«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។ (អេភ. ៥:១៥, ១៦) ខទាំងនេះមិនគ្រាន់តែសំដៅទៅលើរបៀបដែលយើងប្រើពេលវេលាដើម្បីបំពេញកិច្ចការប្រចាំថ្ងៃប៉ុណ្ណោះទេ តែដាស់តឿនយើងឲ្យគិតពិចារណាយ៉ាងដិតដល់អំពីរបៀបដែលយើងប្រើពេលវេលារបស់យើង មុនព្រះយេហូវ៉ានាំមកនូវទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ តើយើងអាចប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុតយ៉ាងដូចម្ដេច? បើយើងចំណាយពេលច្រើនដើម្បីតាមដានព័ត៌មានមិនល្អដែលគេផ្សាយ នោះអាចបំបែរអារម្មណ៍យើង ធ្វើឲ្យយើងធ្លាក់ទឹកចិត្ត និងមិនសូវខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ព្រះ។ គឺជាការល្អប្រសើរជាងឲ្យយើងដាក់កម្រិតទៅលើព័ត៌មានដែលយើងមើលឬអាន! យ៉ាងនេះ យើងនឹងមានពេលនិងកម្លាំងច្រើនជាងដើម្បីបម្រើព្រះយេហូវ៉ា។ គឺជាការល្អដែរឲ្យយើងគិតពិចារណាអំពីការបង្កើនកិច្ចបម្រើរបស់យើងពេលណាដែលអាចធ្វើបាន ដូចជាធ្វើការត្រឡប់ទៅជួបច្រើនជាង។ យើងយល់ថាគឺជាការសំខាន់ណាស់ឲ្យយើងប្រើគ្រប់ឱកាសដើម្បីជួយមនុស្សឲ្យ«ទទួលសេចក្ដីសង្គ្រោះ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—១ធី. ២:៤
១៤. តើការជាប់រវល់ក្នុងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះជួយយើងតាមរបៀបណា? (សូមមើលរូបភាពផងដែរ)
១៤ ពេលយើងជាប់រវល់ក្នុងកិច្ចបម្រើព្រះ យើងអាចរក្សាទស្សនៈត្រឹមត្រូវចំពោះគ្រាដែលយើងកំពុងរស់នៅ។ ពេលយើងឃើញចលាចលខាងនយោបាយ បញ្ហាសេដ្ឋកិច្ច និងការរីករាលដាលនៃជំងឺ យើងមិនខ្វល់ខ្វាយហួសហេតុពេកទេ។ យើងយល់ថា អ្វីទាំងអស់នេះគឺជាភ័ស្តុតាងដែលបង្ហាញថា ទំនាយក្នុងគម្ពីរគឺកំពុងសម្រេច។ ជាជាងឲ្យការភ័យខ្លាចមកបំបែរអារម្មណ៍យើង យើងមានទំនុកចិត្តទៅលើគោលបំណងរបស់ព្រះសម្រាប់ថ្ងៃអនាគត។ យើងអាចរក្សាចិត្តស្ងប់កាលដែលយើងទុកចិត្តទៅលើព្រះយេហូវ៉ាឲ្យជួយយើងស៊ូទ្រាំ។—ចសព. ១៦:៨; ១១២:១, ៦-៨
ទោះជាមានរឿងអាក្រក់ជាច្រើនកើតឡើងក្នុងពិភពលោកនេះក៏ដោយ សូមបន្តជាប់រវល់ក្នុងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ (សូមមើលវគ្គ១៤)b
១៥. តើការ«ដឹងខុសត្រូវជានិច្ច»អាចជួយយើងឲ្យធ្វើអ្វី? (ពេត្រុសទី១ ៤:៧)
១៥ ចូរចាំជានិច្ចអំពីអ្វីដែលពិតជាសំខាន់។ មនុស្សជាច្រើននៅក្នុងពិភពលោកនេះផ្ដោតអារម្មណ៍ទៅលើការកម្សាន្ត មិនមែនការមកដល់នៃទីបញ្ចប់របស់របៀបរបបពិភពលោកនេះទេ។ ពិតមែនថាការកម្សាន្តមិនមែនជាអ្វីដែលខុស តែយើងត្រូវ«ដឹងខុសត្រូវជានិច្ច»ដើម្បីជៀសវាងពីការមានទស្សនៈដូចមនុស្សក្នុងពិភពលោកនេះ។ (សូមអាន ពេត្រុសទី១ ៤:៧) នេះនឹងជួយយើងមិនឲ្យប្រើកម្លាំងនិងពេលវេលាច្រើនពេកទៅលើការសប្បាយនៅសព្វថ្ងៃនេះទេ តែជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ការសម្រេចចិត្តបែបនេះនឹងបង្ហាញអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា ហើយនឹងបង្ហាញថាយើងយល់អំពីអ្វីដែលពិតជាសំខាន់។—២ធី. ១:៧
១៦. តើលោកយេស៊ូបានផ្ដោតអារម្មណ៍ទៅលើអ្វីមិនយូរមុនពេលលោកស្លាប់?
១៦ លោកយេស៊ូតែងតែចាំអំពីអ្វីដែលសំខាន់បំផុត។ ក្នុងអំឡុងប៉ុន្មានម៉ោងចុងក្រោយនៃជីវិតរបស់លោកនៅផែនដី លោកផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការរក្សាភក្ដីភាព និងការសម្រេចបំណងប្រាថ្នារបស់ព្រះ។ នេះជាមូលហេតុដែលលោកបានអធិដ្ឋានយ៉ាងអស់ពីចិត្ត។ ខុសពីលោកយេស៊ូដែលដឹងខ្លួនជានិច្ច ពួកអ្នកកាន់តាមរបស់លោកបានដេកលក់។ ពួកគេ«អស់កម្លាំងដោយសារក្ដីទុក្ខព្រួយ»។—លូក. ២២:៣៩-៤៦; យ៉ូន. ១៩:៣០
១៧. ហេតុអ្វីមនុស្សជាច្រើនប្រើបណ្ដាញសង្គម ប៉ុន្តែតើនោះអាចបំបែរអារម្មណ៍យើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៧ ដូចពួកអ្នកកាន់តាមរបស់លោកយេស៊ូ ជួនកាលយើងក៏អាចមានទុក្ខព្រួយដែរ។ ព្រឹត្តិការណ៍ដែលកើតឡើងនៅគ្រាចុងបញ្ចប់នេះអាចធ្វើឲ្យយើងខ្វល់ខ្វាយ។ មនុស្សជាច្រើននៅសព្វថ្ងៃនេះព្យាយាមរកវិធីដើម្បីបំភ្លេចបញ្ហារបស់ពួកគេដោយមើលបណ្ដាញសង្គម។ ពួកគេប្រើបណ្ដាញសង្គមដើម្បីទាក់ទងជាមួយនឹងមិត្តភក្ដិនិងក្រុមគ្រួសារនៅប្រទេសផ្សេងៗ ហើយចែករំលែកព័ត៌មាន រូបថត និងអ្វីផ្សេងទៀត។ ពួកគេក៏ប្រើបណ្ដាញសង្គមដើម្បីជាការកម្សាន្តដែរ។ ប៉ុន្តែ បុគ្គលទាំងនោះអាចជក់មើលបណ្ដាញសង្គម ដោយចំណាយពេលវេលានិងកម្លាំងជាច្រើនក្នុងការតាមដានអ្វីថ្មីៗ។ ដើម្បីជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបណ្ដាញសង្គម យើងអាចសួរខ្លួនថា ‹តើការប្រើបណ្ដាញសង្គមធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ ឬបំបែរអារម្មណ៍ខ្ញុំចេញពីអ្វីដែលពិតជាសំខាន់?›។
ការចេះពិចារណាយ៉ាងដិតដល់ ជួយយើងឲ្យជៀសវាងពីការបំបែរអារម្មណ៍ដោយបណ្ដាញសង្គមនិងការកម្សាន្ត (សូមមើលវគ្គ១៧)
១៨. ហេតុអ្វីយើងត្រូវចេះគិតពិចារណាយ៉ាងដិតដល់ពេលជ្រើសរើសការកម្សាន្ត?
១៨ ការចេះគិតពិចារណាយ៉ាងដិតដល់គឺសំខាន់ចាំបាច់ បើយើងមើលកុន រឿងតភាគ ឬវីដេអូខ្លីៗតាមអ៊ីនធឺណិត ឬក៏លេងហ្គេមវីដេអូ។ អ្វីទាំងនេះអាចធ្វើឲ្យយើងសប្បាយ ហើយអាចជួយយើងឲ្យកាត់បន្ថយការតានតឹងចិត្ត។ ប៉ុន្តែ យើងត្រូវចេះពិចារណាយ៉ាងដិតដល់ ពេលយើងជ្រើសរើសប្រភេទនៃការកម្សាន្តនិងរយៈពេលដែលយើងមើលការកម្សាន្តនោះ។ ជាឧទាហរណ៍ ពេលយើងមើលរឿងឬវីដេអូខ្លីចប់ហើយ នោះវីដេអូថ្មីមួយហើយមួយទៀតនឹងលេចមក ហើយយើងប្រហែលជាចង់មើលវីដេអូនោះដែរ។ ប៉ុន្តែ វីដេអូខ្លះប្រហែលជាមានឈុតឆាកអំពើឃោរឃៅឬអំពើប្រាសចាកសីលធម៌។ រឿងនោះបានកើតឡើងដល់បងប្រុសម្នាក់នៅទ្វីបអាស៊ី។ ដំបូង គាត់ចាប់ផ្ដើមមើលឈុតខ្លីៗនៃភាពយន្តផ្សេងៗតាមកម្មវិធីមើលរឿង។ កាលដែលគាត់បន្តមើលវីដេអូថ្មីៗដែលបានត្រូវណែនាំឲ្យគាត់មើល នោះគាត់ចាប់ផ្ដើមមើលវីដេអូខ្លីៗដែលមានឈុតឆាកប្រាសចាកសីលធម៌។ យូរៗទៅ គាត់ចាប់ផ្ដើមមើលរូបអាសអាភាស។ ប៉ុន្តែ ដោយមានជំនួយពីពួកអ្នកចាស់ទុំនិងការគាំទ្រពីមិត្តជិតស្និទ្ធរបស់គាត់ គាត់បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់ គឺគាត់បានលុបកម្មវិធីមើលរឿង ហើយបានដាក់កម្រិតទៅលើពេលវេលាដែលគាត់ប្រើទូរសព្ទ។ តាមរយៈបទពិសោធន៍នេះយើងរៀនថា យើងត្រូវចេះគិតពិចារណាយ៉ាងដិតដល់ពេលជ្រើសរើសការកម្សាន្ត។
១៩. តើអ្វីអាចកើតឡើងបើយើងផ្ដោតអារម្មណ៍ច្រើនពេកទៅលើការកម្សាន្ត?
១៩ យើងក៏ប្រហែលជាត្រូវចេះគិតពិចារណាយ៉ាងដិតដល់ស្ដីអំពីការសម្រាកលម្ហែកាយនិងការដើរកម្សាន្តដែរ។ ម្ដងម្កាល យើងទាំងអស់គ្នាត្រូវសម្រាកនិងផ្អាកពីកិច្ចការប្រចាំថ្ងៃដើម្បីលម្ហែកាយ។ នេះគឺល្អសម្រាប់យើង ហើយជួយយើងឲ្យរក្សាសុខភាពល្អដែរ។ ប៉ុន្តែ បើយើងផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើអ្វីទាំងនេះ នោះអាចស៊ីពេលពីការធ្វើអ្វីដែលសំខាន់ជាង។ (ភី. ១:១០) យើងទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីអ្វីដែលយើងធ្វើ ហើយរយៈពេលដែលយើងធ្វើអ្វីនោះ។ ពេលធ្វើការសម្រេចចិត្តបែបនោះ សូមសួរខ្លួនថា ‹តើពេលវេលាដែលខ្ញុំចំណាយទៅលើការសម្រាកលម្ហែកាយនិងការកម្សាន្ត បង្ហាញថាខ្ញុំចេះគិតពិចារណាយ៉ាងដិតដល់ឬទេ? តើខ្ញុំធ្វើឲ្យប្រាកដថាខ្ញុំផ្ដោតអារម្មណ៍ទៅលើអ្វីដែលពិតជាសំខាន់ជាងឬទេ? តើខ្ញុំត្រៀមខ្លួនសម្រាប់«ទីបញ្ចប់នៃអ្វីៗទាំងអស់»ឬទេ?›។
២០. តើយើងទទួលប្រយោជន៍យ៉ាងណាពីការមិនឲ្យអ្វីណាមកបំបែរអារម្មណ៍យើង?
២០ យើងទទួលប្រយោជន៍ពេលយើងធ្វើឲ្យប្រាកដថាគ្មានអ្វីរារាំងយើងពីអ្វីដែលសំខាន់បំផុត ពោលគឺការបម្រើព្រះយេហូវ៉ា។ (អេ. ៤៨:១៧) ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងបញ្ហារបស់យើងបានល្អប្រសើរជាង។ យើងនឹងមិនរង្គោះរង្គើដោយសារព្រឹត្តិការណ៍ពិភពលោកនេះទេ។ ម្យ៉ាងទៀត យើងនឹងជៀសវាងពីការចំណាយពេលច្រើនពេកទៅលើការកម្សាន្ត។ ដូច្នេះ សូមឲ្យយើងបន្តតាំងចិត្តមានរបៀបគិតគូរដូចព្រះយេហូវ៉ា បន្តជាប់រវល់ក្នុងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ ហើយយល់ច្បាស់អំពីអ្វីដែលពិតជាសំខាន់។ ដោយធ្វើដូច្នេះ យើងអាចចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើងនៅឥឡូវ ហើយក៏«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»ដែរ។—១ធី. ៦:១៩
ចម្រៀងលេខ១២៩ យើងនឹងស៊ូទ្រាំ
a ការពន្យល់ពាក្យ៖ សកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ សំដៅទៅលើសកម្មភាពណាក៏ដោយដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដូចជាការសិក្សាគម្ពីរ ការចូលរួមកិច្ចប្រជុំ ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងកិច្ចបម្រើផ្សាយ។ នេះក៏រួមបញ្ចូលការថែទាំនិងសាងសង់សាលប្រជុំរបស់យើង គាំទ្រកិច្ចការខាងផ្ដល់ជំនួយ ស្ម័គ្រចិត្តជួយនៅមហាសន្និបាត ឬបម្រើនៅបេតអែល។
b ការពណ៌នាអំពីរូបភាព៖ ប្ដីប្រពន្ធមួយគូបន្តជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ ជាជាងឲ្យព្រឹត្តិការណ៍អាក្រក់ក្នុងពិភពលោកនេះមកបំបែរអារម្មណ៍ពួកគេ។