ភាគទី៧
ពីការមានព្រះជន្មរស់ឡើងវិញនៃព្រះយេស៊ូវ រហូតដល់ពេលលោកប៉ុលជាប់គុក
នៅថ្ងៃទីបីបន្ទាប់ពីមរណភាពរបស់ទ្រង់ ព្រះយេស៊ូវត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ នៅថ្ងៃនោះ ទ្រង់បានលេចមកឲ្យពួកអ្នកកាន់តាមទ្រង់ឃើញប្រាំដងនៅពេលផ្សេងៗគ្នា។ ព្រះយេស៊ូវបានបន្តការសម្ដែងអង្គទ្រង់ឲ្យពួកគេឃើញរហូតដល់៤០ថ្ងៃ។ បន្ទាប់មក កាលដែលពួកសាវករបស់ទ្រង់ខ្លះកំពុងតែមើល ព្រះយេស៊ូវក៏យាងឡើងទៅឯស្ថានសួគ៌វិញ។ ដប់ថ្ងៃក្រោយមក ព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើពួកអ្នកកាន់តាមព្រះយេស៊ូវ ដែលកំពុងតែរង់ចាំនៅក្រុងយេរូសាឡិម។
បន្ទាប់មក ពួកសត្រូវរបស់ព្រះបានចាប់ពួកសាវកដាក់គុក ប៉ុន្តែមានទេវតាម្នាក់បានដោះលែងពួកគេ។ សិស្សម្នាក់ឈ្មោះស្ទេផាន ត្រូវបានពួកប្រឆាំងចោលដុំថ្មសម្លាប់គាត់។ ប៉ុន្តែយើងនឹងរៀននូវរបៀបដែលព្រះយេស៊ូវបានជ្រើសរើសពួកប្រឆាំងម្នាក់ ឲ្យធ្វើជាអ្នកបំរើដ៏ពិសេសរបស់ទ្រង់ ហើយគាត់ក៏បានក្លាយទៅជាសាវកប៉ុល។ ក្រោយពីមរណភាពរបស់ព្រះយេស៊ូវបីឆ្នាំកន្លះមក ព្រះបានបញ្ជូនសាវកពេត្រុសឲ្យទៅផ្សាយដល់លោកកូនេលាស និងក្រុមគ្រួសាររបស់លោកដែលមិនមែនជាសាសន៍យូដា។
ប្រមាណ១៣ឆ្នាំក្រោយមក ប៉ុលបានចាប់ផ្ដើមធ្វើដំណើរផ្សាយជាលើកទីមួយរបស់គាត់។ នៅពេលប៉ុលធ្វើដំណើរជាលើកទីពីរ ធីម៉ូថេបានចូលរួមដំណើរជាមួយគាត់ដែរ។ យើងនឹងរៀននូវរបៀបដែលប៉ុលនិងគូកនដែលរួមដំណើរជាមួយគាត់ មានការសប្បាយយ៉ាងច្រើនក្នុងការបំរើព្រះ។ នៅទីបំផុត ប៉ុលត្រូវបានគេចាប់ដាក់គុកនៅក្រុងរ៉ូម។ ពីរឆ្នាំក្រោយមក គេបានដោះលែងគាត់ ប៉ុន្តែ បន្ទាប់ពីនោះមកគេបានចាប់គាត់ដាក់គុកម្ដងទៀត ហើយក៏បានសម្លាប់គាត់។ ព្រឹត្ដិការណ៍នៅក្នុងភាគទី៧នេះ បានកើតឡើងនៅក្នុងកំឡុងពេលប្រហែល៣២ឆ្នាំ។