បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt យ៉ូហានទី១ ១:១-៥:២១
  • យ៉ូហានទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានទី១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
យ៉ូហានទី១

សំបុត្រ​ទី​១​របស់​យ៉ូហាន

១ យើង​កំពុង​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា អំពី​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង ជា​អ្នក​ដែល​យើង​បាន​ឮ​និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ថែម​ទាំង​បាន​សង្កេត​មើល ហើយ​ក៏​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់​ផង លោក​ជា​អ្នក​នាំ​ពាក្យ​ដែល​ផ្ដល់​ជីវិត+ ២ (​ជីវិត​នោះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពិត​មែន។ យើង​បាន​ឃើញ និង​ជា​សាក្សី​អំពី​រឿង​នេះ+ ហើយ​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ដែល​បាន​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌ និង​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​)។ ៣ យើង​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​ឮ ដើម្បី​ឲ្យ​អ្នក​អាច​រួម​ចំណែក​ជា​មួយ​នឹង​យើង​ដែរ។+ ដោយ​ធ្វើ​ដូច្នេះ យើង​ទាំង​អស់​គ្នា​ក៏​រួម​ចំណែក​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត​និង​បិតា​របស់​លោក។+ ៤ នេះ​ជា​មូលហេតុ​ដែល​យើង​សរសេរ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​អំណរ​របស់​យើង​ទាំង​អស់​គ្នា​បាន​ពេញ​លេញ។

៥ នេះ​ជា​បណ្ដាំ​ដែល​យើង​បាន​ឮ​ពី​លោក​យេស៊ូ ហើយ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​គឺ​ជា​ពន្លឺ+ ហើយ​គ្មាន​ភាព​ងងឹត​នៅ​ក្នុង​ព្រះ​ឡើយ។ ៦ ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​កំពុង​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​»​ ប៉ុន្តែ​យើង​នៅ​តែ​ដើរ​ក្នុង​ភាព​ងងឹត នោះ​មាន​ន័យ​ថា​យើង​ជា​អ្នក​ភូត​ភរ ហើយ​ក៏​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដែរ។+ ៧ ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​ដើរ​ក្នុង​ពន្លឺ ដូច​ព្រះ​នៅ​ក្នុង​ពន្លឺ នោះ​យើង​កំពុង​រួម​ចំណែក​ជា​មួយ​គ្នា​មែន ហើយ​ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ ក៏​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់។+

៨ ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​គ្មាន​ភាព​ខុស​ឆ្គង​ទេ​»​ នោះ​យើង​កំពុង​បញ្ឆោត​ខ្លួន+ ឯ​សេចក្ដី​ពិត​ក៏​មិន​នៅ​ក្នុង​យើង​ដែរ។ ៩ ក៏​ប៉ុន្តែ បើ​យើង​សារភាព​ការ​ខុស​ឆ្គង​របស់​យើង នោះ​ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ ហើយ​នឹង​សម្អាត​យើង​ឲ្យ​អស់​លក្ខណៈ​មិន​សុចរិត ពី​ព្រោះ​លោក​ស្មោះ​ត្រង់​និង​សុចរិត។+ ១០ ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​មិន​ធ្លាប់​ធ្វើ​ខុស​ទេ​»​ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ​ជា​អ្នក​កុហក ហើយ​បណ្ដាំ​របស់​ព្រះ​មិន​នៅ​ក្នុង​យើង​ឡើយ។

២ កូន​ៗ​អើយ! ខ្ញុំ​សរសេរ​រឿង​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ខុស​អ្វី​មួយ​ឡើយ។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ភ្លាត់​ធ្វើ​ខុស​អ្វី​មួយ នោះ​លោក​យេស៊ូ​គ្រិស្ត+ដែល​នៅ​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​និង​ជា​អ្នក​សុចរិត+ នឹង​ជួយ​យើង។ ២ លោក​បាន​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ+ ហើយ​លោះ​យើង​ពី​ការ​ខុស​ឆ្គង+ មិន​គ្រាន់​តែ​ការ​ខុស​ឆ្គង​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។+ ៣ បន្ថែម​ទៅ​ទៀត ប្រសិន​បើ​យើង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក​ជា​និច្ច នោះ​យើង​ដឹង​ថា​យើង​ស្គាល់​លោក​មែន។ ៤ អ្នក​ណា​ដែល​និយាយ​ថា​«​ខ្ញុំ​ស្គាល់​លោក​»​ តែ​អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក អ្នក​នោះ​ជា​អ្នក​ភូត​ភរ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ៥ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ពាក្យ​របស់​លោក អ្នក​នោះ​ពិត​ជា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ចំពោះ​ព្រះ។+ នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​រួប​រួម​ជា​មួយ​នឹង​លោក។+ ៦ អ្នក​ណា​ដែល​និយាយ​ថា​ខ្លួន​រួប​រួម​ជា​មួយ​នឹង​លោក អ្នក​នោះ​ក៏​មាន​កាតព្វកិច្ច​រក្សា​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​ដែរ។+

៧ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ខ្ញុំ​មិន​មែន​សរសេរ​បញ្ញត្ដិ​ថ្មី​មក​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​គឺ​ជា​បញ្ញត្ដិ​ចាស់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ដើម​ដំបូង។+ បញ្ញត្ដិ​ចាស់​នេះ​គឺ​ជា​ពាក្យ​ដែល​អ្នក​ធ្លាប់​ឮ។ ៨ ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ អ្វី​ដែល​ខ្ញុំ​កំពុង​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ ប្រៀប​ដូច​ជា​បញ្ញត្ដិ​ថ្មី គឺ​ជា​បញ្ញត្ដិ​ដែល​លោក​និង​អ្នក​រាល់​គ្នា​បាន​កាន់​តាម ពី​ព្រោះ​ភាព​ងងឹត​កំពុង​បាត់​សូន្យ​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​កំពុង​ភ្លឺ​ឡើង។+

៩ អ្នក​ណា​ដែល​និយាយ​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់+បង​ប្អូន​ខ្លួន អ្នក​នោះ​ជា​អ្នកនៅ​ក្នុង​ភាព​ងងឹត​រហូត​មក​ដល់​ឥឡូវ​នេះ។+ ១០ អ្នក​ណា​ដែល​ស្រឡាញ់​បង​ប្អូន​ខ្លួន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ+ ហើយ​គ្មាន​ហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​នោះ​ជំពប់​ដួល​ឡើយ។ ១១ ប៉ុន្តែ អ្នក​ណា​ដែល​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​នៅ​ក្នុង​ភាព​ងងឹត ហើយ​កំពុង​ដើរ​ក្នុង​ភាព​ងងឹត។+ អ្នក​នោះ​ថែម​ទាំង​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង+ ពី​ព្រោះ​ភាព​ងងឹត​បាន​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ។

១២ កូន​ៗ​អើយ! ខ្ញុំ​កំពុង​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ ដោយ​សារ​នាម​របស់​លោក។*+ ១៣ ឪពុក​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង។ យុវជន​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេកំណាច។*+ កូន​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅកាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។+ ១៤ ឪពុក​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង។ យុវជន​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​រឹង​មាំ+ ថែម​ទាំង​បាន​ឈ្នះ​មេកំណាច+ ហើយ​បណ្ដាំ​របស់​ព្រះក៏​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ។+

១៥ កុំ​ស្រឡាញ់​ពិភព​លោក​នេះ ឬ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ឡើយ។+ ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ពិភព​លោក​នេះ អ្នក​នោះ​មិន​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​ទេ។+ ១៦ ពី​ព្រោះ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង+ ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក+ និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ។ ១៧ ម្យ៉ាង​ទៀត ពិភព​លោក​នេះ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ+ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ។+

១៨ កូន​ៗ​អើយ! នេះ​គឺ​ជា​ពេល​វេលា​ចុង​ក្រោយ។ អ្នក​បាន​ឮ​ថា​សត្រូវ​របស់​គ្រិស្ត​កំពុង​មក+ ហើយ​សូម្បី​តែ​ឥឡូវ​នេះ សត្រូវ​ជា​ច្រើន​របស់​គ្រិស្ត​បាន​លេច​មក។+ ហេតុ​ដូច្នេះ យើង​ដឹង​ថា​នេះ​ជា​ពេល​វេលា​ចុង​ក្រោយ។ ១៩ ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ+ ពី​ព្រោះ​បើ​ជា​គ្នា​យើង​មែន នោះ​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង។ ប៉ុន្តែ ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា មិន​មែន​អស់​អ្នក​ដែល​នៅ​ក្នុង​ចំណោម​យើង សុទ្ធ​តែ​ជា​គ្នា​យើង​ទេ។+ ២០ បន្ថែម​ទៅ​ទៀត ព្រះ​ដ៏​បរិសុទ្ធ​បាន​រើស​តាំង​អ្នក​រាល់​គ្នា+ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​មាន​ចំណេះ។ ២១ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ។+ ប៉ុន្តែ ខ្ញុំ​សរសេរ​ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត ហើយ​ពី​ព្រោះ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​អាច​កើត​ពី​សេចក្ដី​ពិត​បាន​ឡើយ។+

២២ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​គ្រិស្ត?+ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក អ្នក​នោះ​គឺ​ជា​សត្រូវ​របស់​គ្រិស្ត។+ ២៣ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ បិតា​នៅ​ស្ថាន​សួគ៌​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។+ ប៉ុន្តែ អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ+ បិតា​នៅ​ស្ថាន​សួគ៌​ក៏​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។+ ២៤ ចំណែក​អ្នក​រាល់​គ្នា ចូរ​រក្សា​អ្វី​ៗ​ដែល​អ្នក​បាន​ឮ​ពី​ដើម​ដំបូង​ឲ្យ​នៅ​ជាប់​ក្នុង​ចិត្ត​ចុះ!+ ប្រសិន​បើ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​នៅ​ជាប់​ក្នុង​ចិត្ត នោះ​អ្នក​ក៏​នឹង​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​ដែរ។ ២៥ ម្យ៉ាង​ទៀត នេះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ*ថា យើង​នឹង​រស់​ជា​រៀង​រហូត។+

២៦ ខ្ញុំ​សរសេរ​រឿង​ទាំង​នេះ​អំពី​ពួក​អ្នក​ដែល​ខំ​បំភាន់​អ្នក​រាល់​គ្នា។ ២៧ ចំណែក​អ្នក​រាល់​គ្នា​វិញ ព្រះ​បាន​រើស​តាំង​អ្នក​ដោយ​ឫទ្ធានុភាព​របស់​លោក+ ហើយ​ឫទ្ធានុភាព​នោះ​នៅ​ក្នុង​អ្នក។ ដូច្នេះ អ្នក​មិន​ត្រូវ​ការ​អ្នក​ណា​បង្រៀន​អ្នក​ឡើយ។ ប៉ុន្តែ ព្រះ​ប្រើ​ឫទ្ធានុភាព​នោះ​ដើម្បី​បង្រៀន​អ្នក​អំពី​អ្វី​ៗ​ទាំង​អស់+ ហើយ​ការ​រើស​តាំង​ដោយ​ឫទ្ធានុភាព​របស់​លោក​គឺ​ជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ។ ចូរ​រួប​រួម​ជា​មួយ​នឹង​លោក​ជា​រៀង​រហូត​ត​ទៅ ដូច​ឫទ្ធានុភាព​របស់​លោក​បាន​បង្រៀន​អ្នក។+ ២៨ ឥឡូវ កូន​ៗ​អើយ! ចូរ​រួប​រួម​ជា​មួយ​នឹង​លោក​ជា​រៀង​រហូត​ត​ទៅ។ យ៉ាង​នោះ ពេល​ដែល​លោក​លេច​មក យើង​អាច​និយាយ​ដោយ​ក្លាហាន+ ហើយ​យើង​មិន​គេច​ចេញ​ពី​មុខ​លោក​ដោយ​ក្ដី​អៀន​ខ្មាស​ឡើយ។ ២៩ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​ថា​លោក​សុចរិត អ្នក​ក៏​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត នោះ​កើត​មក​ពី​លោក។+

៣ ចូរ​គិត​អំ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​យើង+ ដោយ​ចាត់​ទុក​យើង​ជា​កូន!+ យើង​ជា​កូន​របស់​ព្រះ​មែន។ នេះ​ជា​មូលហេតុ​ដែល​ពិភព​លោក​នេះ​មិន​ស្គាល់​យើង+ ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​ព្រះ។+ ២ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​ជា​កូន​ព្រះ+ តែ​ព្រះ​មិន​ទាន់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ។+ អ្វី​ដែល​យើង​ដឹង​គឺ យើង​នឹង​បាន​ដូច​ព្រះ ពេល​ដែល​ព្រះ​បង្ហាញ​ឲ្យ​យើង​ឃើញ​លោក ពី​ព្រោះ​ព្រះ​គឺ​យ៉ាង​ណា យើង​នឹង​ឃើញ​លោក​យ៉ាង​នោះ។ ៣ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​នេះ​លើ​លោក អ្នក​នោះ​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ+ ដូច​លោក​បរិសុទ្ធ​ដែរ។

៤ អ្នក​ណា​ដែល​ប្រព្រឹត្ត*អំពើ​ខុស​ឆ្គង មាន​ន័យ​ថា​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ច្បាប់។ ដូច្នេះ អំពើ​ខុស​ឆ្គង​គឺ​ជា​អំពើ​ប្រឆាំង​ច្បាប់។ ៥ អ្នក​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា លោក​យេស៊ូ​បាន​មក​ដើម្បី​ដក​យក​ការ​ខុស​ឆ្គង​របស់​យើង+ ហើយ​លោក​គ្មាន​ភាព​ខុស​ឆ្គង​សោះ​ឡើយ។ ៦ អ្នក​ណា​ដែល​រួប​រួម​ជា​មួយ​នឹង​លោក អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។+ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​មិន​ធ្លាប់​ឃើញ​លោក​ឡើយ ហើយ​ក៏​មិន​ស្គាល់​លោក​ដែរ។ ៧ កូន​ៗ​អើយ! កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ក៏​សុចរិត​ដូច​លោក​យេស៊ូ​ដែរ។ ៨ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​មក​ពី​មេកំណាច* ពី​ព្រោះ​មេកំណាច​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាំង​ពី​ដើម​ដំបូង។+ នេះ​ជា​មូលហេតុ​ដែល​បុត្រ​របស់​ព្រះ​បាន​មក ពោល​គឺ​ដើម្បី​បំផ្លាញ​ស្នា​ដៃ​របស់​មេកំណាច។+

៩ អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ+ ពីព្រោះ​ពូជ*របស់​ព្រះ​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​មិន​អាច​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បាន​ឡើយ ពី​ព្រោះ​អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ។+ ១០ យើង​អាច​សម្គាល់​កូនរបស់​ព្រះ និង​កូន​របស់​មេកំណាច​បាន ដោយ​សេចក្ដី​នេះ​ឯង គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត ឬ​មិន​ស្រឡាញ់​បង​ប្អូន​ខ្លួន អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ​ទេ។+ ១១ ព្រោះ​នេះ​ជា​បណ្ដាំ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។+ ១២ យើង​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កាអ៊ីន​ដែល​កើត​មក​ពី​មេកំណាច ហើយ​បាន​សម្លាប់​ប្អូន​ខ្លួន​យ៉ាង​សាហាវ​នោះ​ឡើយ។+ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? ពី​ព្រោះ​អំពើ​ដែល​គាត់​បាន​ធ្វើ​សុទ្ធ​តែ​ទុច្ចរិត+ ប៉ុន្តែ​អំពើ​ដែល​ប្អូន​របស់​គាត់​បាន​ធ្វើ​សុទ្ធ​តែ​សុចរិត។+

១៣ បង​ប្អូន​អើយ! សូម​កុំ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា។+ ១៤ យើង​ដឹង​ថា​យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់ជីវិតហើយ+ ដោយ​សារ​យើង​ស្រឡាញ់​បង​ប្អូន។+ អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។+ ១៥ អ្នក​ណា​ដែល​ស្អប់​បង​ប្អូនខ្លួន អ្នក​នោះជា​ឃាតករ+ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា​គ្មាន​ឃាតករ​ណា​នឹង​បាន​ជីវិត​ជា​រៀង​រហូត​ឡើយ។+ ១៦ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ពី​ព្រោះ​លោក​បាន​លះ​បង់​ជីវិត*ដើម្បី​យើង។+ ម្ល៉ោះ​ហើយ យើង​ក៏​មាន​កាតព្វកិច្ច​លះបង់​ជីវិត​ដើម្បី​បង​ប្អូន​យើង​ដែរ។+ ១៧ ប្រសិន​បើ​អ្នក​ណា​មាន​ធន​ធាន​សម្រាប់​ចិញ្ចឹម​ជីវិត ហើយ​សង្កេត​ឃើញ​បង​ប្អូន​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​បង្ហាញ​ចិត្ត​អាណិត​មេត្តា តើ​អ្នក​នោះ​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដូច​ម្ដេច​បាន?+ ១៨ កូន​ៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ+ តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត+ និង​ដោយ​សេចក្ដី​ពិត​វិញ។+

១៩ គឺ​សេចក្ដី​នោះ​ឯង​ដែល​ឲ្យ​យើង​ដឹង​ថា​យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​ជឿ​ជាក់​ថា​ព្រះ​ស្រឡាញ់​យើង។ ២០ ទោះ​ជា​ក្នុង​រឿង​អ្វី​ក៏​ដោយ​ដែល​ចិត្ត​របស់​យើង​ផ្ដន្ទា​ទោស​យើង សូម​ចាំ​ថា​ព្រះ​ធំ​ជាង​ចិត្ត​របស់​យើង ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់។+ ២១ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! បើ​ចិត្ត​របស់​យើង​មិន​ផ្ដន្ទា​ទោស​យើង​ទេ នោះ​យើង​អាច​និយាយ​ទៅ​ព្រះ​ដោយ​ចិត្ត​ក្លាហាន+ ២២ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​សុំ​ពី​ព្រះ យើង​នឹង​ទទួល+ ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ថែម​ទាំង​កំពុង​ធ្វើ​អ្វី​ៗ​ដែល​លោក​ពេញ​ចិត្ត​ផង។ ២៣ ឯ​បញ្ញត្ដិ​របស់​ព្រះ​គឺ ឲ្យ​យើង​មាន​ជំនឿ​លើ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត ជា​បុត្រ​របស់​លោក+ ព្រម​ទាំង​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក+ ដូច​លោក​បាន​បង្គាប់​យើង។ ២៤ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​លោក អ្នក​នោះ​រួប​រួម​ជា​មួយ​នឹង​លោក ហើយ​លោក​ក៏​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។+ ម្ល៉ោះ​ហើយ យើង​ដឹង​ថា​លោក​រួប​រួម​ជា​មួយ​នឹង​យើង​ជា​រៀង​រហូត ដោយ​សារ​ឫទ្ធានុភាព​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង។+

៤ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! កុំ​ជឿ​គ្រប់​ទាំង​បណ្ដាំ​ដែល​ហាក់​ដូច​ជា​មក​ពី​ព្រះ​ឡើយ។+ ប៉ុន្តែ ចូរ​ពិនិត្យ​ពិចារណា​មើល​ថា បណ្ដាំ​នោះ​មក​ពី​ព្រះ​ឬ​មិន​មែន+ ពី​ព្រោះ​ក្នុង​ពិភព​លោក​នេះ មាន​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​នាក់​បាន​លេច​មក។+

២ អ្នក​អាច​សម្គាល់​បណ្ដាំ​ដែល​មក​ពី​ព្រះ​ដោយ​សេចក្ដី​នេះ​គឺ បណ្ដាំ​ណា​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​គ្រិស្ត​ធ្លាប់​កើត​មក​ជា​មនុស្ស បណ្ដាំ​នោះ​មក​ពី​ព្រះ។+ ៣ ប៉ុន្តែ បណ្ដាំ​ណា​ដែល​មិន​បញ្ជាក់​ដូច្នេះ​អំពី​លោក​យេស៊ូ បណ្ដាំ​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ+ តែ​មក​ពី​សត្រូវ​របស់​គ្រិស្ត​វិញ ក៏​ជា​បណ្ដាំ​ដែល​អ្នក​បាន​ឮ​ថា​កំពុង​មក​ដល់។+ ឥឡូវ​នេះ បណ្ដាំ​នោះ​នៅ​ក្នុង​ពិភព​លោក​ហើយ។+

៤ កូន​ៗ​អើយ! អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ពួក​គេ*+ ពី​ព្រោះ​ព្រះ​ដែល​គាំទ្រ​អ្នក​រាល់​គ្នា+ គឺ​ធំ​ជាង​មេកំណាច​ដែល​គាំទ្រ​ពិភព​លោក​នេះ។+ ៥ ពួក​គេ​មក​ពី​ពិភព​លោក​នេះ។+ ដូច្នេះ អ្វី​ដែល​ពួក​គេ​និយាយ​ក៏​មក​ពី​ពិភព​លោក​នេះ​ដែរ ហើយ​ពិភព​លោក​នេះ​ស្ដាប់​ពួក​គេ។+ ៦ យើង​មក​ពី​ព្រះ។ អ្នក​ណា​ដែល​ស្គាល់​ព្រះ អ្នក​នោះ​ស្ដាប់​យើង។+ អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្ដាប់​យើង​ទេ។+ តាម​របៀប​នេះ​ហើយ យើង​អាច​សម្គាល់​បណ្ដាំ​ពិត​និង​បណ្ដាំ​បោក​បញ្ឆោត។+

៧ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចូរ​យើង​បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច+ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គឺ​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ ថែម​ទាំង​ស្គាល់​ព្រះ​ទៀត​ផង។+ ៨ អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ពី​ព្រោះ​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។+ ៩ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង ពី​ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ*របស់​លោក​ឲ្យ​មក+ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។+ ១០ ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​លោះ​ការ​ខុស​ឆ្គង​របស់​យើង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។+ ព្រះ​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង មិន​មែន​ដោយ​សារ​យើង​ស្រឡាញ់​លោក​ទេ។

១១ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ប្រសិន​បើ​ព្រះ​បាន​ស្រឡាញ់​យើង​យ៉ាង​នេះ យើង​ក៏​មាន​កាតព្វកិច្ច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។+ ១២ គ្មាន​អ្នកណាធ្លាប់​ឃើញ​ព្រះ​ឡើយ។+ ប្រសិន​បើ​យើង​បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច នោះ​ព្រះ​នៅ​ជា​មួយ​នឹង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​លោក​បាន​ទៅ​ជា​ពេញ​លក្ខណៈ​នៅ​ក្នុង​យើង។+ ១៣ យើង​ដឹង​ថា​យើង​កំពុង​រួប​រួម​ជា​មួយ​នឹង​លោក ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​យើង គឺ​ដោយ​ហេតុ​ថា លោក​បាន​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដល់​យើង។ ១៤ បន្ថែម​ទៅ​ទៀត យើង​បាន​ឃើញ​ដោយ​ផ្ទាល់ ហើយ​កំពុង​បញ្ជាក់​ថា បិតា​ដែល​នៅ​ស្ថាន​សួគ៌​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​សង្គ្រោះ​ពិភព​លោក។+ ១៥ អ្នក​ណា​ដែល​ទទួល​ស្គាល់​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​ព្រះ+ អ្នក​នោះ​រួប​រួម​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​ក៏​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។+ ១៦ ម្យ៉ាង​ទៀត យើង​បាន​ស្គាល់ ហើយ​បាន​ជឿ​ថា​ព្រះ​ស្រឡាញ់​យើង។+

ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។+ អ្នក​ណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​នៅ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ។+ ១៧ គឺ​យ៉ាង​នេះ​ហើយ​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លក្ខណៈ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ដោយ​ក្លាហាន*+នៅ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី ពី​ព្រោះ​នៅ​ក្នុង​ពិភព​លោក​នេះ លោក​យេស៊ូ​គ្រិស្ត​គឺ​យ៉ាង​ណា យើង​ក៏​ដូច​លោក​យ៉ាង​នោះ​ដែរ។ ១៨ អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លក្ខណៈ មិន​ភ័យ​ខ្លាច​ឡើយ។+ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លក្ខណៈ​បំបាត់​ការ​ភ័យ​ខ្លាច ពី​ព្រោះ​ការ​ភ័យ​ខ្លាច​តែង​តែ​រា​រាំង​យើង។ អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​មាន​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លក្ខណៈ​ឡើយ។+ ១៩ ប៉ុន្តែ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ព្រះ​បាន​ស្រឡាញ់​យើង​ជា​មុន។+

២០ បើ​អ្នក​ណា​និយាយ​ថា​«​ខ្ញុំ​ស្រឡាញ់​ព្រះ​»​ តែ​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​និយាយ​កុហក+ ព្រោះ​ថា​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន+ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ។+ ២១ នេះ​ជា​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​លោក​គឺ អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ខ្លួន​ដែរ។+

៥ អ្នក​ណា​ដែល​ជឿ​ថា​លោក​យេស៊ូ​ជា​គ្រិស្ត អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ+ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ជា​បិតា​នៅ​ស្ថាន​សួគ៌ អ្នក​នោះ​ក៏​ស្រឡាញ់​កូន​ព្រះ​ដែរ។ ២ យើង​ដឹង​ថា​យើង​ស្រឡាញ់​កូន​ព្រះ ដោយ​សេចក្ដី​នេះ​ឯង+ គឺ​យើង​ស្រឡាញ់​ព្រះ និង​កាន់​តាម​បញ្ញត្ដិ​របស់​លោក។ ៣ ពី​ព្រោះ​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក+ ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។+ ៤ ពី​ព្រោះ​អ្នក​ណា*ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​ឈ្នះ​ពិភព​លោក​នេះ។+ យើង​បាន​ឈ្នះ​ពិភព​លោក​នេះ គឺ​ដោយ​សារ​ជំនឿ​របស់​យើង។+

៥ តើ​អ្នក​ណា​ជា​អ្នក​ដែល​បាន​ឈ្នះ​ពិភព​លោក​នេះ?+ គឺ​អ្នក​ដែល​មាន​ជំនឿ​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ មែន​ទេ?+ ៦ គឺ​លោក​យេស៊ូ​គ្រិស្ត​ហើយ ដែល​បាន​មក​តាម​រយៈ​ទឹក​និង​ឈាម។ មិន​គ្រាន់​តែ​ទឹក​ប៉ុណ្ណោះ​ទេ+ តែ​ដោយ​ទឹក​និង​ឈាម។+ ម្យ៉ាង​ទៀត ឫទ្ធានុភាព​របស់​ព្រះ​កំពុង​តែ​ធ្វើ​ជា​សាក្សី​អំពី​រឿង​នោះ+ ពី​ព្រោះ​ឫទ្ធានុភាព​របស់​ព្រះ​ជា​សេចក្ដី​ពិត។ ៧ មាន​អ្វី​បី​យ៉ាង​ដែល​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​គឺ​៖ ៨ ឫទ្ធានុភាព​របស់​ព្រះ+ ទឹក+ និង​ឈាម+ ហើយ​សេចក្ដី​បញ្ជាក់​នៃ​សាក្សី​ទាំង​បី​នេះ​គឺ​ស្រប​គ្នា។

៩ ប្រសិន​បើ​យើង​ព្រម​ទទួល​ស្គាល់​សេចក្ដី​បញ្ជាក់​របស់​សាក្សី​ជា​មនុស្ស នោះ​យើង​ប្រាកដ​ជា​ព្រម​ទទួល​ស្គាល់​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ជាង​នោះ​ទៅ​ទៀត ពី​ព្រោះ​ព្រះ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​បុត្រ​របស់​លោក។ ១០ អ្នក​ណា​ដែល​មាន​ជំនឿ​លើ​បុត្រ​របស់​ព្រះ អ្នក​នោះ​បាន​ទទួល​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ដោយ​ផ្ទាល់។ អ្នក​ណា​ដែល​គ្មាន​ជំនឿ​លើ​ព្រះ អ្នក​នោះ​ហាក់​ដូច​ជា​ចោទ​ព្រះ​ថា​ជា​អ្នក​កុហក+ ពី​ព្រោះ​អ្នក​នោះ​មិន​ជឿ​សេចក្ដី​បញ្ជាក់​របស់​ព្រះ​អំពី​បុត្រ​លោក​ទេ។ ១១ អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​គឺ​ថា ព្រះ​បាន​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​យើង+ ហើយ​យើង​បាន​ជីវិត​នោះ​ដោយ​សារ​បុត្រ​របស់​លោក។+ ១២ អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តែ​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មិន​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទេ។+

១៣ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​លើ​នាម​បុត្រ​របស់​ព្រះ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្លួន​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ១៤ ហេតុ​នេះ យើង​មាន​ទំនុក​ចិត្ត​ថា+ អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង។+ ១៥ ម្ល៉ោះ​ហើយ បើ​យើង​ដឹង​ថា ព្រះ​នឹង​ស្ដាប់​យើង​ទោះ​ជា​យើង​សុំ​អ្វី​ក៏​ដោយ នោះ​យើង​ដឹង​ថា​យើង​នឹង​ទទួល ពី​ព្រោះ​យើង​បាន​សុំ​ពី​លោក។+

១៦ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រទះ​ឃើញ​បង​ប្អូន​ខ្លួន​ធ្វើ​ខុស​អ្វី​មួយ ដែល​មិន​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​ទេ អ្នក​នោះ​ត្រូវ​អធិដ្ឋាន​ឲ្យ​គាត់ ហើយ​ព្រះ​នឹង​ឲ្យ​ជីវិត​ដល់​គាត់។+ នេះ​សម្រាប់​បង​ប្អូន​ដែល​បាន​ធ្វើ​ខុស​អ្វី​មួយ​ដែល​មិន​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​ទេ។ ប៉ុន្តែ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​មែន+ តែ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​បែប​នោះ​ឡើយ។ ១៧ ការ​មិន​សុចរិត​ទាំង​អស់ ជា​ការ​ខុស​ឆ្គង។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។

១៨ យើង​ដឹង​ថា​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​មិន​ប្រព្រឹត្ត*អំពើ​ខុស​ឆ្គង​ឡើយ ហើយ​លោក*ដែល​បាន​កើត​មក​ពី​ព្រះ មើល​ថែ​រក្សា​អ្នក​នោះ។ ម្យ៉ាង​ទៀត មេកំណាច​មិន​អាច​ប៉ះ​ពាល់​អ្នក​នោះ​បាន​ឡើយ។+ ១៩ យើង​ដឹង​ថា​យើង​មក​ពី​ព្រះ តែ​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច។+ ២០ ប៉ុន្តែ យើង​ដឹង​ថា​បុត្រ​របស់​ព្រះ​បាន​មក+ ហើយ​បាន​ផ្ដល់​ឲ្យ​យើង​មាន​ការ​យល់​ធ្លុះ​ជ្រៅ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ចំណេះ​អំពី​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត យើង​កំពុង​រួប​រួម​ជា​មួយ​នឹង​ព្រះ​ពិត+ តាម​រយៈ​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក។ លោក​ជា​ព្រះ​ពិត និង​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ២១ កូន​ៗ​អើយ! ចូរ​ជៀស​ចេញ​ពី​រូប​ព្រះ។+

នេះ​សំដៅ​លើ​លោក​យេស៊ូ

ន័យ​ត្រង់​«​បុគ្គល​ទុច្ចរិត​»​

ន័យ​ត្រង់​«​លោក​»​

សំដៅ​លើ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

សំដៅ​លើ​ពូជ​ដែល​អាច​បង្កើត​ផល​បាន

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

សំដៅ​លើ​អ្នក​ប្រកាស​ទំនាយ​មិន​ពិត

ន័យ​ត្រង់​«​បុត្រ​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់​»​

ឬ​«​ដោយ​មាន​ទំនុក​ចិត្ត​»​

ន័យ​ត្រង់​«​អ្វី​ៗ​»​

នេះ​សំដៅ​លើ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់

នេះ​សំដៅ​លើ​លោក​យេស៊ូ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក