តើមនុស្សជាតិអាចលុបបំបាត់ភាពក្រីក្របានទេ?
មនុស្សច្រើនលាននាក់ធំឡើងដោយមិនដែលជួបប្រទះភាពក្រីក្រទេ។ ពួកគេមិនដែលទទួលទានដំណេកដោយក្រពះទទេ ឬក៏រងាញ័រញាក់នោះទេ។ យ៉ាងណាក៏ដោយពួកគេមានចិត្តអាណិតអាសូរដល់មនុស្សក្រីក្រ និងខំអស់ពីសមត្ថភាពដើម្បីជួយមនុស្សក្រីក្រ។
ប៉ុន្តែ ទិដ្ឋភាពជាក់ស្តែងបង្ហាញឲ្យឃើញថាប្រជាជនក្រីក្រនៅតែយ៉ាប់យ៉ឺនដដែលដោយសារសង្គ្រាមស៊ីវិល គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតនិងបញ្ហាផ្សេងៗដែលកើតមានជាហូរហែ។ ចំពោះអ្នកធ្វើស្រែចំការនៅប្រទេសផ្សេងៗនាទ្វីបអាហ្វ្រិក កត្ដាទាំងនេះធ្វើឲ្យពួកគេមានទុក្ខវេទនាខ្លាំងណាស់។ អ្នកធ្វើស្រែចំការខ្លះត្រូវតែចាកចេញពីភូមិខ្លួនទៅនៅទីក្រុងផ្សេងៗ ឬទៅរស់នៅជាជនភៀសខ្លួននៅប្រទេសផ្សេង។ អ្នករស់នៅតាមជនបទខ្លះទៀតដូរទៅនៅទីក្រុងផ្សេងៗពីព្រោះត្រូវបានគេល្បួង ដោយជឿទៅលើពាក្យសន្យារបស់គេដែលថានឹងបានជីវិតល្អជាង។
ទីក្រុងផ្សេងៗដែលមានមនុស្សកកកុញក៏ក្លាយទៅជាប្រភពនៃភាពក្រីក្រទៅវិញ។ នៅក្នុងទីក្រុងគឺមានដីតិចតួចឬក៏គ្មានដីសោះដើម្បីដាំដំណាំ ហើយធម្មតាគឺពិបាករកការងារធ្វើ។ មនុស្សជាច្រើនក្លាយទៅជាជនឧក្រិដ្ឋដោយសារគេអស់សង្ឃឹមយ៉ាងខ្លាំង។ ប្រជាពលរដ្ឋក្នុងក្រុងស្រែករកជំនួយ ប៉ុន្តែរដ្ឋាភិបាលមនុស្សមិនអាចដោះស្រាយដោយលុបបំបាត់ភាពក្រីក្របានឡើយ ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងៗ។ ក្នុងកាសែតមួយបានចុះផ្សាយអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០០៣ ដែលថា៖ «មានមនុស្សអត់ឃ្លានកាន់តែច្រើនឡើងក្នុងពិភពលោក»។ ហើយរាយការណ៍បន្តទៀតថា៖ «នៅក្នុងពិភពលោកគឺមានមនុស្សប្រមាណ៨៤២លាននាក់ដែលមិនបានទទួលជីវជាតិគ្រប់គ្រាន់នៅសព្វថ្ងៃនេះ ហើយចំនួននេះកាន់តែច្រើនឡើង ព្រមទាំងមាន៥លាននាក់ទៀតដែលអត់ឃ្លានជារៀងរាល់ឆ្នាំ»។—The Independent of London
ការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាហ្វ្រិកខាងត្បូង ជួនកាលទទួលសំបុត្រពីមនុស្សក្រីក្រ។ ជាឧទាហរណ៍ បុរសម្នាក់ពីក្រុងផ្លូមហ្វុនថែនបានសរសេរថា៖ «ខ្ញុំគ្មានការងារធ្វើទេ។ ខ្ញុំលួចរបស់ផ្សេងៗនៅទីក្រុងពេលដែលមានឱកាស។ ប្រសិនបើខ្ញុំមិនលួចទេ យើងគ្មានអាហារអស់ជាច្រើនថ្ងៃ មិនតែប៉ុណ្ណោះខ្ញុំក៏រងាញ័រញាក់ផងដែរ។ ខ្ញុំរកការងារមិនបានសោះ។ មនុស្សជាច្រើនខំដើររកការងារធ្វើនិងខំរកអាហារ។ ខ្ញុំស្គាល់មនុស្សឯទៀតដែលដើររកអាហារក្នុងធុងសម្រាម។ អ្នកខ្លះធ្វើអត្តឃាត។ មនុស្សជាច្រើនតានតឹងក្នុងចិត្តនិងអស់សង្ឃឹមទាំងស្រុងដូចខ្ញុំជាដើម។ យើងហាក់ដូចជាគ្មានក្ដីសង្ឃឹមចំពោះអនាគតសោះឡើយ។ តើព្រះទ្រង់ដែលបង្កើតយើងឲ្យចេះបរិភោគនិងស្លៀកពាក់មើលមិនឃើញស្ថានភាពនេះឬ?»។
គឺមានចម្លើយដែលជួយសម្រាលទុក្ខចំពោះកង្វល់របស់បុរសនេះ។ ដូចជាអត្ថបទបន្ទាប់នឹងបង្ហាញ នោះចម្លើយទាំងនេះគឺមានក្នុងព្រះបន្ទូលរបស់ព្រះ ពោលគឺព្រះគម្ពីរ។