សំបុត្រទី២របស់ពេត្រុស
១ ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាខ្ញុំបម្រើនិងជាសាវ័ក*របស់លោកយេស៊ូគ្រិស្ត ជូនចំពោះពួកអ្នកដែលបានទទួលជំនឿដែលមានតម្លៃដូចជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតនៃព្រះរបស់យើង និងលោកយេស៊ូគ្រិស្តដែលជាអ្នកសង្គ្រោះ៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តនិងគុណដ៏វិសេសលើសលប់កាន់តែច្រើនឡើង តាមរយៈចំណេះត្រឹមត្រូវ+អំពីព្រះ និងអំពីលោកយេស៊ូដែលជាម្ចាស់របស់យើង ៣ ពីព្រោះព្រះបានផ្ដល់*ឫទ្ធានុភាពរបស់លោកដែលនាំឲ្យយើងមានអ្វីៗទាំងអស់ ដែលជួយយើងឲ្យរស់នៅដោយមានភក្ដីភាពចំពោះព្រះ តាមរយៈចំណេះត្រឹមត្រូវអំពីលោកដែលបានហៅយើង+ដោយសិរីរុងរឿងនិងគុណធម៌របស់លោក។ ៤ តាមរយៈការទាំងនេះ លោកបានឲ្យសេចក្ដីសន្យាថ្លៃវិសេសនិងអស្ចារ្យក្រៃលែងដល់យើង។ ដូច្នេះ តាមរយៈសេចក្ដីសន្យាទាំងនេះ+ អ្នករាល់គ្នាអាចរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះ+ ហើយបានរួចផុតពីសេចក្ដីខូចអាក្រក់របស់ពិភពលោកដែលផ្ដើមចេញពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។
៥ ហេតុនេះ ចូរអ្នករាល់គ្នាខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត+ដើម្បីមានជំនឿ ពេលមានជំនឿក៏បន្ថែមគុណធម៌+ ពេលមានគុណធម៌ក៏បន្ថែមចំណេះ+ ៦ ពេលមានចំណេះក៏បន្ថែមការទប់ចិត្ត+ ពេលមានការទប់ចិត្តក៏បន្ថែមការស៊ូទ្រាំ ពេលមានការស៊ូទ្រាំក៏បន្ថែមភក្ដីភាពចំពោះព្រះ+ ៧ ពេលមានភក្ដីភាពចំពោះព្រះក៏បន្ថែមការរាប់អានគ្នាជាបងប្អូន ពេលមានការរាប់អានគ្នាជាបងប្អូនក៏បន្ថែមសេចក្ដីស្រឡាញ់។+ ៨ ព្រោះប្រសិនបើអ្នករាល់គ្នាមានលក្ខណៈទាំងនេះជាបរិបូរ លក្ខណៈទាំងនេះនឹងការពារមិនឲ្យអ្នករាល់គ្នាទៅជាអសកម្ម ឬឥតបង្កើតផល+ក្នុងរបៀបដែលអ្នករាល់គ្នាប្រើចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើងឡើយ។
៩ ព្រោះប្រសិនបើអ្នកណាគ្មានលក្ខណៈទាំងនេះ អ្នកនោះងងឹតភ្នែក ហើយកំពុងបិទភ្នែកមិនឲ្យឃើញពន្លឺ*+ ក៏បានភ្លេចការខុសឆ្គងរបស់ខ្លួនពីអតីតកាលដែលបានត្រូវសម្អាតហើយ។+ ១០ ដូច្នេះ បងប្អូនអើយ ចូរព្យាយាមឲ្យកាន់តែខ្លាំងឡើង ដើម្បីកាន់យ៉ាងជាប់នូវឯកសិទ្ធិដែលព្រះបានហៅ+និងបានជ្រើសរើសអ្នករាល់គ្នា ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ។+ ១១ តាមពិត ដោយធ្វើដូច្នេះ អ្នករាល់គ្នានឹងទទួលពរដ៏វិសេស គឺអ្នករាល់គ្នានឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រដែលស្ថិតស្ថេរជាដរាប+របស់លោកយេស៊ូគ្រិស្ត ដែលជាអ្នកសង្គ្រោះនិងជាម្ចាស់របស់យើង។+
១២ ហេតុនេះហើយបានជាខ្ញុំប្រុងប្រៀបរំលឹកអ្នករាល់គ្នាអំពីការទាំងនេះជានិច្ច ទោះជាអ្នករាល់គ្នាដឹងការទាំងនេះក៏ដោយ ក៏អ្នករាល់គ្នាបានតាំងខ្លួនមាំមួនក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាស្គាល់ដែរ។ ១៣ ប៉ុន្តែ ដរាបណាដែលខ្ញុំនៅក្នុងត្រសាល*នេះ+ ខ្ញុំគិតថាជាការត្រឹមត្រូវដែលខ្ញុំដាស់តឿនអ្នករាល់គ្នាដោយការរំលឹក+ ១៤ ព្រោះខ្ញុំដឹងថា មិនយូរទៀតខ្ញុំត្រូវលះចោលត្រសាលនេះ ដូចលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងធ្លាប់មានប្រសាសន៍ប្រាប់ខ្ញុំ។+ ១៥ ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពជានិច្ច។ យ៉ាងនោះ ក្រោយពីខ្ញុំចាកចេញទៅ អ្នករាល់គ្នាអាចរំលឹកខ្លួនអំពីការទាំងនេះ។
១៦ យើងមិនបានប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីឫទ្ធានុភាពនិងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយផ្អែកលើរឿងមិនពិតដែលមនុស្សបានប្រឌិតឡើងយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្តែយើងប្រាប់ដោយសារយើងបានឃើញភាពរុងរឿងរបស់លោកផ្ទាល់ភ្នែក។+ ១៧ ព្រោះលោកបានទទួលកិត្តិយសនិងសិរីរុងរឿងពីព្រះដែលជាបិតា ពេលដែលមានសំឡេងបន្លឺពីរស្មីរុងរឿងដ៏អស្ចារ្យមកកាន់លោកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។+ ១៨ យើងបានឮពាក្យសម្ដីនេះបន្លឺពីលើមេឃមក កាលដែលយើងនៅភ្នំបរិសុទ្ធជាមួយនឹងលោក។
១៩ ហេតុនេះ យើងមានទំនុកចិត្តកាន់តែខ្លាំងទៅលើទំនាយ ហើយគឺជាការល្អប្រពៃដែលអ្នករាល់គ្នាកំពុងផ្ដោតអារម្មណ៍ទៅលើទំនាយនោះ ដែលដូចជាចង្កៀងមួយ+ដែលភ្លឺនៅកន្លែងងងឹតក្នុងចិត្តអ្នករាល់គ្នា (រហូតដល់ព្រឹកព្រលឹម ហើយផ្កាយព្រឹក+រះឡើង)។ ២០ ពីព្រោះអ្នករាល់គ្នាដឹងច្បាស់ហើយថា គ្មានទំនាយ*ណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ២១ ព្រោះទំនាយមិនដែលកើតចេញពីមនុស្សទេ*+ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកគេ។+
២ ប៉ុន្តែ ពួកអ្នកប្រកាសទំនាយមិនពិតក៏បានលេចមកក្នុងចំណោមបណ្ដាជន ដូចគ្រូក្លែងក្លាយនឹងលេចមកក្នុងចំណោមអ្នករាល់គ្នាដែរ។+ អ្នកទាំងនោះនឹងលួចបង្កើតនិកាយដែលនាំឲ្យអន្តរាយ ហើយពួកគេនឹងបោះបង់ចោលសូម្បីតែម្ចាស់ដែលបានទិញពួកគេមក។+ យ៉ាងនេះ ពួកគេនឹងនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាសយ៉ាងឆាប់រហ័ស។ ២ ម្យ៉ាងទៀត មនុស្សជាច្រើននឹងប្រព្រឹត្តដោយឥតកោតក្រែង*+តាមពួកគេដែរ ហើយដោយសារពួកអ្នកទាំងនេះ មាគ៌ានៃសេចក្ដីពិតនឹងត្រូវគេនិយាយប្រមាថ។+ ៣ បន្ថែមទៀត ពួកគេនឹងប្រើពាក្យបោកបញ្ឆោត ដើម្បីជញ្ជក់យកផលប្រយោជន៍ពីអ្នករាល់គ្នាដោយមានចិត្តលោភ។ ប៉ុន្តែ ការវិនិច្ឆ័យទោសដែលបានត្រូវកំណត់តាំងពីយូរមកហើយសម្រាប់ពួកគេ+ នឹងមកដោយឥតបង្អែបង្អង់ឡើយ ហើយសេចក្ដីហិនវិនាសរបស់ពួកគេនឹងមកជាក់ជាពុំខាន។+
៤ ព្រះប្រាកដជាមិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពួកទេវតាដែលបានធ្វើអំពើខុសឆ្គងទេ។+ ផ្ទុយទៅវិញ លោកបានបោះពួកគេទៅក្នុងឋាឋារ៉ុស*+ ទាំងដាក់ច្រវាក់*ពួកគេក្នុងភាពងងឹតសូន្យសុង ដើម្បីឲ្យពួកគេទទួលការវិនិច្ឆ័យទោស។+ ៥ លោកក៏មិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពិភពលោកនៅសម័យបុរាណដែរ។+ លោកបានធ្វើឲ្យទឹកជន់លិចពិភពលោកនៃមនុស្សដែលមិនកោតខ្លាចព្រះ+ តែលោកបានការពារណូអេ ដែលជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត+ និងមនុស្ស៧នាក់ទៀត។+ ៦ ម្យ៉ាងទៀត លោកដាក់ទោសក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដោយបំផ្លាញក្រុងទាំងនោះឲ្យទៅជាផេះ+ ទុកជាការព្រមាន*អំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃមុខចំពោះមនុស្សដែលមិនកោតខ្លាចព្រះ។+ ៧ លោកបានសង្គ្រោះឡុតជាមនុស្សសុចរិត+ ដែលបានកើតទុក្ខយ៉ាងខ្លាំងដោយសារពួកអ្នកបំពានលើច្បាប់ ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង។* ៨ ព្រោះជារៀងរាល់ថ្ងៃបុរសសុចរិតនោះឈឺចាប់យ៉ាងខ្លាំង ដោយសារការប្រព្រឹត្តរបស់ពួកអ្នកបំពានលើច្បាប់ ដែលគាត់បានឃើញនិងបានឮ កាលដែលរស់នៅក្នុងចំណោមពួកគេ។ ៩ អាស្រ័យហេតុនោះ ព្រះយេហូវ៉ា*ស្គាល់វិធីសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក+ តែទុកមនុស្សមិនសុចរិតដោយឡែកដើម្បីឲ្យទទួលការបំផ្លាញនៅថ្ងៃវិនិច្ឆ័យទោស+ ១០ ជាពិសេស អស់អ្នកដែលស្វែងរកឱកាសដើម្បីធ្វើឲ្យអ្នកឯទៀតស្មោកគ្រោក+ និងអស់អ្នកដែលមើលងាយពួកអ្នកមានអំណាច។+
អ្នកទាំងនោះជាមនុស្សដែលហ៊ាន និងប្រកាន់តែគំនិតខ្លួន ហើយពួកគេមិនខ្លាចនិយាយប្រមាថពួកអ្នកដែលព្រះបានផ្ដល់កិត្តិយសឲ្យទេ។ ១១ រីឯពួកទេវតា ទោះជាមានសមត្ថភាពនិងកម្លាំងខ្លាំងជាងពួកអ្នកទាំងនោះក៏ដោយ ក៏ពួកទេវតាមិនចោទប្រកាន់ពួកអ្នកទាំងនោះដោយប្រើពាក្យប្រមាថឡើយ ដោយសារពួកទេវតាគោរពព្រះយេហូវ៉ា។*+ ១២ ប៉ុន្តែ មនុស្សទាំងនោះនិយាយប្រមាថអ្វីដែលពួកគេមិនស្គាល់ច្បាស់។ ពួកគេនឹងទទួលសេចក្ដីហិនវិនាសក្នុងផ្លូវទុច្ចរិតរបស់ខ្លួន ដូចសត្វឥតវិចារណញ្ញាណដែលកើតមកដើម្បីឲ្យគេចាប់+ រួចបំផ្លាញចោល។ ១៣ ពួកគេនឹងទទួលទោស ដោយសារការប្រព្រឹត្តអាក្រក់របស់ពួកគេ។
ពួកគេភ្លើតភ្លើននឹងការរស់នៅយ៉ាងសម្បូរសប្បាយ+ សូម្បីតែនៅពេលថ្ងៃ។ ពួកគេប្រៀបដូចជាស្នាមប្រឡាក់ ហើយពួកគេត្រេកត្រអាលនឹងសេចក្ដីបង្រៀនបោកបញ្ឆោតរបស់ខ្លួន កាលដែលពួកគេជប់លៀងជាមួយនឹងអ្នករាល់គ្នា។+ ១៤ ពួកគេមានភ្នែកពោរពេញទៅដោយការផិតក្បត់+ ហើយមិនអាចឈប់ប្រព្រឹត្តអំពើខុសឆ្គងឡើយ។ ពួកគេទាក់ទាញចិត្តពួកអ្នកដែលមិនមាំមួន។ ចិត្តរបស់ពួកគេបានត្រូវបង្ហាត់ខាងសេចក្ដីលោភ។ ពួកគេជាកូនដែលត្រូវបណ្ដាសា។ ១៥ ពួកគេបានបោះបង់ចោលផ្លូវត្រង់ ពួកគេបានត្រូវបំភាន់។ ពួកគេដើរតាមគន្លងរបស់បាឡាម+ ជាកូនបេអ័រ និងជាអ្នកដែលបានស្រឡាញ់រង្វាន់ដែលមកពីអំពើខុសឆ្គង+ ១៦ ប៉ុន្តែ គាត់បានត្រូវប្រដៅតម្រង់ដោយសារគាត់ប្រព្រឹត្តអំពើរំលង។*+ សត្វអូសទាញដែលមិនចេះនិយាយ បាននិយាយដោយសំឡេងមនុស្សដើម្បីឃាត់អ្នកប្រកាសទំនាយមិនឲ្យធ្វើអំពើឆ្កួត។+
១៧ អ្នកទាំងនោះគឺដូចជាប្រភពទឹកស្ងួត និងដូចជាអ័ព្ទដែលត្រូវបក់បោកដោយព្យុះសង្ឃរា ហើយភាពងងឹតសូន្យសុងបានត្រូវបម្រុងទុកសម្រាប់ពួកគេ។+ ១៨ ពួកគេនិយាយអ្វីដែលស្ដាប់ទៅដូចជាសំខាន់ ប៉ុន្តែសុទ្ធតែឥតប្រយោជន៍។ ពួកគេប្រើសេចក្ដីប៉ងប្រាថ្នាខុសឆ្គង+និងការប្រព្រឹត្តដោយឥតកោតក្រែង*ដើម្បីទាក់ទាញពួកអ្នកដែលទើបតែគេចរួចពីមនុស្សដែលមានរបៀបរស់នៅខុសឆ្គង។+ ១៩ ពួកគេសន្យាថានឹងធ្វើឲ្យអ្នកទាំងនោះមានសេរីភាព តែពួកគេផ្ទាល់ជាខ្ញុំបម្រើនៃសេចក្ដីខូចអាក្រក់។+ ព្រោះបើបុគ្គលណានៅក្រោមអំណាចរបស់អ្នកណា បុគ្គលនោះទៅជាខ្ញុំបម្រើរបស់អ្នកនោះ។*+ ២០ ប្រសិនបើក្រោយពីពួកគេបានរួចពីភក់ជ្រាំនៃអំពើខុសឆ្គងក្នុងពិភពលោកនេះ+ តាមរយៈចំណេះត្រឹមត្រូវអំពីលោកម្ចាស់យេស៊ូគ្រិស្តដែលជាអ្នកសង្គ្រោះ តែបែរជាជាប់ជំពាក់នឹងការទាំងនេះម្ដងទៀត ហើយការទាំងនេះចាប់ផ្ដើមមានអំណាចលើពួកគេ នោះស្ថានភាពចុងក្រោយរបស់ពួកគេគឺអាក្រក់ជាងស្ថានភាពដំបូងទៅទៀត។+ ២១ ប្រសិនបើពួកគេមិនបានស្គាល់ច្បាស់នូវផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងបានស្គាល់ច្បាស់ ហើយក្រោយមកបែរចេញពីបញ្ញត្ដិបរិសុទ្ធដែលពួកគេបានទទួលវិញ។+ ២២ អ្វីដែលពួកគេបានធ្វើ សឲ្យឃើញថាសុភាសិតនេះគឺត្រឹមត្រូវមែន ដែលថា៖ «ឆ្កែបានត្រឡប់ទៅឯកម្អួតរបស់វា ហើយជ្រូកដែលគេបានលាងសម្អាតបានត្រឡប់ទៅននៀលក្នុងភក់វិញ»។+
៣ បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទី២ដែលខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា។ ដូចក្នុងសំបុត្រទី១របស់ខ្ញុំដែរ ខ្ញុំកំពុងរំលឹកអ្នករាល់គ្នាដោយដាស់សមត្ថភាពរិះគិតរបស់អ្នករាល់គ្នា+ ២ ដើម្បីឲ្យអ្នករាល់គ្នានឹកឃើញអ្វីដែលពួកអ្នកប្រកាសទំនាយបរិសុទ្ធបានប្រាប់ទុកជាមុន ហើយនឹកឃើញបញ្ញត្ដិដែលលោកជាម្ចាស់និងជាអ្នកសង្គ្រោះបានឲ្យតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។ ៣ មុនបង្អស់ អ្នករាល់គ្នាត្រូវដឹងថា នៅគ្រាចុងក្រោយបង្អស់នឹងមានមនុស្សដែលចូលចិត្តនិយាយចំអកអ្វីដែលល្អ ហើយបណ្ដែតបណ្ដោយទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។+ ៤ ពួកគេនិយាយថា៖ «លោកសន្យាថានឹងមក* តែតើលោកនៅឯណា?+ ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងបានស្លាប់* អ្វីៗទាំងអស់នៅដដែល តាំងពីពេលដែលព្រះបានបង្កើតមនុស្សជាតិ»។+
៥ ព្រោះពួកគេចង់បំភ្លេចការពិតដូចតទៅនេះថា ដោយសារប្រសាសន៍របស់ព្រះ នោះកើតមានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ហើយក៏នៅកណ្ដាលទឹក។+ ៦ រួចអ្វីៗទាំងនេះបានបំផ្លាញមនុស្សនៅសម័យនោះ។ នេះបានកើតឡើងពេលដែលទឹកបានជន់លិចផែនដីទាំងមូល។+ ៧ ក៏ប៉ុន្តែ ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ និងបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សដែលមិនកោតខ្លាចព្រះ ហើយបំផ្លាញពួកគេចោល។+
៨ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ កុំភ្លេចការពិតដូចតទៅនេះថា ចំពោះព្រះយេហូវ៉ា* មួយថ្ងៃគឺស្មើ១.០០០ឆ្នាំ ហើយ១.០០០ឆ្នាំគឺស្មើមួយថ្ងៃ។+ ៩ ព្រះយេហូវ៉ា*មិនយឺតក្នុងការធ្វើតាមសេចក្ដីសន្យារបស់លោក+ ដូចមនុស្សខ្លះគិតថាយឺតនោះទេ។ ប៉ុន្តែ លោកអត់ធ្មត់នឹងអ្នករាល់គ្នា ពីព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត។+ ១០ ទោះជាយ៉ាងនោះក៏ដោយ ថ្ងៃរបស់ព្រះយេហូវ៉ា*+នឹងមកដូចជាចោរ+ ហើយនៅពេលនោះមេឃនឹងបាត់ទៅ+យ៉ាងលឿនដោយសំឡេងលាន់ឮរំពង។ ប៉ុន្តែ ធាតុនានានឹងក្ដៅក្រៃលែង ហើយនឹងរលាយសាបសូន្យទៅ ឯផែនដីនិងអ្វីៗនៅផែនដីនឹងត្រូវភ្លើងឆេះ។+
១១ ដោយសារការទាំងអស់នោះនឹងត្រូវរលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ ១២ ក្នុងកាលដែលអ្នករាល់គ្នាទន្ទឹង ហើយចាំជាប់ជានិច្ច*នូវការមកដល់នៃថ្ងៃ*របស់ព្រះយេហូវ៉ា។*+ តាមរយៈថ្ងៃនោះ មេឃនឹងត្រូវភ្លើងឆេះរលាយសាបសូន្យ+ ឯធាតុនានានឹងក្ដៅក្រៃលែង ហើយរលាយបាត់ទៅ! ១៣ ប៉ុន្តែ យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក+ ហើយនៅទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប។+
១៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ អ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ដូច្នេះចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ និងមានសន្តិភាព។+ ១៥ បន្ថែមទៀត ចូរចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ ដូចប៉ូលដែលជាបងប្រុសជាទីស្រឡាញ់របស់យើងបានសរសេរទៅកាន់អ្នករាល់គ្នា ស្របតាមប្រាជ្ញាដែលគាត់បានទទួលពីព្រះ។+ ១៦ គាត់និយាយអំពីការទាំងនេះក្នុងសំបុត្រទាំងអស់របស់គាត់។ ក៏ប៉ុន្តែ ក្នុងសំបុត្រទាំងនោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកដែលមិនបានទទួលការបង្រៀន* និងពួកអ្នកដែលមិនមាំមួន បង្ខុសអត្ថន័យនៃសេចក្ដីនោះ ដូចពួកគេបង្ខុសអត្ថន័យនៃបទគម្ពីរទាំងប៉ុន្មានទៀតដែរ ហើយនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាស។
១៧ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកទាំងនោះដែលបំពានលើច្បាប់ នាំអ្នករាល់គ្នាវង្វេងចេញដោយសេចក្ដីបង្រៀនមិនពិតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន។+ ១៨ ផ្ទុយទៅវិញ ចូរបន្តទទួលគុណដ៏វិសេសលើសលប់និងចំណេះកាន់តែច្រើនអំពីលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់និងជាអ្នកសង្គ្រោះរបស់យើង។ សូមឲ្យលោកប្រកបដោយសិរីរុងរឿងឥឡូវនេះ និងជារៀងរហូតតទៅ។ អាមេន។
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ឬ«ព្រះបានផ្ដល់ដោយចិត្តទូលាយនូវ»
ឬប្រហែលជាមានន័យថា«កំពុងមើលឃើញតែអ្វីនៅជិតប៉ុណ្ណោះ»
សំដៅលើរូបកាយនៅផែនដី
មើលនិយមន័យពាក្យ«ទំនាយ»
ឬ«ពីបំណងប្រាថ្នារបស់មនុស្សទេ»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
មើលនិយមន័យពាក្យ«ឋាឋារ៉ុស»
ឬប្រហែលជាមានន័យថា«រណ្ដៅ»
ន័យត្រង់«ទុកជាគំរូ»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«គាត់បំពានលើច្បាប់»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
ឬ«បើបុគ្គលណានៅក្រោមអំណាចអ្វីមួយ បុគ្គលនោះទៅជាខ្ញុំបម្រើរបស់អ្វីនោះ»
ន័យត្រង់«មានវត្តមាន»
ន័យត្រង់«ដេកលក់ក្នុងសេចក្ដីស្លាប់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ហើយចង់ឃើញយ៉ាងខ្លាំង»
ន័យត្រង់«វត្តមាននៃថ្ងៃ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ពួកអ្នកដែលខ្វះចំណេះដឹង»