បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt កូឡុស ១:១-៤:១៨
  • កូឡុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូឡុស
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូឡុស

ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស

១ ពី​ខ្ញុំ ប៉ូល ដែល​ជា​សាវ័ក*របស់​គ្រិស្ត*យេស៊ូ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ពី​ធីម៉ូថេ+ជា​ប្អូន​ប្រុស​របស់​យើង ២ ជូន​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​និង​បង​ប្អូន​ស្មោះ​ត្រង់​ទាំង​ឡាយ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ក្រុង​កូឡុស​៖

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង។

៣ ពេល​ដែល​យើង​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​តែង​តែ​អរគុណ​ព្រះ​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ៤ ពី​ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​ដែល​អ្នក​រាល់​គ្នា​មាន​ក្នុង​គ្រិស្ត​យេស៊ូ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់ ៥ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​ទទួល​អ្វី​ដែល​បាន​ត្រូវ​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន​សួគ៌។+ អ្នក​រាល់​គ្នា​បាន​ឮ​អំពី​សេចក្ដី​សង្ឃឹម​នេះ​តាម​រយៈ​ការ​ប្រកាស​អំពី​សេចក្ដី​ពិត ពោល​គឺ​ដំណឹង​ល្អ ៦ ដែល​បាន​មក​ដល់​អ្នក​រាល់​គ្នា។ ដំណឹង​ល្អ​នោះ​ក៏​ដុះ​ដាល​បង្កើត​ផល​ពេញ​ពិភព​លោក+ ដូច​ដែល​កំពុង​ដុះ​ដាល​បង្កើត​ផល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ស្គាល់​ច្បាស់​នូវ​ការ​ពិត​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ៧ នោះជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​ពី​អេប៉ាប្រាស​ជា​ទី​ស្រឡាញ់​របស់​យើង+ ដែល​ជា​ខ្ញុំ​បម្រើ​ជា​មួយ​នឹង​យើង។ គាត់​បម្រើ​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ៨ គាត់​ក៏​បាន​រៀប​រាប់​ប្រាប់​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។

៩ ហេតុ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​ឮ​រឿង​នោះ យើង​បាន​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ+ គឺ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​ត្រឹម​ត្រូវ+អំពី​បំណង​ប្រាថ្នា​របស់​លោក ដោយ​មាន​ប្រាជ្ញា​សព្វ​គ្រប់​និង​ការ​យល់​ដឹង​ដែល​ឫទ្ធានុភាព​របស់​លោក​ផ្ដល់​ឲ្យ+ ១០ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា* ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង។ ដំណាល​គ្នា​នោះ អ្នក​រាល់​គ្នា​នឹង​បន្ត​បង្កើត​ផល​ក្នុង​គ្រប់​ការ​ល្អ​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​កាន់​តែ​ច្រើន​ឡើង​ៗ។+ ១១ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កម្លាំង​ខ្លាំង​ក្លា​ពី​ឫទ្ធានុភាព​រុង​រឿង​របស់​លោក+ ដើម្បី​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ដោយ​ចិត្ត​អត់​ធ្មត់​និង​មាន​អំណរ ១២ ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​អរគុណ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​លក្ខណៈ​គ្រប់​គ្រាន់ ដើម្បី​មាន​ចំណែក​ក្នុង​មត៌ក​របស់​ពួក​អ្នក​បរិសុទ្ធ+ដែល​នៅ​ក្នុង​ពន្លឺ។

១៣ ព្រះ​បាន​សង្គ្រោះ​យើង​ពី​អំណាច​នៃ​ភាព​ងងឹត+ ហើយ​ផ្លាស់​យើង​ទៅ​ក្នុង​រាជាណាចក្រ​នៃ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ១៤ ដោយ​សារ​បុត្រ​របស់​លោក​បាន​រំដោះ​យើង​ដោយ​បង់​ថ្លៃ​លោះ នេះ​មាន​ន័យ​ថា​ការ​ខុស​ឆ្គង*របស់​យើង​បាន​ត្រូវ​អភ័យ​ទោស។+ ១៥ លោក​និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ មាន​លក្ខណៈដូច​គ្នា​ទាំង​ស្រុង។+ លោក​ជា​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត+ ១៦ ពី​ព្រោះ​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក គឺ​អ្វី​ដែល​មនុស្ស​មើល​ឃើញ​និង​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ+ ទោះ​ជា​បល្ល័ង្ក ការ​គ្រប់​គ្រង រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្ដី។ អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក+ និង​សម្រាប់​លោក។ ១៧ ម្យ៉ាង​ទៀត មាន​លោក​មុន​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់+ ហើយ​តាម​រយៈ​លោក អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក ១៨ ហើយ​លោក​ជា​ក្បាល​នៃ​រូប​កាយ ពោល​គឺ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។+ លោក​ជា​ទី​ចាប់​ផ្ដើម​នៃ​អ្វី​ៗ​ទាំង​អស់ និង​ជា​បុត្រ​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ+ ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ជា​អ្នក​មុន​គេ​ក្នុង​គ្រប់​ការ​ទាំង​អស់ ១៩ ពី​ព្រោះ​ព្រះ​ពេញ​ចិត្ត​ឲ្យ​គ្រិស្ត​បាន​ពេញ​ខ្នាត​ក្នុង​អ្វី​ៗ​ទាំង​អស់+ ២០ ហើយ​តាម​រយៈ​គ្រិស្ត ព្រះ​ផ្សះ​ផ្សា​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​ឲ្យ​ជា​នឹង​លោក​ឡើង​វិញ+ ទោះ​ជា​អ្វី​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌​ក្ដី ដោយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​តាម​រយៈ​ឈាម+របស់​គ្រិស្ត​ដែល​បាន​ត្រូវ​បង្ហូរ​លើ​បង្គោល​ទារុណកម្ម។*

២១ ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​និង​ជា​សត្រូវ​របស់​ព្រះ ព្រោះ​អ្នក​រាល់​គ្នា​មាន​គំនិត​លម្អៀង​ទៅ​រក​អំពើ​ទុច្ចរិត ២២ តែ​ឥឡូវ​ព្រះ​បាន​ផ្សះ​ផ្សា​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​នឹង​លោក​វិញ។ ព្រះ​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​រូប​កាយ​របស់​បុត្រ​លោក​ដែល​បាន​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ ឥត​សៅហ្មង និង​គ្មាន​កន្លែង​ចាប់​កំហុស​បាន នៅ​ចំពោះ​មុខ​លោក។+ ២៣ អ្នក​រាល់​គ្នា​នឹង​មាន​គុណ​សម្បត្តិ​ទាំង​នោះ ឲ្យ​តែ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​ជំនឿ+ ហើយ​កាន់​ជំហរ​មាំ​មួន+លើ​គ្រឹះ+ ដោយ​មិន​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​លើ​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​ដែល​បាន​ត្រូវ​ប្រកាស​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ។+ ខ្ញុំ ប៉ូល បាន​ត្រូវ​តែង​តាំង​ឲ្យ​ប្រកាស​ដំណឹង​ល្អ​នេះ។+

២៤ ឥឡូវ​ខ្ញុំ​អរ​សប្បាយ​នឹង​អ្វី​ដែល​ខ្ញុំ​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​កំពុង​រង​ទុក្ខ​ដូច​គ្រិស្ត តែ​ខ្ញុំ​ត្រូវ​បន្ត​រង​ទុក្ខ​រហូត​ដល់​ពេញ​កម្រិត​ដើម្បី​រូប​កាយ​របស់​គ្រិស្ត+ ពោល​គឺ​ក្រុម​ជំនុំ។+ ២៥ ខ្ញុំ​បាន​បម្រើ​រាស្ត្រ​របស់​ព្រះ* ដោយ​សារ​ព្រះ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ+ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្យាយាម​ប្រកាស​បណ្ដាំ​របស់​ព្រះ​អស់​ពី​សមត្ថភាព ២៦ គឺ​ប្រកាស​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ដែល​បាន​ត្រូវ​លាក់​ពី​ពិភព​លោក*+ និង​មនុស្ស​ដែល​រស់​នៅ​ជំនាន់​មុន​ៗ។ ប៉ុន្តែ ឥឡូវ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ពួក​អ្នក​បរិសុទ្ធ​របស់​លោក។+ ២៧ ព្រះ​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​លោក​ដែល​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នា​នា ដឹង​អំពី​ទ្រព្យ​វិសេស​នៃ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ+ គឺ​គ្រិស្ត​កំពុង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដែល​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​រួម​ចំណែក​ក្នុង​សិរី​រុង​រឿង​របស់​លោក។+ ២៨ យើង​ប្រកាស​ផ្សាយ​អំពី​លោក យើង​ដាស់​តឿន​និង​បង្រៀន​មនុស្ស​គ្រប់​រូប​អំពី​លោក​ដោយ​ប្រើ​ប្រាជ្ញា​ទាំង​អស់ ដើម្បី​យើង​អាច​នាំ​មនុស្ស​គ្រប់​រូប​មក​នៅ​ចំពោះ​មុខ​ព្រះ ដោយ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែល​មាន​ភាព​ចាស់​ទុំ។+ ២៩ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ដោយ​ឫទ្ធានុភាព​ដែល​លោក​ផ្ដល់​ឲ្យ​ខ្ញុំ។+

២ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​កំពុង​ត​ស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​អ្នក​រាល់​គ្នា និង​ដើម្បី​អស់​អ្នក​ដែល​នៅ​ក្រុង​ឡៅឌីសេ+ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឃើញ​មុខ​ខ្ញុំ។ ២ នេះ​គឺ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​ការ​សម្រាល​ទុក្ខ+ និង​ដើម្បី​ឲ្យ​ពួក​គាត់​មាន​សាមគ្គីភាព​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។+ យ៉ាង​នោះ ពួក​គាត់​នឹង​មាន​អ្វី​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់ ពោល​គឺ​ការ​យល់​ដឹង​ច្បាស់​និង​ពិត​ប្រាកដ ដើម្បី​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ គឺ​គ្រិស្ត។+ ៣ គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​ដ៏​ថ្លៃ​វិសេស​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក។+ ៤ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ការ​វែក​ញែក​ដែល​ស្ដាប់​ទៅ​គួរ​ឲ្យ​ជឿ។ ៥ ទោះ​ជា​ខ្លួនខ្ញុំ​មិន​នៅ​ទី​នោះ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ហើយ​ខ្ញុំ​អរ​សប្បាយ​ដែល​ឃើញ​អ្នក​រាល់​គ្នា​មាន​សណ្ដាប់​ធ្នាប់+ និង​មាន​ជំនឿ​រឹង​មាំ​លើ​គ្រិស្ត។+

៦ ដូច្នេះ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​គ្រិស្ត​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង ចូរ​បន្ត​ដើរ​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក​ត​ទៅ​ទៀត។ ៧ ដូច​ដែល​អ្នក​រាល់​គ្នា​បាន​រៀន ចូរ​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​គ្រិស្ត ហើយ​បន្ត​ពង្រឹង​ជំហរ​ក្នុង​លោក+ ថែម​ទាំង​ធ្វើ​ឲ្យ​ជំនឿ​របស់​ខ្លួន​រឹង​មាំ​ឡើង+ ហើយ​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ជា​និច្ច។+

៨ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​មក​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា* តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ+ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​ដែល​មាន​មូលដ្ឋាន​លើ​ទស្សនៈ​ទូទៅ*របស់​ពិភព​លោក​នេះ តែ​មិន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ទេ ៩ ព្រោះ​គុណ​សម្បត្តិ​ទាំង​អស់​របស់​ព្រះ​នៅ​ក្នុង​គ្រិស្ត។+ ១០ ដូច្នេះ អ្នក​រាល់​គ្នា​មាន​អ្វី​ៗ​សព្វ​គ្រប់ ដោយ​សារ​លោក​ដែល​ជា​ប្រមុខ​នៃ​រដ្ឋាភិបាល​និង​អំណាច​គ្រប់​គ្រង​ទាំង​អស់។+ ១១ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​លោក នោះ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​កាត់​ចុង​ស្បែក មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ តែ​ដោយ​បោះ​បង់​ចោល​រូប​កាយ​សាច់​ឈាម​ដែល​មាន​ភាព​ខុស​ឆ្គង+ ព្រោះ​នោះ​ជា​របៀប​ដែល​អ្នក​បម្រើ​នៃ​គ្រិស្ត​ទទួល​ការ​កាត់​ចុង​ស្បែក។+ ១២ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​កប់​ជា​មួយ​នឹង​លោក ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ដូច​លោក+ ហើយ​ដោយ​សារ​ទំនាក់​ទំនង​របស់​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​លោក អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ+ជា​មួយ​គ្នា តាម​រយៈ​ជំនឿ​របស់​អ្នក​រាល់​គ្នា​លើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​របស់​ព្រះ គឺ​ព្រះ​ដែល​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។+

១៣ ម្យ៉ាង​ទៀត ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ដោយ​សារ​កំហុស​របស់​ខ្លួន ហើយ​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​ក៏​ដោយ ព្រះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត​រស់​ឡើង​វិញ​ជា​មួយ​នឹង​លោក។+ ព្រះ​បាន​មេត្តា​អភ័យ​ទោស​ចំពោះ​កំហុស​ទាំង​អស់​របស់​យើង+ ១៤ ហើយ​បាន​លុប​ឯកសារ​សរសេរ​ដោយ​ដៃ+ គឺ​ជា​ឯកសារ​ដែល​មាន​បទ​បញ្ញត្ដិ+និង​ជា​ឯកសារ​ដែល​ប្រឆាំង​យើង។+ លោក​បាន​បំបាត់​ចោល​ឯកសារ​នោះ​តាម​រយៈ​ការ​ស្លាប់​របស់​គ្រិស្ត​លើ​បង្គោល​ឈើ។*+ ១៥ តាម​រយៈ​បង្គោល​ទារុណកម្ម* លោក​បាន​ឈ្នះ​រដ្ឋាភិបាល​និង​អំណាច​គ្រប់​គ្រង​ទាំង​ឡាយ រួច​បង្ហាញ​អ្នក​ទាំង​នោះ​ឲ្យ​មនុស្ស​ឃើញ​ជា​សាធារណៈ​ថា ពួក​គេ​បាន​ចាញ់+ ហើយ​នាំ​ពួក​គេ​ដែល​ជា​អ្នក​ទោស ឲ្យ​ទៅ​តាម​ការ​ហែ​ក្បួន​អបអរ​ជ័យ​ជម្នះ។

១៦ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​អំពី​ការ​ផឹក​ឬ​ការ​បរិភោគ+ ឬ​អំពី​ការ​ធ្វើ​បុណ្យ​ណា​មួយ ឬ​អំពី​ពិធី​ចូល​ខែ​ថ្មី+ ឬ​អំពី​ការ​កាន់​ថ្ងៃ​ឈប់​សម្រាក*ឡើយ។+ ១៧ ការ​ទាំង​នោះ​ជា​ស្រមោល​នៃ​អ្វី​ៗ​ដែល​នឹង​មក+ តែ​រូប​ពិត​គឺ​ជា​គ្រិស្ត។+ ១៨ កុំ​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខក​ខាន​ទទួល​រង្វាន់​ឡើយ+ គឺ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ពុត​ជា​បន្ទាប​ខ្លួន ហើយ​ចូល​ចិត្ត​គោរព​ប្រណិប័តន៍​ពួក​ទេវតា* ក៏​«​កាន់​ជំហរ​លើ​»​*អ្វី​ដែល​ខ្លួន​បាន​មើល​ឃើញ។ អ្នក​នោះ​ក្រអឺតក្រអោង​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ ដោយ​សារ​មាន​របៀប​គិត​គូរ​ដូច​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ១៩ ហើយ​អ្នក​នោះ​មិន​កាន់​តាម​លោក​ដែល​ជា​ក្បាល*ឡើយ+ គឺ​លោក​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់​ជា​និច្ច​តាម​តែ​ព្រះ​ឲ្យ​លូត​លាស់ ដោយ​ផ្ដល់​នូវ​អ្វី​ៗ​ដែល​គ្រប់​អវយវៈ​ត្រូវ​ការ ហើយ​ក៏​ធ្វើ​ឲ្យ​ជាប់​គ្នា​យ៉ាង​ល្អ​ដោយ​សារ​សរសៃ​និង​សន្លាក់​ឆ្អឹង​ផ្សេង​ៗ។+

២០ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​នឹង​គ្រិស្ត​ដើម្បី​ឲ្យ​រួច​ពី​ទស្សនៈ​ទូទៅ*របស់​ពិភព​លោក​នេះ+ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​នៅ​តែ​រួម​ចំណែក​ក្នុង​ពិភព​លោក ដោយ​ចុះ​ចូល​ធ្វើ​តាម​បញ្ញត្ដិ ដែល​ថា​៖+ ២១ ​«​កុំ​យក កុំ​ភ្លក់ កុំ​ពាល់​»​? ២២ ព្រោះ​បទ​បញ្ញត្តិ​ទាំង​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ពេល​ដែល​ប្រើ​ប្រាស់​រួច ហើយ​បទ​បញ្ញត្ដិ​ទាំង​នោះ​ជា​សេចក្ដី​បង្គាប់​និង​សេចក្ដី​បង្រៀន​របស់​មនុស្ស។+ ២៣ ទោះ​ជា​បញ្ញត្ដិ​ទាំង​នោះ​មើល​ទៅ​ដូច​ជា​បង្ហាញ​ពី​ប្រាជ្ញា​ក៏​ដោយ តែ​នោះ​ជា​របៀប​គោរព​ប្រណិប័តន៍​តាម​ការ​គិត​របស់​មនុស្ស​វិញ ហើយ​អ្នក​ដែល​កាន់​តាម​អ្វី​ៗ​ទាំង​នោះ​គ្រាន់​តែ​ធ្វើ​ពុត​ជា​បន្ទាប​ខ្លួន ថែម​ទាំង​ប្រព្រឹត្ត​តឹងរ៉ឹង​ពេក​ចំពោះ​រូប​កាយ​ខ្លួន​ឯង+ តែ​តាម​ការ​ពិត​អ្វី​ៗ​ដែល​អ្នក​នោះ​កាន់​តាម​គឺ​គ្មាន​ប្រយោជន៍​សោះ ក្នុង​ការ​ជួយ​ឲ្យ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ។

៣ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​គ្រិស្ត+ ចូរ​បន្ត​ស្វែង​រក​អ្វី​ដែល​នៅ​ស្ថាន​លើ ជា​កន្លែង​ដែល​គ្រិស្ត​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។+ ២ ចូរ​ផ្ចង់​ចិត្ត​ទៅ​លើ​អ្វី​ដែល​នៅ​ស្ថាន​លើ+ មិន​មែន​ទៅ​លើ​អ្វី​ដែល​នៅ​ផែនដី​ឡើយ។+ ៣ ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​គ្រិស្ត ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៤ ពេល​គ្រិស្ត​ដែល​ជា​អ្នក​ផ្ដល់​ជីវិត*+លេច​មក នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​លេច​មក​ជា​មួយ​នឹង​លោក​ក្នុង​សិរី​រុង​រឿង​របស់​លោក​ដែរ។+

៥ ដូច្នេះ ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា*+ គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អំពើ​ស្មោក​គ្រោក ការ​មិន​គ្រប់​គ្រង​លើ​ចំណង់​ផ្លូវ​ភេទ+ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​លោភ​លន់​ដែល​ប្រៀប​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ។ ៦ ព្រះ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ ៧ ពី​មុន​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ+ ៨ តែ​ឥឡូវ ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ អំពើ​អាក្រក់+ ពាក្យ​ប្រមាថ​មើល​ងាយ+ ហើយ​កុំ​ឲ្យ​ពាក្យ​អាសអាភាស+ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឲ្យ​សោះ។ ៩ កុំ​កុហក​គ្នា​ឡើយ។+ ចូរ​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ+ រួម​ទាំង​ការ​ប្រព្រឹត្ត​ពី​មុន​របស់​អ្នក​ផង។ ១០ រួច​ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី+ ដែល​កំពុង​ត្រូវ​កែ​ប្រែ​ឲ្យ​ថ្មី​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ ស្រប​តាម​លក្ខណៈ​របស់​លោក​ដែល​បាន​បង្កើត​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ។+ ១១ ក្នុង​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ គ្មាន​ជនជាតិ​ក្រិច​ឬ​ជនជាតិ​យូដា គ្មាន​ការ​កាត់​ចុង​ស្បែក*ឬ​មិន​កាត់​ចុង​ស្បែក គ្មាន​ជន​បរទេស ជន​ជាតិ​ស៊ិទា* ខ្ញុំ​បម្រើ​ឬ​អ្នក​មាន​សេរី​ភាព​ឡើយ។ ប៉ុន្តែ គ្រិស្ត​គឺ​ជា​អ្វី​ៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​អ្វី​ៗ​ទាំង​អស់។+

១២ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​ស្រឡាញ់ ជា​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស+ និង​ជា​អ្នក​បរិសុទ្ធ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ+ សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប+ ចិត្ត​ស្លូត​បូត+ និង​ចិត្ត​អត់​ធ្មត់។+ ១៣ ទោះ​ជា​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​ក៏​ដោយ+ ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។+ ព្រះ​យេហូវ៉ា*បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។+ ១៤ ប៉ុន្តែ ក្រៅ​ពី​ការ​ទាំង​នេះ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់+ ព្រោះ​នេះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ។+

១៥ ម្យ៉ាង​ទៀត ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​គ្រិស្ត​គ្រប់​គ្រង​ចិត្ត​របស់​អ្នក​រាល់​គ្នា+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​មក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​បែប​នេះ ដើម្បី​ធ្វើ​ជា​រូប​កាយ​តែ​មួយ។ ចូរ​អ្នក​រាល់​គ្នា​បង្ហាញ​អំណរ​គុណ។ ១៦ ចូរ​ឲ្យ​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ពេញ​លេញ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​មាន​ប្រាជ្ញា​សព្វ​គ្រប់។ ចូរ​បន្ត​បង្រៀន​និង​លើក​ទឹក​ចិត្ត*គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ច្រៀង​សរសើរ​ព្រះ+ ដោយ​ច្រៀង​ចម្រៀង​គោរព​ប្រណិប័តន៍​ទាំង​មាន​អំណរ​គុណ* និង​ដោយ​ច្រៀង​ចេញ​ពី​ចិត្ត​ជូន​ព្រះ​យេហូវ៉ា។*+ ១៧ ទោះ​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ឬ​និយាយ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ ទាំង​អរគុណ​ព្រះ​ជា​បិតា​តាម​រយៈ​លោក។*+

១៨ ប្រពន្ធ​ទាំង​ឡាយ​អើយ ចូរ​ចុះ​ចូល​នឹង​ប្ដី+ ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​កាន់​តាម​លោក​ម្ចាស់​គួរ​ធ្វើ។ ១៩ ប្ដី​ទាំង​ឡាយ​អើយ ចូរ​បន្ត​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច+ ហើយ​កុំ​ក្រេវ​ក្រោធ*នឹង​នាង​ឡើយ។+ ២០ កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់+ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត។ ២១ ឪពុក​ទាំង​ឡាយ​អើយ កុំ​ធ្វើ​ឲ្យ​កូន​ខឹង*+ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត។ ២២ ខ្ញុំ​បម្រើ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​ជា​ម្ចាស់*របស់​អ្នក​ក្នុង​គ្រប់​ការ​ទាំង​អស់+ មិន​គ្រាន់​តែ​ចង់​ផ្គាប់​ចិត្ត​ម្ចាស់​ពេល​ដែល​ម្ចាស់​មើល​ឃើញ​ប៉ុណ្ណោះ​ទេ តែ​ចូរ​ធ្វើ​ដោយ​ស្មោះ​ពី​ចិត្ត និង​ដោយ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។* ២៣ ទោះ​ជា​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ទុក​ដូច​ជា​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា*+ មិន​មែន​ដើម្បី​មនុស្ស​ទេ ២៤ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ​យេហូវ៉ា។*+ ចូរ​ខំ​ប្រឹង​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​គ្រិស្ត​ជា​ម្ចាស់។ ២៥ អ្នក​ណា​ដែល​ធ្វើ​ខុស អ្នក​នោះ​នឹង​ទទួល​ផល​តាម​កំហុស​របស់​ខ្លួន+ ព្រោះ​ព្រះ​មិន​លម្អៀង​ឡើយ។+

៤ ម្ចាស់​ទាំង​ឡាយ​អើយ ចូរ​ប្រព្រឹត្ត​ទៅ​លើ​ខ្ញុំ​បម្រើ​របស់​អ្នក​ដោយ​សុចរិត​យុត្តិធម៌ ព្រោះ​អ្នក​ដឹង​ថា​អ្នក​ក៏​មាន​ម្ចាស់​នៅ​ស្ថាន​សួគ៌​ដែរ។+

២ ចូរ​ត​ស៊ូ​អធិដ្ឋាន+ ដោយ​ដឹង​ខ្លួន​ជា​និច្ច ហើយ​អរ​គុណ​ព្រះ។+ ៣ នៅ​ដំណាល​គ្នា​នោះ ចូរ​អធិដ្ឋាន​ឲ្យ​យើង​ដែរ+ ដើម្បី​ឲ្យ​ព្រះ​បើក​ឱកាស​ឲ្យ​យើង​ប្រកាស​បណ្ដាំ​របស់​លោក និង​ប្រាប់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​គ្រិស្ត ព្រោះ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជាប់​ចំណង។+ ៤ យ៉ាង​នេះ ខ្ញុំ​អាច​ប្រកាស​សេចក្ដី​នោះ​យ៉ាង​ច្បាស់​លាស់ ដូច​ដែល​ខ្ញុំ​គួរ​ធ្វើ។

៥ ចូរ​បន្ត​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា និង​ចូរ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។*+ ៦ ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច ដែល​ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។+ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​មនុស្ស​ម្នាក់​ៗ។+

៧ ទីឃីកុស+ដែល​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​អ្នក​បម្រើ​ស្មោះ​ត្រង់ និង​ជា​ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​ដូច​ខ្ញុំ​ដែរ គាត់​នឹង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​រឿង​ទាំង​អស់​របស់​ខ្ញុំ។ ៨ ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​អាច​ដឹង​សុខ​ទុក្ខអំពី​យើង និង​ដើម្បី​ឲ្យ​គាត់​អាច​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា។ ៩ ទីឃីកុស​នឹង​ទៅ​ជា​មួយ​នឹង​អូណេស៊ីម+ ដែល​ជា​បង​ប្អូន​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ គាត់​ធ្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពួក​គាត់​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​អស់​ដែល​បាន​កើត​ឡើង​នៅ​ទី​នេះ។

១០ អារីស្ដាក+ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ គាត់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ម៉ាកុស+ជា​ប្អូន​ជីដូន​មួយ​របស់​បាណាបាស ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​ដែរ (​អ្នក​រាល់​គ្នា​បាន​ត្រូវ​បង្គាប់​ឲ្យ​ទទួល​ស្វាគមន៍​គាត់+ ប្រសិន​បើ​គាត់​ទៅ​ឯ​អ្នក​រាល់​គ្នា​) ១១ ហើយ​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា​ដែរ។ គាត់​មក​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក។* មាន​តែ​ពួក​គាត់​ប៉ុណ្ណោះ​ដែល​រួម​ការងារ​ជា​មួយ​នឹង​ខ្ញុំ​ដើម្បី​រាជាណាចក្រ​ព្រះ ហើយ​ពួក​គាត់​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ*ដល់​ខ្ញុំ។ ១២ អេប៉ាប្រាស+ដែល​មក​ពី​ចំណោម​អ្នក​រាល់គ្នា និង​ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត​យេស៊ូ គាត់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។ គាត់​តែង​តែ​ខំ​ព្យាយាម​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បន្ត​មាន​ភាព​ចាស់​ទុំ និង​បន្ត​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះ​នឹង​ធ្វើ។ ១៣ ព្រោះ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា គាត់​ខំ​ប្រឹង​ខ្លាំង​ណាស់​ដើម្បី​អ្នក​រាល់​គ្នា ដើម្បី​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ និង​ដើម្បី​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាពើលិស។

១៤ លូកា+ដែល​ជា​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់ និង​ដេម៉ាស ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។+ ១៥ ខ្ញុំ​សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ ហើយ​ផ្ដាំ​សួរ​សុខ​ទុក្ខ​នីមផា និង​បង​ប្អូន​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​នាង។+ ១៦ ក្រោយ​ពី​អ្នក​រាល់​គ្នា​អាន​សំបុត្រ​នេះ​ហើយ ចូរ​រៀបចំ​ឲ្យ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅឌីសេ​អាន​សំបុត្រ​នេះ​ផង+ ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​ដែរ។ ១៧ ម្យ៉ាង​ទៀត ចូរ​ប្រាប់​អាឃីប៉ុស​ថា​៖+​«​ចូរ​យក​ចិត្ត​ទុក​ដាក់​បំពេញ​កិច្ច​បម្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​កិច្ច​បម្រើ​ដែល​អ្នក​បាន​ទទួល​ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់​»។

១៨ ខ្ញុំ​ប៉ូល ខ្ញុំ​បាន​សរសេរ​ពាក្យ​សួរ​សុខ​ទុក្ខ​នេះ​ដោយ​ផ្ទាល់​ដៃ។+ សូម​បង​ប្អូន​ចាំ​ជា​និច្ច​អំពី​ការ​ដែល​ខ្ញុំ​ជាប់​ចំណង។+ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​«​បម្រើ​ក្រុម​ជំនុំ​នេះ​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​មក​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី​»​

ន័យ​ត្រង់​«​បឋម​សេចក្ដី​»​

ឬ​«​លោក​បាន​យក​ឯកសារ​នោះ​ទៅ​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល​ទារុណកម្ម​»។ មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តាម​រយៈ​លោក​»​

មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​ឈប់​សម្រាក​»​

ឬ​«​ចូល​ចិត្ត​របៀប​គោរព​ប្រណិប័តន៍​ដូច​ពួក​ទេវតា​»​

នេះ​ដក​ស្រង់​ពី​ក្បួន​អាថ៌​កំបាំង​នៃ​សាសនា​មិន​ពិត

ឬ​«​ប្រមុខ​»​

ន័យ​ត្រង់​«​បឋម​សេចក្ដី​»​

ន័យ​ត្រង់​«​គ្រិស្ត​ដែល​ជា​ជីវិត​របស់​យើង​»​

ន័យ​ត្រង់​«​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​នៅ​ផែនដី​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

​«​ជន​ជាតិ​ស៊ិទា​»​សំដៅ​លើ​មនុស្ស​ព្រៃ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ដាស់​តឿន​»​

ឬ​«​ទាំង​មាន​ការ​គោរព​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

នេះ​សំដៅ​លើ​លោក​យេស៊ូ

ឬ​«​កុំ​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​»​

ឬ​«​មួម៉ៅ​»​

ឬ​«​ម្ចាស់​ដែល​នៅ​ផែនដី​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ទិញ​ពេល​វេលា​ដែល​បាន​កំណត់​»​

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ឬ​«​ប្រភព​នៃ​ការ​ពង្រឹង​កម្លាំង​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក