សកម្មភាពរបស់ពួកសាវ័ក
១ ថេអូហ្វីលអើយ ក្នុងកំណត់ហេតុទី១ ខ្ញុំបានសរសេរអំពីការទាំងអស់ដែលលោកយេស៊ូចាប់ផ្ដើមធ្វើនិងបង្រៀន+ ២ រហូតដល់ថ្ងៃដែលព្រះបានយកលោកឡើងទៅស្ថានសួគ៌+ បន្ទាប់ពីលោកបានឲ្យការណែនាំតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ដល់ពួកសាវ័កដែលលោកបានជ្រើសរើស។+ ៣ ក្រោយពីលោកបានរងទុក្ខវេទនារហូតដល់ស្លាប់ លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញជាច្រើនដង ដើម្បីឲ្យពួកគាត់ជឿជាក់ដោយឥតសង្ស័យថា លោកមានជីវិតរស់នៅពិតមែន។+ លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញក្នុងរយៈពេល៤០ថ្ងៃ ហើយលោកបានប្រាប់ពួកគាត់អំពីរាជាណាចក្ររបស់ព្រះ។+ ៤ កាលដែលលោកកំពុងជួបជាមួយនឹងពួកគាត់ លោកបង្គាប់ពួកគាត់ថា៖ «កុំចេញពីក្រុងយេរូសាឡិម*ឡើយ+ តែចូររង់ចាំអ្វីដែលបិតានៅស្ថានសួគ៌បានសន្យា+ ជាអ្វីដែលអ្នករាល់គ្នាបានឮពីខ្ញុំ ៥ ពីព្រោះយ៉ូហានបានជ្រមុជគេក្នុងទឹក តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ នៅប៉ុន្មានថ្ងៃខាងមុខនេះ»។
៦ ដូច្នេះ ពេលដែលបានជួបជុំគ្នាម្ដងទៀត ពួកគាត់ក៏សួរលោកថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។+ ៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាមិនចាំបាច់ដឹងអំពីពេលវេលាឬគ្រាកំណត់ ដែលបិតានៅស្ថានសួគ៌បានសម្រេច*រួចហើយនោះទេ។+ ៨ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព ពេលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់+អំពីខ្ញុំនៅក្រុងយេរូសាឡិម+ នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី+ និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។+ ៩ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនេះ កាលដែលពួកគាត់កំពុងមើលលោកនៅឡើយ នោះលោកបានត្រូវលើកឡើង ហើយពពកមួយបានមកបាំងលោកបាត់ពីភ្នែកពួកគាត់ទៅ។+ ១០ ពេលពួកគាត់កំពុងសម្លឹងទៅមេឃ ក្នុងកាលដែលលោកកំពុងធ្វើដំណើរឡើងទៅ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ស+ឈរនៅក្បែរពួកគាត់ ១១ ហើយនិយាយថា៖ «អ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នករាល់គ្នាកំពុងឈរមើលមេឃដូច្នេះ? លោកយេស៊ូនោះហើយដែលបានត្រូវយកឡើងទៅលើមេឃ ក៏នឹងមកតាមបែបដូចដែលអ្នករាល់គ្នាឃើញលោកឡើងទៅលើមេឃដែរ»។
១២ រួចមក ពួកគាត់បានចេញពីភ្នំដើមអូលីវ ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ+ដែលនៅមិនឆ្ងាយ មានចម្ងាយប្រហែលមួយគីឡូម៉ែត្រ។* ១៣ លុះទៅដល់ហើយ ពួកគាត់បានឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគាត់ស្នាក់នៅ។ នៅទីនោះមាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស់ បាថូឡូម៉េ ម៉ាថាយ យ៉ាកុបជាកូនអាល់ផៀស ស៊ីម៉ូនជាអ្នកខ្នះខ្នែង និងយូដាសជាកូនយ៉ាកុប។+ ១៤ អ្នកទាំងអស់នេះ ជាមួយនឹងស្ត្រីខ្លះ+ ព្រមទាំងម៉ារៀជាម្ដាយលោកយេស៊ូ និងប្អូនប្រុសៗរបស់លោក+ កំពុងព្យាយាមក្នុងការអធិដ្ឋានដោយមានគោលបំណងតែមួយ។
១៥ នៅគ្រានោះ ពេត្រុសបានក្រោកឈរឡើងនៅកណ្ដាលបងប្អូនទាំងនោះ (ក្រុមមនុស្សទាំងនោះមានគ្នាប្រហែល១២០នាក់) ហើយនិយាយថា៖ ១៦ «បងប្អូនអើយ ពាក្យដែលដាវីឌបាននិយាយតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ត្រូវសម្រេចជាចាំបាច់។ គាត់បាននិយាយអំពីយូដាស+ដែលបាននាំផ្លូវគេមកចាប់ខ្លួនលោកយេស៊ូ។+ ១៧ ព្រោះគាត់ធ្លាប់នៅក្នុងក្រុមយើង+ ក៏ធ្លាប់រួមចំណែកក្នុងកិច្ចបម្រើនេះដែរ។ ១៨ (ម្ល៉ោះហើយ បុរសនេះឯងបានយកប្រាក់ឈ្នួលពីអំពើទុច្ចរិតទៅទិញវាលមួយ+ ហើយគាត់បានធ្លាក់ក្បាលចុះក្រោម បែកពោះធ្លាយពោះវៀនចេញមក។+ ១៩ អ្នកក្រុងយេរូសាឡិមទាំងអស់បានដឹងឮអំពីរឿងនេះ។ ដូច្នេះ វាលនោះបានត្រូវហៅតាមភាសារបស់ពួកគេថាអាកិលដាម៉ា ដែលមានន័យថា«វាលឈាម»)។ ២០ ព្រោះសៀវភៅចម្រៀងសរសើរព្រះចែងថា៖ ‹សូមឲ្យកន្លែងស្នាក់នៅរបស់គាត់ក្លាយទៅជាទីស្ងាត់ជ្រងំ ហើយសូមកុំឲ្យអ្នកណាស្នាក់នៅទីនោះតទៅទៀត›+ ហើយ‹សូមឲ្យអ្នកឯទៀតយកតំណែងត្រួតពិនិត្យរបស់គាត់›។+ ២១ ដូច្នេះ គឺចាំបាច់ឲ្យមានបុរសម្នាក់ជំនួសគាត់។ បុរសនោះត្រូវមកពីចំណោមពួកបុរសដែលបានរួមដំណើរជាមួយនឹងយើងក្នុងគ្រប់វេលាដែលលោកម្ចាស់យេស៊ូបានធ្វើកិច្ចការក្នុងចំណោមយើង ២២ គឺចាប់តាំងពីពេលដែលយ៉ូហានបានជ្រមុជទឹកឲ្យលោក+ រហូតដល់ថ្ងៃដែលលោកបានត្រូវយកឡើងទៅលើមេឃ។+ បុរសដូចនោះហើយដែលគួរធ្វើជាសាក្សីជាមួយនឹងយើងអំពីការប្រោសលោកឲ្យរស់ឡើងវិញ»។+
២៣ ដូច្នេះ ពួកគាត់លើកឈ្មោះពីរឡើងគឺ ម៉ាធាស និងយ៉ូសែបដែលហៅថាបាសាបាសនិងហៅថាយូស្ទុស។ ២៤ រួចមក ពួកគាត់ក៏អធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា* លោកជ្រាបអ្វីៗដែលនៅក្នុងចិត្តរបស់មនុស្សទាំងអស់។+ សូមលោកបញ្ជាក់ថា ក្នុងចំណោមបុរសពីរនាក់នេះ លោកបានជ្រើសរើសបុរសមួយណា ២៥ ឲ្យទទួលកិច្ចបម្រើនេះនិងមុខងារជាសាវ័កដែលយូដាសបានបោះបង់ចោលដើម្បីទៅតាមផ្លូវរបស់ខ្លួន»។+ ២៦ ដូច្នេះ ពួកគាត់ចាប់ឆ្នោត+ ហើយឆ្នោតក៏ត្រូវលើម៉ាធាស រួចគាត់បានត្រូវរាប់ជាសាវ័កជាមួយនឹងសាវ័ក១១នាក់ទៀត។
២ ក្នុងអំឡុងបុណ្យថ្ងៃទី៥០+ ពួកគាត់ទាំងអស់បានមកជួបជុំគ្នានៅកន្លែងតែមួយ។ ២ ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគាត់កំពុងអង្គុយ។+ ៣ រួចពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក ហើយទៅសណ្ឋិតលើពួកគាត់ម្នាក់មួយៗ។ ៤ បន្ទាប់មក ពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ហើយចាប់ផ្ដើមនិយាយជាភាសាផ្សេងៗ តាមដែលឫទ្ធានុភាពនោះបានឲ្យពួកគាត់និយាយ។+
៥ ពេលនោះ ជនជាតិយូដាដែលជាអ្នកកោតខ្លាចព្រះពីគ្រប់ជនជាតិក្នុងពិភពលោក បានមកក្រុងយេរូសាឡិម។+ ៦ ដូច្នេះ ពេលដែលបណ្ដាជនឮសូរសំឡេងនោះ ពួកគេបានមកជុំគ្នា ហើយតាំងងឿងឆ្ងល់ ពីព្រោះពួកគេម្នាក់ៗកំពុងឮពួកគាត់និយាយភាសារបស់ពួកគេរៀងៗខ្លួន។ ៧ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «មើល! អ្នកទាំងអស់នេះជាអ្នកស្រុកកាលីឡេ+ មែនទេ? ៨ ចុះហេតុអ្វីបានជាយើងកំពុងឮពួកគេនិយាយភាសាកំណើតរបស់យើងម្នាក់ៗដូច្នេះ? ៩ ក្នុងចំណោមយើងមាន ជនជាតិផាធា មេឌី+ អេឡាំ+ និងអ្នកមកពីតំបន់មេសូប៉ូតាមា តំបន់យូឌា កាប៉ាដូគា ប៉ុនតុស ខេត្តអាស៊ី*+ ១០ ព្រីគា ប៉ាមភីលៀ អេហ្ស៊ីប តំបន់នៃលីប៊ីនៅជិតគីរេន និងអ្នកដែលធ្វើដំណើរមកពីក្រុងរ៉ូម ទាំងជនជាតិយូដាទាំងអ្នកដូរសាសនា*+ ១១ ហើយក៏មានអ្នកកោះក្រេត និងជនជាតិអារ៉ាប់ដែរ គឺយើងកំពុងឮពួកគេនិយាយអំពីការដ៏រុងរឿងរបស់ព្រះ ជាភាសារបស់យើង»។ ១២ ពួកគេទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ងឿងឆ្ងល់ ហើយនិយាយគ្នាថា៖ «តើការនេះមានន័យដូចម្ដេច?»។ ១៣ ប៉ុន្តែ អ្នកឯទៀតបានចំអកឲ្យពួកគាត់ ហើយនិយាយថា៖ «ពួកគេស្រវឹងស្រាផ្អែម*ទេ»។
១៤ ប៉ុន្តែ ពេត្រុសបានក្រោកឈរឡើងជាមួយនឹងសាវ័ក១១នាក់ទៀត+ ហើយបន្លឺសំឡេងទៅកាន់ពួកគេថា៖ «អ្នកតំបន់យូឌា និងអ្នកក្រុងយេរូសាឡិមទាំងឡាយអើយ សូមប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ហើយសូមជ្រាបថា ១៥ ការពិត អ្នកទាំងនេះមិនស្រវឹងស្រាដូចអ្នករាល់គ្នាគិតស្មាននោះទេ ពីព្រោះទើបតែម៉ោងទី៣*ប៉ុណ្ណោះ។ ១៦ ផ្ទុយទៅវិញ នេះជាអ្វីដែលបានត្រូវប្រកាសតាមរយៈយ៉ូអែល ជាអ្នកប្រកាសទំនាយថា៖ ១៧ ‹ព្រះមានប្រសាសន៍ថា៖ «នៅគ្រាចុងក្រោយបង្អស់ ខ្ញុំនឹងចាក់ឫទ្ធានុភាពខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ ហើយកូនប្រុសនិងកូនស្រីរបស់អ្នករាល់គ្នានឹងប្រកាសទំនាយ ឯពួកយុវជនរបស់អ្នករាល់គ្នានឹងទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត ហើយពួកបុរសវ័យចាស់របស់អ្នករាល់គ្នានឹងទទួលការយល់សប្ដិពិសេស។+ ១៨ នៅគ្រានោះ សូម្បីតែខ្ញុំបម្រើប្រុសស្រីរបស់ខ្ញុំ ក៏ខ្ញុំនឹងចាក់ឫទ្ធានុភាពខ្លះរបស់ខ្ញុំទៅលើពួកគេដែរ រួចពួកគេនឹងប្រកាសទំនាយ។+ ១៩ ខ្ញុំនឹងធ្វើការអស្ចារ្យនៅលើមេឃ និងសញ្ញាសម្គាល់នៅផែនដី គឺឈាម ភ្លើង និងកំសួលផ្សែង។ ២០ ដួងអាទិត្យនឹងទៅជាងងឹត ហើយដួងខែនឹងក្រហមដូចជាឈាម មុនថ្ងៃដ៏ធំនិងរុងរឿងរបស់ព្រះយេហូវ៉ា*មកដល់។ ២១ ឯអស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា* អ្នកទាំងនោះនឹងត្រូវសង្គ្រោះ»›។+
២២ «ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យទាំងនេះ៖ ព្រះបានបើកបង្ហាញឲ្យអ្នករាល់គ្នាឃើញច្បាស់ថា លោកយេស៊ូពីក្រុងណាសារ៉ែតជាបុរសដែលព្រះបានចាត់ឲ្យមក ដោយឲ្យលោកធ្វើអព្ភូតហេតុ និងការអស្ចារ្យផ្សេងៗក្នុងចំណោមអ្នករាល់គ្នា+ ដូចអ្នករាល់គ្នាបានដឹងហើយ។ ២៣ បុរសនេះបានត្រូវប្រគល់ឲ្យអ្នករាល់គ្នាតាមបំណងប្រាថ្នានិងការដឹងទុកជាមុនរបស់ព្រះ+ ហើយអ្នករាល់គ្នាបានយកលោកទៅបោះដែកគោលភ្ជាប់នឹងបង្គោលឈើ ក៏បានសម្លាប់លោកដោយដៃរបស់មនុស្សប្រឆាំងច្បាប់។+ ២៤ ប៉ុន្តែ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញ+ ដោយរំដោះឲ្យរួចពីអំណាច*នៃសេចក្ដីស្លាប់ ពីព្រោះលោកមិនអាចត្រូវចងទុកដោយសេចក្ដីស្លាប់តទៅទៀតបានឡើយ។+ ២៥ ព្រោះដាវីឌបាននិយាយអំពីលោកថា៖ ‹ខ្ញុំរមែងគិតអំពីព្រះយេហូវ៉ា* ដោយសារលោកនៅខាងស្ដាំដៃខ្ញុំ នោះខ្ញុំនឹងមិនរង្គោះរង្គើឡើយ។ ២៦ ហេតុនេះ ចិត្តខ្ញុំក៏រីករាយ ហើយមាត់ខ្ញុំនិយាយដោយត្រេកអរក្រៃលែង។ ម្យ៉ាងទៀត ខ្ញុំនឹងរស់ដោយមានសេចក្ដីសង្ឃឹម ២៧ ពីព្រោះលោកនឹងមិនទុកខ្ញុំចោលក្នុងផ្នូរ*ឡើយ ហើយលោកក៏នឹងមិនឲ្យរូបកាយរបស់អ្នកដែលមានភក្ដីភាពចំពោះលោកត្រូវខូចទៅដែរ។+ ២៨ លោកបានធ្វើឲ្យខ្ញុំស្គាល់ផ្លូវដែលនាំទៅឯជីវិត។ ពេលលោកមើលមកខ្ញុំដោយក្ដីពេញចិត្ត ខ្ញុំត្រេកអរពន់ពេក›។+
២៩ «បងប្អូនអើយ ខ្ញុំសូមនិយាយដោយក្លាហានទៅកាន់អ្នករាល់គ្នាអំពីដាវីឌជាប្រមុខក្រុមគ្រួសារថា គាត់បានស្លាប់ ហើយបានត្រូវបញ្ចុះ+ ឯទីបញ្ចុះសពរបស់គាត់ ក៏នៅជាមួយនឹងយើងរហូតដល់ថ្ងៃនេះដែរ។ ៣០ ដាវីឌជាអ្នកប្រកាសទំនាយ ហើយគាត់ដឹងថាព្រះបានស្បថនឹងគាត់ថា លោកនឹងតែងតាំងម្នាក់ពីពូជពង្សរបស់គាត់ឲ្យអង្គុយលើបល្ល័ង្ក។+ ៣១ គាត់បានឃើញទុកជាមុនអំពីការប្រោសគ្រិស្តឲ្យរស់ឡើងវិញ ហើយក៏បាននិយាយអំពីការនោះថា គ្រិស្តមិនបានត្រូវទុកចោលក្នុងផ្នូរ*ទេ ហើយសាច់របស់លោកក៏មិនបានខូចទៅដែរ។+ ៣២ ព្រះបានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាសាក្សីអំពីការពិតនោះ។+ ៣៣ ដូច្នេះ ដោយសារលោកយេស៊ូបានត្រូវតម្កើងឲ្យនៅខាងស្ដាំព្រះ+ ហើយបានទទួលឫទ្ធានុភាពបរិសុទ្ធពីបិតានៅស្ថានសួគ៌ដូចដែលបានត្រូវសន្យា+ នោះលោកយេស៊ូបានចាក់ឫទ្ធានុភាពនេះមកលើយើង ដូចអ្នករាល់គ្នាកំពុងឃើញនិងឮ។ ៣៤ ដាវីឌមិនបានឡើងទៅស្ថានសួគ៌ឡើយ ប៉ុន្តែគាត់បាននិយាយដោយផ្ទាល់ថា៖ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ទៅលោកម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ ៣៥ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នក ជាកំណល់កល់ជើងអ្នក»›។+ ៣៦ ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់ដឹងយ៉ាងច្បាស់ថា លោកយេស៊ូដែលអ្នករាល់គ្នាបានប្រហារជីវិតលើបង្គោលឈើ+ លោកជាអ្នកដែលព្រះបានតែងតាំងជាលោកម្ចាស់+និងជាគ្រិស្ត»។
៣៧ ពេលឮដូច្នេះ ពួកគេក៏សោកស្ដាយជាខ្លាំង ហើយបាននិយាយទៅកាន់ពេត្រុសនិងពួកសាវ័កឯទៀតថា៖ «បងប្អូនអើយ តើយើងគួរធ្វើយ៉ាងណា?»។ ៣៨ ពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ចូរប្រែចិត្ត+ ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹក*+ ដោយនូវនាមលោកយេស៊ូគ្រិស្ត ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ+ រួចអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះជាអំណោយទាន។ ៣៩ ព្រោះនេះជាអ្វីដែលបានត្រូវសន្យា+ដល់អ្នករាល់គ្នា កូនចៅរបស់អ្នករាល់គ្នា និងអស់អ្នកដែលនៅឆ្ងាយ គឺអស់អ្នកដែលព្រះយេហូវ៉ា*ជាព្រះរបស់យើង ហៅឲ្យមកឯលោក»។+ ៤០ ពេត្រុសបាននិយាយពាក្យជាច្រើនទៀតដើម្បីបញ្ជាក់ឲ្យបានសព្វគ្រប់ ក៏ដាស់តឿនពួកគេម្ដងហើយម្ដងទៀតថា៖ «ចូរញែកខ្លួនចេញពីមនុស្សជំនាន់នេះដែលមានចិត្តវៀចវេរ កុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញចោល»។+ ៤១ ដូច្នេះ អស់អ្នកដែលពេញចិត្តទទួលយកពាក្យសម្ដីរបស់គាត់ បានទទួលការជ្រមុជទឹក+ ហើយនៅថ្ងៃនោះមានប្រហែល៣.០០០នាក់ថែមទៀតបានទៅជាអ្នកកាន់តាម។+ ៤២ ពួកគេបន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក ក៏បានសេពគប់គ្នា* ហើយបរិភោគជាមួយគ្នា+ ព្រមទាំងអធិដ្ឋានជាមួយគ្នា។+
៤៣ ពួកសាវ័កបានធ្វើសញ្ញាសម្គាល់និងអព្ភូតហេតុជាច្រើន។ មនុស្សគ្រប់គ្នាដែលបានឃើញការទាំងនេះ ពួកគេក៏មានចិត្តកោតខ្លាចព្រះ។+ ៤៤ អស់អ្នកណាដែលទៅជាអ្នកជឿបាននៅជាមួយគ្នា ហើយចែកអ្វីៗទាំងអស់ជាមួយគ្នា។ ៤៥ ពួកគេក៏លក់ដីនិងទ្រព្យសម្បត្តិដែលខ្លួនមាន+ រួចយកប្រាក់មកចែកដល់គ្រប់គ្នា តាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។+ ៤៦ ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នានៅឯវិហារដោយមានគោលបំណងតែមួយ ក៏បានបរិភោគអាហារជាមួយគ្នាក្នុងផ្ទះរបស់ពួកគេ ដោយចិត្តស្មោះនិងចិត្តត្រេកអរជាខ្លាំង ៤៧ ព្រមទាំងសរសើរព្រះ។ ម្យ៉ាងទៀត ពួកគេបានទទួលការពេញចិត្តពីបណ្ដាជនទាំងឡាយ។ ជារៀងរាល់ថ្ងៃ ព្រះយេហូវ៉ា*បានបន្តនាំមនុស្សកាន់តែច្រើនឲ្យមកចូលរួមជាមួយនឹងពួកគេ គឺអស់អ្នកដែលកំពុងត្រូវសង្គ្រោះ។+
៣ ថ្ងៃមួយ នៅម៉ោងទី៩*ដែលជាម៉ោងអធិដ្ឋាន ពេត្រុសនិងយ៉ូហានកំពុងឡើងទៅឯវិហារ ២ ហើយបុរសម្នាក់ដែលខ្វិនតាំងពីកំណើត កំពុងត្រូវគេសែងមក។ ជារៀងរាល់ថ្ងៃ គេដាក់គាត់នៅជិតទ្វារវិហារដែលហៅថាទ្វារលម្អ ដើម្បីគាត់អាចសុំទានពីអស់អ្នកដែលចូលវិហារ។ ៣ ពេលដែលគាត់ក្រឡេកទៅឃើញពេត្រុសនិងយ៉ូហានហៀបនឹងចូលវិហារ គាត់ចាប់ផ្ដើមសុំទានពីពួកគាត់។ ៤ ប៉ុន្តែ ពេត្រុសនិងយ៉ូហានសម្លឹងមើលគាត់ ហើយពេត្រុសនិយាយថា៖ «សូមមើលមកយើង»។ ៥ ដូច្នេះ បុរសនោះក៏សម្លឹងមើលពួកគាត់ ដោយសង្ឃឹមថានឹងបានទានពីពួកគាត់។ ៦ ក៏ប៉ុន្តែ ពេត្រុសនិយាយថា៖ «មាសនិងប្រាក់ខ្ញុំមិនមានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក។ ដោយនូវនាមលោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ចូរដើរទៅចុះ!»។+ ៧ រួចពេត្រុសក៏ចាប់ដៃស្ដាំរបស់បុរសនោះ ហើយលើកគាត់ឡើង។+ រំពេចនោះ ជើងនិងកជើងរបស់បុរសនោះបានមាំឡើង។+ ៨ គាត់ស្ទុះឈរ+ ចាប់ផ្ដើមដើរ រួចចូលក្នុងវិហារជាមួយនឹងពួកគាត់ ដោយដើរផង លោតផង ហើយសរសើរព្រះផង។ ៩ បណ្ដាជនទាំងឡាយបានឃើញគាត់កំពុងដើរទាំងសរសើរព្រះ។ ១០ ពេលពួកគេដឹងថាគាត់ជាបុរសដែលធ្លាប់អង្គុយសុំទាននៅទ្វារលម្អនៃវិហារ+ នោះពួកគេភ្ញាក់ផ្អើលជាខ្លាំង ក៏រំភើបចិត្តក្រៃលែងអំពីអ្វីដែលបានកើតឡើងដល់គាត់។
១១ កាលដែលបុរសនោះកំពុងតោងពេត្រុសនិងយ៉ូហាន មនុស្សទាំងឡាយបានរត់មកឯពួកគាត់នៅល្វែងសាឡូម៉ូន+ ដោយភ្ញាក់ផ្អើលហួសប្រមាណ។ ១២ ពេលឃើញដូច្នេះ ពេត្រុសនិយាយទៅកាន់បណ្ដាជនថា៖ «ជនជាតិអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាភ្ញាក់ផ្អើលអំពីរឿងនេះ? ហេតុអ្វីអ្នករាល់គ្នាសម្លឹងមើលយើងដូចជាយើងបានធ្វើឲ្យបុរសនេះដើរ ដោយសារឫទ្ធានុភាពរបស់យើងផ្ទាល់ ឬដោយសារយើងមានភក្ដីភាពចំពោះព្រះ? ១៣ ព្រះរបស់អាប្រាហាំ អ៊ីសាក និងយ៉ាកុប+ ជាព្រះនៃពួកបុព្វបុរសរបស់យើង បានតម្កើងអ្នកបម្រើរបស់លោក+ គឺលោកយេស៊ូ+ ដែលអ្នករាល់គ្នាបានប្រគល់ទៅក្នុងកណ្ដាប់ដៃមនុស្ស+ ក៏មិនទទួលស្គាល់លោកនៅមុខពីឡាត ទោះជាគាត់បានសម្រេចចិត្តដោះលែងលោកក៏ដោយ។ ១៤ អ្នករាល់គ្នាមិនទទួលស្គាល់លោកដែលបរិសុទ្ធនិងសុចរិតនោះទេ តែបែរជាសុំឲ្យដោះលែងបុរសម្នាក់ដែលជាឃាតករឲ្យអ្នករាល់គ្នាទៅវិញ។+ ១៥ រីឯមេដឹកនាំដែលផ្ដល់ជីវិត+ អ្នករាល់គ្នាបានសម្លាប់ចោល។ ប៉ុន្តែ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញ ហើយយើងជាសាក្សីអំពីការពិតនោះ។+ ១៦ បុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ បានត្រូវធ្វើឲ្យមាំមួនឡើងវិញ ដោយសារនាមរបស់លោក និងដោយសារជំនឿរបស់យើងលើនាមរបស់លោក។ ជំនឿដែលយើងមានលើលោក បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នករាល់គ្នា។ ១៧ បងប្អូនអើយ ខ្ញុំដឹងថាអ្នករាល់គ្នាបានប្រព្រឹត្តដោយមិនដឹងខ្លួន+ ដូចពួកអ្នកគ្រប់គ្រងរបស់អ្នករាល់គ្នាដែរ។+ ១៨ ប៉ុន្តែ ព្រះបានឲ្យការនេះកើតឡើងដើម្បីសម្រេចតាមសេចក្ដីដែលលោកបានប្រកាសទុកជាមុន តាមរយៈមាត់របស់ពួកអ្នកប្រកាសទំនាយថា គ្រិស្តរបស់ព្រះនឹងរងទុក្ខ។+
១៩ «ដូច្នេះ ចូរប្រែចិត្ត+ ហើយវិលមកវិញចុះ+ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល។+ យ៉ាងនេះ ព្រះយេហូវ៉ា*នឹងធ្វើឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ២០ រួចព្រះនឹងចាត់គ្រិស្តឲ្យមក ជាអ្នកដែលបានត្រូវតែងតាំងសម្រាប់អ្នករាល់គ្នា គឺលោកយេស៊ូ។ ២១ លោកយេស៊ូត្រូវនៅស្ថានសួគ៌រហូតដល់គ្រាដែលលោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ ដូចដែលព្រះបានមានប្រសាសន៍តាមរយៈមាត់របស់ពួកអ្នកប្រកាសទំនាយដ៏បរិសុទ្ធរបស់លោកនៅសម័យបុរាណ។ ២២ តាមការពិត ម៉ូសេបាននិយាយថា៖ ‹ពីចំណោមបងប្អូនរបស់អ្នក ព្រះយេហូវ៉ា*ជាព្រះរបស់អ្នកនឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា។+ អ្នករាល់គ្នាត្រូវស្ដាប់អ្វីៗទាំងអស់ដែលលោកប្រាប់អ្នករាល់គ្នា។+ ២៣ អ្នកណាដែលមិនស្ដាប់អ្នកប្រកាសទំនាយនោះ អ្នកនោះនឹងត្រូវបំផ្លាញចោលពីចំណោមបណ្ដាជន›។+ ២៤ ពួកអ្នកប្រកាសទំនាយគ្រប់គ្នា ចាប់តាំងពីសាំយូអែលរៀងមក ក៏បានប្រកាសជាចំហអំពីគ្រានេះដែរ។+ ២៥ អ្នករាល់គ្នាជាកូនចៅរបស់ពួកអ្នកប្រកាសទំនាយ និងជាអ្នកដែលទទួលមត៌កនៃកិច្ចព្រមព្រៀងដែលព្រះបានធ្វើជាមួយនឹងពួកបុព្វបុរសរបស់អ្នករាល់គ្នា+ ដូចលោកបានមានប្រសាសន៍ទៅអាប្រាហាំថា៖ ‹តាមរយៈពូជពង្សរបស់អ្នក គ្រប់ក្រុមគ្រួសារនៅផែនដីនឹងទទួលពរ›។+ ២៦ ក្រោយពីព្រះបានតែងតាំងអ្នកបម្រើរបស់លោក នោះលោកក៏ចាត់អ្នកនោះឲ្យមកឯអ្នករាល់គ្នាមុនគេ+ ដើម្បីឲ្យពរដល់អ្នករាល់គ្នា ដោយជួយអ្នករាល់គ្នាម្នាក់ៗឲ្យបែរចេញពីអំពើទុច្ចរិតរបស់ខ្លួន»។
៤ កាលដែលពួកគាត់ទាំងពីរនាក់កំពុងនិយាយនៅឡើយ ពួកសង្ឃ មេកងរក្សាវិហារ និងពួកសាឌូស៊ី+ បានមករកពួកគាត់។ ២ ពួកគេមួម៉ៅ ពីព្រោះពួកសាវ័កកំពុងបង្រៀនបណ្ដាជន ទាំងប្រកាសជាចំហអំពីការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។+ ៣ ដូច្នេះ អ្នកទាំងនោះបានចាប់ពួកគាត់ ហើយឃុំទុក+រហូតដល់ថ្ងៃស្អែក ព្រោះល្ងាចហើយ។ ៤ ប៉ុន្តែ មនុស្សជាច្រើនដែលបានស្ដាប់ពួកគាត់និយាយ ក៏បានជឿ រួចចំនួនបុរសបានកើនឡើងប្រហែល៥.០០០នាក់។+
៥ លុះស្អែកឡើង ពួកអ្នកគ្រប់គ្រង ពួកអ្នកចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ បានជួបជុំគ្នានៅក្រុងយេរូសាឡិម ៦ មានទាំងអេណាស+ដែលជាសង្ឃនាយក កៃផាស+ យ៉ូហាន អាឡិចសង់ និងអស់អ្នកដែលជាសាច់ញាតិរបស់សង្ឃនាយក។ ៧ ពួកគេបានឲ្យពេត្រុសនិងយ៉ូហានមកឈរនៅកណ្ដាលពួកគេ ហើយចាប់ផ្ដើមសួរថា៖ «តើអ្នកបានធ្វើការនេះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះរបស់អ្នកណា?»។ ៨ បន្ទាប់មក ពេត្រុសបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ហើយនិយាយទៅកាន់ពួកគេថា៖
«ពួកអ្នកគ្រប់គ្រងបណ្ដាជន និងពួកអ្នកចាស់ទុំអើយ ៩ ប្រសិនបើថ្ងៃនេះ អ្នករាល់គ្នាសួរចម្លើយយើងអំពីការប្រព្រឹត្តល្អដែលយើងបានធ្វើដល់បុរសពិការម្នាក់+ ព្រោះចង់ដឹងថាគាត់បានជាដោយសារអ្នកណា ១០ នោះសូមអ្នកទាំងអស់គ្នា និងបណ្ដាជនអ៊ីស្រាអែលទាំងឡាយជ្រាបថា បុរសនេះឈរនៅមុខអ្នករាល់គ្នាទាំងមានរូបកាយមាំមួន ដោយសារនាមរបស់លោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត+ លោកជាអ្នកដែលអ្នករាល់គ្នាបានប្រហារជីវិតលើបង្គោលឈើ+ តែព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ។+ ១១ លោកយេស៊ូនេះហើយជា‹ថ្មដែលអ្នកសាងសង់ បានចាត់ទុកថាគ្មានប្រយោជន៍ បានទៅជាថ្មដ៏សំខាន់បំផុត›។*+ ១២ ម្យ៉ាងទៀត គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ព្រោះនៅក្រោមមេឃ គ្មាននាមណាផ្សេងទៀត+ដែលព្រះបានផ្ដល់ក្នុងចំណោមមនុស្សជាតិ ដើម្បីឲ្យយើងរាល់គ្នាទទួលសេចក្ដីសង្គ្រោះទេ»។+
១៣ ពេលដែលពួកគេឃើញពេត្រុសនិងយ៉ូហាននិយាយដោយចិត្តក្លាហាន នោះពួកគេក៏ភ្ញាក់ផ្អើល ព្រោះយល់ឃើញថាពួកគាត់ជាជនសាមញ្ញ+ ហើយមិនបានរៀនសូត្រ*ទេ។ រួចមក ទើបពួកគេដឹងថាពួកគាត់ធ្លាប់នៅជាមួយនឹងលោកយេស៊ូ។+ ១៤ កាលដែលពួកគេមើលបុរសដែលបានជានោះឈរជាមួយនឹងពួកគាត់+ នោះពួកគេគ្មានអ្វីឆ្លើយតបទេ។+ ១៥ ដូច្នេះ ពួកគេបង្គាប់ពួកគាត់ឲ្យចេញក្រៅសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចពួកគេចាប់ផ្ដើមប្រឹក្សាគ្នាថា៖ ១៦ «តើយើងត្រូវធ្វើអ្វីចំពោះបុរសទាំងនេះ?+ ពីព្រោះសញ្ញាសម្គាល់ដ៏អស្ចារ្យមួយបានកើតឡើងតាមរយៈពួកគេពិតមែន ជាសញ្ញាសម្គាល់ដែលអ្នកក្រុងយេរូសាឡិមទាំងឡាយបានឃើញជាក់ស្ដែង+ ហើយយើងមិនអាចបដិសេធបានទេ។ ១៧ ទោះជាយ៉ាងនោះក៏ដោយ ចូរយើងគំរាមពួកគេ ហើយប្រាប់ថាមិនត្រូវនិយាយដោយនូវឈ្មោះនោះដល់អ្នកណាតទៅទៀតឡើយ ដើម្បីកុំឲ្យការនោះឮសុសសាយក្នុងចំណោមបណ្ដាជន»។+
១៨ លុះនិយាយចប់ ពួកគេក៏ហៅពួកគាត់មក រួចបង្គាប់ពួកគាត់មិនឲ្យនិយាយឬបង្រៀនដោយនូវនាមលោកយេស៊ូជាដាច់ខាត។ ១៩ ប៉ុន្តែ ពេត្រុសនិងយ៉ូហានតបទៅពួកគេថា៖ «បើអ្នករាល់គ្នាគិតថាការស្ដាប់បង្គាប់អ្នករាល់គ្នាជាជាងស្ដាប់បង្គាប់ព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ២០ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។+ ២១ ដូច្នេះ ពួកគេបានគំរាមពួកគាត់ថែមទៀត រួចដោះលែងទៅ ដោយសារមិនអាចរកឃើញហេតុឲ្យដាក់ទោសពួកគាត់បាន និងដោយសារខ្លាចបណ្ដាជន+ ព្រោះបណ្ដាជនទាំងឡាយកំពុងសរសើរតម្កើងព្រះអំពីអ្វីដែលបានកើតឡើង។ ២២ ចំណែកបុរសដែលបានត្រូវធ្វើឲ្យជាដោយអព្ភូតហេតុ* គាត់មានអាយុជាង៤០ឆ្នាំហើយ។
២៣ បន្ទាប់ពីបានត្រូវដោះលែង ពួកគាត់ក៏ទៅជួបអ្នកកាន់តាមឯទៀត ហើយរៀបរាប់អំពីអ្វីដែលពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំបានប្រាប់ពួកគាត់។ ២៤ កាលដែលឮអ្វីៗទាំងនោះ ពួកគាត់ទាំងអស់គ្នាបានបន្លឺសំឡេងរួមគ្នាអធិដ្ឋានទៅព្រះថា៖
«ឱម្ចាស់ដ៏ឧត្ដមបំផុត លោកជាអ្នកដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ។+ ២៥ លោកបានមានប្រសាសន៍ដោយឫទ្ធានុភាពបរិសុទ្ធរបស់លោក តាមរយៈមាត់របស់ដាវីឌជាបុព្វបុរសរបស់យើង+ និងជាអ្នកបម្រើរបស់លោកថា៖ ‹ហេតុអ្វីបានជាប្រជាជាតិទាំងឡាយចាប់ផ្ដើមជ្រួលច្របល់ ហើយជនជាតិនានាជញ្ជឹងគិតអំពីការឥតប្រយោជន៍? ២៦ ពួកស្ដេចផែនដីបានប្រុងប្រៀបតតាំង ហើយពួកអ្នកគ្រប់គ្រងបានរួមគ្នាប្រឆាំងព្រះយេហូវ៉ា*និងអ្នកដែលលោកបានរើសតាំង›។*+ ២៧ នោះបានកើតឡើងពិតមែន ព្រោះទាំងហេរ៉ូឌទាំងប៉ុនទាសពីឡាត+ ជាមួយនឹងជនជាតិផ្សេងៗនិងបណ្ដាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្រុងនេះ ដើម្បីប្រឆាំងអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូដែលលោកបានរើសតាំង។+ ២៨ ពួកគេបានជួបជុំគ្នា ហើយធ្វើអ្វីដែលលោកបានប្រកាសទុកជាមុន។ លោកបានធ្វើឲ្យការនេះកើតឡើងដោយឫទ្ធានុភាពរបស់លោក ស្របតាមបំណងប្រាថ្នារបស់លោក។+ ២៩ ឥឡូវនេះ ឱព្រះយេហូវ៉ា*អើយ សូមស្ដាប់ការគំរាមរបស់ពួកគេ ហើយសូមជួយពួកខ្ញុំបម្រើរបស់លោកឲ្យបន្តប្រកាសបណ្ដាំរបស់លោកដោយចិត្តក្លាហាន ៣០ កាលដែលលោកលាដៃដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ ហើយកាលដែលសញ្ញាសម្គាល់និងការអស្ចារ្យកើតឡើង+ដោយនូវនាមអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូ»។+
៣១ លុះពួកគាត់បានអធិដ្ឋានអង្វរ*ចប់ហើយ កន្លែងដែលពួកគាត់ជួបជុំគ្នាក៏រញ្ជួយ ហើយពួកគាត់ទាំងអស់គ្នាបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ រួចប្រកាសបណ្ដាំរបស់ព្រះដោយចិត្តក្លាហាន។+
៣២ ម្យ៉ាងទៀត មនុស្សជាច្រើនដែលជាអ្នកជឿបានរួមចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថាអ្វីដែលពួកគាត់មានជារបស់ខ្លួនទេ តែពួកគាត់ចែករំលែកអ្វីៗទាំងអស់ជាមួយគ្នា។+ ៣៣ ពួកសាវ័កបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងមានប្រសិទ្ធភាពអំពីការប្រោសលោកម្ចាស់យេស៊ូឲ្យរស់ឡើងវិញ+ ហើយពួកគាត់ទាំងអស់គ្នាបានទទួលគុណដ៏វិសេសលើសលប់យ៉ាងច្រើនពីព្រះ។ ៣៤ ក្នុងចំណោមពួកគាត់ គ្មានអ្នកណាម្នាក់ខ្វះខាតឡើយ+ ព្រោះអស់អ្នកណាដែលមានស្រែចម្ការឬផ្ទះ បានលក់យកប្រាក់ ៣៥ មកឲ្យពួកសាវ័ក។+ រួចពួកសាវ័កក៏ចែកដល់ពួកគាត់ម្នាក់ៗតាមសេចក្ដីត្រូវការ។+ ៣៦ រីឯយ៉ូសែបដែលពួកសាវ័កហៅថាបាណាបាស+ (ដែលមានន័យថា«កូននៃការសម្រាលទុក្ខ») និងជាអ្នកកោះគីប្រុស ពីកុលសម្ព័ន្ធលេវី ៣៧ គាត់មានដី ហើយបានលក់ដីយកប្រាក់មកឲ្យពួកសាវ័ក។+
៥ ក៏ប៉ុន្តែ បុរសម្នាក់ឈ្មោះអាណានាស ជាមួយនឹងសាភីរ៉ាជាប្រពន្ធ បានលក់ដីខ្លះ ២ រួចគាត់លាក់ប្រាក់មួយចំនួនទុក ហើយប្រពន្ធរបស់គាត់ក៏បានដឹងដែរ។ បន្ទាប់មក គាត់យកប្រាក់តែមួយចំណែកទៅឲ្យពួកសាវ័ក។+ ៣ ប៉ុន្តែ ពេត្រុសនិយាយថា៖ «អាណានាស ហេតុអ្វីបានជាអ្នកឲ្យសាថាន*ធ្វើឲ្យអ្នកហ៊ានកុហក+ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ដោយលាក់ប្រាក់ខ្លះដែលអ្នកបានមកពីការលក់ដីវាលដូច្នេះ? ៤ មុនដែលអ្នកលក់ដី តើវាមិនមែនជារបស់អ្នកទេឬ? រួចក្រោយពីលក់ដីហើយ អ្នកអាចប្រើប្រាស់ប្រាក់នោះតាមចិត្ត មែនទេ? ចុះហេតុអ្វីបានជាអ្នកមានគំនិតធ្វើអាក្រក់ដូច្នេះ? អ្នកមិនគ្រាន់តែកុហកមនុស្សទេ តែក៏បានកុហកព្រះដែរ»។ ៥ កាលដែលឮពាក្យទាំងនេះ អាណានាសក៏ដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកណាដែលឮអំពីការនោះ ក៏កោតខ្លាចជាខ្លាំង។ ៦ រួចមក ពួកយុវជនបានក្រោកឡើង យកក្រណាត់មករុំគាត់ រួចសែងយកទៅបញ្ចុះ។
៧ ប្រហែលបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់បានចូលមក ដោយមិនដឹងអំពីអ្វីដែលបានកើតឡើងទេ។ ៨ ពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំ តើអ្នកទាំងពីរបានលក់ដីវាលបានប្រាក់ប៉ុណ្ណឹងមែនឬ?»។ នាងឆ្លើយថា៖ «ចាស បានប្រាក់ប៉ុណ្ណឹងមែន»។ ៩ ម្ល៉ោះហើយ ពេត្រុសនិយាយទៅនាងថា៖ «ហេតុអ្វីអ្នកទាំងពីរបានរួមដៃគ្នាល្បងលឫទ្ធានុភាពរបស់ព្រះយេហូវ៉ា*ដូច្នេះ? មើល! ពួកអ្នកដែលបានបញ្ចុះសពប្ដីរបស់នាងក៏នៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងទៅដែរ»។ ១០ រំពេចនោះ នាងដួលស្លាប់នៅជិតជើងពេត្រុស។ កាលដែលពួកយុវជនមកដល់ឃើញថានាងស្លាប់ហើយ ពួកគេក៏សែងនាងទៅបញ្ចុះនៅក្បែរសពប្ដីនាង។ ១១ ហេតុនេះ ក្រុមជំនុំទាំងមូលនិងអស់អ្នកណាដែលបានឮអំពីការទាំងនេះ ក៏កោតខ្លាចជាខ្លាំង។
១២ ម្យ៉ាងទៀត ពួកសាវ័កបន្តធ្វើសញ្ញាសម្គាល់និងការអស្ចារ្យក្នុងចំណោមបណ្ដាជន+ ហើយពួកគាត់ទាំងអស់គ្នាតែងជួបជុំគ្នានៅល្វែងសាឡូម៉ូន។+ ១៣ គ្មានអ្នកណាទៀតហ៊ានចូលរួមជាមួយនឹងពួកគាត់ឡើយ។ ទោះជាយ៉ាងនោះក៏ដោយ បណ្ដាជនបានសរសើរពួកគាត់យ៉ាងខ្លាំង។ ១៤ រួចមក មនុស្សកាន់តែច្រើនទាំងប្រុសទាំងស្រីបានទៅជាអ្នកជឿលោកម្ចាស់។+ ១៥ មនុស្សបាននាំអស់អ្នកដែលឈឺចេញមកផ្លូវធំៗ រួចដាក់លើគ្រែតូចៗនិងកម្រាល ដោយសង្ឃឹមថាពេលដែលពេត្រុសដើរកាត់ ស្រមោលរបស់គាត់អាចចោលលើអ្នកទាំងនោះ ដើម្បីបានជាសះស្បើយ។+ ១៦ ម្យ៉ាងទៀត មនុស្សជាច្រើនពីក្រុងទាំងប៉ុន្មាននៅជុំវិញក្រុងយេរូសាឡិម ចេះតែមកឥតឈប់ ទាំងនាំអស់អ្នកដែលរងទុក្ខដោយសារពួកវិញ្ញាណអសោច និងមនុស្សដែលឈឺមកជាមួយផង ហើយពួកគេបានជាសះស្បើយគ្រប់គ្នា។
១៧ ប៉ុន្តែ សម្ដេចសង្ឃនិងពួកអ្នកពីនិកាយសាឌូស៊ីដែលនៅជាមួយគាត់ បានក្រោកឡើងទាំងមានចិត្តច្រណែនក្រៃលែង ១៨ រួចពួកគេចាប់ពួកសាវ័កដាក់ក្នុងគុកសាធារណៈ។+ ១៩ ប៉ុន្តែនៅយប់នោះ ទេវតារបស់ព្រះយេហូវ៉ា*បានមកបើកទ្វារគុក+ រួចនាំពួកគាត់ចេញមក ហើយប្រាប់ថា៖ ២០ «ចូរទៅឯវិហារ ហើយបន្តប្រាប់បណ្ដាជននូវដំណឹងល្អអំពីជីវិតដែលនឹងមកដល់»។ ២១ ឮដូច្នេះ ពួកគាត់ក៏ចូលក្នុងវិហារពេលថ្ងៃរះ រួចចាប់ផ្ដើមបង្រៀន។
ក្រោយពីសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយបានមកដល់ ពួកគេក៏ប្រមូលក្រុមប្រឹក្សាជាន់ខ្ពស់និងអ្នកចាស់ទុំទាំងឡាយនៃពួកកូន*អ៊ីស្រាអែល រួចបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវ័កមក។ ២២ លុះទៅដល់ហើយ ពួកកងរក្សាវិហារឃើញថាពួកសាវ័កមិននៅក្នុងគុកឡើយ។ ដូច្នេះ ពួកគេក៏វិលមកវិញ ហើយរាយការណ៍ថា៖ ២៣ «យើងឃើញគុកនៅចាក់សោ ហើយបិទជិតល្អណាស់ ក៏ឃើញពួកអ្នកយាមកំពុងឈរនៅមាត់ទ្វារនៅឡើយ ប៉ុន្តែពេលដែលបើកទៅ យើងមិនឃើញអ្នកណានៅក្នុងនោះទេ»។ ២៤ ឮដូច្នេះ ទាំងមេកងរក្សាវិហារទាំងពួកសង្ឃនាយកក៏ងឿងឆ្ងល់ជាខ្លាំងថារឿងនោះនឹងទៅជាយ៉ាងណាវិញ។ ២៥ ប៉ុន្តែ មនុស្សម្នាក់បានមកដល់ ហើយរាយការណ៍ប្រាប់ពួកគេថា៖ «មើល! បុរសទាំងប៉ុន្មានដែលអ្នករាល់គ្នាបានដាក់គុក កំពុងឈរបង្រៀនបណ្ដាជននៅវិហារ»។ ២៦ រួចមក មេកងរក្សាវិហារបានចេញទៅជាមួយនឹងពួកភ្នាក់ងាររបស់គាត់ ហើយបានចាប់ពួកសាវ័កមក តែមិនបានប្រើអំពើហិង្សាទេ ដោយសារខ្លាចបណ្ដាជនគប់ដុំថ្មសម្លាប់ពួកគេ។+
២៧ ដូច្នេះ ពួកគេក៏នាំពួកគាត់មកឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ រួចសម្ដេចសង្ឃសួរចម្លើយពួកគាត់ ២៨ ហើយនិយាយថា៖ «យើងបានបង្គាប់អ្នករាល់គ្នាមិនឲ្យបង្រៀនដោយអាងឈ្មោះនោះជាដាច់ខាត+ តែមើល! អ្នករាល់គ្នាបានផ្សាយសេចក្ដីបង្រៀនរបស់អ្នកពេញក្រុងយេរូសាឡិម ហើយបានតាំងចិត្តធ្វើឲ្យយើងទទួលខុសត្រូវចំពោះឈាមបុរសនោះ»។+ ២៩ ពេត្រុសនិងពួកសាវ័កឯទៀតបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។+ ៣០ ព្រះនៃបុព្វបុរសរបស់យើងបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ជាលោកដែលអ្នករាល់គ្នាបានសម្លាប់ដោយព្យួរលើបង្គោលឈើ។+ ៣១ គឺលោកនោះហើយដែលព្រះបានតម្កើងឲ្យនៅខាងស្ដាំដៃលោក+ ជាមេដឹកនាំ+និងជាអ្នកសង្គ្រោះ+ ដើម្បីឲ្យអ៊ីស្រាអែលប្រែចិត្ត រួចទទួលការអភ័យទោសចំពោះការខុសឆ្គង។+ ៣២ យើងជាសាក្សីអំពីការទាំងនេះ+ ហើយសាក្សីមួយទៀតគឺឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ដែលលោកបានឲ្យដល់អ្នកណាដែលស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រង»។
៣៣ ពេលឮដូច្នេះ ពួកគេខឹងយ៉ាងខ្លាំង ហើយចង់សម្លាប់ពួកគាត់ចោល។ ៣៤ ប៉ុន្តែ ផារិស៊ី*ម្នាក់ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់បានក្រោកឡើង គាត់ឈ្មោះកាម៉េលាល+ ជាគ្រូច្បាប់មួយរូបដែលបណ្ដាជនទាំងឡាយកោតគោរព។ គាត់បង្គាប់ឲ្យគេនាំបុរសទាំងនោះទៅខាងក្រៅបន្តិចសិន។ ៣៥ រួចគាត់និយាយទៅពួកគេថា៖ «ជនជាតិអ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួនស្ដីអំពីអ្វីដែលអ្នករាល់គ្នាបម្រុងនឹងធ្វើចំពោះបុរសទាំងនោះ។ ៣៦ ជាឧទាហរណ៍ នៅពេលមុន មានមនុស្សម្នាក់ឈ្មោះធើដាសដែលបានលើកខ្លួនជាវរជន ហើយបុរសប្រហែល៤០០នាក់បានចូលបក្សពួករបស់គាត់។ ប៉ុន្តែ គាត់ត្រូវគេសម្លាប់ចោល ឯអស់អ្នកដែលដើរតាមគាត់ ពួកគេបានខ្ចាត់ខ្ចាយ ហើយបាត់សូន្យទៅ។ ៣៧ បន្ទាប់ពីគាត់ មានយូដាសពីស្រុកកាលីឡេបានក្រោកឡើងប្រឆាំង នៅសម័យដែលបណ្ដាជនត្រូវចុះបញ្ជី ហើយគាត់បានទាញនាំមនុស្សឲ្យទៅតាមគាត់។ ទោះជាយ៉ាងនោះក៏ដោយ គាត់ក៏ត្រូវគេសម្លាប់ដែរ ហើយអស់អ្នកដែលដើរតាមគាត់បានខ្ចាត់ខ្ចាយទៅ។ ៣៨ អាស្រ័យហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំជ្រៀតជ្រែកក្នុងការរបស់បុរសទាំងនោះឡើយ ហើយកុំធ្វើអ្វីដល់ពួកគេឲ្យសោះ ពីព្រោះបើគម្រោងឬកិច្ចការនេះមកពីមនុស្ស នោះនឹងរលាយសាបសូន្យ។ ៣៩ ប៉ុន្តែ ប្រសិនបើមកពីព្រះវិញ អ្នករាល់គ្នាមិនអាចរំលាយបានឡើយ។+ ពុំនោះសោត អ្នករាល់គ្នាប្រហែលជាកំពុងតយុទ្ធប្រឆាំងនឹងព្រះវិញ»។+ ៤០ ឮដូច្នេះ ពួកគេស្ដាប់គាត់ រួចបានហៅពួកសាវ័កមក ហើយវាយពួកគាត់នឹងរំពាត់+ ថែមទាំងបង្គាប់ឲ្យឈប់និយាយដោយអាងនាមលោកយេស៊ូទៀត រួចក៏ដោះលែងពួកគាត់ទៅ។
៤១ ម្ល៉ោះហើយ ពួកគាត់ចេញពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ដោយត្រេកអរ+ ពីព្រោះពួកគាត់បានត្រូវរាប់ថាពួកគាត់សមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក។ ៤២ ជារៀងរាល់ថ្ងៃ ក្នុងវិហារនិងពីផ្ទះមួយទៅផ្ទះមួយ+ ពួកគាត់បន្តបង្រៀននិងប្រកាសដំណឹងល្អឥតឈប់ អំពីលោកយេស៊ូដែលជាគ្រិស្ត។+
៦ នៅគ្រានោះ កាលដែលចំនួនអ្នកកាន់តាមកំពុងកើនឡើង ពួកអ្នកកាន់តាម*ដែលនិយាយភាសាក្រិចចាប់ផ្ដើមត្អូញត្អែរអំពីពួកអ្នកកាន់តាម*ដែលនិយាយភាសាហេប្រឺ ពីព្រោះរាល់ថ្ងៃ ពួកស្ត្រីមេម៉ាយដែលនិយាយភាសាក្រិចមិនបានទទួលការយកចិត្តទុកដាក់ក្នុងពេលចែកអាហារទេ។+ ២ ដូច្នេះ សាវ័កទាំង១២នាក់បានហៅពួកអ្នកកាន់តាមមកជុំគ្នាទាំងអស់ ហើយនិយាយទៅពួកគាត់ថា៖ «បើយើងឈប់បង្រៀនបណ្ដាំរបស់ព្រះ ហើយទៅចែកអាហារវិញ* នោះមិនត្រឹមត្រូវទេ។+ ៣ ហេតុនេះ សូមបងប្អូនជ្រើសរើសបុរស៧នាក់ក្នុងចំណោមអ្នករាល់គ្នាដែលមានកេរ្ដិ៍ឈ្មោះល្អ+ ហើយដែលពេញទៅដោយប្រាជ្ញានិងឫទ្ធានុភាពរបស់ព្រះ+ ដើម្បីយើងអាចតែងតាំងពួកគាត់ឲ្យមើលការខុសត្រូវលើកិច្ចការដ៏ចាំបាច់នេះ។+ ៤ ចំណែកយើងវិញ យើងនឹងព្យាយាមក្នុងសេចក្ដីអធិដ្ឋាននិងក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។ ៥ ពួកអ្នកកាន់តាមទាំងអស់ពេញចិត្តយោបល់របស់ពួកសាវ័ក ដូច្នេះពួកគាត់បានជ្រើសរើសស្ទេផាន ជាបុរសម្នាក់ដែលពោរពេញទៅដោយជំនឿនិងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ព្រមទាំងជ្រើសរើសភីលីព+ ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណាស និងនីកូឡាសដែលជាអ្នកដូរសាសនា*មកពីក្រុងអាន់ទីយ៉ូក។ ៦ រួចពួកគាត់នាំបុរសទាំងនោះមកឈរនៅមុខពួកសាវ័ក។ ពួកសាវ័កអធិដ្ឋាន រួចដាក់ដៃលើបុរសទាំងនោះ។+
៧ ម្ល៉ោះហើយ បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង+ ចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមកើនឡើងច្រើនក្រៃលែង+ ហើយសង្ឃមួយក្រុមធំក៏បានទៅជាអ្នកជឿដែរ។+
៨ ឯស្ទេផានជាអ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ បានធ្វើការអស្ចារ្យយ៉ាងធំនិងសញ្ញាសម្គាល់ក្នុងចំណោមបណ្ដាជន។ ៩ ប៉ុន្តែ បុរសខ្លះពីក្រុមមួយដែលហៅថាសាលាប្រជុំអតីតខ្ញុំបម្រើ និងបុរសខ្លះពីក្រុងគីរេននិងក្រុងអាឡិចសង់ទ្រា ហើយពីតំបន់ស៊ីលីស៊ីនិងខេត្តអាស៊ី* បានក្រោកឡើងជជែកតវ៉ានឹងស្ទេផាន។ ១០ ប៉ុន្តែ ពួកគេមិនអាចទប់ទល់នឹងប្រាជ្ញារបស់គាត់ និងឫទ្ធានុភាពរបស់ព្រះដែលកំពុងដឹកនាំគាត់ឲ្យនិយាយទេ។+ ១១ រួចពួកគេលួចញុះញង់បុរសខ្លះឲ្យនិយាយថា៖ «យើងបានឮគាត់និយាយប្រមាថម៉ូសេនិងព្រះ»។ ១២ ពួកគេក៏អុជអាលបណ្ដាជន ពួកអ្នកចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ រួចពួកគេក៏ស្ទុះទៅចាប់ស្ទេផានដោយកម្លាំង ហើយនាំទៅក្រុមប្រឹក្សាជាន់ខ្ពស់។ ១៣ បន្ទាប់មក ពួកគេនាំសាក្សីក្លែងក្លាយមកប្រាប់ថា៖ «បុរសនេះចេះតែនិយាយប្រឆាំងច្បាប់ និងកន្លែងបរិសុទ្ធនេះ។ ១៤ ជាឧទាហរណ៍ យើងបានឮគាត់និយាយថា យេស៊ូនេះពីក្រុងណាសារ៉ែតនឹងរុះកន្លែងនេះចោល ហើយកែប្រែទំនៀមទម្លាប់ដែលយើងបានមកពីម៉ូសេ»។
១៥ កាលអស់អ្នកដែលអង្គុយនៅក្នុងសាលក្រុមប្រឹក្សាជាន់ខ្ពស់កំពុងសម្លឹងមើលគាត់ ពួកគេឃើញថាមុខគាត់គឺប្រៀបដូចជាមុខទេវតា។
៧ ប៉ុន្តែ សម្ដេចសង្ឃសួរថា៖ «តើដូច្នេះមែនឬ?»។ ២ ស្ទេផាននិយាយថា៖ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំ។ ព្រះនៃសិរីរុងរឿងបានលេចមកឲ្យអាប្រាហាំដែលជាបុព្វបុរសយើងឃើញ កាលដែលគាត់នៅតំបន់មេសូប៉ូតាមា មុនគាត់តាំងលំនៅក្នុងក្រុងហារ៉ាន។+ ៣ រួចព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ចូរចាកចេញពីស្រុកនិងសាច់ញាតិរបស់អ្នក ហើយមកកាន់ស្រុកដែលខ្ញុំនឹងបង្ហាញអ្នក›។+ ៤ គាត់ក៏ចាកចេញពីស្រុកខាល់ដេទៅតាំងលំនៅ នៅក្រុងហារ៉ាន។ ក្រោយពីឪពុកគាត់ស្លាប់+ ព្រះនាំគាត់ឲ្យដូរលំនៅពីកន្លែងនោះមកកាន់ស្រុកនេះ ដែលអ្នករាល់គ្នាកំពុងរស់នៅ។+ ៥ ក៏ប៉ុន្តែ ព្រះមិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយ សូម្បីតែដីប៉ុនបាតជើង តែលោកបានសន្យាឲ្យស្រុកនេះជាកម្មសិទ្ធិដល់គាត់និងដល់ពូជពង្សរបស់គាត់ដែលកើតតៗមក+ ទោះជាគាត់មិនទាន់មានកូនក៏ដោយ។ ៦ ម្យ៉ាងទៀត ព្រះបានមានប្រសាសន៍ថា ពូជរបស់គាត់នឹងទៅជាអ្នកស្នាក់នៅក្នុងស្រុករបស់ជនជាតិផ្សេង ហើយជនជាតិនោះនឹងយកពួកគេធ្វើជាខ្ញុំបម្រើ ក៏នឹងធ្វើទុក្ខពួកគេអស់៤០០ឆ្នាំ។+ ៧ រួចព្រះមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងវិនិច្ឆ័យប្រជាជាតិដែលបានយកពួកគេធ្វើជាខ្ញុំបម្រើ។+ បន្ទាប់ពីការទាំងនោះ ពួកគេនឹងចេញពីស្រុកនោះមកបំពេញកិច្ចបម្រើពិសិដ្ឋចំពោះខ្ញុំនៅកន្លែងនេះ›។+
៨ «ព្រះក៏បានឲ្យកិច្ចព្រមព្រៀងអំពីការកាត់ចុងស្បែក*ទៅគាត់ដែរ។+ ម្ល៉ោះហើយ ពេលដែលអ៊ីសាក+ ជាកូនរបស់គាត់កើតបាន៨ថ្ងៃ+ នោះគាត់បានកាត់ចុងស្បែកឲ្យអ៊ីសាក។ រួចអ៊ីសាកបានបង្កើត*យ៉ាកុប ហើយយ៉ាកុបបានបង្កើតប្រមុខគ្រួសារ*ទាំង១២។ ៩ ប្រមុខគ្រួសារទាំងនោះក៏មានចិត្តច្រណែនយ៉ូសែប+ រួចលក់គាត់ទៅឲ្យជនជាតិអេហ្ស៊ីប។+ ប៉ុន្តែ ព្រះនៅជាមួយនឹងយ៉ូសែប+ ១០ ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ ក៏ផ្ដល់ប្រាជ្ញាដល់គាត់ ហើយធ្វើឲ្យផារ៉ូដែលជាស្ដេចអេហ្ស៊ីបពេញចិត្តគាត់។ រួចផារ៉ូបានតែងតាំងយ៉ូសែបឲ្យគ្រប់គ្រងស្រុកអេហ្ស៊ីបនិងវិមានទាំងមូលរបស់គាត់។+ ១១ ក្រោយមកស្រុកអេហ្ស៊ីបនិងស្រុកកាណានទាំងមូលបានកើតការអត់ឃ្លាន រហូតដល់មានទុក្ខវេទនាជាខ្លាំង ហើយពួកបុព្វបុរសរបស់យើងរកស្បៀងអាហារមិនបានឡើយ។+ ១២ ប៉ុន្តែ យ៉ាកុបឮថាមានស្បៀងអាហារ*នៅស្រុកអេហ្ស៊ីប ដូច្នេះគាត់ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅជាលើកទី១។+ ១៣ រួចលើកទី២ដែលពួកគាត់ទៅ យ៉ូសែបបានប្រាប់ពួកគាត់ឲ្យដឹងថាខ្លួនគាត់ជាអ្នកណា ហើយផារ៉ូក៏បានស្គាល់អំពីក្រុមគ្រួសាររបស់យ៉ូសែប។+ ១៤ ដូច្នេះ យ៉ូសែបបានចាត់គេឲ្យទៅហៅយ៉ាកុបជាឪពុក និងសាច់ញាតិទាំងអស់របស់គាត់+ ដែលមានចំនួន៧៥នាក់ ឲ្យចេញពីកន្លែងនោះមកឯគាត់។+ ១៥ យ៉ាកុបបានចុះទៅស្រុកអេហ្ស៊ីប+ ក្រោយមកគាត់បានស្លាប់នៅទីនោះ+ ហើយពួកបុព្វបុរសរបស់យើងក៏ដូច្នោះដែរ។+ ១៦ ឆ្អឹងរបស់ពួកគាត់បានត្រូវយកទៅក្រុងស៊ីគឹម ហើយដាក់ក្នុងទីបញ្ចុះសពដែលអាប្រាហាំបានយកប្រាក់ទៅទិញពីពួកកូនហេម័រនៅក្រុងស៊ីគឹម។+
១៧ «លុះជិតដល់គ្រាដែលព្រះនឹងធ្វើតាមសេចក្ដីសន្យាដែលលោកបានប្រកាសប្រាប់អាប្រាហាំ នោះចំនួនបណ្ដាជនបានកើនកាន់តែច្រើនឡើងនៅស្រុកអេហ្ស៊ីប ១៨ រហូតដល់មានស្ដេចមួយផ្សេងទៀតឡើងគ្រងរាជ្យលើស្រុកអេហ្ស៊ីប ហើយស្ដេចនោះមិនស្គាល់យ៉ូសែបទេ។+ ១៩ ស្ដេចនោះបានប្រើល្បិចកលដើម្បីទាស់ប្រឆាំងនឹងជនរួមជាតិរបស់យើង ហើយបានធ្វើបាបឪពុកទាំងឡាយ ដោយបង្ខំពួកគេឲ្យបោះបង់ចោលទារករបស់ខ្លួន កុំឲ្យរស់រានមានជីវិត។+ ២០ នៅគ្រានោះម៉ូសេបានកើតមក ហើយគាត់ស្អាតល្អក្រៃលែងចំពោះព្រះ។ គាត់បានទទួលការចិញ្ចឹមបីបាច់អស់បីខែនៅផ្ទះរបស់ឪពុកគាត់។+ ២១ ប៉ុន្តែ ពេលដែលគាត់បានត្រូវបោះបង់ចោល+ កូនស្រីរបស់ផារ៉ូបានរើសគាត់យកមកចិញ្ចឹមជាកូនប្រុសរបស់ខ្លួន។+ ២២ ម្ល៉ោះហើយ ម៉ូសេបានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជា*របស់ជនជាតិអេហ្ស៊ីប ហើយគាត់ក៏ពូកែក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលគាត់បានធ្វើ។+
២៣ «លុះមានអាយុ៤០ឆ្នាំហើយ ម៉ូសេមានចិត្តចង់ទៅមើលស្ថានភាពរបស់បងប្អូនគាត់ ពោលគឺពួកកូន*អ៊ីស្រាអែល។+ ២៤ ពេលដែលម៉ូសេក្រឡេកទៅឃើញជនជាតិអេហ្ស៊ីបម្នាក់កំពុងប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើបងប្អូនម្នាក់របស់គាត់ នោះគាត់បានការពារអ្នកដែលកំពុងត្រូវគេធ្វើបាប ហើយសងសឹកជំនួស ដោយវាយសម្លាប់ជនជាតិអេហ្ស៊ីបនោះ។ ២៥ គាត់គិតស្មានថាបងប្អូនរបស់គាត់នឹងយល់ថា ព្រះកំពុងសង្គ្រោះពួកគេដោយដៃរបស់គាត់ ប៉ុន្តែពួកគេមិនបានយល់ដូច្នេះទេ។ ២៦ លុះស្អែកឡើង គាត់លេចមុខមកកាលដែលបងប្អូនគាត់ពីរនាក់កំពុងឈ្លោះគ្នា ហើយគាត់ខំសម្រុះសម្រួលពួកគេ ដោយនិយាយថា៖ ‹អ្នកទាំងពីរជាបងប្អូននឹងគ្នា។ ហេតុអ្វីបានជាអ្នកទាំងពីរធ្វើអាក្រក់ដាក់គ្នាដូច្នេះ?›។ ២៧ ប៉ុន្តែ អ្នកដែលកំពុងធ្វើអាក្រក់ដាក់អ្នកជិតខាងរបស់ខ្លួន បានរុញម៉ូសេចេញ ដោយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យមកគ្រប់គ្រងនិងកាត់ក្ដីឲ្យយើង? ២៨ តើអ្នកចង់សម្លាប់ខ្ញុំ ដូចអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបម្នាក់នោះពីម្សិលមិញឬ?›។ ២៩ ឮដូច្នេះ ម៉ូសេភៀសខ្លួនទៅតាំងលំនៅក្នុងស្រុកម៉ាឌាន។ នៅទីនោះគាត់បង្កើតបានកូនប្រុសពីរនាក់។+
៣០ «លុះ៤០ឆ្នាំក្រោយមក ទេវតាមួយរូបបានលេចមកជួបគាត់នៅតំបន់ស្ងាត់ជ្រងំភ្នំស៊ីណាយក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លាមួយ។+ ៣១ ពេលដែលម៉ូសេឃើញ គាត់នឹកអស្ចារ្យក្នុងចិត្ត។ ប៉ុន្តែ កាលដែលគាត់កំពុងចូលទៅជិតដើម្បីពិនិត្យមើល គាត់ឮសំឡេងរបស់ព្រះយេហូវ៉ា*ថា៖ ៣២ ‹ខ្ញុំជាព្រះនៃបុព្វបុរសរបស់អ្នក ជាព្រះនៃអាប្រាហាំ ព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប›។+ ម៉ូសេក៏ញ័ររន្ធត់ ហើយមិនហ៊ានពិនិត្យមើលតទៅទៀតទេ។ ៣៣ ព្រះយេហូវ៉ា*មានប្រសាសន៍ទៅគាត់ថា៖ ‹ចូរដោះស្បែកជើងចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរជាដីបរិសុទ្ធ។ ៣៤ ខ្ញុំបានឃើញច្បាស់នូវការសង្កត់សង្កិនរាស្ដ្ររបស់ខ្ញុំដែលនៅស្រុកអេហ្ស៊ីប ក៏បានឮពួកគេថ្ងូរ+ ហើយខ្ញុំបានចុះមកដើម្បីរំដោះពួកគេ។ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅស្រុកអេហ្ស៊ីប›។ ៣៥ ម៉ូសេនេះឯង ដែលពួកគេមិនទទួលស្គាល់ ហើយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនិងជាអ្នកកាត់ក្ដី?›+ គឺជាបុរសដែលព្រះបានចាត់+ឲ្យទៅធ្វើជាអ្នកគ្រប់គ្រងនិងអ្នករំដោះ ដោយដៃរបស់ទេវតាដែលបានលេចមកជួបគាត់ក្នុងគុម្ពបន្លា។ ៣៦ បុរសនេះបាននាំពួកគេចេញមក+ ក្រោយពីបានធ្វើការអស្ចារ្យនិងសញ្ញាសម្គាល់នៅស្រុកអេហ្ស៊ីប+ នៅសមុទ្រក្រហម+ និងនៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំ។+
៣៧ «គឺម៉ូសេនេះឯងដែលបានប្រាប់ពួកកូនអ៊ីស្រាអែលថា៖ ‹ពីចំណោមបងប្អូនរបស់អ្នក ព្រះនឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា›។+ ៣៨ គឺអ្នកនេះហើយដែលបាននៅជាមួយនឹងក្រុមជំនុំនៅតំបន់ស្ងាត់ជ្រងំ ព្រមទាំងជាមួយនឹងទេវតា+ដែលបាននិយាយជាមួយនឹងគាត់+នៅភ្នំស៊ីណាយ ក៏នៅជាមួយនឹងពួកបុព្វបុរសរបស់យើង។ គាត់បានទទួលប្រសាសន៍ដ៏ពិសិដ្ឋដែលមានឫទ្ធានុភាព ដើម្បីឲ្យដល់យើងទាំងអស់គ្នា។+ ៣៩ ពួកបុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ឡើយ តែបានបដិសេធគាត់+ ហើយចិញ្ចឹមចិត្តចង់ត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ។+ ៤០ ពួកគេប្រាប់អេរ៉ុនថា៖ ‹ចូរធ្វើរូបព្រះឲ្យយើង ដើម្បីនាំមុខយើង។ ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាគាត់បានទៅជាយ៉ាងណានោះទេ›។+ ៤១ ម្ល៉ោះហើយ នៅគ្រានោះពួកគេធ្វើរូបកូនគោមួយ ក៏បានយកគ្រឿងបូជាមកជូនរូបព្រះនោះ រួចនាំគ្នាសប្បាយរីករាយនឹងស្នាដៃរបស់ពួកគេ។+ ៤២ ដូច្នេះ ព្រះបានបែរចេញដោយទុកឲ្យពួកគេបំពេញកិច្ចបម្រើពិសិដ្ឋជូនអ្វីៗដែលនៅលើមេឃ+ ដូចពួកអ្នកប្រកាសទំនាយបានសរសេរថា៖ ‹ឱពូជពង្សអ៊ីស្រាអែលអើយ អស់៤០ឆ្នាំនៅតំបន់ស្ងាត់ជ្រងំ អ្នករាល់គ្នាមិនបានជូនគ្រឿងបូជាផ្សេងៗដល់ខ្ញុំទេ មែនទេ? ៤៣ ប៉ុន្តែគឺជាត្រសាលនៃព្រះម៉ូឡុក+ និងផ្កាយរបស់ព្រះរេផាន់ដែលអ្នករាល់គ្នាបានលើកយកទៅ គឺជារូបផ្សេងៗដែលអ្នករាល់គ្នាបានធ្វើដើម្បីគោរពបូជាព្រះទាំងនោះ។ ដូច្នេះ ខ្ញុំនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយហួសស្រុកបាប៊ីឡូនទៀត›។+
៤៤ «នៅតំបន់ស្ងាត់ជ្រងំ ពួកបុព្វបុរសរបស់យើងមានត្រសាលនៃសក្ខីភាព ដូចព្រះបានបង្គាប់ពេលដែលលោកមានប្រសាសន៍ប្រាប់ម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ។+ ៤៥ ពួកបុព្វបុរសរបស់យើងដែលបានទទួលត្រសាលនោះតៗមក ក៏យកទៅជាមួយ ពេលដែលពួកគាត់និងយ៉ូស្វេចូលក្នុងស្រុករបស់ជនជាតិដទៃ+ ដែលព្រះបានបណ្ដេញចេញពីមុខពួកបុព្វបុរសរបស់យើង។+ ត្រសាលក៏នៅទីនោះរហូតដល់សម័យដាវីឌ។ ៤៦ ដាវីឌបានទទួលការពេញចិត្តពីព្រះ ហើយគាត់សុំកិត្តិយសធ្វើលំនៅមួយសម្រាប់ព្រះនៃយ៉ាកុប។+ ៤៧ ប៉ុន្តែគឺសាឡូម៉ូនវិញ ដែលបានធ្វើវិហារសម្រាប់លោក។+ ៤៨ ទោះជាយ៉ាងនោះក៏ដោយ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនអាស្រ័យនៅក្នុងវិហារធ្វើដោយដៃមនុស្សឡើយ+ ដូចអ្នកប្រកាសទំនាយបាននិយាយថា៖ ៤៩ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ថា ស្ថានសួគ៌ជាបល្ល័ង្ករបស់ខ្ញុំ+ ហើយផែនដីជាទីកំណល់ជើងរបស់ខ្ញុំ។+ តើអ្នករាល់គ្នាអាចធ្វើវិហារបែបណាសម្រាប់ខ្ញុំ? ឬតើកន្លែងណាអាចជាទីអាស្រ័យនៅរបស់ខ្ញុំ? ៥០ ដៃរបស់ខ្ញុំបានធ្វើអ្វីៗទាំងអស់នេះ មែនទេ?›។+
៥១ «ឱអ្នករឹងរូសដែលបិទទាំងចិត្តទាំងត្រចៀក*អើយ អ្នករាល់គ្នាតែងតែប្រឆាំងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ពួកបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ។+ ៥២ គ្មានអ្នកប្រកាសទំនាយណាម្នាក់ដែលពួកបុព្វបុរសរបស់អ្នករាល់គ្នាមិនបានបៀតបៀនទេ+ ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកជាមុនអំពីការមកដល់របស់លោកដែលជាអ្នកសុចរិត+ គឺលោកដែលអ្នករាល់គ្នាបានក្បត់និងធ្វើឃាត។+ ៥៣ អ្នករាល់គ្នាបានទទួលច្បាប់ដូចដែលទេវតាបានពាំនាំមក+ តែអ្នករាល់គ្នាមិនបានធ្វើតាមទេ»។
៥៤ ពេលឮដូច្នេះ ពួកគេក៏ខឹងយ៉ាងខ្លាំង ហើយបានសង្កៀតធ្មេញដាក់គាត់។ ៥៥ ប៉ុន្តែ ដោយសារគាត់បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ គាត់បានសម្លឹងទៅមេឃ ហើយឃើញសិរីរុងរឿងរបស់ព្រះ និងឃើញលោកយេស៊ូកំពុងឈរនៅខាងស្ដាំព្រះ+ ៥៦ រួចគាត់និយាយថា៖ «មើល! ខ្ញុំឃើញមេឃ*បើកចំហ ហើយកូនមនុស្ស+កំពុងឈរនៅខាងស្ដាំព្រះ»។+ ៥៧ ឮដូច្នេះ ពួកគេស្រែកយ៉ាងខ្លាំង ហើយយកដៃខ្ទប់ត្រចៀក រួចស្ទុះទៅចាប់គាត់ព្រមគ្នា។ ៥៨ បន្ទាប់ពីពួកគេបោះគាត់ទៅក្រៅក្រុង ពួកគេក៏ចាប់ផ្ដើមគប់គាត់នឹងដុំថ្ម។+ ពួកសាក្សី+បានដាក់សម្លៀកបំពាក់ក្រៅរបស់ពួកគេនៅជិតជើងបុរសវ័យក្មេងម្នាក់ឈ្មោះសុល។+ ៥៩ កាលដែលពួកគេគប់ស្ទេផាននឹងដុំថ្ម គាត់អង្វរលោកយេស៊ូ ដោយនិយាយថា៖ «លោកម្ចាស់យេស៊ូ សូមទទួលជីវិត*ខ្ញុំ»។ ៦០ រួចគាត់លុតជង្គង់ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ព្រះយេហូវ៉ា* សូមកុំផ្ដន្ទាទោសពួកគេចំពោះអំពើខុសឆ្គងនេះឡើយ»។+ លុះនិយាយចប់ គាត់ក៏ស្លាប់ទៅ។*
៨ ចំណែកសុលវិញ គាត់ពេញចិត្តនឹងការធ្វើឃាតស្ទេផាន។+
នៅថ្ងៃនោះ ក្រុមជំនុំនៅក្រុងយេរូសាឡិមត្រូវគេចាប់ផ្ដើមបៀតបៀនយ៉ាងខ្លាំង ហើយពួកអ្នកកាន់តាមទាំងឡាយបានត្រូវខ្ចាត់ខ្ចាយពេញតំបន់យូឌានិងតំបន់សាម៉ារី លើកលែងតែពួកសាវ័ក។+ ២ ប៉ុន្តែ បុរសមួយចំនួនដែលកោតខ្លាចព្រះបានយកស្ទេផានទៅបញ្ចុះ ក៏បានយំស្ដាយគាត់ជាខ្លាំង។ ៣ រីឯសុលវិញ គាត់ចាប់ផ្ដើមធ្វើទុក្ខក្រុមជំនុំខ្លាំងក្រៃលែង។ គាត់សម្រុកចូលពីផ្ទះមួយទៅផ្ទះមួយដោយចាប់អូសទាំងប្រុសទាំងស្រីចេញមក រួចបញ្ជូនទៅគុក។+
៤ ទោះជាយ៉ាងនោះក៏ដោយ អស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយក្នុងស្រុក ដោយប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះ។+ ៥ ឯភីលីពបានចុះទៅក្រុង*សាម៉ារី+ ហើយចាប់ផ្ដើមផ្សព្វផ្សាយប្រាប់បណ្ដាជនអំពីគ្រិស្ត។ ៦ ពួកគេគ្រប់គ្នាបានផ្ចង់អារម្មណ៍ទៅលើអ្វីដែលភីលីពនិយាយ កាលដែលពួកគេស្ដាប់និងមើលសញ្ញាសម្គាល់ដែលគាត់កំពុងធ្វើ។ ៧ ព្រោះពួកគេជាច្រើននាក់មានវិញ្ញាណអសោចចូល ហើយវិញ្ញាណទាំងនោះបានស្រែកយ៉ាងខ្លាំង រួចចេញពីពួកគេទៅ។+ ម្យ៉ាងទៀត ពួកគេជាច្រើននាក់ដែលស្លាប់ដៃស្លាប់ជើងឬពិការ បានត្រូវធ្វើឲ្យជាសះស្បើយ។ ៨ ដូច្នេះ បណ្ដាជននៅក្រុងនោះបានត្រេកអរខ្លាំងក្រៃលែង។
៩ នៅក្រុងនោះមានបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលពីមុនមកគាត់ចេះវេទមន្ត។ គាត់ធ្វើឲ្យជនជាតិសាម៉ារីនឹកអស្ចារ្យក្នុងចិត្ត ហើយគាត់អះអាងថាខ្លួនគាត់ជាអ្នកមានមុខមានមាត់ម្នាក់។ ១០ ពួកគេទាំងអស់គ្នាចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត បានប្រុងស្ដាប់គាត់ ហើយនិយាយគ្នាថា៖ «បុរសនេះមានឫទ្ធានុភាពខ្លាំងក្លាពីព្រះ»។ ១១ ដូច្នេះ ពួកគេផ្ចង់អារម្មណ៍ស្ដាប់គាត់ ពីព្រោះគាត់បានធ្វើឲ្យពួកគេនឹកអស្ចារ្យក្នុងចិត្តអស់មួយរយៈពេលយូរ ដោយសារវេទមន្តរបស់គាត់។ ១២ ប៉ុន្តែ ពេលពួកគេបានជឿភីលីពដែលកំពុងប្រកាសដំណឹងល្អអំពីរាជាណាចក្រព្រះ+ និងអំពីនាមរបស់លោកយេស៊ូគ្រិស្ត នោះពួកគេទាំងប្រុសទាំងស្រីក៏ទទួលការជ្រមុជទឹក។+ ១៣ ស៊ីម៉ូនក៏បានទៅជាអ្នកជឿដែរ ហើយក្រោយពីទទួលការជ្រមុជទឹក គាត់បាននៅជាប់នឹងភីលីព។+ ស៊ីម៉ូននឹកអស្ចារ្យក្នុងចិត្តពេលឃើញសញ្ញាសម្គាល់ទាំងប៉ុន្មាន និងការដែលប្រកបដោយឫទ្ធានុភាពយ៉ាងខ្លាំងក្លាដែលភីលីពកំពុងធ្វើ។
១៤ ពេលដែលពួកសាវ័កនៅក្រុងយេរូសាឡិមឮថា បណ្ដាជននៅស្រុកសាម៉ារីបានទទួលយកបណ្ដាំរបស់ព្រះ+ នោះពួកគាត់បានចាត់ពេត្រុសនិងយ៉ូហានឲ្យទៅឯពួកគេ។ ១៥ លុះពេត្រុសនិងយ៉ូហានទៅដល់ ពួកគាត់បានអធិដ្ឋានឲ្យបណ្ដាជនទាំងនោះទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។+ ១៦ ព្រោះពួកគេមិនទាន់ទទួលឫទ្ធានុភាពបរិសុទ្ធនៅឡើយទេ ពួកគេបានត្រឹមតែទទួលការជ្រមុជទឹកដោយនូវនាមលោកយេស៊ូប៉ុណ្ណោះ។+ ១៧ រួចមក ពួកគាត់ដាក់ដៃលើអ្នកទាំងនោះ+ ហើយអ្នកទាំងនោះចាប់ផ្ដើមទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។
១៨ កាលដែលស៊ីម៉ូនឃើញពួកសាវ័កដាក់ដៃលើមនុស្សឲ្យទទួលឫទ្ធានុភាពរបស់ព្រះ នោះគាត់ស្នើឲ្យលុយដល់ពួកគាត់ ១៩ ដោយនិយាយថា៖ «សូមឲ្យខ្ញុំមានអំណាចនោះដែរ ដើម្បីពេលខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះអាចទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»។ ២០ ប៉ុន្តែ ពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ពីព្រោះអ្នកគិតស្មានថាអាចយកប្រាក់មកដើម្បីទទួលអំណោយទានពីព្រះ។+ ២១ អ្នកគ្មានចំណែកអ្វីសោះក្នុងរឿងនេះ ពីព្រោះព្រះឃើញថាចិត្តរបស់អ្នកមិនទៀងត្រង់ទេ។ ២២ ដូច្នេះ ចូរប្រែចិត្តពីសេចក្ដីអាក្រក់នេះ ហើយអង្វរសុំព្រះយេហូវ៉ា* ដើម្បីអ្នកអាចទទួលការអភ័យទោសចំពោះបំណងចិត្តអាក្រក់របស់អ្នក ២៣ ព្រោះខ្ញុំឃើញថាអ្នកមានចិត្តពិសពុល ក៏ពោរពេញទៅដោយភាពមិនសុចរិត»។ ២៤ ស៊ីម៉ូនតបថា៖ «សូមអ្នកទាំងពីរអង្វរព្រះយេហូវ៉ា*ឲ្យខ្ញុំផង ដើម្បីកុំឲ្យអ្វីៗដែលអ្នកបាននិយាយកើតឡើងដល់ខ្ញុំ»។
២៥ ម្ល៉ោះហើយ ពេលដែលពួកគាត់បានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់ និងបានប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ា*ហើយ នោះពួកគាត់វិលទៅក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អនៅភូមិជាច្រើនរបស់ជនជាតិសាម៉ារី។+
២៦ ក៏ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ា+និយាយទៅភីលីពថា៖ «ចូរក្រោកឡើងទៅប៉ែកខាងត្បូងដល់ផ្លូវដែលចុះពីក្រុងយេរូសាឡិមដល់ក្រុងកាសា» (ផ្លូវនេះកាត់វាលខ្សាច់)។ ២៧ ឮដូច្នេះ គាត់ក៏ក្រោកឡើងហើយទៅ រួចឃើញមន្ត្រីជាន់ខ្ពស់*ជនជាតិអេត្យូពីម្នាក់របស់មហាក្សត្រីអេត្យូពីឈ្មោះខាន់ឌីស។ គាត់មានអំណាច ហើយជាអ្នកមើលការខុសត្រូវលើឃ្លាំងទ្រព្យទាំងអស់របស់មហាក្សត្រី។ បុរសនោះបានទៅក្រុងយេរូសាឡិមដើម្បីគោរពបូជា+ ២៨ ហើយឥឡូវគាត់កំពុងអង្គុយក្នុងរទេះសេះធ្វើដំណើរត្រឡប់ទៅវិញទាំងអានឮៗពីសៀវភៅអេសាយជាអ្នកប្រកាសទំនាយ។ ២៩ ដូច្នេះ ឫទ្ធានុភាពរបស់ព្រះប្រាប់ភីលីពថា៖ «ចូររត់ទៅឲ្យទាន់រទេះនោះ»។ ៣០ ភីលីពក៏រត់ទៅទន្ទឹមរទេះនោះ ហើយឮគាត់កំពុងអានឮៗពីសៀវភៅអេសាយជាអ្នកប្រកាសទំនាយ រួចភីលីពសួរថា៖ «តើអ្នកពិតជាយល់អ្វីដែលអ្នកកំពុងអានឬទេ?»។ ៣១ គាត់និយាយថា៖ «តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?»។ ដូច្នេះ គាត់ទទូចឲ្យភីលីពឡើងអង្គុយជាមួយនឹងគាត់។ ៣២ ឯបទគម្ពីរដែលគាត់អានឮៗនោះគឺ៖ «លោកត្រូវគេនាំមកដូចជាគេដឹកចៀមយកទៅសម្លាប់។ ម្យ៉ាងទៀត លោកមិនហើបមាត់សោះ ដូចជាកូនចៀមដែលនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោម។+ ៣៣ ក្នុងអំឡុងពេលដែលលោកត្រូវគេបន្ទាបបន្ថោក នោះគេបានកាត់ក្ដីលោកដោយអយុត្តិធម៌។+ តើអ្នកណានឹងរៀបរាប់អំពីប្រវត្តិរបស់លោក? ពីព្រោះជីវិតរបស់លោកនឹងត្រូវផ្ដាច់ចេញពីផែនដី»។+
៣៤ មន្ត្រីនោះតបទៅភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើអ្នកប្រកាសទំនាយនិយាយដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីបុរសផ្សេងទៀត?»។ ៣៥ ភីលីពក៏និយាយ រួចប្រកាសដំណឹងល្អអំពីលោកយេស៊ូប្រាប់ដល់គាត់ ដោយចាប់ផ្ដើមប្រើបទគម្ពីរនោះមុនគេ។ ៣៦ កាលដែលពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ នោះឃើញកន្លែងមួយមានទឹកច្រើន ហើយមន្ត្រីនោះនិយាយថា៖ «មើល! កន្លែងនេះមានទឹកច្រើន! តើមានអ្វីដែលរារាំងខ្ញុំមិនឲ្យទទួលការជ្រមុជទឹក?»។ ៣៧ *—— ៣៨ ពេលនិយាយចប់ភ្លាម គាត់បញ្ជាឲ្យបញ្ឈប់រទេះ រួចទាំងភីលីពទាំងមន្ត្រីនោះបានចុះទៅក្នុងទឹក ហើយភីលីពជ្រមុជទឹកឲ្យគាត់។ ៣៩ កាលដែលពួកគាត់ឡើងពីទឹកមក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបាននាំភីលីពចេញទៅភ្លាម ហើយមន្ត្រីនោះមិនឃើញភីលីពទៀតទេ។ ដូច្នេះ មន្ត្រីនោះបន្តដំណើរទៅមុខទៀតទាំងមានចិត្តត្រេកអរ។ ៤០ ចំណែកឯភីលីពវិញ គាត់បានទៅក្រុងអាសូត ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយនៅតំបន់នោះ ទាំងប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតដល់គាត់ទៅដល់ក្រុងសេសារៀ។+
៩ ប៉ុន្តែ សុលនៅតែគំរាមពួកអ្នកកាន់តាមលោកម្ចាស់នៅឡើយ ហើយចង់សម្លាប់ពួកគាត់យ៉ាងខ្លាំង។+ ដូច្នេះ សុលបានទៅជួបសម្ដេចសង្ឃ ២ ហើយសុំសំបុត្រពីគាត់យកទៅសាលាប្រជុំទាំងប៉ុន្មាននៅក្រុងដាម៉ាស់ ដើម្បីអាចចាប់ចងអស់អ្នកណាដែលកាន់តាមផ្លូវលោកម្ចាស់+ រួចនាំមកក្រុងយេរូសាឡិម ទោះជាប្រុសឬស្រីក៏ដោយ។
៣ លុះធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺពីលើមេឃចាំងជុំវិញគាត់+ ៤ រួចគាត់ក៏ដួលដល់ដី ហើយឮសំឡេងមួយបន្លឺមកថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ ៥ គាត់សួរថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគឺយេស៊ូ+ ដែលអ្នកកំពុងបៀតបៀន។+ ៦ ប៉ុន្តែ ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ រួចអ្នកនឹងទទួលដំណឹងអំពីអ្វីដែលអ្នកត្រូវធ្វើ»។ ៧ ឯបុរសទាំងប៉ុន្មានដែលរួមដំណើរជាមួយនឹងគាត់ ពួកគេឈរស្ងៀមនិយាយមិនចេញ។ ពួកគេឮសំឡេងនិយាយ តែមិនឃើញអ្នកណាឡើយ។+ ៨ បន្ទាប់មក សុលបានក្រោកពីដីឡើង តែគាត់មើលអ្វីមិនឃើញសោះ ទោះជាភ្នែកគាត់នៅបើកក៏ដោយ។ ដូច្នេះ ពួកគេដឹកដៃគាត់ ហើយនាំគាត់ទៅក្រុងដាម៉ាស់។ ៩ គាត់មើលអ្វីមិនឃើញអស់រយៈពេលបីថ្ងៃ+ ក៏មិនបានបរិភោគឬផឹកអ្វីដែរ។
១០ នៅក្រុងដាម៉ាស់ មានអ្នកកាន់តាមម្នាក់ឈ្មោះអាណានាស។+ លោកម្ចាស់លេចមកឲ្យគាត់ឃើញក្នុងគំនិត ហើយមានប្រសាសន៍ទៅគាត់ថា៖ «អាណានាស!»។ គាត់ឆ្លើយថា៖ «ខ្ញុំនៅទីនេះហើយ លោកម្ចាស់»។ ១១ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើងទៅឯផ្លូវដែលហៅថាត្រង់ ហើយរកបុរសម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស+ នៅផ្ទះរបស់យូដាស។ ព្រោះមើល! គាត់កំពុងអធិដ្ឋាន ១២ ហើយក្នុងគំនិត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស មកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់អាចមើលឃើញឡើងវិញ»។+ ១៣ ប៉ុន្តែ អាណានាសតបថា៖ «លោកម្ចាស់ ខ្ញុំបានឮគេជាច្រើននាក់និយាយអំពីបុរសនេះថា គាត់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើនទៅលើពួកអ្នកបរិសុទ្ធ*របស់លោកនៅក្រុងយេរូសាឡិម។ ១៤ ពេលនេះគាត់មានអំណាចពីពួកសង្ឃនាយក ដើម្បីចាប់*អស់អ្នកណាដែលហៅរកនាមរបស់លោក»។+ ១៥ ប៉ុន្តែ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ពីព្រោះបុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើស+ ដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិនានា+ ព្រមទាំងនៅមុខស្ដេចផ្សេងៗ+ និងពួកកូន*អ៊ីស្រាអែល។ ១៦ ព្រោះខ្ញុំនឹងបង្ហាញគាត់ឲ្យឃើញច្បាស់ថា គាត់ត្រូវរងទុក្ខច្រើនយ៉ាងណាដោយសារឈ្មោះរបស់ខ្ញុំ»។+
១៧ ដូច្នេះ អាណានាសចេញទៅ រួចចូលក្នុងផ្ទះនោះ ក៏ដាក់ដៃលើសុល ហើយនិយាយថា៖ «សុល បងប្រុសអើយ លោកម្ចាស់យេស៊ូដែលបានលេចមកឲ្យអ្នកឃើញតាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ បានចាត់ខ្ញុំឲ្យមក ដើម្បីឲ្យអ្នកមើលឃើញឡើងវិញ ហើយឲ្យអ្នកពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»។+ ១៨ រំពេចនោះ មានអ្វីដែលមើលទៅដូចជាស្រកាធ្លាក់ពីភ្នែកសុល ហើយគាត់ក៏មើលឃើញឡើងវិញ។ រួចមក គាត់បានក្រោកឡើង ហើយទទួលការជ្រមុជទឹក។* ១៩ បន្ទាប់មក គាត់បរិភោគ រួចមានកម្លាំងឡើងវិញ។
គាត់នៅក្រុងដាម៉ាស់ជាមួយនឹងពួកអ្នកកាន់តាមនៅទីនោះអស់ជាច្រើនថ្ងៃ+ ២០ ហើយចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗក្នុងសាលាប្រជុំនានាអំពីលោកយេស៊ូថា លោកជាបុត្ររបស់ព្រះ។ ២១ ប៉ុន្តែ អស់អ្នកដែលឮសម្ដីរបស់គាត់តាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «តើមិនមែនបុរសនេះទេឬ ដែលបានបៀតបៀនយ៉ាងឃោរឃៅដល់អស់អ្នកនៅក្រុងយេរូសាឡិមដែលហៅរកឈ្មោះនេះ?+ តើបុរសនេះមិនមែនមកទីនេះដើម្បីចាប់ពួកគេយកទៅឯពួកសង្ឃនាយកទេឬ?»។+ ២២ ចំណែកសុលវិញ គាត់កាន់តែពូកែឡើងៗក្នុងកិច្ចបម្រើផ្សាយ។ គាត់បានជជែកវែកញែកប្រាប់ជនជាតិយូដាដែលរស់នៅក្រុងដាម៉ាស់ ដោយបង្ហាញភ័ស្តុតាងយ៉ាងសមហេតុសមផលថាលោកយេស៊ូគឺជាគ្រិស្ត។+
២៣ លុះយូរថ្ងៃក្រោយមក ជនជាតិយូដាបានប្រឹក្សាគ្នារកវិធីសម្លាប់សុលចោល។+ ២៤ ពួកគេថែមទាំងបានចាំមើលទ្វារក្រុងយ៉ាងដិតដល់ទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់គាត់ទៀតផង។ ក៏ប៉ុន្តែ គម្រោងការអាក្រក់របស់ពួកគេបានឮដល់សុល។ ២៥ ដូច្នេះនៅពេលយប់ ពួកអ្នកកាន់តាមដាក់គាត់ក្នុងកញ្ឆេ រួចសម្រូតចុះតាមចន្លោះមួយនៃកំពែង។+
២៦ លុះទៅដល់ក្រុងយេរូសាឡិមហើយ+ សុលខំចូលរួមជាមួយនឹងពួកអ្នកកាន់តាម ប៉ុន្តែពួកគាត់ទាំងអស់គ្នាខ្លាចសុល ពីព្រោះពួកគាត់មិនជឿថាសុលជាអ្នកកាន់តាមទេ។ ២៧ ដូច្នេះ បាណាបាស+បានមកជួយសុល ហើយនាំគាត់ទៅឯពួកសាវ័ក រួចរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីការដែលសុលបានឃើញលោកម្ចាស់ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ+ និងអំពីប្រសាសន៍របស់លោកទៅកាន់គាត់។ បាណាបាសក៏ប្រាប់ដែរអំពីការដែលសុលបាននិយាយយ៉ាងក្លាហានដោយនូវនាមលោកយេស៊ូនៅក្រុងដាម៉ាស់។+ ២៨ ដូច្នេះ សុលនៅជាមួយនឹងពួកគាត់តទៅទៀត ហើយដើរដោយសេរីនៅក្នុងក្រុងយេរូសាឡិមទាំងនិយាយយ៉ាងក្លាហានដោយនូវនាមរបស់លោកម្ចាស់។ ២៩ គាត់បាននិយាយនិងជជែកតវ៉ាជាមួយនឹងជនជាតិយូដាដែលនិយាយភាសាក្រិច។ ប៉ុន្តែ ពួកគេប៉ុនប៉ងសម្លាប់គាត់។+ ៣០ ពេលដែលបងប្អូនដឹងអំពីរឿងនេះ ពួកគាត់ក៏នាំសុលចុះទៅក្រុងសេសារៀ រួចឲ្យគាត់ចេញដំណើរទៅក្រុងតើសុស។+
៣១ បន្ទាប់មក ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារី+ មានសេចក្ដីសុខសាន្តមួយគ្រា ហើយបានត្រូវពង្រឹងឲ្យមាំមួនឡើង។ ពួកគេរស់នៅដោយកោតខ្លាចព្រះយេហូវ៉ា* ហើយទទួលកម្លាំងពីឫទ្ធានុភាពបរិសុទ្ធ+ ព្រមទាំងបានចម្រើនឡើងជានិច្ច។
៣២ កាលដែលពេត្រុសកំពុងធ្វើដំណើរកាត់តាមគ្រប់តំបន់ គាត់ក៏បានចុះទៅឯពួកអ្នកបរិសុទ្ធនៅក្រុងលីដាដែរ។+ ៣៣ នៅទីនោះគាត់ឃើញបុរសម្នាក់ឈ្មោះអេនាស ដែលបានដេកលើគ្រែងើបមិនរួចអស់៨ឆ្នាំ ព្រោះគាត់ស្លាប់ដៃស្លាប់ជើង។ ៣៤ រួចពេត្រុសនិយាយទៅគាត់ថា៖ «អេនាស លោកយេស៊ូគ្រិស្តធ្វើឲ្យអ្នកជា។+ ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកចុះ»។+ គាត់ក៏ក្រោកឡើងភ្លាម។ ៣៥ អស់អ្នកដែលរស់នៅក្រុងលីដានិងវាលទំនាបសារ៉ុនបានឃើញគាត់ ហើយពួកគេចាប់ផ្ដើមមានជំនឿលើលោកម្ចាស់។
៣៦ ឯនៅក្រុងយ៉ុបប៉ាវិញ មានអ្នកកាន់តាមម្នាក់ឈ្មោះតាប៊ីថា ដែលមានន័យថា«ដ័រកាស»។* នាងធ្វើអំពើល្អជាបរិបូរនិងធ្វើទានជាច្រើន។ ៣៧ ប៉ុន្តែនៅគ្រានោះ នាងធ្លាក់ខ្លួនឈឺ ហើយស្លាប់។ ដូច្នេះ គេលាងជម្រះសពនាង រួចដាក់ក្នុងបន្ទប់ខាងលើ។ ៣៨ ពេលដែលពួកអ្នកកាន់តាមឮថាពេត្រុសនៅក្រុងលីដាដែលនៅជិតក្រុងយ៉ុបប៉ា នោះពួកគាត់ក៏ចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញគាត់ថា៖ «សូមមកឯយើងជាប្រញាប់»។ ៣៩ ឮដូច្នេះ ពេត្រុសក្រោកឡើង ហើយទៅជាមួយនឹងពួកគាត់។ លុះទៅដល់ ពួកគាត់នាំពេត្រុសទៅបន្ទប់ខាងលើ រួចពួកស្ត្រីមេម៉ាយបានចូលមកជិតគាត់ទាំងយំ ហើយបង្ហាញគាត់ឲ្យឃើញសម្លៀកបំពាក់ផ្សេងៗជាច្រើនដែលដ័រកាសបានដេរកាលពីនាងនៅរស់។ ៤០ រួចមក ពេត្រុសឲ្យពួកគាត់ទាំងអស់គ្នាចេញទៅក្រៅ+ រួចគាត់លុតជង្គង់អធិដ្ឋាន ហើយបែរទៅសពដោយនិយាយថា៖ «តាប៊ីថា ចូរក្រោកឡើង!»។ នាងបានបើកភ្នែក ហើយកាលដែលក្រឡេកទៅឃើញពេត្រុស នាងក៏ងើបអង្គុយ។+ ៤១ ពេត្រុសហុចដៃឲ្យនាងតោង ហើយទាញឲ្យក្រោកឡើង រួចគាត់ហៅពួកអ្នកបរិសុទ្ធនិងពួកស្ត្រីមេម៉ាយមក ហើយបង្ហាញនាងឲ្យពួកគាត់ឃើញថានាងមានជីវិតរស់នៅ។+ ៤២ រឿងនេះបានឮពេញក្រុងយ៉ុបប៉ា ហើយមនុស្សជាច្រើនបានទៅជាអ្នកជឿលោកម្ចាស់។+ ៤៣ ពេត្រុសបន្តនៅក្រុងយ៉ុបប៉ាជាច្រើនថ្ងៃទៀត ជាមួយនឹងបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកកែច្នៃស្បែក។+
១០ នៅក្រុងសេសារៀ មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហាន*ក្នុងកងទ័ពហៅថា កងទ័ពអ៊ីតាលី។* ២ គាត់និងពួកអ្នកផ្ទះទាំងអស់របស់គាត់ ជាអ្នកគោរពកោតខ្លាចព្រះ។ គាត់ធ្វើទានជាច្រើនដល់បណ្ដាជន ហើយក៏អធិដ្ឋានអង្វរព្រះជានិច្ច។ ៣ នៅថ្ងៃមួយប្រហែលជាម៉ោងទី៩*+ គាត់ឃើញទេវតាមួយរូបរបស់ព្រះយ៉ាងច្បាស់ក្នុងគំនិត ហើយទេវតានោះចូលមកជិតគាត់ រួចនិយាយថា៖ «កូនេលាស!»។ ៤ កូនេលាសសម្លឹងមើលទេវតាទាំងភ័យខ្លាច ហើយសួរថា៖ «តើលោកម្ចាស់មានការអ្វី?»។ ទេវតានិយាយទៅកូនេលាសថា៖ «ព្រះបានឮសេចក្ដីអធិដ្ឋានរបស់អ្នក ក៏បានកត់សម្គាល់ ហើយចាំការដែលអ្នកបានធ្វើទានដល់ជនក្រីក្រ។+ ៥ ដូច្នេះ ចូរចាត់បុរសខ្លះឲ្យទៅក្រុងយ៉ុបប៉ា ដើម្បីអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក។ ៦ បុរសនេះជាភ្ញៀវស្នាក់នៅផ្ទះរបស់ស៊ីម៉ូនដែលជាអ្នកកែច្នៃស្បែក ហើយស៊ីម៉ូនមានផ្ទះនៅក្បែរមាត់សមុទ្រ»។ ៧ កាលទេវតាដែលនិយាយជាមួយនឹងគាត់បានចេញទៅផុត គាត់ហៅអ្នកបម្រើពីរនាក់និងកូនទាហានម្នាក់ដែលជាអ្នកគោរពព្រះ ពីចំណោមពួកអ្នកដែលនៅបម្រើគាត់ជាប្រចាំ ឲ្យមកជួបគាត់ ៨ ហើយគាត់រៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ទាំងអស់ រួចចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉ា។
៩ លុះស្អែកឡើង កាលដែលពួកគេកំពុងធ្វើដំណើរទៅជិតដល់ក្រុង នោះពេត្រុសបានឡើងលើដំបូលផ្ទះដើម្បីអធិដ្ឋាន នៅប្រហែលម៉ោងទី៦។* ១០ ក្រោយមក គាត់ក៏ឃ្លានខ្លាំង ហើយចង់បរិភោគ។ កាលដែលគេកំពុងរៀបចំអាហារ ស្រាប់តែគាត់លង់ស្មារតីឃើញអ្វីមួយក្នុងគំនិត។+ ១១ គាត់ឃើញមេឃបើកឡើង ហើយឃើញអ្វីមួយ*ដែលមើលទៅដូចជាផ្ទាំងក្រណាត់ធំមួយដែលបានត្រូវចងចុងជាយទាំងបួន កំពុងចុះមកដី ១២ ហើយក្នុងនោះមានសត្វគ្រប់ប្រភេទជាសត្វជើងបួន សត្វលូនវារនៅលើដី និងសត្វហើរលើអាកាស។ ១៣ រួចមក មានសំឡេងមួយបន្លឺទៅកាន់គាត់ថា៖ «ពេត្រុស! ចូរក្រោកឡើង ហើយសម្លាប់ រួចបរិភោគទៅ!»។ ១៤ ប៉ុន្តែ ពេត្រុសនិយាយថា៖ «ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលបរិភោគអ្វីដែលមិនស្អាតឬស្មោកគ្រោកឡើយ»។+ ១៥ សំឡេងនោះបន្លឺទៅគាត់ម្ដងទៀត ជាលើកទី២ថា៖ «ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាតឡើយ»។ ១៦ សំឡេងនោះបន្លឺជាលើកទី៣ទៅកាន់គាត់ រួចអ្វីនោះបានត្រូវលើកឡើងទៅលើមេឃវិញ។
១៧ កាលដែលពេត្រុសកំពុងងឿងឆ្ងល់ក្នុងចិត្តអំពីអត្ថន័យនៃអ្វីដែលគាត់បានឃើញក្នុងគំនិត ស្រាប់តែបុរសទាំងប៉ុន្មានដែលកូនេលាសបានចាត់ឲ្យមក កំពុងសួររកផ្ទះរបស់ស៊ីម៉ូន កាលដែលពួកគេឈរនៅក្បែររបងផ្ទះ។+ ១៨ ពួកគេស្រែកសួរឲ្យដឹងថាស៊ីម៉ូនដែលហៅថាពេត្រុសកំពុងស្នាក់នៅទីនោះឬទេ។ ១៩ កាលដែលពេត្រុសបន្តរំពឹងគិតអំពីអ្វីដែលគាត់បានឃើញក្នុងគំនិត នោះឫទ្ធានុភាពរបស់ព្រះ+បាននិយាយថា៖ «មើល! បុរសបីនាក់កំពុងសួររកអ្នក។ ២០ ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយនឹងពួកគេ កុំសង្ស័យឡើយ ព្រោះខ្ញុំបានចាត់ពួកគេឲ្យមក»។ ២១ រួចពេត្រុសក៏ចុះទៅឯបុរសទាំងនោះ ហើយនិយាយថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងរក។ តើអ្នករាល់គ្នាមកទីនេះមានការអ្វី?»។ ២២ ពួកគេនិយាយថា៖ «មាននាយទាហានម្នាក់ឈ្មោះកូនេលាស+ ដែលជាមនុស្សសុចរិតនិងជាអ្នកកោតខ្លាចព្រះ ហើយគាត់ជាអ្នកដែលជនជាតិយូដាសរសើរគ្រប់ៗគ្នា។ ព្រះបានណែនាំគាត់តាមរយៈទេវតាបរិសុទ្ធមួយរូប ឲ្យចាត់មនុស្សមកសុំអ្នកឲ្យទៅផ្ទះរបស់គាត់ ដើម្បីគាត់អាចស្ដាប់អ្វីដែលអ្នកនឹងនិយាយ»។ ២៣ ដូច្នេះ ពេត្រុសក៏អញ្ជើញពួកគេចូលក្នុងផ្ទះ ហើយឲ្យពួកគេស្នាក់នៅជាមួយនឹងគាត់។
លុះថ្ងៃស្អែក គាត់ក្រោកឡើង ហើយចេញដំណើរទៅជាមួយនឹងពួកគេ។ បងប្អូនខ្លះពីក្រុងយ៉ុបប៉ាក៏បានទៅជាមួយនឹងគាត់ដែរ។ ២៤ នៅថ្ងៃបន្ទាប់ពីនោះ គាត់ចូលក្រុងសេសារៀ។ កូនេលាសកំពុងរង់ចាំពួកគាត់ ហើយបានហៅញាតិសន្ដាននិងមិត្តជិតស្និទ្ធរបស់ខ្លួនឲ្យមកជុំគ្នា។ ២៥ កាលពេត្រុសចូលមកដល់ កូនេលាសបានចូលទៅជិត រួចលំឱនកាយគោរពនៅទាបជើងគាត់។ ២៦ ប៉ុន្តែ ពេត្រុសបានលើកគាត់ឡើង ដោយនិយាយថា៖ «ចូរក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។+ ២៧ កាលដែលពួកគាត់សន្ទនាបណ្ដើរ ហើយដើរចូលក្នុងផ្ទះបណ្ដើរ នោះពេត្រុសឃើញមានមនុស្សជាច្រើនកំពុងជួបជុំគ្នា។ ២៨ ពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ជនជាតិយូដាគ្មានច្បាប់ចូលទៅជិតឬទាក់ទងជាមួយនឹងជនជាតិដទៃទេ។+ ប៉ុន្តែ ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមិនគួរហៅមនុស្សណាម្នាក់ថាមិនស្អាតឬស្មោកគ្រោកឡើយ។+ ២៩ ដូច្នេះ ពេលគេទៅហៅខ្ញុំ ខ្ញុំក៏មកដោយមិនជំទាស់ទេ។ ម្ល៉ោះហើយ ខ្ញុំសូមសួរអំពីមូលហេតុដែលអ្នករាល់គ្នាបានចាត់គេឲ្យហៅខ្ញុំមក»។
៣០ រួចកូនេលាសនិយាយថា៖ «បួនថ្ងៃមុននៅម៉ោងថ្មើរនេះ ខ្ញុំកំពុងអធិដ្ឋានក្នុងផ្ទះរបស់ខ្ញុំ គឺនៅម៉ោងទី៩* ស្រាប់តែបុរសម្នាក់ដែលមានសម្លៀកបំពាក់ភ្លឺត្រចះបានឈរនៅមុខខ្ញុំ ៣១ ហើយនិយាយថា៖ ‹កូនេលាស ព្រះបានឮសេចក្ដីអធិដ្ឋានរបស់អ្នក ក៏ចាំទានដែលអ្នកបានធ្វើដែរ។ ៣២ ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉ា ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក។ បុរសនេះកំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនដែលជាអ្នកកែច្នៃស្បែក ហើយស៊ីម៉ូនមានផ្ទះនៅក្បែរមាត់សមុទ្រ›។+ ៣៣ ហេតុនេះ ភ្លាមៗខ្ញុំបានចាត់គេឲ្យទៅហៅអ្នក ហើយជាការល្អណាស់ដែលអ្នកបានមកទីនេះ។ ដូច្នេះ ឥឡូវនេះយើងទាំងអស់នៅជុំគ្នាចំពោះមុខព្រះ ដើម្បីស្ដាប់អ្វីៗទាំងអស់ដែលព្រះយេហូវ៉ា*បានបង្គាប់អ្នកឲ្យនិយាយ»។
៣៤ ពេលឮដូច្នេះ ពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវខ្ញុំយល់ច្បាស់ថា ព្រះមិនរើសមុខទេ។+ ៣៥ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ។+ ៣៦ លោកបានផ្ញើបណ្ដាំទៅពួកកូនអ៊ីស្រាអែល ដើម្បីប្រកាសប្រាប់ពួកគេនូវដំណឹងល្អស្ដីអំពីសន្តិភាព+តាមរយៈលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់លើមនុស្សទាំងអស់។+ ៣៧ អ្នករាល់គ្នាដឹងអំពីរឿងដែលគេបាននិយាយពេញតំបន់យូឌាចាប់ពីស្រុកកាលីឡេ+ បន្ទាប់ពីយ៉ូហានបានផ្សព្វផ្សាយអំពីការទទួលការជ្រមុជទឹក ៣៨ ពោលគឺអំពីលោកយេស៊ូពីក្រុងណាសារ៉ែត និងអំពីការដែលព្រះបានរើសតាំងលោកដោយឫទ្ធានុភាពបរិសុទ្ធ+និងឫទ្ធិអំណាច។ លោកបានធ្វើដំណើរពាសពេញស្រុកដោយធ្វើអំពើល្អ និងធ្វើឲ្យអស់អ្នកដែលត្រូវមេកំណាច*បៀតបៀនបានជាសះស្បើយ+ ពីព្រោះព្រះនៅជាមួយនឹងលោក។+ ៣៩ យើងជាសាក្សីអំពីការទាំងអស់ដែលលោកបានធ្វើនៅស្រុករបស់ជនជាតិយូដានិងនៅក្រុងយេរូសាឡិម។ ប៉ុន្តែ ពួកគេបានសម្លាប់លោកដោយព្យួរនឹងបង្គោលឈើ។ ៤០ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញនៅថ្ងៃទី៣+ ហើយបានអនុញ្ញាតឲ្យលោកបង្ហាញខ្លួន ៤១ មិនមែនដល់បណ្ដាជនទាំងអស់ទេ តែឲ្យបង្ហាញខ្លួនដល់ពួកសាក្សីដែលព្រះបានតែងតាំងទុកជាមុន គឺពួកយើងដែលបានផឹកនិងបរិភោគជាមួយនឹងលោក បន្ទាប់ពីលោកបានរស់ពីស្លាប់ឡើងវិញ។+ ៤២ ម្យ៉ាងទៀត លោកបានបង្គាប់យើងឲ្យផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់+ថា គឺលោកហើយដែលព្រះបានចេញបង្គាប់ឲ្យធ្វើជាចៅក្រមនៃមនុស្សរស់និងមនុស្សស្លាប់។+ ៤៣ ពួកអ្នកប្រកាសទំនាយគ្រប់រូបធ្វើជាសាក្សីបញ្ជាក់អំពីលោក+ ដើម្បីឲ្យអស់អ្នកណាដែលមានជំនឿលើលោក ទទួលការអភ័យទោសចំពោះការខុសឆ្គងដោយនូវនាមរបស់លោក»។+
៤៤ កាលដែលពេត្រុសកំពុងនិយាយអំពីការទាំងនេះ នោះអស់អ្នកដែលកំពុងស្ដាប់បណ្ដាំរបស់ព្រះបានទទួលឫទ្ធានុភាពបរិសុទ្ធ។+ ៤៥ ឯពួកអ្នកជឿ*ដែលបានមកជាមួយនឹងពេត្រុស គឺពួកអ្នកដែលបានត្រូវគេកាត់ចុងស្បែក*បាននឹកអស្ចារ្យក្នុងចិត្ត ពីព្រោះឫទ្ធានុភាពបរិសុទ្ធដែលជាអំណោយទានពីព្រះ កំពុងត្រូវចាក់ទៅលើជនជាតិដទៃផងដែរ ៤៦ ព្រោះពួកគេឮអ្នកទាំងនោះនិយាយភាសាផ្សេងៗ ព្រមទាំងសរសើរតម្កើងព្រះ។+ ពេលនោះពេត្រុសតបថា៖ ៤៧ «តើមានអ្នកណាអាចហាមអ្នកទាំងនេះមិនឲ្យទទួលការជ្រមុជទឹក+ ក្រោយពីពួកគេបានទទួលឫទ្ធានុភាពបរិសុទ្ធដូចយើងដែរ?»។ ៤៨ លុះនិយាយចប់ ពេត្រុសបង្គាប់ពួកគេឲ្យទទួលការជ្រមុជទឹកដោយនូវនាមលោកយេស៊ូគ្រិស្ត។+ រួចមក ពួកគេសុំគាត់ឲ្យស្នាក់នៅជាមួយនឹងពួកគេមួយរយៈ។
១១ ពួកសាវ័កនិងបងប្អូនទាំងឡាយនៅតំបន់យូឌាបានឮថា ជនជាតិដទៃក៏បានទទួលបណ្ដាំរបស់ព្រះដែរ។ ២ ដូច្នេះ ពេលដែលពេត្រុសបានឡើងមកក្រុងយេរូសាឡិមវិញ នោះពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក*+ ចាប់ផ្ដើមរិះគន់គាត់ ៣ ដោយនិយាយថា៖ «អ្នកបានចូលក្នុងផ្ទះរបស់បុរសដែលមិនបានទទួលការកាត់ចុងស្បែក ថែមទាំងបរិភោគជាមួយនឹងពួកគេទៀតផង»។ ៤ ឮដូច្នេះ ពេត្រុសចាប់ផ្ដើមនិយាយ ហើយពន្យល់ពួកគេយ៉ាងល្អិតល្អន់អំពីហេតុការណ៍នោះថា៖
៥ «ខ្ញុំកំពុងអធិដ្ឋាននៅក្រុងយ៉ុបប៉ា ហើយខ្ញុំបានឃើញក្នុងគំនិតនូវអ្វីមួយ*ដែលមើលទៅដូចជាផ្ទាំងក្រណាត់ធំមួយ ដែលបានត្រូវចងចុងជាយទាំងបួន កំពុងចុះមកពីលើមេឃ។ អ្វីនោះបានចុះមកជិតខ្ញុំ។+ ៦ ពេលខ្ញុំសម្លឹងមើលទៅក្នុងអ្វីនោះ ខ្ញុំបានសង្កេតឃើញថាមានសត្វជើងបួនដែលនៅលើដី ព្រមទាំងសត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។ ៧ ខ្ញុំក៏ឮសំឡេងមួយបន្លឺមកកាន់ខ្ញុំថា៖ ‹ពេត្រុស! ចូរក្រោកឡើង ហើយសម្លាប់ រួចបរិភោគទៅ!›។ ៨ ប៉ុន្តែ ខ្ញុំនិយាយថា៖ ‹ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលដាក់អ្វីដែលមិនស្អាតឬស្មោកគ្រោកក្នុងមាត់របស់ខ្ញុំឡើយ›។ ៩ សំឡេងនោះបន្លឺតបមកពីលើមេឃ ជាលើកទី២ថា៖ ‹ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាតឡើយ›។ ១០ សំឡេងនោះក៏បន្លឺមកជាលើកទី៣ រួចអ្វីទាំងអស់នោះបានត្រូវលើកឡើងទៅលើមេឃវិញ។ ១១ រំពេចនោះ មានបុរសបីនាក់ឈរនៅមុខផ្ទះដែលយើងកំពុងស្នាក់នៅ។ ពួកគេបានត្រូវចាត់ពីក្រុងសេសារៀឲ្យមកជួបខ្ញុំ។+ ១២ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះបានប្រាប់ខ្ញុំឲ្យទៅជាមួយនឹងពួកគេ ហើយកុំឲ្យសង្ស័យឡើយ។ ប៉ុន្តែ បងប្រុស៦នាក់នេះក៏បានទៅជាមួយនឹងខ្ញុំដែរ រួចពួកយើងបាននាំគ្នាចូលក្នុងផ្ទះរបស់បុរសនោះ។
១៣ «បុរសនោះបានរៀបរាប់ប្រាប់យើងអំពីការដែលគាត់ឃើញទេវតាមួយរូបឈរក្នុងផ្ទះគាត់ ដោយប្រាប់ថា៖ ‹ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉ា ដើម្បីអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក+ ១៤ ហើយគាត់នឹងប្រាប់អ្នកអំពីរបៀបដែលអ្នកនិងពួកអ្នកផ្ទះទាំងអស់របស់អ្នកអាចទទួលសេចក្ដីសង្គ្រោះ›។ ១៥ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្ដើមនិយាយ ពួកគេទទួលឫទ្ធានុភាពបរិសុទ្ធដូចយើងបានទទួលនៅដើមដំបូងដែរ។+ ១៦ ពេលនោះ ខ្ញុំនឹកឃើញប្រសាសន៍របស់លោកម្ចាស់ថា៖ ‹យ៉ូហានបានជ្រមុជគេក្នុងទឹក+ តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងឫទ្ធានុភាពបរិសុទ្ធ›។+ ១៧ ដូច្នេះ ប្រសិនបើព្រះបានផ្ដល់អំណោយទានដល់ពួកគេ ដូចដែលលោកបានផ្ដល់ឲ្យពួកយើងដែលបានជឿលោកម្ចាស់យេស៊ូគ្រិស្ត តើខ្ញុំជាអ្នកណាដែលអាចឃាត់ព្រះបាន?»។+
១៨ កាលដែលឮអ្វីៗទាំងនេះ ពួកគេក៏លែងជំទាស់ទៀត ហើយពួកគេតម្កើងព្រះដោយពោលថា៖ «បើដូច្នេះ ព្រះក៏បានផ្ដល់ឱកាសឲ្យជនជាតិដទៃប្រែចិត្ត ដើម្បីទទួលជីវិតដែរ»។+
១៩ ចំណែកឯអស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយ+ដោយសារការបៀតបៀនដែលបានកើតមកពីរឿងស្ទេផាន ពួកគេក៏បានទៅរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក តែពួកគេផ្សព្វផ្សាយដល់តែជនជាតិយូដាប៉ុណ្ណោះ។+ ២០ ក៏ប៉ុន្តែ ក្នុងចំណោមពួកគាត់ មានបុរសខ្លះពីកោះគីប្រុសនិងក្រុងគីរេនបានមកក្រុងអាន់ទីយ៉ូក ហើយចាប់ផ្ដើមផ្សព្វផ្សាយដល់ពួកអ្នកដែលនិយាយភាសាក្រិច ដោយប្រកាសប្រាប់ពួកគេនូវដំណឹងល្អអំពីលោកម្ចាស់យេស៊ូ។ ២១ បន្ថែមទៀត ព្រះយេហូវ៉ា*នៅជាមួយនឹងពួកគាត់ ហើយមនុស្សច្រើនសន្ធឹកក៏បានជឿ ហើយបែរមកកាន់តាមលោកម្ចាស់។+
២២ ដំណឹងអំពីពួកគេបានឮដល់ក្រុមជំនុំនៅក្រុងយេរូសាឡិម រួចពួកគាត់ចាត់បាណាបាស+ឲ្យទៅរហូតដល់ក្រុងអាន់ទីយ៉ូក។ ២៣ លុះទៅដល់ ហើយឃើញគុណដ៏វិសេសលើសលប់របស់ព្រះ គាត់ក៏ត្រេកអរ ហើយចាប់ផ្ដើមលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តយ៉ាងរឹងមាំបន្តនៅស្មោះត្រង់នឹងលោកម្ចាស់។+ ២៤ ព្រោះបាណាបាសជាមនុស្សល្អ ក៏ពោរពេញទៅដោយឫទ្ធានុភាពបរិសុទ្ធនិងជំនឿ ហើយមានមនុស្សមួយក្រុមធំចាប់ផ្ដើមជឿលោកម្ចាស់។+ ២៥ ដូច្នេះ គាត់បានចេញទៅក្រុងតើសុស ដើម្បីរកសុលទាល់តែឃើញ។+ ២៦ លុះឃើញហើយ គាត់ក៏នាំសុលមកក្រុងអាន់ទីយ៉ូក។ ដូច្នេះ អស់មួយឆ្នាំគត់ ពួកគាត់បានជួបជុំជាមួយនឹងពួកអ្នកក្នុងក្រុមជំនុំ ក៏បានបង្រៀនមនុស្សមួយក្រុមធំ ហើយគឺនៅក្រុងអាន់ទីយ៉ូកដែលពួកអ្នកកាន់តាមបានត្រូវហៅថាគ្រិស្តសាសនិកជាលើកដំបូង តាមការណែនាំរបស់ព្រះ។+
២៧ នៅគ្រានេះ មានពួកអ្នកប្រកាសទំនាយ+ចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។ ២៨ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាកាប៊ូស+បានក្រោកឡើង ហើយឫទ្ធានុភាពរបស់ព្រះបានបណ្ដាលឲ្យគាត់ប្រាប់ទុកជាមុនថា មិនយូរទៀតនឹងមានការអត់ឃ្លានយ៉ាងខ្លាំងនៅទូទាំងផែនដី+ ហើយការនោះពិតជាបានកើតឡើងមែននៅសម័យក្លូឌាស។ ២៩ ដូច្នេះ ពួកអ្នកកាន់តាមបានសម្រេចថា ពួកគាត់នឹងផ្ញើជំនួយ+ទៅបងប្អូនដែលរស់នៅតំបន់យូឌា តាមលទ្ធភាពរបស់ពួកគាត់ម្នាក់ៗ។+ ៣០ ពួកគាត់បានធ្វើដូច្នេះមែន ដោយផ្ញើជំនួយតាមបាណាបាសនិងសុលទៅឯពួកអ្នកចាស់ទុំ។+
១២ នៅគ្រានោះ ស្ដេច*ហេរ៉ូឌចាប់ផ្ដើមបៀតបៀនអ្នកខ្លះក្នុងក្រុមជំនុំ។+ ២ គាត់សម្លាប់យ៉ាកុបជាបងប្រុសរបស់យ៉ូហាន+ដោយដាវ។+ ៣ កាលដែលគាត់ឃើញថាជនជាតិយូដាពេញចិត្តការនោះ គាត់ក៏ចាប់ខ្លួនពេត្រុសដែរ (នោះជាអំឡុងពេលបុណ្យនំប៉័ងឥតដំបែ)។+ ៤ លុះចាប់ពេត្រុសហើយ ហេរ៉ូឌដាក់គាត់ក្នុងគុក+ ព្រមទាំងបង្គាប់ឲ្យទាហានបួនក្រុមចាំយាមគាត់ ដោយក្នុងក្រុមនីមួយៗមានទាហានបួននាក់។ ហេរ៉ូឌធ្វើដូច្នេះដោយសារមានបំណងនាំពេត្រុសមក*នៅមុខបណ្ដាជនបន្ទាប់ពីបុណ្យរំលង។ ៥ ដូច្នេះ ពេត្រុសត្រូវគេឃុំទុកក្នុងគុក តែក្រុមជំនុំបានអធិដ្ឋានអង្វរព្រះយ៉ាងអស់ពីចិត្តដើម្បីគាត់។+
៦ ប៉ុន្តែនៅយប់ មុនពេលដែលហេរ៉ូឌបម្រុងនឹងនាំពេត្រុសចេញមកបង្ហាញគេ ពេត្រុសកំពុងដេកនៅកណ្ដាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយក៏មានគេចាំយាមនៅទ្វារគុកដែរ។ ៧ ប៉ុន្តែមើល! ទេវតារបស់ព្រះយេហូវ៉ា*ឈរនៅក្បែរគាត់+ ហើយមានពន្លឺភ្លឺមកក្នុងបន្ទប់គុកនោះ។ ទេវតានោះទះចំហៀងខ្លួនពេត្រុស ហើយដាស់គាត់ ដោយនិយាយថា៖ «ក្រោកឡើងជាប្រញាប់!»។ រួចច្រវាក់បានរបូតចេញពីដៃគាត់។+ ៨ ទេវតានោះនិយាយទៅគាត់ថា៖ «ចូររៀបចំខ្លួន ហើយពាក់ស្បែកជើង»។ គាត់ក៏ធ្វើដូច្នោះ។ បន្ទាប់មក ទេវតាប្រាប់ថា៖ «ចូរពាក់សម្លៀកបំពាក់ក្រៅ ហើយតាមខ្ញុំឲ្យជាប់»។ ៩ គាត់ក៏ចេញទៅ ហើយតាមទេវតានោះជាប់ តែគាត់មិនបានដឹងថាអ្វីដែលកំពុងកើតឡើងតាមរយៈទេវតានោះជាការពិតឡើយ។ គាត់គិតស្មានថានោះជាអ្វីដែលកំពុងត្រូវបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតប៉ុណ្ណោះ។ ១០ ពួកគាត់ដើរកាត់កងយាមទី១ រួចកាត់កងយាមទី២ ទៅដល់ទ្វារដែកចូលក្រុង ហើយទ្វារនោះក៏របើកឯងនៅមុខពួកគាត់។ លុះបានចេញទៅដល់ខាងក្រៅ ពួកគាត់ចុះទៅតាមផ្លូវមួយ ស្រាប់តែទេវតានោះបានចាកចេញពីគាត់ភ្លាម។ ១១ ពេលនោះពេត្រុសក៏ដឹងអ្វីដែលបានកើតឡើង ហើយនិយាយថា៖ «ឥឡូវខ្ញុំដឹងច្បាស់ថា ព្រះយេហូវ៉ា*បានចាត់ទេវតារបស់លោកឲ្យមក ហើយបានសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃហេរ៉ូឌ និងពីការទាំងអស់ដែលជនជាតិយូដាបានសង្ឃឹមថានឹងកើតឡើងដល់ខ្ញុំ»។+
១២ ក្រោយពីពេត្រុសបានដឹងអំពីការនោះ គាត់ក៏ទៅផ្ទះម៉ារៀ ជាម្ដាយយ៉ូហានដែលហៅថាម៉ាកុស។+ នៅទីនោះ ពួកអ្នកកាន់តាមជាច្រើននាក់បានជួបជុំគ្នា ហើយកំពុងអធិដ្ឋាន។ ១៣ នៅពេលដែលពេត្រុសគោះទ្វាររបង ស្ត្រីអ្នកបម្រើម្នាក់ឈ្មោះរ៉ូដាបានចេញមកសួរ។ ១៤ លុះស្គាល់ថាសំឡេងនោះជាសំឡេងពេត្រុស នាងត្រេកអរពន់ពេក តែមិនបានបើកទ្វាររបងទេ។ ប៉ុន្តែ នាងបានរត់ចូលក្នុងផ្ទះវិញ ហើយប្រាប់ពួកគាត់ថា ពេត្រុសកំពុងឈរនៅមាត់ទ្វាររបង។ ១៥ ពួកគាត់និយាយទៅនាងថា៖ «នាងវង្វេងហើយ»។ ប៉ុន្តែ នាងនៅតែថាពេត្រុសបានមកមែន។ ពួកគាត់ចាប់ផ្ដើមនិយាយថា៖ «គឺជាទេវតារបស់គាត់ទេ»។ ១៦ ប៉ុន្តែ ពេត្រុសមិនបានចេញទៅណាឡើយ គាត់នៅតែគោះទ្វារ។ ពេលពួកគាត់ទៅបើកទ្វារឃើញពេត្រុស នោះពួកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ១៧ ប៉ុន្តែ ពេត្រុសលើកដៃធ្វើសញ្ញាឲ្យពួកគាត់នៅស្ងៀម រួចបានរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះយេហូវ៉ា*នាំគាត់ចេញពីគុក ក៏បានប្រាប់ថា៖ «ចូរទៅរាយការណ៍ប្រាប់យ៉ាកុប+និងបងប្អូនអំពីការទាំងនេះ»។ ពេលនិយាយចប់ គាត់ក៏ចេញដំណើរទៅកន្លែងមួយផ្សេងទៀត។
១៨ លុះភ្លឺឡើង ពួកទាហានក៏កើតវឹកវរជាខ្លាំងដោយឆ្ងល់អំពីអ្វីដែលកើតឡើងដល់ពេត្រុស។ ១៩ ហេរ៉ូឌខំស្វះស្វែងរកគាត់ តែរកមិនឃើញទេ។ ដូច្នេះ គាត់សួរចម្លើយពួកអ្នកយាម រួចបង្គាប់ឲ្យនាំពួកគេទៅដាក់ទោស។+ បន្ទាប់មក ហេរ៉ូឌចុះពីតំបន់យូឌាទៅក្រុងសេសារៀ ហើយគាត់នៅទីនោះអស់មួយរយៈពេល។
២០ ស្ដេចហេរ៉ូឌមួម៉ៅក្ដៅចិត្តនឹងពួកអ្នកក្រុងទីរ៉ុសនិងក្រុងស៊ីដូន។ ដូច្នេះ ពួកអ្នកក្រុងទាំងនោះព្រមព្រៀងគ្នាមកជួបគាត់។ ក្រោយពីពួកគេបានបញ្ចុះបញ្ចូលប្លាស្ទុស ដែលជាអ្នកមើលការខុសត្រូវលើពួកអ្នកផ្ទះរបស់ស្ដេច នោះពួកគេក៏សុំផ្សះផ្សាជាមួយនឹងស្ដេចហេរ៉ូឌ ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេចនោះ។ ២១ នៅថ្ងៃកំណត់ ហេរ៉ូឌបានស្លៀកពាក់សម្លៀកបំពាក់ស្ដេច ហើយអង្គុយនៅកន្លែងវិនិច្ឆ័យក្ដី រួចចាប់ផ្ដើមថ្លែងសុន្ទរកថាសាធារណៈឲ្យពួកគេស្ដាប់។ ២២ ក្រោយមក បណ្ដាជនដែលបានជួបជុំគ្នានៅទីនោះ ចាប់ផ្ដើមស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះមួយ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ ២៣ រំពេចនោះ ទេវតារបស់ព្រះយេហូវ៉ា*បានធ្វើឲ្យគាត់មានជំងឺ ពីព្រោះគាត់មិនបានផ្ដល់កិត្តិយសជូនព្រះទេ។ រួចខ្លួនប្រាណគាត់ក៏ពេញដោយដង្កូវចោះ ហើយដាច់ខ្យល់ស្លាប់ទៅ។
២៤ ប៉ុន្តែ បណ្ដាំរបស់ព្រះយេហូវ៉ា*បានដុះដាល និងចម្រើនកាន់តែច្រើនឡើង។+
២៥ ចំណែកបាណាបាស+និងសុលវិញ បន្ទាប់ពីពួកគាត់បានចាត់ចែងការផ្ដល់ជំនួយនៅក្រុងយេរូសាឡិមរួចរាល់អស់ហើយ+ នោះពួកគាត់ត្រឡប់មកវិញ ទាំងយកយ៉ូហាន+ដែលហៅថាម៉ាកុសមកជាមួយដែរ។
១៣ ក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកប្រកាសទំនាយនិងពួកអ្នកបង្រៀន+ ពោលគឺបាណាបាស និងស៊ីម៉ូនដែលហៅថាណៃកឺ លូសៀសពីក្រុងគីរេន និងម៉ាណាអេនដែលធ្លាប់រៀនជាមួយនឹងហេរ៉ូឌជាអភិបាលស្រុក ព្រមទាំងសុល។ ២ កាលដែលពួកគាត់កំពុងបម្រើព្រះយេហូវ៉ា* ព្រមទាំងតមអាហារ នោះឫទ្ធានុភាពបរិសុទ្ធរបស់លោកបានប្រាប់ថា៖ «ចូរទុកបាណាបាសនិងសុល+ដោយឡែកឲ្យខ្ញុំ ដើម្បីឲ្យពួកគាត់បំពេញកិច្ចការដែលខ្ញុំបានហៅឲ្យមកធ្វើ»។+ ៣ បន្ទាប់ពីពួកគាត់តមអាហារនិងអធិដ្ឋានរួច ពួកគាត់ដាក់ដៃលើបាណាបាសនិងសុល រួចឲ្យចេញដំណើរទៅ។
៤ ម្ល៉ោះហើយ បុរសទាំងនេះដែលឫទ្ធានុភាពបរិសុទ្ធបានចាត់ឲ្យទៅ ក៏ចុះទៅក្រុងសេលូសៀ រួចពួកគាត់ចុះទូកក្ដោងនៅកន្លែងនោះ ហើយទៅកោះគីប្រុស។ ៥ លុះទៅដល់ក្រុងសាឡាមីស ពួកគាត់ចាប់ផ្ដើមផ្សព្វផ្សាយបណ្ដាំរបស់ព្រះនៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ជនជាតិយូដា។ យ៉ូហានក៏បាននៅជាមួយដើម្បីបម្រើ*ពួកគាត់ដែរ។+
៦ ក្រោយពីពួកគាត់បានធ្វើដំណើរពេញកោះនោះរហូតដល់ក្រុងប៉ាផូស ពួកគាត់បានប្រទះបុរសជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាគ្រូធ្មប់ និងជាអ្នកប្រកាសទំនាយមិនពិត។ ៧ គាត់នៅជាមួយនឹងស៊ើគាសប៉ូឡូសដែលជាអភិបាលខេត្ត និងជាអ្នកមានប្រាជ្ញា។ ស៊ើគាសប៉ូឡូសបានហៅបាណាបាសនិងសុលឲ្យមកឯគាត់ ព្រោះគាត់ចង់ឮបណ្ដាំរបស់ព្រះខ្លាំងណាស់។ ៨ ប៉ុន្តែ អេលីម៉ាសដែលជាគ្រូធ្មប់ (ឈ្មោះរបស់គាត់មានន័យថាគ្រូធ្មប់) ចាប់ផ្ដើមប្រឆាំងពួកគាត់ ដោយខំបំបែរស៊ើគាសប៉ូឡូសចេញពីជំនឿ។ ៩ រួចសុលដែលហៅថាប៉ូល បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធ ក៏សម្លឹងមើលចំអេលីម៉ាស ១០ ហើយនិយាយថា៖ «ឱមនុស្សដែលពេញទៅដោយភាពក្លែងបន្លំ និងសេចក្ដីខូចអាក្រក់សព្វបែបយ៉ាងអើយ អ្នកជាកូនមេកំណាច*+ និងជាសត្រូវនៃអ្វីៗទាំងអស់ដែលសុចរិត តើអ្នកមិនព្រមឈប់ពង្វាងផ្លូវត្រង់របស់ព្រះយេហូវ៉ា*ទេឬ? ១១ មើល! ដៃរបស់ព្រះយេហូវ៉ា*នៅលើអ្នក ហើយអ្នកនឹងងងឹតភ្នែក មើលមិនឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ អ្វីដែលមើលទៅដូចជាអ័ព្ទបានធ្វើឲ្យភ្នែកគាត់មើលមិនឃើញ រួចគាត់ក៏ងងឹតភ្នែកទៅ ហើយបានដើរវិលវល់រកគេដឹកដៃគាត់។ ១២ លុះអភិបាលខេត្តឃើញអ្វីដែលបានកើតឡើង គាត់ក៏ទៅជាអ្នកជឿ ព្រោះគាត់នឹកអស្ចារ្យក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា។*
១៣ បន្ទាប់មក ប៉ូលនិងបុរសទាំងនោះធ្វើដំណើរតាមផ្លូវទឹក ចេញពីក្រុងប៉ាផូសទៅដល់ក្រុងពើកានៅខេត្តប៉ាមភីលៀ។ ប៉ុន្តែ យ៉ូហាន+បានចាកចេញពីពួកគាត់ ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ។+ ១៤ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានបន្តដំណើរពីក្រុងពើកាទៅក្រុងអាន់ទីយ៉ូកនៅតំបន់ភីស៊ីឌា រួចបានចូលអង្គុយក្នុងសាលាប្រជុំ+នៅថ្ងៃឈប់សម្រាក។ ១៥ បន្ទាប់ពីបានអានច្បាប់*+និងសៀវភៅរបស់ពួកអ្នកប្រកាសទំនាយចប់ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំបានចាត់គេឲ្យទៅប្រាប់ពួកគាត់ថា៖ «បងប្អូនអើយ ប្រសិនបើមានអ្វីដែលអាចនិយាយលើកទឹកចិត្តបណ្ដាជន សូមប្រាប់មក»។ ១៦ ដូច្នេះ ប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា រួចនិយាយថា៖
«ឱជនជាតិអ៊ីស្រាអែលនិងអ្នកឯទៀតដែលកោតខ្លាចព្រះ សូមស្ដាប់ខ្ញុំ។ ១៧ ព្រះនៃបណ្ដាជនអ៊ីស្រាអែលនេះបានជ្រើសរើសពួកបុព្វបុរសរបស់យើង ហើយលោកបានតម្កើងបណ្ដាជននេះក្នុងអំឡុងពេលដែលពួកគេស្នាក់នៅជាជនបរទេសក្នុងស្រុកអេហ្ស៊ីប ហើយលោកបាននាំពួកគេចេញមកដោយឫទ្ធានុភាពខ្លាំងក្លា។*+ ១៨ អស់រយៈពេលប្រហែល៤០ឆ្នាំនៅតំបន់ស្ងាត់ជ្រងំ លោកបានទ្រាំនឹងការប្រព្រឹត្តរបស់ពួកគេ។+ ១៩ បន្ទាប់ពីបានបំផ្លាញអស់ប្រជាជាតិ៧នៅស្រុកកាណាន លោកក៏ប្រគល់ទឹកដីទាំងនោះឲ្យពួកបុព្វបុរសរបស់យើងជាមត៌ក។+ ២០ ការទាំងអស់នោះកើតឡើងក្នុងរយៈពេលប្រហែល៤៥០ឆ្នាំ។
«ក្រោយពីការទាំងនេះ លោកបានឲ្យពួកអ្នកសម្រេចក្ដីដល់ពួកគេ រហូតដល់មានសាំយូអែល ជាអ្នកប្រកាសទំនាយ។+ ២១ ប៉ុន្តែក្រោយមក ពួកគេទាមទារឲ្យមានស្ដេច+ រួចព្រះបានឲ្យសុលជាកូនប្រុសគីស ពីកុលសម្ព័ន្ធបេនយ៉ាមីន+ឲ្យគ្រប់គ្រងលើពួកគេអស់រយៈពេល៤០ឆ្នាំ។ ២២ បន្ទាប់ពីបានដកសុលពីតំណែង លោកបានតាំងដាវីឌឡើងជាស្ដេច+ ហើយលោកបានបញ្ជាក់អំពីគាត់ថា៖ ‹ខ្ញុំបានរកឃើញដាវីឌ ជាកូនអ៊ីសាយ+ និងជាអ្នកដែលខ្ញុំពេញចិត្ត+ គាត់នឹងធ្វើអ្វីៗទាំងអស់តាមបំណងចិត្តខ្ញុំ›។ ២៣ តាមរយៈកូនចៅ*របស់បុរសនេះ ព្រះបានឲ្យអ៊ីស្រាអែលមានអ្នកសង្គ្រោះម្នាក់ដូចលោកបានសន្យា ពោលគឺលោកយេស៊ូ។+ ២៤ មុនលោកមកដល់ យ៉ូហានបានផ្សព្វផ្សាយជាសាធារណៈដល់បណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យប្រែចិត្ត ដោយទទួលការជ្រមុជទឹក។*+ ២៥ ប៉ុន្តែ ពេលដែលយ៉ូហានជិតបញ្ចប់កិច្ចបម្រើរបស់គាត់ គាត់តែងនិយាយថា៖ ‹តើអ្នករាល់គ្នាគិតថាខ្ញុំជាអ្វី? ខ្ញុំមិនមែនជាលោកទេ។ ប៉ុន្តែមើល! មានមនុស្សម្នាក់ដែលនឹងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងជូនលោកឡើយ›។+
២៦ «បងប្អូនដែលជាកូនចៅអាប្រាហាំ និងអ្នកឯទៀតដែលកោតខ្លាចព្រះអើយ បណ្ដាំរបស់ព្រះស្ដីអំពីសេចក្ដីសង្គ្រោះបានត្រូវផ្ញើមកយើង។+ ២៧ ព្រោះអ្នកក្រុងយេរូសាឡិមនិងពួកអ្នកគ្រប់គ្រងមិនបានស្គាល់លោកទេ តែពេលដែលពួកគេវិនិច្ឆ័យលោក នោះពួកគេបានសម្រេចអ្វីៗដែលពួកអ្នកប្រកាសទំនាយបានប្រាប់ទុកជាមុន+ ជាអ្វីៗដែលគេអានឲ្យស្ដាប់រាល់ថ្ងៃឈប់សម្រាក។ ២៨ ទោះជាពួកគេបានឃើញថាលោកគ្មានទោសអ្វីគួរនឹងស្លាប់ក៏ដោយ+ ក៏ពួកគេទាមទារឲ្យពីឡាតប្រហារជីវិតលោកដែរ។+ ២៩ ក្រោយពីពួកគេបានសម្រេចការទាំងអស់ដែលបានត្រូវសរសេរអំពីលោកហើយ ពួកគេក៏យកលោកចុះពីបង្គោលឈើ រួចដាក់ក្នុងទីបញ្ចុះសព។+ ៣០ ប៉ុន្តែ ព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ+ ៣១ រួចអស់ជាច្រើនថ្ងៃ លោកបានលេចមកជួបពួកអ្នកដែលបានឡើងពីស្រុកកាលីឡេទៅក្រុងយេរូសាឡិមជាមួយនឹងលោក។ ពួកអ្នកទាំងនេះកំពុងធ្វើជាសាក្សីបញ្ជាក់អំពីលោកប្រាប់បណ្ដាជន។+
៣២ «ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នានូវដំណឹងល្អអំពីសេចក្ដីសន្យាដែលព្រះបានឲ្យដល់ពួកបុព្វបុរស។ ៣៣ ព្រះបានសម្រេចសេចក្ដីសន្យានោះយ៉ាងពេញលេញដើម្បីយើង ដែលជាកូនរបស់បុព្វបុរសទាំងនោះ ដោយប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ+ ដូចបានត្រូវសរសេរក្នុងចម្រៀងសរសើរព្រះ ទំនុកទី២ថា៖ ‹អ្នកជាកូនរបស់ខ្ញុំ ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំជាឪពុករបស់អ្នក›។+ ៣៤ ព្រះបានបញ្ជាក់ថាលោកបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ហើយមិនឲ្យលោកត្រឡប់ទៅមានរូបកាយដែលខូចទៅបានឡើយ ពេលដែលលោកមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំនឹងឲ្យអ្នករាល់គ្នានូវសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលខ្ញុំបានសន្យានឹងដាវីឌ ហើយនោះជាអ្វីដ៏គួរឲ្យទុកចិត្ត›។+ ៣៥ ដូច្នេះ ទំនុកមួយទៀតក្នុងចម្រៀងសរសើរព្រះចែងថា៖ ‹លោកនឹងមិនឲ្យអ្នកស្មោះត្រង់របស់លោកឃើញសេចក្ដីខូចរលួយឡើយ›។+ ៣៦ ឯដាវីឌវិញ គាត់បានបម្រើព្រះពេលដែលគាត់នៅរស់ រួចពេលដែលគាត់ស្លាប់ គេបានដាក់សពគាត់ជាមួយនឹងពួកបុព្វបុរសរបស់គាត់ ហើយសពគាត់បានខូចរលួយទៅ។+ ៣៧ ចំណែកលោកដែលព្រះបានប្រោសឲ្យរស់ឡើងវិញ លោកមិនបានឃើញសេចក្ដីខូចរលួយទេ។+
៣៨ «ដូច្នេះបងប្អូនអើយ សូមជ្រាបថា តាមរយៈលោកនោះហើយដែលយើងកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីការអភ័យទោសចំពោះអំពើខុសឆ្គង។+ ៣៩ តាមរយៈលោកដែរ អស់អ្នកណាដែលជឿក៏រាប់ថាគ្មានទោស+ ពីការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ថាគ្មានទោសតាមច្បាប់ម៉ូសេ។+ ៤០ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវប្រយ័ត្ន កុំឲ្យអ្វីដែលពួកអ្នកប្រកាសទំនាយបានចែងទុកជាមុន កើតឡើងចំពោះអ្នករាល់គ្នា ពោលគឺ៖ ៤១ ‹ឱពួកអ្នកដែលមើលងាយអើយ ចូរមើល ហើយកោតស្ងើចចុះ ហើយចូរបាត់សូន្យទៅ ពីព្រោះខ្ញុំនឹងធ្វើការមួយនៅគ្រារបស់អ្នករាល់គ្នា ជាការដែលអ្នករាល់គ្នានឹងមិនជឿសោះ ទោះជាមានគេរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់ក៏ដោយ›»។+
៤២ កាលដែលពួកគាត់កំពុងចេញទៅ បណ្ដាជនចាប់ផ្ដើមអង្វរពួកគាត់ឲ្យប្រាប់រឿងទាំងនេះនៅថ្ងៃឈប់សម្រាកបន្ទាប់។ ៤៣ ដូច្នេះ បន្ទាប់ពីអង្គប្រជុំចប់ហើយ ជនជាតិយូដានិងអ្នកដូរសាសនា*ជាច្រើននាក់ដែលគោរពប្រណិប័តន៍ព្រះ ក៏បានទៅតាមប៉ូលនិងបាណាបាស ហើយពួកគាត់បានព្យាយាមលើកទឹកចិត្តពួកគេឲ្យបន្តធ្វើជាមនុស្សដែលសមនឹងទទួលគុណដ៏វិសេសលើសលប់ពីព្រះ។+
៤៤ នៅថ្ងៃឈប់សម្រាកបន្ទាប់ អ្នកក្រុងសឹងតែទាំងអស់បាននាំគ្នាមកស្ដាប់បណ្ដាំរបស់ព្រះយេហូវ៉ា។* ៤៥ នៅពេលដែលជនជាតិយូដាឃើញមនុស្សសន្ធឹកយ៉ាងនេះ ពួកគេមានចិត្តច្រណែនក្រៃលែង ក៏ចាប់ផ្ដើមនិយាយប្រឆាំងប៉ូលដោយប្រើសម្ដីប្រមាថមើលងាយ។+ ៤៦ ដូច្នេះ ប៉ូលនិងបាណាបាសបាននិយាយដោយក្លាហានថា៖ «ជាការចាំបាច់ដែលយើងប្រាប់បណ្ដាំរបស់ព្រះដល់អ្នករាល់គ្នាមុនគេ។+ ប៉ុន្តែដោយសារអ្នករាល់គ្នាកំពុងច្រានចោលបណ្ដាំនោះ ហើយបង្ហាញថាខ្លួនមិនសមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ មើល! យើងបែរទៅជនជាតិដទៃវិញ។+ ៤៧ ព្រោះព្រះយេហូវ៉ា*បានបង្គាប់យើងដោយមានប្រសាសន៍ថា៖ ‹ខ្ញុំបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ ដើម្បីឲ្យអ្នកធ្វើជាសេចក្ដីសង្គ្រោះរហូតដល់ចុងបំផុតផែនដី›»។+
៤៨ ពេលដែលជនជាតិដទៃឮដូច្នេះ ពួកគេក៏ត្រេកអរ ហើយចាប់ផ្ដើមតម្កើងបណ្ដាំរបស់ព្រះយេហូវ៉ា* រួចអស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់ បានក្លាយទៅជាអ្នកជឿ។ ៤៩ ម្យ៉ាងទៀត បណ្ដាំរបស់ព្រះយេហូវ៉ា*បានត្រូវផ្សាយនៅគ្រប់កន្លែងក្នុងស្រុកនោះ។ ៥០ ប៉ុន្តែ ជនជាតិយូដាបានបញ្ចុះបញ្ចូលពួកស្ត្រីដែលមានកេរ្ដិ៍ឈ្មោះល្បី និងជាអ្នកកោតខ្លាចព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកបុរសដែលមានមុខមានមាត់នៅក្រុងនោះ រួចអ្នកទាំងនោះបានញុះញង់គេឲ្យបៀតបៀន+ប៉ូលនិងបាណាបាស ហើយបានបោះពួកគាត់ទៅក្រៅដែនដីរបស់ពួកគេ។ ៥១ បន្ទាប់មក ពួកគាត់បានរលាស់ធូលីដីពីជើងពួកគាត់ចេញទុកជាការដាស់តឿនពួកគេ រួចបានទៅក្រុងអ៊ីកូនាម។+ ៥២ ឯពួកអ្នកកាន់តាមបានពោរពេញទៅដោយអំណរ+និងឫទ្ធានុភាពបរិសុទ្ធជានិច្ច។
១៤ នៅក្រុងអ៊ីកូនាម ប៉ូលនិងបាណាបាសបានចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយពួកគាត់អធិប្បាយល្អដល់ម្ល៉េះ បានជាជនជាតិយូដានិងជនជាតិក្រិចច្រើនសន្ធឹកទៅជាអ្នកជឿ។ ២ ប៉ុន្តែ ជនជាតិយូដាដែលមិនជឿ បានញុះញង់និងបង្វិលខួរបណ្ដាជនដែលជាជនជាតិដទៃឲ្យប្រឆាំងបងប្អូន។+ ៣ ដូច្នេះ ប៉ូលនិងបាណាបាសចំណាយពេលជាច្រើននៅក្រុងនោះ ហើយពួកគាត់បានទទួលអំណាចពីព្រះយេហូវ៉ា*ដើម្បីនិយាយយ៉ាងក្លាហាន។ លោកបានប្រើពួកគាត់ឲ្យធ្វើសញ្ញាសម្គាល់និងការអស្ចារ្យ ដើម្បីបញ្ជាក់ដំណឹងដែលពួកគេបានផ្សាយ ពោលគឺដំណឹងអំពីគុណដ៏វិសេសលើសលប់របស់លោក។+ ៤ ក៏ប៉ុន្តែ ពួកអ្នកក្រុងនោះបានបែកគ្នាជាពីរក្រុម។ អ្នកខ្លះគាំទ្រខាងជនជាតិយូដា ហើយអ្នកខ្លះទៀតគាំទ្រខាងពួកសាវ័ក។ ៥ ទាំងជនជាតិដទៃ ទាំងជនជាតិយូដា និងពួកអ្នកគ្រប់គ្រងរបស់ពួកគេ បានប៉ុនប៉ងប្រព្រឹត្តយ៉ាងព្រហើនទៅលើប៉ូលនិងបាណាបាស ថែមទាំងចង់គប់ពួកគាត់នឹងដុំថ្មទៀតផង។+ ៦ ពេលពួកគាត់ដឹងអំពីគម្រោងនោះ ពួកគាត់ក៏ភៀសខ្លួនទៅក្រុងនៃតំបន់លីកៅនា គឺក្រុងលីស្ត្រានិងក្រុងឌើបេ ហើយទៅតំបន់នៅជិតៗនោះ។+ ៧ នៅទីនោះ ពួកគាត់បន្តប្រកាសដំណឹងល្អ។
៨ នៅក្រុងលីស្ត្រាមានបុរសម្នាក់ខ្វិនជើងកំពុងអង្គុយ។ គាត់ខ្វិនតាំងពីកំណើត ដូច្នេះគាត់មិនធ្លាប់ដើរសោះឡើយ។ ៩ បុរសនេះកំពុងស្ដាប់ប៉ូលនិយាយ។ ប៉ូលសម្លឹងមើលចំបុរសនេះ ក៏ឃើញថាគាត់មានជំនឿ ហើយបុរសនេះក៏ជឿដែរថាគាត់អាចជាសះស្បើយ។+ ១០ រួចប៉ូលបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរក្រោកឈរឲ្យត្រង់ចុះ!»។ បុរសនេះក៏ស្ទុះក្រោកឡើង ហើយចាប់ផ្ដើមដើរ។+ ១១ ពេលឃើញអ្វីដែលប៉ូលបានធ្វើ បណ្ដាជនក៏បន្លឺសំឡេង និយាយជាភាសាលីកៅនាថា៖ «ព្រះបានកាឡាខ្លួនជាមនុស្សជាតិ ចុះមកឯយើងហើយ!»។+ ១២ រួចពួកគេចាប់ផ្ដើមហៅបាណាបាសថាព្រះសឺស ហើយហៅប៉ូលថាព្រះហ៊ើមេស ដោយសារគាត់ជាអ្នកនាំមុខនិយាយ។ ១៣ ឯសង្ឃរបស់ព្រះសឺស ដែលមានវិហារនៅច្រកចូលក្រុងនោះ បាននាំយកគោឈ្មោលនិងភួង*មកឯខ្លោងទ្វារក្រុង ហើយចង់ជូនគ្រឿងបូជាជាមួយនឹងបណ្ដាជន។
១៤ ក៏ប៉ុន្តែ ពេលដែលសាវ័កបាណាបាសនិងសាវ័កប៉ូលឮអំពីការនោះ ពួកគាត់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្ទុះរត់ទៅកណ្ដាលបណ្ដាជន ដោយស្រែកឡើងថា៖ ១៥ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើដូច្នេះ? យើងជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ។+ យើងកំពុងប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាលះចោលការឥតប្រយោជន៍ទាំងនេះ ហើយបែរមកគោរពប្រណិប័តន៍ព្រះដែលមានជីវិតរស់នៅ ជាព្រះដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ។+ ១៦ នៅជំនាន់មុនៗ លោកបានអនុញ្ញាតឲ្យប្រជាជាតិទាំងអស់ធ្វើតាមចិត្តខ្លួន។+ ១៧ ក៏ប៉ុន្តែ លោកបានផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថា+លោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល+ ហើយឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។+ ១៨ ទោះជាពួកគាត់និយាយដូច្នោះក៏ដោយ បណ្ដាជននៅតែព្យាយាមជូនគ្រឿងបូជាដល់ពួកគាត់ ហើយពួកគាត់ខំឃាត់ពួកគេសឹងតែមិនបាន។
១៩ ប៉ុន្តែ ជនជាតិយូដាពីក្រុងអាន់ទីយ៉ូកនិងក្រុងអ៊ីកូនាមបានមកដល់ ហើយអុជអាលបណ្ដាជន+ រួចពួកគេគប់ប៉ូលនឹងដុំថ្ម ហើយអូសទៅខាងក្រៅក្រុងដោយគិតថាគាត់ស្លាប់ហើយ។+ ២០ ក៏ប៉ុន្តែ ពេលដែលពួកអ្នកកាន់តាមបានមកឈរជុំវិញគាត់ នោះគាត់ក៏ក្រោកឡើង ហើយចូលក្នុងក្រុង។ លុះស្អែកឡើង គាត់ចេញដំណើរទៅក្រុងឌើបេជាមួយនឹងបាណាបាស។+ ២១ បន្ទាប់ពីបានប្រកាសដំណឹងល្អដល់ក្រុងនោះ ហើយបានបង្រៀនមនុស្សច្រើនគួរសមឲ្យទៅជាអ្នកកាន់តាម នោះពួកគាត់ត្រឡប់ទៅក្រុងលីស្ត្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ។ ២២ នៅទីនោះ ពួកគាត់បានពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាម+ ហើយលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់តាមជំនឿ ក៏បាននិយាយថា៖ «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់ទុក្ខវេទនាជាច្រើន»។+ ២៣ ម្យ៉ាងទៀត ពួកគាត់បានតែងតាំងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនីមួយៗ+ ហើយបន្ទាប់ពីបានអធិដ្ឋាននិងតមអាហារ+ ប៉ូលនិងបាណាបាសបានប្រគល់ពួកគាត់ឲ្យព្រះយេហូវ៉ា* ជាព្រះដែលពួកគាត់បានជឿ។
២៤ រួចមក ប៉ូលនិងបាណាបាសធ្វើដំណើរកាត់ស្រុកភីស៊ីឌាទៅដល់ខេត្តប៉ាមភីលៀ។+ ២៥ បន្ទាប់ពីបានប្រាប់បណ្ដាំរបស់ព្រះនៅក្រុងពើកា ពួកគាត់ក៏ចុះទៅក្រុងអាតថាលី។ ២៦ ពួកគាត់ចុះទូកនៅក្រុងនោះ ហើយចេញដំណើរទៅក្រុងអាន់ទីយ៉ូក ជាកន្លែងដែលពួកគាត់ធ្លាប់ទទួលគុណដ៏វិសេសលើសលប់ពីព្រះ ដើម្បីធ្វើកិច្ចការដែលពួកគាត់ទើបតែបានបំពេញគ្រប់ជំពូក។+
២៧ លុះបានទៅដល់ ពួកគាត់ក៏ប្រមូលក្រុមជំនុំឲ្យជុំគ្នា រួចចាប់ផ្ដើមរៀបរាប់ប្រាប់អំពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់ ហើយថាលោកបានបើកផ្លូវឲ្យប្រជាជាតិទាំងឡាយអាចមានជំនឿ។+ ២៨ ដូច្នេះ ពួកគាត់បានចំណាយពេលជាច្រើនជាមួយនឹងពួកអ្នកកាន់តាម។
១៥ មានបុរសខ្លះចុះមកពីតំបន់យូឌា ហើយចាប់ផ្ដើមបង្រៀនបងប្អូនថា៖ «អ្នករាល់គ្នាអាចទទួលសេចក្ដីសង្គ្រោះបាន លុះត្រាតែអ្នករាល់គ្នាទទួលការកាត់ចុងស្បែក*តាមទំនៀមទម្លាប់ម៉ូសេ»។+ ២ ប៉ុន្តែ បន្ទាប់ពីប៉ូលនិងបាណាបាសបានខ្វែងគំនិតជាមួយនឹងពួកគាត់ ទាំងជជែកតវ៉ាជាច្រើនផង នោះគេក៏ចាត់ចែងឲ្យប៉ូល បាណាបាស និងបងប្អូនខ្លះឡើងទៅជួបពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិម+ ដើម្បីនិយាយអំពីទំនាស់នោះ។
៣ ដូច្នេះ ក្រោយពីក្រុមជំនុំជូនដំណើរពួកគាត់បានមួយកំណាត់ផ្លូវ នោះពួកគាត់បន្តដំណើរកាត់ស្រុកភេនីស៊ីនិងស្រុកសាម៉ារី ព្រមទាំងរៀបរាប់យ៉ាងល្អិតល្អន់អំពីជនជាតិដទៃដែលបានបែរមកគោរពប្រណិប័តន៍ព្រះ។ ការរៀបរាប់នោះបានធ្វើឲ្យបងប្អូនត្រេកអរជាខ្លាំង។ ៤ លុះទៅដល់ក្រុងយេរូសាឡិម នោះក្រុមជំនុំ ពួកសាវ័ក និងពួកអ្នកចាស់ទុំបានទទួលពួកគាត់យ៉ាងរាក់ទាក់ ហើយពួកគាត់បានរៀបរាប់អំពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់។ ៥ ប៉ុន្តែ អ្នកខ្លះពីនិកាយពួកផារិស៊ី ដែលបានទៅជាអ្នកជឿបានក្រោកឡើងនិយាយថា៖ «យើងត្រូវកាត់ចុងស្បែកពួកគេ ហើយបង្គាប់ពួកគេឲ្យកាន់តាមច្បាប់ម៉ូសេ»។+
៦ ម្ល៉ោះហើយ ពួកសាវ័កនិងពួកអ្នកចាស់ទុំបានជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងនោះ។ ៧ បន្ទាប់ពីមានការពិភាក្សាយ៉ាងតឹងតែង* នោះពេត្រុសក្រោកឡើងនិយាយទៅពួកគាត់ថា៖ «បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីយូរហើយព្រះបានជ្រើសរើសខ្ញុំពីចំណោមអ្នករាល់គ្នា ដើម្បីឲ្យជនជាតិដទៃឮបណ្ដាំអំពីដំណឹងល្អ ហើយជឿដោយសារខ្ញុំ។+ ៨ ម្យ៉ាងទៀត ព្រះដែលជ្រាបអំពីអ្វីក្នុងចិត្ត+ បានធ្វើជាសាក្សីបញ្ជាក់ថាលោកពេញចិត្តពួកគេ ដោយឲ្យឫទ្ធានុភាពបរិសុទ្ធ+ ដូចលោកបានឲ្យយើងដែរ។ ៩ លោកមិនបានរាប់យើងថាខុសពីពួកគេសោះឡើយ+ តែលោកបានធ្វើឲ្យចិត្តរបស់ពួកគេបរិសុទ្ធដោយសារជំនឿ។+ ១០ ដូច្នេះ ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងសាកល្បងព្រះ ដោយដាក់នឹមមួយលើកពួកអ្នកកាន់តាម+ ដែលទាំងយើងទាំងពួកបុព្វបុរសរបស់យើងមិនអាចទ្រាំទ្របានផង?+ ១១ ផ្ទុយទៅវិញ យើងមានជំនឿថា យើងនឹងទទួលសេចក្ដីសង្គ្រោះតាមរយៈគុណដ៏វិសេសលើសលប់នៃលោកម្ចាស់យេស៊ូ+ ដូចអ្នកទាំងនោះដែរ»។+
១២ ពេលឮដូច្នេះ អង្គប្រជុំទាំងមូលក៏ស្ងៀមទៅ ហើយបានស្ដាប់បាណាបាសនិងប៉ូលរៀបរាប់អំពីសញ្ញាសម្គាល់និងការអស្ចារ្យជាច្រើន ដែលព្រះបានធ្វើតាមរយៈពួកគាត់ក្នុងចំណោមប្រជាជាតិនានា។ ១៣ លុះពួកគាត់និយាយចប់ យ៉ាកុបតបថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ។ ១៤ ស៊ីម្មាន+បានរៀបរាប់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះបានបង្ហាញចំណាប់អារម្មណ៍ជាលើកដំបូងទៅលើប្រជាជាតិនានា ដើម្បីជ្រើសរើសរាស្ដ្រមួយជាតំណាងនាមរបស់លោក។+ ១៥ សម្ដីរបស់ពួកអ្នកប្រកាសទំនាយក៏ស្របនឹងការនេះដែរ ដូចអ្វីដែលបានត្រូវសរសេរថា៖ ១៦ ‹បន្ទាប់ពីការទាំងនេះ ខ្ញុំនឹងត្រឡប់មក ហើយត្រសាល*របស់ដាវីឌដែលបានរលំ ខ្ញុំនឹងសង់ឡើងវិញ។ ខ្ញុំនឹងសង់ពីសំណល់បាក់បែក ហើយនឹងដំឡើងវាឡើងវិញ ១៧ ដើម្បីឲ្យអស់អ្នកដែលនៅសល់ពីបណ្ដាជននេះ អាចស្វែងរកព្រះយេហូវ៉ា*អស់ពីចិត្ត ជាមួយនឹងមនុស្សគ្រប់ជនជាតិ ដែលបានត្រូវហៅដោយឈ្មោះរបស់ខ្ញុំ។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា*ដែលកំពុងធ្វើការទាំងនេះ+ ១៨ តាមអ្វីដែលលោកបានសម្រេចចិត្តតាំងពីបុរាណមក›។+ ១៩ ដូច្នេះ តាមយោបល់ខ្ញុំ យើងមិនត្រូវធ្វើឲ្យជនជាតិដទៃដែលកំពុងបែរមកគោរពប្រណិប័តន៍ព្រះ មានការពិបាកឡើយ។+ ២០ ប៉ុន្តែ យើងគួរសរសេរទៅកាន់ពួកគេឲ្យជៀសវាងជាដាច់ខាតពីអ្វីៗដែលស្មោកគ្រោកដោយសាររូបព្រះ+ ពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក* និងពីឈាម។+ ២១ ព្រោះតាំងពីសម័យបុរាណ តែងមានគេផ្សព្វផ្សាយអំពីម៉ូសេនៅក្រុងទាំងឡាយ ពីព្រោះរាល់ថ្ងៃឈប់សម្រាក នៅសាលាប្រជុំមានគេអានឲ្យស្ដាប់នូវអ្វីៗដែលគាត់បានសរសេរ»។+
២២ រួចមក ពួកសាវ័ក ពួកអ្នកចាស់ទុំ និងក្រុមជំនុំទាំងមូលបានសម្រេចចិត្តជ្រើសរើសបុរសខ្លះពីចំណោមពួកគាត់ ហើយចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយនឹងប៉ូល និងបាណាបាស។ បុរសទាំងនោះមានយូដាសហៅថាបាសាបាស និងស៊ីឡាស+ ដែលជាពួកអ្នកនាំមុខក្នុងចំណោមបងប្អូន។ ២៣ តាមរយៈអ្នកទាំងនោះ ពួកគាត់ផ្ញើសំបុត្រថា៖
«ពួកសាវ័កនិងពួកអ្នកចាស់ទុំ ជាបងប្អូនរបស់អ្នករាល់គ្នា ជូនចំពោះបងប្អូនជនជាតិដទៃនៅក្រុងអាន់ទីយ៉ូក+ នៅស្រុកស៊ីរី និងនៅស្រុកស៊ីលីស៊ី៖ ជម្រាបសួរ! ២៤ យើងបានឮថាអ្នកខ្លះពីចំណោមយើងបានធ្វើឲ្យអ្នករាល់គ្នាពិបាកដោយសម្ដីរបស់ពួកគេ+ ដើម្បីព្យាយាមបង្ខូចអ្វីដែលអ្នករាល់គ្នាបានជឿ ទោះជាយើងមិនបានណែនាំពួកគេឲ្យធ្វើដូច្នោះក៏ដោយ។ ២៥ ម្ល៉ោះហើយ យើងបានសម្រេចចិត្តរួមគ្នាជ្រើសរើសបុរសខ្លះ ដើម្បីចាត់ឲ្យទៅឯអ្នករាល់គ្នាជាមួយនឹងប៉ូលនិងបាណាបាសជាទីស្រឡាញ់របស់យើង ២៦ ជាអ្នកដែលបានប្រថុយជីវិត* ដើម្បីនាមរបស់លោកម្ចាស់យេស៊ូគ្រិស្ត។+ ២៧ ហេតុនេះ យើងក៏ចាត់យូដាសនិងស៊ីឡាសឲ្យទៅ ដើម្បីឲ្យពួកគាត់អាចរៀបរាប់ប្រាប់អ្នករាល់គ្នាអំពីអ្វីៗដែលបានត្រូវសរសេរក្នុងសំបុត្រនេះដែរ។+ ២៨ ព្រោះឫទ្ធានុភាពបរិសុទ្ធ+និងយើងខ្ញុំបានសម្រេចចិត្តថា មិនត្រូវដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា លើកលែងតែអ្វីៗដែលជាការចាំបាច់ ដូចតទៅនេះ៖ ២៩ ចូរជៀសវាងជាដាច់ខាតពីអ្វីៗដែលទាក់ទងនឹងការគោរពបូជារូបព្រះ+ ហើយជៀសវាងពីឈាម+ ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក*+ និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។
៣០ ម្ល៉ោះហើយ បុរសទាំងនោះក៏ចេញទៅ ហើយចុះទៅក្រុងអាន់ទីយ៉ូក រួចប្រមូលពួកអ្នកកាន់តាមទាំងអស់ឲ្យមកជុំគ្នា ហើយហុចសំបុត្រឲ្យ។ ៣១ លុះអានសំបុត្រចប់ ពួកគាត់ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ។ ៣២ ដោយសារយូដាសនិងស៊ីឡាសជាអ្នកប្រកាសទំនាយដែរ ពួកគាត់ក៏បានលើកទឹកចិត្តបងប្អូនដោយថ្លែងសុន្ទរកថាជាច្រើន ហើយបានពង្រឹងកម្លាំងចិត្តពួកគេ។+ ៣៣ ពួកគាត់បានចំណាយពេលនៅទីនោះអស់មួយរយៈ ហើយពេលពួកគាត់ត្រឡប់ទៅវិញ បងប្អូនប្រាប់ពួកគាត់ឲ្យធ្វើដំណើរដោយសុវត្ថិភាពតាមផ្លូវទៅឯពួកអ្នកដែលបានចាត់ឲ្យមកនោះ។ ៣៤ *—— ៣៥ ក៏ប៉ុន្តែ ប៉ូលនិងបាណាបាសនៅក្រុងអាន់ទីយ៉ូកតទៅទៀត ដោយបង្រៀននិងប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះយេហូវ៉ា*ជាមួយនឹងអ្នកឯទៀតជាច្រើន។
៣៦ ច្រើនថ្ងៃក្រោយមក ប៉ូលនិយាយទៅបាណាបាសថា៖ «ឥឡូវ* ចូរយើងនាំគ្នាត្រឡប់ទៅឯបងប្អូននៅគ្រប់ក្រុងដែលយើងបានផ្សព្វផ្សាយបណ្ដាំរបស់ព្រះយេហូវ៉ា* ដើម្បីសួរសុខទុក្ខពួកគាត់»។+ ៣៧ ឯបាណាបាសបានតាំងចិត្តយកយ៉ូហានហៅថាម៉ាកុសទៅជាមួយ។+ ៣៨ ប៉ុន្តែ ប៉ូលគិតថាមិនគួរយកម៉ាកុសទៅជាមួយទេ ដោយសារគាត់ធ្លាប់ចាកចេញពីពួកគាត់នៅប៉ាមភីលៀ ហើយមិនបានទៅបំពេញកិច្ចការជាមួយនឹងពួកគាត់ឡើយ។+ ៣៩ ដូច្នេះ ពួកគាត់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយចែកផ្លូវគ្នា។ បន្ទាប់មក បាណាបាស+យកម៉ាកុស រួចចុះទូកចេញដំណើរទៅកោះគីប្រុស។ ៤០ ប៉ូលបានជ្រើសរើសស៊ីឡាស រួចចេញទៅ ក្រោយពីបងប្អូនបានអធិដ្ឋានសុំឲ្យព្រះយេហូវ៉ា*បង្ហាញគុណដ៏វិសេសលើសលប់ដល់គាត់។+ ៤១ គាត់បានធ្វើដំណើរកាត់ស្រុកស៊ីរីនិងស្រុកស៊ីលីស៊ី ដោយពង្រឹងក្រុមជំនុំនានា។
១៦ ដូច្នេះ ប៉ូលបានទៅដល់ក្រុងឌើបេនិងក្រុងលីស្ត្រា។+ នៅទីនោះ មានអ្នកកាន់តាមម្នាក់ឈ្មោះធីម៉ូថេ+ ជាកូនរបស់ស្ត្រីជនជាតិយូដាម្នាក់ដែលជាអ្នកជឿ តែឪពុកគាត់ជាជនជាតិក្រិច។ ២ បងប្អូននៅក្រុងលីស្ត្រានិងក្រុងអ៊ីកូនាមតែងតែនិយាយល្អអំពីធីម៉ូថេ។ ៣ ប៉ូលមានបំណងឲ្យធីម៉ូថេរួមដំណើរជាមួយនឹងគាត់។ ដូច្នេះ ប៉ូលបានយកធីម៉ូថេទៅកាត់ចុងស្បែក ដោយសារមានជនជាតិយូដានៅកន្លែងនោះ+ ហើយពួកគេដឹងគ្រប់គ្នាថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិច។ ៤ កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់តែងប្រាប់ពួកអ្នកដែលនៅក្រុងទាំងនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម។+ ៥ ម្ល៉ោះហើយ ជំនឿរបស់ក្រុមជំនុំនានាកាន់តែរឹងមាំ ហើយក្រុមជំនុំទាំងនោះក៏ចម្រើនឡើងជារៀងរាល់ថ្ងៃ។
៦ ម្យ៉ាងទៀត ពួកគាត់បានធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី+ ពីព្រោះឫទ្ធានុភាពបរិសុទ្ធបានហាមពួកគាត់មិនឲ្យប្រាប់បណ្ដាំរបស់ព្រះនៅខេត្តអាស៊ី។* ៧ លុះទៅដល់តំបន់មិសៀ ពួកគាត់ខំព្យាយាមទៅស្រុកប៊ីធូនា+ តែឫទ្ធានុភាពរបស់លោកយេស៊ូមិនបានអនុញ្ញាតឲ្យទៅទេ។ ៨ ដូច្នេះ ពួកគាត់បន្តធ្វើដំណើរហួសតំបន់មិសៀ រួចក៏ចុះទៅក្រុងត្រូអាស។ ៩ នៅពេលយប់ ប៉ូលឃើញអ្វីមួយក្នុងគំនិត គឺបុរសជនជាតិម៉ាសេដូនម្នាក់កំពុងឈរអង្វរគាត់ថា៖ «សូមឆ្លងមកតំបន់ម៉ាសេដូន ហើយជួយយើងផង»។ ១០ ក្រោយពីគាត់ឃើញការនោះក្នុងគំនិតហើយភ្លាម នោះយើងបានរកឱកាសចេញដំណើរទៅតំបន់ម៉ាសេដូន ដោយសន្និដ្ឋានថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អដល់ពួកគេ។
១១ ដូច្នេះ នៅត្រូអាស យើងបានចុះទូកចេញដំណើរតម្រង់ទៅកោះសាម៉ូត្រេស ហើយនៅថ្ងៃបន្ទាប់ទៅដល់ក្រុងណេអាពើលិស ១២ រួចពីក្រុងនោះ យើងបានទៅក្រុងភីលីព+ ដែលជាអាណានិគមរបស់រ៉ូម និងជាក្រុងសំខាន់បំផុតនៃតំបន់ម៉ាសេដូន។ យើងបាននៅក្រុងនេះអស់ជាច្រើនថ្ងៃ។ ១៣ នៅថ្ងៃឈប់សម្រាក យើងបានចេញក្រៅទ្វារកំពែងក្រុង ហើយទៅមាត់ទន្លេ ដែលយើងគិតថាមានកន្លែងអធិដ្ឋាន ហើយយើងក៏អង្គុយ រួចចាប់ផ្ដើមនិយាយជាមួយនឹងពួកស្ត្រីដែលបានជួបជុំគ្នានៅទីនោះ។ ១៤ មានស្ត្រីអ្នកក្រុងធាទេរ៉ា+ម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់និងសម្លៀកបំពាក់ពណ៌ស្វាយ ហើយនាងជាអ្នកគោរពប្រណិប័តន៍ព្រះ។ ពេលនោះនាងកំពុងស្ដាប់ ហើយព្រះយេហូវ៉ា*បានបើកចិត្តនាងទាំងស្រុងឲ្យទទួលយកអ្វីដែលប៉ូលកំពុងនិយាយ។ ១៥ ក្រោយពីនាងនិងពួកអ្នកផ្ទះនាងបានទទួលការជ្រមុជទឹក*រួច+ នាងទទូចថា៖ «ប្រសិនបើអ្នករាល់គ្នាចាត់ទុកថាខ្ញុំស្មោះត្រង់ចំពោះព្រះយេហូវ៉ា* សូមស្នាក់នៅផ្ទះខ្ញុំ»។ នាងបានបង្ខំយើងឲ្យទៅជាមួយនឹងនាង។
១៦ ចៃដន្យ កាលដែលយើងកំពុងទៅកន្លែងអធិដ្ឋាន យើងបានប្រទះឃើញស្រីបម្រើម្នាក់ដែលមានវិញ្ញាណកំណាច*ចូល វានាំឲ្យនាងចេះទាយ។+ នាងធ្លាប់ធ្វើឲ្យពួកម្ចាស់របស់នាងទទួលកម្រៃយ៉ាងច្រើន ដោយការទាយរបស់នាង។ ១៧ ស្រីបម្រើម្នាក់នេះចេះតែដើរតាមប៉ូលនិងពួកយើង ដោយស្រែកឡើងថា៖ «បុរសទាំងនេះជាខ្ញុំបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយពួកគេកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីផ្លូវដែលនាំទៅឯសេចក្ដីសង្គ្រោះ»។ ១៨ នាងធ្វើដូច្នេះជាច្រើនថ្ងៃរហូតដល់ប៉ូលធុញទ្រាន់ រួចគាត់បានបែរទៅបញ្ជាវិញ្ញាណនោះថា៖ «ដោយនាមរបស់លោកយេស៊ូគ្រិស្ត ខ្ញុំបង្គាប់អ្នកឲ្យចេញពីនាងទៅ»។ រំពេចនោះ វាក៏ចេញទៅ។+
១៩ លុះពួកម្ចាស់របស់នាងឃើញថា លែងមានសង្ឃឹមនឹងបានកម្រៃទៀត+ ពួកគេចាប់ប៉ូលនិងស៊ីឡាស ហើយអូសយកទៅឯពួកអ្នកគ្រប់គ្រងនៅផ្សារ។*+ ២០ រួចនាំពួកគាត់ទៅដាក់នៅខាងមុខពួកអាជ្ញាធរស៊ីវិល ដោយនិយាយថា៖ «បុរសទាំងនេះកំពុងរំខានក្រុងយើងខ្លាំងណាស់។+ ពួកគេជាជនជាតិយូដា ២១ ហើយពួកគេកំពុងផ្សព្វផ្សាយអំពីទំនៀមទម្លាប់ដែលយើងគ្មានច្បាប់ទទួលឬកាន់តាមទេ ព្រោះយើងជាពលរដ្ឋរ៉ូម»។ ២២ បន្ទាប់មក បណ្ដាជនបានក្រោកឡើងជាមួយគ្នាប្រឆាំងពួកគាត់។ រួចមក ពួកអាជ្ញាធរស៊ីវិលបានហែកសម្លៀកបំពាក់របស់ពួកគាត់ចេញ ហើយបង្គាប់ឲ្យវាយពួកគាត់នឹងដំបង។+ ២៣ ក្រោយពីបានវាយពួកគាត់ច្រើនដំបងហើយ នោះក៏បោះពួកគាត់ចូលក្នុងគុក ទាំងបង្គាប់ឆ្មាំគុកឲ្យយាមពួកគាត់កុំឲ្យរត់រួច។+ ២៤ ដោយសារទទួលបង្គាប់ដូច្នេះ នោះឆ្មាំគុកក៏បោះពួកគាត់ចូលក្នុងគុកងងឹត ហើយដាក់ខ្នោះជើងពួកគាត់។
២៥ ប៉ុន្តែ ប្រហែលពាក់កណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសនាំគ្នាអធិដ្ឋាននិងច្រៀងសរសើរព្រះ+ ហើយពួកអ្នកទោសក៏បានឮដែរ។ ២៦ ភ្លាមនោះ ដីរញ្ជួយយ៉ាងខ្លាំងធ្វើឲ្យគ្រឹះគុករង្គោះរង្គើ ឯទ្វារទាំងអស់បានរបើកឡើងក្នុងមួយរំពេច ហើយចំណងរបស់ពួកគាត់ទាំងអស់គ្នាបានរបូតចេញ។+ ២៧ ពេលឆ្មាំគុកភ្ញាក់ឡើង ហើយឃើញថាទ្វារគុកនៅចំហ គាត់ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយគិតស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។+ ២៨ ប៉ុន្តែ ប៉ូលបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនឡើយ! ព្រោះយើងទាំងអស់គ្នានៅឯនេះទេ!»។ ២៩ ដូច្នេះ ឆ្មាំគុកបានសុំគេឲ្យយកភ្លើងមកបំភ្លឺ រួចគាត់រត់ចូលទាំងញាប់ញ័រ ហើយក្រាបនៅមុខប៉ូលនិងស៊ីឡាស។ ៣០ ឆ្មាំគុកនោះនាំពួកគាត់ចេញមកក្រៅ ហើយនិយាយថា៖ «លោក តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?»។ ៣១ ពួកគាត់និយាយថា៖ «ចូរមានជំនឿលើលោកម្ចាស់យេស៊ូ ហើយអ្នកនិងពួកអ្នកផ្ទះរបស់អ្នកនឹងទទួលសេចក្ដីសង្គ្រោះ»។+ ៣២ បន្ទាប់មក ពួកគាត់ប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ា*ដល់ឆ្មាំគុក និងពួកអ្នកផ្ទះទាំងអស់របស់គាត់។ ៣៣ នៅវេលាយប់នោះឯង ឆ្មាំគុកនោះនាំពួកគាត់ទៅជាមួយ ហើយបានលាងរបួសឲ្យ។ រួចគាត់និងពួកអ្នកផ្ទះទាំងអស់របស់គាត់បានទទួលការជ្រមុជទឹកដោយមិនបង្អែបង្អង់។+ ៣៤ ឆ្មាំគុកនោះបាននាំពួកគាត់មកផ្ទះរបស់គាត់ ហើយរៀបចំតុដាក់អាហារសម្រាប់ពួកគាត់ រួចគាត់ត្រេកអរជាខ្លាំងជាមួយនឹងពួកអ្នកផ្ទះទាំងអស់របស់គាត់ ដោយសារបានជឿព្រះ។
៣៥ លុះភ្លឺឡើង អាជ្ញាធរស៊ីវិលបានចាត់ពួកតម្រួតឲ្យទៅប្រាប់ថា៖ «ចូរដោះលែងបុរសទាំងនោះ»។ ៣៦ ម្ល៉ោះហើយ ឆ្មាំគុកប្រាប់ប៉ូលអំពីសម្ដីរបស់ពួកគេថា៖ «ពួកអាជ្ញាធរស៊ីវិលបានចាត់បុរសខ្លះឲ្យមកដោះលែងអ្នកទាំងពីរ។ ដូច្នេះ ឥឡូវនេះ សូមចេញទៅដោយសេចក្ដីសុខចុះ»។ ៣៧ ប៉ុន្តែ ប៉ូលប្រាប់ពួកគេថា៖ «យើងជាពលរដ្ឋរ៉ូម តែពួកគេបានវាយយើងនឹងរំពាត់ជាសាធារណៈ ដោយមិនទាន់ទាំងវិនិច្ឆ័យទោស+ រួចបោះយើងទៅក្នុងគុក។ ឥឡូវនេះ តើពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ! ចូរឲ្យពួកគេមកនាំយើងចេញដោយខ្លួនឯង»។ ៣៨ ដូច្នេះ ពួកតម្រួតបានរាយការណ៍ប្រាប់ពាក្យទាំងនេះដល់ពួកអាជ្ញាធរស៊ីវិល។ ពេលដែលឮថាបុរសទាំងនោះជាពលរដ្ឋរ៉ូម ពួកគេក៏ភ័យខ្លាច។+ ៣៩ ម្ល៉ោះហើយ ពួកគេបានមកអង្វរពួកគាត់ រួចបន្ទាប់ពីបាននាំពួកគាត់ចេញមក ពួកគេក៏សុំពួកគាត់ឲ្យចេញពីក្រុងទៅ។ ៤០ ប៉ុន្តែ ក្រោយពីពួកគាត់បានចេញពីគុក ពួកគាត់ទៅផ្ទះលីឌា។ ពេលពួកគាត់ឃើញបងប្អូន ពួកគាត់លើកទឹកចិត្តបងប្អូនទាំងនោះ+ រួចចាកចេញទៅ។
១៧ ឥឡូវពួកគាត់ធ្វើដំណើរកាត់ក្រុងអាំភីពើលិសនិងក្រុងអាប៉ូឡូនា ទៅដល់ក្រុងថែស្សាឡូនិច+ ហើយនៅទីនោះមានសាលាប្រជុំមួយរបស់ជនជាតិយូដា។ ២ ដូច្នេះ ប៉ូលបានចូលទៅជួបពួកគេតាមទម្លាប់របស់គាត់+ ហើយបានលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេអស់បីថ្ងៃឈប់សម្រាក។+ ៣ គាត់ពន្យល់និងបញ្ជាក់ភ័ស្តុតាងដោយផ្អែកលើអ្វីដែលបានត្រូវសរសេរ ដើម្បីឲ្យពួកគេយល់ថាគ្រិស្តត្រូវរងទុក្ខ+ ហើយរស់ពីស្លាប់ឡើងវិញ។+ គាត់និយាយថា៖ «លោកយេស៊ូដែលខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា គឺជាគ្រិស្តនោះឯង»។ ៤ ជាលទ្ធផល ពួកគេខ្លះបានទៅជាអ្នកជឿ ហើយបានសេពគប់ជាមួយនឹងប៉ូលនិងស៊ីឡាស។+ ពួកក្រិចច្រើនសន្ធឹកដែលគោរពប្រណិប័តន៍ព្រះ និងស្ត្រីជាច្រើនដែលមានមុខមានមាត់ ក៏បានធ្វើដូច្នោះដែរ។
៥ ប៉ុន្តែ ជនជាតិយូដាតាំងមានចិត្តច្រណែន+ ក៏ប្រមូលបុរសទុច្ចរិតមួយចំនួនពីចំណោមមនុស្សត្រែតត្រតដែលនៅតាមផ្សារ ហើយបង្កើតជាក្រុមមួយបង្កចលាចលក្នុងក្រុង។ ពួកគេសម្រុកចូលក្នុងផ្ទះយេសុន ដើម្បីរកចាប់ប៉ូលនិងស៊ីឡាសយកទៅប្រគល់ឲ្យមនុស្សទាំងនោះ។ ៦ លុះរកពួកគាត់មិនឃើញ ពួកគេអូសយេសុននិងបងប្រុសៗខ្លះទៅឯពួកអ្នកគ្រប់គ្រងក្រុងនោះ ដោយស្រែកឡើងថា៖ «ពួកបុរសដែលបានបង្កឲ្យមានភាពជ្រួលច្របល់នៅគ្រប់ទីកន្លែង ក៏នៅទីនេះដែរ+ ៧ ហើយយេសុនបានទទួលពួកគាត់ឲ្យស្នាក់នៅ។ បុរសទាំងអស់នេះបំពានលើបញ្ញត្ដិរបស់សេសារ* ដោយនិយាយថាមានស្ដេចមួយទៀត គឺយេស៊ូ»។+ ៨ ឮដូច្នេះ បណ្ដាជននិងពួកអ្នកគ្រប់គ្រងក្រុងបានជ្រួលច្របល់ក្នុងចិត្ត ៩ ហើយបន្ទាប់ពីបានយកប្រាក់ធានាគ្រប់គ្រាន់ពីយេសុននិងបងប្រុសៗទាំងនោះ ពួកគេក៏ដោះលែងពួកគាត់ទៅ។
១០ ពេលយប់ភ្លាម បងប្អូនបានឲ្យប៉ូលនិងស៊ីឡាសចេញទៅក្រុងបេរៀ។ លុះទៅដល់ហើយ ពួកគាត់ក៏ចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា។ ១១ ជនជាតិយូដានៅក្រុងបេរៀមានសន្ដានចិត្តល្អជាងពួកអ្នកនៅក្រុងថែស្សាឡូនិច ព្រោះពួកគេទទួលយកបណ្ដាំរបស់ព្រះដោយក្ដីរំភើប ហើយបានពិនិត្យមើលបទគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត។ ១២ ដូច្នេះ ពួកគេជាច្រើននាក់បានទៅជាអ្នកជឿ ហើយបុរសស្ត្រីក្រិចជាច្រើននាក់ដែលមានមុខមានមាត់ក៏បានធ្វើដូច្នេះដែរ។ ១៣ ប៉ុន្តែ កាលដែលជនជាតិយូដាពីក្រុងថែស្សាឡូនិចដឹងថា ប៉ូលកំពុងផ្សព្វផ្សាយបណ្ដាំរបស់ព្រះនៅក្រុងបេរៀដែរ ពួកគេក៏បានទៅទីនោះដើម្បីអុជអាលមហាជនឲ្យជ្រួលច្របល់។+ ១៤ ដូច្នេះ ភ្លាមៗបងប្អូនឲ្យប៉ូលចេញដំណើរឆ្ពោះទៅមាត់សមុទ្រ+ ឯស៊ីឡាសនិងធីម៉ូថេនៅទីនោះតទៅទៀត។ ១៥ ក៏ប៉ុន្តែ ពួកអ្នកដែលជូនដំណើរប៉ូលបាននាំគាត់រហូតដល់ក្រុងអាថែន។ រួចមក ប៉ូលផ្ដាំពួកគាត់ឲ្យទៅប្រាប់ស៊ីឡាសនិងធីម៉ូថេ+ឲ្យមកជួបគាត់ជាប្រញាប់។
១៦ កាលដែលប៉ូលកំពុងរង់ចាំពួកគាត់នៅក្រុងអាថែន គាត់ចាប់ផ្ដើមទើសចិត្តដោយសារឃើញថាក្រុងនោះពេញទៅដោយរូបព្រះ។ ១៧ ដូច្នេះ គាត់ចាប់ផ្ដើមជជែកវែកញែកជាមួយនឹងជនជាតិយូដានៅសាលាប្រជុំ ជាមួយនឹងមនុស្សឯទៀតដែលគោរពប្រណិប័តន៍ព្រះ ហើយក៏ជជែកវែកញែករៀងរាល់ថ្ងៃជាមួយនឹងអស់អ្នកដែលគាត់ជួបនៅឯផ្សារដែរ។ ១៨ ប៉ុន្តែ អ្នកខ្លះពីចំណោមពួកទស្សនវិទូអេពីគួ* និងទស្សនវិទូស្តូអ៊ីក* ចាប់ផ្ដើមជជែកតវ៉ាជាមួយនឹងប៉ូល ហើយពួកគេខ្លះបាននិយាយថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយអ្វី?»។ អ្នកឯទៀតថា៖ «តាមមើលទៅ គាត់ផ្សព្វផ្សាយអំពីព្រះដទៃ»។ នេះគឺដោយសារគាត់ប្រកាសដំណឹងល្អអំពីលោកយេស៊ូ និងអំពីការប្រោសឲ្យរស់ឡើងវិញ។+ ១៩ ដូច្នេះ ពួកគេនាំយកគាត់ទៅឯអារីយ៉ូស* ហើយនិយាយថា៖ «តើយើងអាចស្គាល់សេចក្ដីបង្រៀនថ្មីនេះដែលអ្នកកំពុងប្រាប់បានទេ? ២០ ព្រោះអ្នកកំពុងនិយាយអំពីរឿងចម្លែកណាស់។ ដូច្នេះ យើងចង់ដឹងថារឿងទាំងនោះមានន័យដូចម្ដេច»។ ២១ ការពិតនៅពេលទំនេរ អ្នកក្រុងអាថែននិងជនបរទេសដែលស្នាក់នៅក្រុងនោះ ពួកគេមិនធ្វើអ្វីទេក្រៅពីនិយាយឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។ ២២ ឥឡូវប៉ូលបានឈរនៅកណ្ដាលអារីយ៉ូស+ ហើយនិយាយថា៖
«អ្នកក្រុងអាថែនអើយ ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាហាក់ដូចជាមានចិត្តកោតខ្លាចព្រះផ្សេងៗជាងអ្នកឯទៀត។+ ២៣ ជាឧទាហរណ៍ កាលដែលខ្ញុំបានដើរនៅទីនេះ ខ្ញុំបានសង្កេតមើលអ្វីៗដែលអ្នករាល់គ្នាគោរពបូជា ហើយឃើញទីបូជាមួយដែលមានអក្សរចារឹកថា‹ជូនព្រះដែលគេមិនស្គាល់›។ ដូច្នេះ ខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីលោកដែលអ្នករាល់គ្នាកំពុងគោរពបូជាដោយមិនស្គាល់នោះ។ ២៤ ព្រះដែលបានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក មិននៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ+ ព្រោះលោកជាម្ចាស់មេឃនិងផែនដី+ ២៥ ហើយលោកក៏មិនត្រូវការឲ្យមនុស្សបម្រើលោក ហាក់បីដូចជាលោកត្រូវការអ្វីមួយដែរ+ ពីព្រោះគឺលោកហើយដែលផ្ដល់ជីវិត ដង្ហើម+ និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។ ២៦ លោកបានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ+ ដើម្បីឲ្យអាស្រ័យនៅពេញផែនដី+ ហើយបានចេញបញ្ជាស្ដីអំពីគ្រាកំណត់ ក៏បានដាក់កម្រិតលើទីអាស្រ័យនៅរបស់មនុស្សជាតិ+ ២៧ ដើម្បីឲ្យពួកគេរកព្រះ ប្រសិនបើពួកគេស្វះស្វែងរកលោក នោះពួកគេនឹងរកលោកឃើញ+ ព្រោះតាមពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ។ ២៨ ព្រោះគឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង ដូចកវីខ្លះរបស់អ្នករាល់គ្នាថា៖ ‹ព្រោះយើងក៏ជាកូន*របស់លោកដែរ›។
២៩ «ដូច្នេះ ដោយសារយើងជាកូន*របស់ព្រះ+ យើងមិនគួរគិតថាព្រះគឺដូចជាមាស ឬប្រាក់ ឬថ្ម ដូចអ្វីដែលបានត្រូវឆ្លាក់តាមការនឹកឃើញរបស់មនុស្សទេ។+ ៣០ ពិតមែនតែព្រះមិនបានប្រកាន់ទោសមនុស្សឡើយក្នុងគ្រាដែលពួកគេខ្វះចំណេះដឹង+ ប៉ុន្តែឥឡូវនេះ លោកកំពុងប្រាប់មនុស្សជាតិនៅគ្រប់ទីកន្លែងថា ពួកគេត្រូវប្រែចិត្ត។ ៣១ ពីព្រោះលោកបានកំណត់ថ្ងៃមួយដែលលោកមានគោលបំណងវិនិច្ឆ័យ+ពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។+
៣២ ពេលដែលឮអំពីការប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ពួកគេខ្លះចាប់ផ្ដើមចំអកឲ្យគាត់+ ឯអ្នកខ្លះទៀតនិយាយថា៖ «យើងនឹងស្ដាប់អ្នកនិយាយអំពីរឿងនេះតទៅទៀតនៅពេលក្រោយ»។ ៣៣ ដូច្នេះ ប៉ូលចេញពីចំណោមពួកគេទៅ។ ៣៤ ប៉ុន្តែ អ្នកខ្លះនៅជាប់នឹងគាត់ ហើយក៏បានទៅជាអ្នកជឿ រួមមានឌីយ៉ូនីស ជាចៅក្រមម្នាក់នៅតុលាការអារីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ក៏មានអ្នកឯទៀតផងដែរ។
១៨ បន្ទាប់ពីការទាំងនេះ ប៉ូលចេញពីក្រុងអាថែន ហើយទៅដល់ក្រុងកូរិនថូស។ ២ រួចមក គាត់ជួបជនជាតិយូដាម្នាក់ជាអ្នកស្រុកប៉ុនតុស ឈ្មោះអាគីឡា+ ដែលទើបតែមកពីស្រុកអ៊ីតាលី ជាមួយនឹងប្រពន្ធរបស់គាត់ឈ្មោះព្រីស៊ីល ពីព្រោះក្លូឌាសបានបង្គាប់ឲ្យជនជាតិយូដាទាំងអស់ចេញពីក្រុងរ៉ូម។ ដូច្នេះ ប៉ូលទៅឯពួកគាត់ ៣ ហើយបានធ្វើការនិងស្នាក់នៅផ្ទះជាមួយនឹងពួកគាត់+ ដោយសារប៉ូលមានមុខរបរដូចពួកគាត់ដែរ ព្រោះពួកគាត់ជាអ្នកធ្វើត្រសាល។ ៤ រាល់ថ្ងៃឈប់សម្រាក+ ប៉ូលតែងតែថ្លែងសុន្ទរកថា*នៅសាលាប្រជុំ+ ហើយបានជជែកវែកញែកនាំឲ្យជនជាតិយូដានិងពួកក្រិចជឿ។
៥ ក្រោយពីស៊ីឡាស+និងធីម៉ូថេ+បានចុះមកពីតំបន់ម៉ាសេដូន ប៉ូលចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ ដោយធ្វើជាសាក្សីបញ្ជាក់ហេតុផលប្រាប់ជនជាតិយូដាថា លោកយេស៊ូគឺជាគ្រិស្ត។+ ៦ ប៉ុន្តែ ក្រោយពីពួកគេចេះតែប្រឆាំង ហើយនិយាយប្រមាថគាត់ នោះគាត់រលាស់សម្លៀកបំពាក់របស់គាត់+ ហើយនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីក៏ដោយដែលកើតឡើងដល់អ្នករាល់គ្នា។*+ ខ្ញុំគ្មានទោសទេ។+ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ»។+ ៧ ម្ល៉ោះហើយ គាត់ចាកចេញពីកន្លែងនោះ*ទៅផ្ទះរបស់បុរសម្នាក់ឈ្មោះទីទិយុសយូស្ទុស ជាអ្នកគោរពប្រណិប័តន៍ព្រះ ដែលមានផ្ទះនៅជាប់សាលាប្រជុំ។ ៨ ប៉ុន្តែ គ្រីស្ពូស+ដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំបានទៅជាអ្នកជឿលោកម្ចាស់ ហើយពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏ដូច្នោះដែរ។ អ្នកក្រុងកូរិនថូសជាច្រើននាក់ដែលបានឮ ក៏ចាប់ផ្ដើមជឿ ហើយទទួលការជ្រមុជទឹក។* ៩ ម្យ៉ាងទៀត នៅពេលយប់ ប៉ូលបានទទួលការបើកបង្ហាញក្នុងគំនិត ដោយឮលោកម្ចាស់មានប្រសាសន៍ថា៖ «កុំខ្លាចឡើយ តែចូរបន្តនិយាយ ហើយកុំនៅស្ងៀម ១០ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នក+ ហើយគ្មានអ្នកណាម្នាក់នឹងវាយធ្វើបាបអ្នកឡើយ ព្រោះខ្ញុំមានមនុស្សជាច្រើននៅក្រុងនេះ»។ ១១ ដូច្នេះ គាត់បាននៅទីនោះអស់មួយឆ្នាំកន្លះ ដោយបង្រៀនពួកគេអំពីបណ្ដាំរបស់ព្រះ។
១២ ក្នុងអំឡុងពេលដែលកាលីយ៉ូជាអភិបាលខេត្តអាខេយ៉ា នោះជនជាតិយូដាបាននាំគ្នាតតាំងប្រឆាំងប៉ូល ហើយយកគាត់ទៅឯកន្លែងវិនិច្ឆ័យក្ដី។ ១៣ ពួកគេនិយាយថា៖ «បុរសនេះបញ្ចុះបញ្ចូលមនុស្សឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបខុសច្បាប់»។ ១៤ ប៉ុន្តែ ពេលដែលប៉ូលបម្រុងនឹងហាមាត់និយាយ កាលីយ៉ូក៏ប្រាប់ជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ ប្រសិនបើមានអំពើខុសឆ្គងឬបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ខ្ញុំទំនងជាទ្រាំស្ដាប់អ្នករាល់គ្នា។ ១៥ ប៉ុន្តែ ប្រសិនបើជាទំនាស់អំពីពាក្យសម្ដី ឬឈ្មោះ ឬច្បាប់របស់អ្នករាល់គ្នា+ នោះអ្នករាល់គ្នាត្រូវដោះស្រាយដោយខ្លួនឯង។ ខ្ញុំមិនចង់វិនិច្ឆ័យរឿងទាំងនេះទេ»។ ១៦ លុះនិយាយចប់ហើយ គាត់បណ្ដេញពួកគេចេញពីកន្លែងវិនិច្ឆ័យក្ដីទៅ។ ១៧ ពេលនោះពួកគេក៏ចាប់សូស្តែន+ ដែលជាអ្នកមើលការខុសត្រូវសាលាប្រជុំ ហើយចាប់ផ្ដើមវាយគាត់នៅមុខកន្លែងវិនិច្ឆ័យក្ដី។ ប៉ុន្តែ កាលីយ៉ូមិនព្រមរវីរវល់នឹងរឿងទាំងនេះសោះ។
១៨ ក្រោយពីប៉ូលបាននៅទីនោះអស់ជាច្រើនថ្ងៃទៀត គាត់ក៏លាបងប្អូន រួចចុះទូកចេញដំណើរទៅស្រុកស៊ីរីជាមួយនឹងព្រីស៊ីលនិងអាគីឡា។ ប៉ូលបានកាត់សក់ឲ្យខ្លីនៅក្រុងសង់គ្រា+ ដោយសារជាប់សម្បថ។ ១៩ ក្រោយមក ពួកគាត់ទៅដល់ក្រុងអេភេសូរ ហើយប៉ូលបានទុកព្រីស៊ីលនិងអាគីឡានៅទីនោះ។ រួចប៉ូលក៏ចូលសាលាប្រជុំ ហើយជជែកវែកញែកជាមួយនឹងជនជាតិយូដា។+ ២០ ទោះជាពួកគេសុំគាត់ឲ្យនៅយូរជាងក៏ដោយ ក៏គាត់មិនព្រមដែរ។ ២១ គាត់លាពួកគេ ហើយនិយាយថា៖ «ប្រសិនបើព្រះយេហូវ៉ា*ពេញចិត្ត ខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាម្ដងទៀត»។ រួចគាត់ចុះទូកចេញដំណើរពីក្រុងអេភេសូរ ២២ ហើយចុះទៅក្រុងសេសារៀ។ បន្ទាប់មក គាត់ឡើងទៅ*សួរសុខទុក្ខក្រុមជំនុំ រួចចុះទៅក្រុងអាន់ទីយ៉ូក។+
២៣ ក្រោយពីគាត់បានចំណាយពេលយូរបន្តិចនៅទីនោះ គាត់ក៏ចាកចេញ ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពេញស្រុកកាឡាទីនិងស្រុកព្រីគា+ ដើម្បីពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាមគ្រប់គ្នា។+
២៤ អ្នកក្រុងអាឡិចសង់ទ្រាម្នាក់ឈ្មោះអាប៉ូឡុស+ ដែលជាជនជាតិយូដា និងជាអ្នកដែលប្រសប់និយាយ ក៏មកដល់ក្រុងអេភេសូរ គាត់ជាអ្នកដែលស្គាល់បទគម្ពីរច្បាស់។ ២៥ បុរសនេះបានត្រូវបង្រៀន*អំពីផ្លូវរបស់ព្រះយេហូវ៉ា* ហើយដោយសារឫទ្ធានុភាពរបស់ព្រះ គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។ ២៦ បុរសនេះចាប់ផ្ដើមនិយាយយ៉ាងក្លាហានក្នុងសាលាប្រជុំ។ នៅពេលដែលព្រីស៊ីលនិងអាគីឡា+បានឮ នោះពួកគេក៏នាំគាត់ទៅដោយឡែកពីគេ ហើយពន្យល់អំពីផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង។ ២៧ ម្យ៉ាងទៀត ដោយសារអាប៉ូឡុសចង់ឆ្លងទៅខេត្តអាខេយ៉ា បងប្អូនបានសរសេរសំបុត្រទៅពួកអ្នកកាន់តាម ដោយលើកទឹកចិត្តឲ្យទទួលគាត់យ៉ាងរាក់ទាក់។ ដូច្នេះ តាមរយៈគុណដ៏វិសេសលើសលប់របស់ព្រះ ពេលដែលគាត់ទៅដល់ គាត់បានផ្ដល់ជំនួយយ៉ាងច្រើនដល់អស់អ្នកដែលបានទៅជាអ្នកជឿ។ ២៨ គាត់បញ្ជាក់ជាសាធារណៈដោយចិត្តខ្នះខ្នែង ទាំងវែកញែកហេតុផលដល់ជនជាតិយូដាពីបទគម្ពីរថាលោកយេស៊ូគឺជាគ្រិស្ត ហើយបង្ហាញពួកគេថាសេចក្ដីបង្រៀនរបស់ពួកគេគឺខុស។+
១៩ កាលដែលអាប៉ូឡុស+នៅក្រុងកូរិនថូស ប៉ូលបានចុះទៅក្រុងអេភេសូរ+តាមផ្លូវមួយដែលនៅឆ្ងាយពីសមុទ្រ រួចគាត់បានរកឃើញពួកអ្នកកាន់តាមខ្លះនៅទីនោះ។ ២ ប៉ូលសួរពួកគាត់ថា៖ «ពេលដែលអ្នករាល់គ្នាបានទៅជាអ្នកជឿ តើអ្នករាល់គ្នាបានទទួលឫទ្ធានុភាពបរិសុទ្ធឬទេ?»។+ ពួកគាត់ឆ្លើយថា៖ «យើងមិនធ្លាប់ឮអំពីឫទ្ធានុភាពបរិសុទ្ធទាល់តែសោះ»។ ៣ ប៉ូលនិយាយថា៖ «បើដូច្នេះ តើអ្នករាល់គ្នាបានទទួលការជ្រមុជទឹកបែបណា?»។ ពួកគាត់និយាយថា៖ «យើងបានទទួលការជ្រមុជទឹករបស់យ៉ូហាន»។+ ៤ ប៉ូលនិយាយថា៖ «យ៉ូហានបានជ្រមុជទឹកឲ្យគេ ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត+ ទាំងប្រាប់ពួកគេឲ្យមានជំនឿលើលោកដែលនឹងមកក្រោយគាត់+ គឺលោកយេស៊ូ»។ ៥ ពេលឮដូច្នេះ ពួកគាត់ក៏ទទួលការជ្រមុជទឹកដោយនូវនាមរបស់លោកម្ចាស់យេស៊ូ។ ៦ រួចពេលដែលប៉ូលដាក់ដៃលើពួកគាត់ នោះពួកគាត់ទទួលឫទ្ធានុភាពបរិសុទ្ធ+ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ ព្រមទាំងប្រកាសទំនាយផងដែរ។+ ៧ សរុបទាំងអស់មានបុរសប្រហែល១២នាក់។
៨ ក្នុងអំឡុងបីខែ ប៉ូលចូលក្នុងសាលាប្រជុំ+ ហើយនិយាយយ៉ាងក្លាហាន ដោយថ្លែងសុន្ទរកថានិងខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីរាជាណាចក្ររបស់ព្រះ។+ ៩ ប៉ុន្តែ មានអ្នកខ្លះរឹងចចេស* ហើយមិនព្រមជឿទេ ថែមទាំងនិយាយអាក្រក់អំពីផ្លូវនៃសេចក្ដីពិត+នៅមុខបណ្ដាជនទៀតផង។ ដូច្នេះ ប៉ូលចេញពីពួកគេ+ ហើយនាំពួកអ្នកកាន់តាមទៅជាមួយ រួចថ្លែងសុន្ទរកថាជារៀងរាល់ថ្ងៃក្នុងសាលនៃសាលាទីរ៉ានុស។ ១០ គាត់បានថ្លែងសុន្ទរកថាអស់ពីរឆ្នាំ រហូតដល់អស់អ្នកដែលរស់នៅខេត្តអាស៊ី* ទាំងពួកយូដាទាំងពួកក្រិច បានឮបណ្ដាំរបស់លោកម្ចាស់។
១១ ម្ដងហើយម្ដងទៀត ព្រះបានប្រើប៉ូលឲ្យធ្វើការដែលប្រកបទៅដោយឫទ្ធានុភាពយ៉ាងអស្ចារ្យ។+ ១២ សូម្បីតែគេគ្រាន់តែយកក្រណាត់ឬអៀមរបស់ប៉ូលទៅដល់អ្នកដែលឈឺ+ អ្នកនោះក៏បានជា ហើយវិញ្ញាណអាក្រក់ក៏បានចេញពីពួកគេដែរ។+ ១៣ ប៉ុន្តែ អ្នកខ្លះពីចំណោមជនជាតិយូដាដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបណ្ដេញពួកវិញ្ញាណកំណាច ពួកគេក៏ព្យាយាមប្រើនាមលោកម្ចាស់យេស៊ូ ដោយនិយាយទៅកាន់មនុស្សដែលមានវិញ្ញាណអាក្រក់ចូលថា៖ «ខ្ញុំបង្គាប់ពួកឯងឲ្យចេញទៅ ដោយនូវនាមរបស់លោកយេស៊ូដែលប៉ូលផ្សព្វផ្សាយ»។+ ១៤ កូនប្រុស៧នាក់របស់សង្ឃនាយកជនជាតិយូដាម្នាក់ឈ្មោះស៊ីវ៉ា កំពុងធ្វើដូច្នេះដែរ។ ១៥ ប៉ុន្តែ វិញ្ញាណអាក្រក់នោះនិយាយទៅពួកគេថា៖ «ខ្ញុំស្គាល់យេស៊ូ+ ហើយដឹងថាប៉ូល+ជាអ្នកណា តែតើពួកអ្នកឯងជាអ្នកណា?»។ ១៦ លុះនិយាយចប់ បុរសដែលមានវិញ្ញាណអាក្រក់ចូល ក៏លោតទៅវាយពួកគេម្នាក់ៗ រហូតដល់ពួកគេរត់ចេញពីផ្ទះនោះទាំងរបួស ហើយគ្មានសម្លៀកបំពាក់។ ១៧ ឯមនុស្សទាំងឡាយដែលនៅក្រុងអេភេសូរ គឺទាំងពួកយូដាទាំងពួកក្រិចបានឮអំពីការនោះគ្រប់គ្នា រួចពួកគេទាំងអស់គ្នាតាំងភ័យខ្លាច ហើយនាមរបស់លោកម្ចាស់យេស៊ូបន្តទទួលការសរសើរតម្កើង។ ១៨ មនុស្សជាច្រើននាក់ដែលបានទៅជាអ្នកជឿ បានមកសារភាពប្រាប់អំពីការប្រព្រឹត្តរបស់ខ្លួនជាចំហ។ ១៩ មនុស្សជាច្រើនដែលចេះវេទមន្តបានយកសៀវភៅរបស់ពួកគេមកដាក់រួមគ្នា រួចដុតចោលនៅមុខមនុស្សទាំងអស់។+ ពួកគេសរុបតម្លៃសៀវភៅទាំងនោះឃើញថាមានតម្លៃ៥០.០០០កាក់ធ្វើពីប្រាក់។ ២០ ដូច្នេះ បណ្ដាំរបស់ព្រះយេហូវ៉ា*បន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា។+
២១ បន្ទាប់ពីការទាំងនេះ ប៉ូលបានសម្រេចចិត្តថា ក្រោយពីគាត់ធ្វើដំណើរពេញតំបន់ម៉ាសេដូន+និងខេត្តអាខេយ៉ាហើយ គាត់នឹងទៅក្រុងយេរូសាឡិម។+ គាត់និយាយថា៖ «ក្រោយពីខ្ញុំទៅដល់ទីនោះ ខ្ញុំក៏ត្រូវទៅមើលក្រុងរ៉ូមដែរ»។+ ២២ ដូច្នេះ ប៉ូលចាត់ជំនួយការពីរនាក់ គឺធីម៉ូថេ+និងអេរ៉ាធូស+ ឲ្យទៅតំបន់ម៉ាសេដូន តែគាត់បន្តស្នាក់នៅខេត្តអាស៊ីមួយរយៈពេលសិន។
២៣ នៅពេលនោះ ភាពជ្រួលច្របល់ជាខ្លាំង+បានកើតឡើងដោយសារផ្លូវនៃសេចក្ដីពិត។+ ២៤ ព្រោះបុរសម្នាក់ឈ្មោះដេមេទ្រាស ដែលជាជាងប្រាក់ បានជួយពួកជាងឲ្យទទួលកម្រៃជាច្រើន តាមរយៈការធ្វើរូបវិហារតូចៗរបស់ព្រះអាតេមីសពីប្រាក់។+ ២៥ ដេមេទ្រាសបានប្រមូលពួកគេនិងអ្នកឯទៀតដែលធ្វើការដូចនេះឲ្យមក រួចនិយាយថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ពួកយើងចម្រុងចម្រើនដោយសារមុខរបរនេះឯង។ ២៦ ប៉ុន្តែ ឥឡូវអ្នករាល់គ្នាឃើញនិងឮហើយ ថាប៉ូលនេះបានបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យមានគំនិតផ្សេង មិនត្រឹមតែនៅក្រុងអេភេសូរ+ប៉ុណ្ណោះ ប៉ុន្តែសឹងតែគ្រប់កន្លែងនៅខេត្តអាស៊ី ដោយនិយាយថាព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។+ ២៧ លើសពីនោះទៅទៀត ខ្ញុំខ្លាចថាមនុស្សនឹងនិយាយអាក្រក់អំពីមុខរបររបស់យើង ហើយក៏ខ្លាចដែរថាមនុស្សចាត់ទុកវិហាររបស់ព្រះអាតេមីសដ៏ឧត្ដុង្គឧត្ដមរបស់យើងថាគ្មានតម្លៃ។ ទោះជាមនុស្សគ្រប់គ្នាក្នុងខេត្តអាស៊ីទាំងមូលនិងក្នុងផែនដីទាំងមូលគោរពបូជាដល់នាងក៏ដោយ គង់តែសិរីរុងរឿងរបស់នាងនឹងវិនាសសាបសូន្យទៅ»។ ២៨ កាលដែលឮដូច្នេះ បុរសទាំងនោះក៏មានកំហឹងក្ដៅឆួលឡើង ហើយចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្ដុង្គឧត្ដម!»។
២៩ ដូច្នេះ ក្រុងនោះក៏ពេញទៅដោយភាពច្របូកច្របល់។ ពួកគេនាំគ្នាសម្រុកចូលសាលមហោស្រព ទាំងប្រើកម្លាំងចាប់កៃយុសនិងអារីស្ដាក+ ជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយនឹងប៉ូល អូសទៅជាមួយ។ ៣០ ចំណែកប៉ូលវិញ គាត់ចង់ចូលទៅឯបណ្ដាជន ប៉ុន្តែពួកអ្នកកាន់តាមមិនឲ្យគាត់ចូលទេ។ ៣១ សូម្បីតែអ្នកខ្លះដែលជាអ្នកចាត់ចែងពិធីបុណ្យនិងការប្រកួតកីឡា និងជាអ្នកដែលរាប់អានប៉ូល ក៏បានផ្ដាំអង្វរគាត់កុំឲ្យប្រថុយជីវិតចូលសាលមហោស្រពនោះដែរ។ ៣២ នៅទីនោះ បណ្ដាជនខ្លះស្រែកយ៉ាងនេះ ឯខ្លះទៀតស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនដឹងថាពួកគេបានមកជួបជុំគ្នាដើម្បីអ្វីទេ។ ៣៣ ដូច្នេះ ដោយសារជនជាតិយូដាបានរុញគាត់ចេញទៅខាងមុខបណ្ដាជន នោះអ្នកខ្លះបានប្រាប់អាឡិចសង់ឲ្យនិយាយ។ ម្ល៉ោះហើយ គាត់ក៏លើកដៃធ្វើសញ្ញា ហើយចង់បកស្រាយប្រាប់បណ្ដាជន។ ៣៤ ប៉ុន្តែ កាលដែលពួកគេឃើញថាគាត់ជាជនជាតិយូដា ពួកគេគ្រប់រូបស្រែកព្រមគ្នាអស់ពីរម៉ោងថា៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្ដុង្គឧត្ដម!»។
៣៥ ពេលអភិបាលក្រុងបានបង្គាប់បណ្ដាជនឲ្យនៅស្ងៀមហើយ គាត់និយាយថា៖ «អ្នកក្រុងអេភេសូរអើយ មនុស្សជាតិទាំងអស់ដឹងថាក្រុងអេភេសូរជាអ្នករក្សាវិហាររបស់ព្រះអាតេមីសដ៏ឧត្ដុង្គឧត្ដមនិងរូបចម្លាក់ដែលបានធ្លាក់ពីលើមេឃ មែនទេ? ៣៦ ដោយសារគ្មានអ្នកណាអាចតវ៉ាអំពីការទាំងនេះបាន នោះគប្បីឲ្យអ្នករាល់គ្នានៅស្ងៀម ហើយមិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។ ៣៧ ព្រោះអ្នករាល់គ្នាបានយកបុរសទាំងនេះមក តែពួកគេមិនបានប្លន់វិហាររបស់យើង ហើយក៏មិនបាននិយាយប្រមាថព្រះរបស់យើងដែរ។ ៣៨ ម្ល៉ោះហើយ ប្រសិនបើដេមេទ្រាស+និងពួកជាងដែលធ្វើការដូចគាត់មានរឿងក្ដីជាមួយនឹងអ្នកណាម្នាក់ ចូរឲ្យពួកគេប្ដឹងគ្នាចុះ ព្រោះមានតុលាការសម្រាប់វិនិច្ឆ័យក្ដី ហើយក៏មានអភិបាលខេត្តដែរ។ ៣៩ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមានរឿងផ្សេងទៀត នោះត្រូវសម្រេចក្នុងការប្រជុំជាផ្លូវការ។ ៤០ ពីព្រោះយើងអាចត្រូវគេចោទពីបទបំបះបំបោរដោយសារការនេះ ព្រោះគ្មានមូលហេតុណាមួយដែលយើងអាចប្រាប់គេស្ដីអំពីហេតុដែលមនុស្សមកប្រជុំគ្នាឥតសណ្ដាប់ធ្នាប់ដូច្នេះទេ»។ ៤១ លុះនិយាយការទាំងនេះចប់ហើយ គាត់រំសាយអង្គប្រជុំ។
២០ ពេលភាពចលាចលបានស្ងប់ស្ងាត់ ប៉ូលហៅពួកអ្នកកាន់តាមឲ្យមក។ រួចគាត់បានលើកទឹកចិត្តនិងលាពួកគាត់ ហើយចេញដំណើរទៅតំបន់ម៉ាសេដូន។ ២ បន្ទាប់ពីគាត់ធ្វើដំណើរកាត់តំបន់ទាំងនោះ ព្រមទាំងលើកទឹកចិត្តពួកអ្នកកាន់តាមដែលនៅទីនោះដោយពាក្យជាច្រើនហើយ គាត់ក៏ចូលស្រុកក្រិច។ ៣ គាត់នៅទីនោះអស់បីខែ ប៉ុន្តែពេលដែលគាត់ហៀបនឹងចុះទូកចេញដំណើរទៅស្រុកស៊ីរី គាត់បានដឹងថាជនជាតិយូដាសមគំនិតគ្នាដើម្បីសម្លាប់គាត់។+ ដូច្នេះ គាត់ក៏សម្រេចចិត្តធ្វើដំណើរកាត់តាមតំបន់ម៉ាសេដូនវិញ។ ៤ អ្នកដែលរួមដំណើរជាមួយនឹងគាត់មាន សូប៉ាទែរជាកូនប្រុសពីរូសដែលមកពីក្រុងបេរៀ ក៏មានអារីស្ដាក+និងសេគុនដុសពីក្រុងថែស្សាឡូនិច កៃយុសពីក្រុងឌើបេ ធីម៉ូថេ+ ហើយមានទីឃីកុស+និងត្រូភីមឹស+ពីខេត្តអាស៊ី។* ៥ អ្នកទាំងនោះបានទៅមុន រួចបានរង់ចាំយើងនៅក្រុងត្រូអាស។ ៦ ប៉ុន្តែ បន្ទាប់ពីបុណ្យនំប៉័ងឥតដំបែ+ យើងបានចេញដំណើរពីក្រុងភីលីពតាមផ្លូវទឹក។ លុះប្រាំថ្ងៃក្រោយមក យើងបានមកឯពួកគាត់នៅក្រុងត្រូអាស រួចយើងចំណាយពេល៧ថ្ងៃនៅទីនោះ។
៧ នៅថ្ងៃដំបូងនៃសប្ដាហ៍ កាលដែលយើងបានជួបជុំគ្នាដើម្បីបរិភោគអាហារ នោះប៉ូលចាប់ផ្ដើមថ្លែងសុន្ទរកថាជូនពួកគាត់ស្ដាប់ រហូតដល់ពាក់កណ្ដាលអធ្រាត្រ ដោយសារថ្ងៃស្អែកគាត់នឹងចាកចេញ។ ៨ ចំណែកបន្ទប់ខាងលើដែលយើងបានមកជួបជុំគ្នា មានចង្កៀងជាច្រើន។ ៩ កាលដែលប៉ូលកំពុងថ្លែងសុន្ទរកថា យុវជនម្នាក់ឈ្មោះអឺទីកុសដែលកំពុងអង្គុយនៅមាត់បង្អួច ក៏បានដេកលក់ទៅ រួចធ្លាក់ពីជាន់ទី៣ចុះទៅក្រោម។ កាលដែលគេលើកគាត់ឡើង គេឃើញថាគាត់ស្លាប់បាត់ហើយ។ ១០ ប៉ូលក៏បានចុះទៅក្រោម ហើយទ្រោបលើយុវជននោះ រួចឱបគាត់+ ហើយនិយាយថា៖ «ឈប់ជ្រួលច្របល់ទៅ ព្រោះគាត់នៅរស់ទេ»។+ ១១ រួចប៉ូលឡើងទៅលើវិញ ហើយចាប់ផ្ដើមបរិភោគ។* ក្រោយពីគាត់បានសន្ទនាយ៉ាងយូររហូតដល់ថ្ងៃរះ នោះគាត់ក៏ចាកចេញទៅ។ ១២ រួចមក ពួកគាត់យកយុវជនដែលរស់ឡើងវិញនោះត្រឡប់ទៅវិញ ទាំងធូរស្រាលក្នុងចិត្តពន់ពេកក្រៃ។
១៣ ក្រោយមក យើងចុះទូកចេញដំណើរទៅក្រុងអាសុស តែប៉ូលបានដើរទៅក្រុងនោះវិញ។ ក្រុងនោះជាកន្លែងដែលយើងនឹងទទួលប៉ូលឲ្យចូលទូក ព្រោះគាត់បានផ្ដាំយើងឲ្យធ្វើដូច្នេះ។ ១៤ ម្ល៉ោះហើយ ពេលដែលគាត់មកជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ឲ្យចូលទូក រួចធ្វើដំណើរទៅក្រុងមីទូលេន។ ១៥ លុះស្អែកឡើង យើងចេញដំណើរពីក្រុងនោះ ទៅដល់កន្លែងទល់មុខកោះឃីយ៉ូស។ ប៉ុន្តែនៅថ្ងៃបន្ទាប់ យើងបានឈប់មួយស្របក់នៅកោះសាម៉ូស ហើយនៅថ្ងៃបន្ទាប់ពីនោះទៀត យើងបានទៅដល់ក្រុងមីលេតូស។ ១៦ ប៉ូលបានសម្រេចចិត្តធ្វើដំណើរហួសក្រុងអេភេសូរ+ ព្រោះគាត់មិនចង់ចំណាយពេលនៅខេត្តអាស៊ីទេ ដោយសារគាត់កំពុងប្រញាប់ទៅក្រុងយេរូសាឡិម+ឲ្យទាន់បុណ្យថ្ងៃទី៥០ បើអាចធ្វើទៅបាន។
១៧ ក៏ប៉ុន្តែ នៅក្រុងមីលេតូស ប៉ូលផ្ញើសារទៅក្រុងអេភេសូរ ដើម្បីហៅពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនៅទីនោះឲ្យមក។ ១៨ កាលដែលពួកគាត់មកឯប៉ូលហើយ ប៉ូលនិយាយទៅពួកគាត់ថា៖ «តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលខេត្តអាស៊ី+ អ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំបានប្រើជីវិតយ៉ាងណាពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ ១៩ ខ្ញុំបានធ្វើការយ៉ាងនឿយហត់+ដើម្បីបម្រើលោកម្ចាស់ដោយចិត្តរាបទាប ទាំងស្រក់ទឹកភ្នែក និងទាំងរងទុក្ខលំបាកដោយសារគម្រោងការអាក្រក់របស់ជនជាតិយូដា។ ២០ នៅពេលដំណាលគ្នានោះ ខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នាអំពីអ្វីៗដែលមានប្រយោជន៍ទេ ហើយក៏មិនបានខានបង្រៀនអ្នករាល់គ្នាជាសាធារណៈ+ និងពីផ្ទះមួយទៅផ្ទះមួយដែរ។+ ២១ ប៉ុន្តែ ខ្ញុំបានធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ប្រាប់ពួកយូដានិងពួកក្រិចថា ពួកគេត្រូវប្រែចិត្ត+ បែរមកគោរពប្រណិប័តន៍ព្រះ ហើយមានជំនឿលើលោកយេស៊ូ ដែលជាលោកម្ចាស់របស់យើង។+ ២២ មើល! ឫទ្ធានុភាពរបស់ព្រះជំរុញខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡិម ទោះជាខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងដល់ខ្ញុំនៅក្រុងនោះក៏ដោយ។ ២៣ ខ្ញុំគ្រាន់តែដឹងថាពីក្រុងមួយទៅក្រុងមួយ ឫទ្ធានុភាពបរិសុទ្ធបញ្ជាក់ប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា គុកនិងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ។+ ២៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនចាត់ទុកថាជីវិត*ខ្ញុំគឺសំខាន់*ចំពោះខ្ញុំទេ សុំឲ្យតែខ្ញុំបានរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់+ ហើយបង្ហើយកិច្ចបម្រើដែលខ្ញុំបានទទួលពីលោកម្ចាស់យេស៊ូ នោះគ្រប់គ្រាន់ហើយ ពោលគឺការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្ដីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។
២៥ «មើល! ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ជាអ្នកដែលខ្ញុំបានផ្សព្វផ្សាយប្រាប់អំពីរាជាណាចក្ររបស់ព្រះ តែអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតទេ។ ២៦ ដូច្នេះ នៅថ្ងៃនេះ ខ្ញុំយកអ្នករាល់គ្នាធ្វើជាសាក្សីថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ+ ២៧ ព្រោះខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នាអំពីឱវាទណាមួយ*របស់ព្រះឡើយ។+ ២៨ ចូរប្រយ័ត្នខ្លួនអ្នក+ ហើយមើលការខុសត្រូវហ្វូងចៀម ដោយសារឫទ្ធានុភាពបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យធ្វើជាអ្នកត្រួតពិនិត្យ+ ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ+ ដែលលោកបានទិញដោយឈាមរបស់បុត្រលោកផ្ទាល់។+ ២៩ ខ្ញុំដឹងថា ក្រោយពីខ្ញុំចាកចេញទៅនឹងមានមនុស្សខ្លះដែលប្រៀបដូចជាឆ្កែចចកដ៏សាហាវ* ចូលមកក្នុងចំណោមអ្នករាល់គ្នា+ ហើយពួកគេនឹងមិនប្រព្រឹត្តដោយស្លូតបូតចំពោះហ្វូងចៀមទេ ៣០ ហើយពីចំណោមអ្នករាល់គ្នានឹងមានអ្នកខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមពួកគេវិញ។+
៣១ «ហេតុនេះ ចូរចាំយាម ហើយចាំជានិច្ចថា+ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាម្នាក់ៗដោយស្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃអស់បីឆ្នាំ។ ៣២ ឥឡូវ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះនិងបណ្ដាំស្ដីអំពីគុណដ៏វិសេសលើសលប់របស់លោក ជាបណ្ដាំដែលអាចធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង ហើយឲ្យអ្នករាល់គ្នាទទួលមត៌កជាមួយនឹងអស់អ្នកដែលបានត្រូវញែកជាបរិសុទ្ធ។+ ៣៣ ខ្ញុំមិនដែលប្រាថ្នាចង់បានប្រាក់ ឬមាស ឬសម្លៀកបំពាក់របស់អ្នកណាម្នាក់ទេ។+ ៣៤ អ្នករាល់គ្នាដឹងថា ដៃរបស់ខ្ញុំនេះបានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ+និងរបស់អ្នកដែលនៅជាមួយនឹងខ្ញុំ។ ៣៥ ខ្ញុំបានបង្ហាញអ្នករាល់គ្នាក្នុងការទាំងអស់ថា អ្នករាល់គ្នាត្រូវជួយអស់អ្នកដែលខ្សោយដោយខំប្រឹងធ្វើការនឿយហត់យ៉ាងដូច្នោះដែរ+ ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូ ដែលថា៖ ‹ការឲ្យគេ+ នោះមានសុភមង្គលច្រើនជាងការទទួល›»។
៣៦ លុះនិយាយការទាំងនេះចប់ គាត់ក៏លុតជង្គង់ជាមួយនឹងពួកគាត់ រួចអធិដ្ឋាន។ ៣៧ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាហូរទឹកភ្នែក រួចពួកគាត់ឱបប៉ូល ហើយថើបលាគាត់ដោយក្ដីស្រឡាញ់* ៣៨ ពីព្រោះពួកគាត់ព្រួយចិត្តជាខ្លាំង ពេលដែលប៉ូលនិយាយថាពួកគាត់នឹងលែងឃើញមុខគាត់ទៀត។+ រួចមក ពួកគាត់ជូនដំណើរប៉ូលទៅចុះទូក។
២១ ក្រោយពីយើងបានបង្ខំខ្លួនចាកចេញពីពួកគាត់ យើងបានចេញដំណើរតាមផ្លូវទឹកឆ្ពោះទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដ រួចចេញពីនោះទៅដល់កំពង់ផែប៉ាតារ៉ា។ ២ ពេលយើងរកឃើញសំពៅមួយដែលនឹងឆ្លងទៅស្រុកភេនីស៊ី យើងក៏ឡើងហើយចេញដំណើរទៅ។ ៣ ក្រោយមក យើងឃើញកោះគីប្រុសនៅខាងឆ្វេងដៃ តែបានធ្វើដំណើរបង្ហួសទៅខេត្តស៊ីរី រួចចតនៅក្រុងទីរ៉ុស ព្រោះជាកន្លែងដែលត្រូវរើទំនិញចេញពីសំពៅ។ ៤ នៅទីនោះ យើងបានរកឃើញពួកអ្នកកាន់តាម ហើយបានស្នាក់នៅជាមួយនឹងពួកគាត់អស់៧ថ្ងៃ។ ប៉ុន្តែ ឫទ្ធានុភាពរបស់ព្រះបានដឹកនាំពួកគាត់ឲ្យប្រាប់ប៉ូលម្ដងហើយម្ដងទៀតថា កុំចូលក្រុងយេរូសាឡិមឲ្យសោះ។+ ៥ លុះដល់ថ្ងៃដែលយើងត្រូវចេញដំណើរទៅ ពួកគាត់គ្រប់គ្នាទាំងស្ត្រីទាំងកូនក្មេងបានជូនដំណើរយើងរហូតដល់ខាងក្រៅក្រុង។ រួចនៅលើឆ្នេរសមុទ្រ យើងបានលុតជង្គង់អធិដ្ឋាន ៦ ហើយលាគ្នា។ បន្ទាប់មក យើងបានឡើងសំពៅ ហើយពួកគាត់បានត្រឡប់ទៅផ្ទះវិញ។
៧ រួចមក យើងចេញសំពៅពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទរលេមេ។ នៅទីនោះយើងសួរសុខទុក្ខបងប្អូន ហើយស្នាក់នៅជាមួយនឹងពួកគាត់មួយថ្ងៃ។ ៨ លុះស្អែកឡើង យើងចេញដំណើរទៅដល់ក្រុងសេសារៀ ហើយយើងក៏ចូលក្នុងផ្ទះភីលីព ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ គាត់ជាបុរសម្នាក់ក្នុងចំណោមបុរស៧នាក់*+ រួចយើងបានស្នាក់នៅជាមួយនឹងគាត់។ ៩ បុរសនេះមានកូនក្រមុំបួននាក់ ហើយពួកនាងជាអ្នកប្រកាសទំនាយ។+ ១០ ប៉ុន្តែ បន្ទាប់ពីយើងបាននៅទីនោះអស់ជាច្រើនថ្ងៃ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាកាប៊ូស+បានចុះមកពីតំបន់យូឌា។ ១១ គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូលមកចងដៃនិងជើងខ្លួន រួចនិយាយថា៖ «ឫទ្ធានុភាពបរិសុទ្ធប្រាប់ដូច្នេះថា៖ ‹បុរសដែលជាម្ចាស់ខ្សែក្រវាត់នេះ នឹងត្រូវជនជាតិយូដាចាប់ចងយ៉ាងនេះនៅក្រុងយេរូសាឡិម+ រួចពួកគេនឹងប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិដទៃ›»។+ ១២ ឮដូច្នេះ យើងនិងពួកអ្នកដែលនៅទីនោះចាប់ផ្ដើមអង្វរប៉ូល កុំឲ្យឡើងទៅក្រុងយេរូសាឡិម។ ១៣ ប៉ុន្តែ ប៉ូលតបថា៖ «ហេតុអ្វីអ្នករាល់គ្នាយំ ហើយព្យាយាមធ្វើឲ្យខ្ញុំប្ដូរចិត្តដូច្នេះ? ខ្ញុំបានត្រៀមខ្លួនរួចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ តែក៏សុខចិត្តស្លាប់នៅក្រុងយេរូសាឡិមដើម្បីនាមលោកម្ចាស់យេស៊ូដែរ»។+ ១៤ ពេលយើងឃើញថាមិនអាចឃាត់គាត់បាន នោះយើងឈប់រារាំងគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ា*បានសម្រេច»។
១៥ លុះផុតថ្ងៃទាំងនោះហើយ យើងបានរៀបចំធ្វើដំណើរ រួចចាប់ផ្ដើមទៅក្រុងយេរូសាឡិម។ ១៦ អ្នកកាន់តាមខ្លះពីក្រុងសេសារៀក៏បានទៅជាមួយនឹងយើងដែរ ដើម្បីនាំយើងទៅឯបុរសដែលនឹងទទួលយើងឲ្យស្នាក់នៅផ្ទះរបស់គាត់។ បុរសនោះឈ្មោះម៉ាណេសុនពីកោះគីប្រុស ដែលជាអ្នកកាន់តាមម្នាក់ពីដើមដំបូង។ ១៧ លុះទៅដល់ក្រុងយេរូសាឡិម បងប្អូនបានទទួលយើងដោយចិត្តសប្បាយ។ ១៨ ប៉ុន្តែថ្ងៃបន្ទាប់មកទៀត ប៉ូលបានចូលទៅជាមួយនឹងយើងដើម្បីជួបយ៉ាកុប+ ហើយអ្នកចាស់ទុំទាំងអស់ក៏នៅទីនោះដែរ។ ១៩ ប៉ូលសួរសុខទុក្ខពួកគាត់ ហើយរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់អំពីការទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងចំណោមប្រជាជាតិនានា តាមរយៈកិច្ចបម្រើរបស់គាត់។
២០ ក្រោយពីបានឮការទាំងនោះ ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះ ក៏បាននិយាយទៅប៉ូលថា៖ «បងប្រុសអើយ អ្នកឃើញទេ មានអ្នកជឿរាប់ពាន់នាក់ក្នុងចំណោមជនជាតិយូដា ហើយពួកគាត់ទាំងអស់គ្នាមានចិត្តខ្នះខ្នែងក្នុងការកាន់តាមច្បាប់។*+ ២១ ប៉ុន្តែ ពួកគាត់បានឮពាក្យចចាមអារ៉ាមអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមប្រជាជាតិនានា ឲ្យបោះបង់ចោល*ច្បាប់ម៉ូសេ ដោយហាមពួកគាត់មិនឲ្យកាត់ចុងស្បែក*របស់កូន ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។+ ២២ បើដូច្នេះ តើត្រូវធ្វើដូចម្ដេចទៅ? ពួកគាត់ប្រាកដជានឹងឮថាអ្នកបានមកដល់ហើយ។ ២៣ ហេតុនេះ សូមអ្នកធ្វើតាមពាក្យយើង៖ យើងមានបុរសបួននាក់ដែលជាប់សម្បថ។ ២៤ ចូរយកបុរសទាំងនេះទៅជាមួយនឹងអ្នក ហើយសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ ព្រមទាំងចេញថ្លៃឲ្យពួកគេកោរសក់ផង។ យ៉ាងនេះ មនុស្សទាំងអស់នឹងដឹងថាពាក្យចចាមអារ៉ាមដែលពួកគេបានឮអំពីអ្នកគឺមិនពិតទេ តែពួកគេនឹងដឹងថាអ្នកតែងតែប្រព្រឹត្តអ្វីដែលត្រឹមត្រូវ ហើយក៏ដឹងថាអ្នកកាន់តាមច្បាប់ដែរ។+ ២៥ ចំណែកពួកអ្នកជឿពីចំណោមប្រជាជាតិនានាវិញ យើងបានផ្ញើសេចក្ដីសម្រេចរបស់យើងឲ្យពួកគាត់ គឺឲ្យពួកគាត់ជៀសវាងពីអ្វីដែលបានត្រូវបូជាដល់រូបព្រះ+ ថែមទាំងជៀសវាងពីឈាម+ សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក*+ និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។*+
២៦ លុះស្អែកឡើង ប៉ូលបានយកបុរសទាំងនោះទៅជាមួយ ក៏បានសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ។+ រួចមក គាត់ចូលក្នុងវិហារដើម្បីប្រាប់ឲ្យដឹងថាចំនួនថ្ងៃសម្រាប់ការសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធនោះនឹងត្រូវចប់នៅពេលណា ហើយប្រាប់អំពីពេលណាដែលត្រូវជូនគ្រឿងបូជាសម្រាប់ពួកគេម្នាក់ៗ។
២៧ ពេលដែល៧ថ្ងៃនោះជិតចប់ហើយ ជនជាតិយូដាពីខេត្តអាស៊ី* បានឃើញប៉ូលក្នុងវិហារ ដូច្នេះពួកគេក៏ធ្វើឲ្យបណ្ដាជនជ្រួលច្របល់ រួចពួកគេចាប់គាត់។ ២៨ ពួកគេស្រែកថា៖ «ជនជាតិអ៊ីស្រាអែលអើយ! សូមជួយផង! គឺបុរសនេះឯងដែលបង្រៀនមនុស្សទាំងអស់នៅគ្រប់កន្លែងឲ្យប្រឆាំងជាតិយើង ប្រឆាំងច្បាប់របស់យើង និងប្រឆាំងកន្លែងនេះ។ គាត់ថែមទាំងយកពួកក្រិចចូលក្នុងវិហារនាំឲ្យកន្លែងបរិសុទ្ធនេះទៅជាស្មោកគ្រោកទៀតផង»។+ ២៩ ព្រោះពីមុនពួកគេបានឃើញត្រូភីមឹស+ពីក្រុងអេភេសូរនៅជាមួយនឹងប៉ូលក្នុងក្រុង ដូច្នេះពួកគេសន្និដ្ឋានថាប៉ូលបាននាំគាត់ចូលក្នុងវិហារ។ ៣០ រួចមក ក្រុងទាំងមូលពេញទៅដោយភាពជ្រួលច្របល់ ហើយបណ្ដាជនបានរត់មកចាប់ប៉ូល រួចអូសគាត់ចេញទៅក្រៅវិហារ ហើយភ្លាមនោះ ទ្វារវិហារក៏បានត្រូវបិទ។ ៣១ កាលដែលពួកគេកំពុងប៉ុនប៉ងសម្លាប់គាត់ មេបញ្ជាការកងទ័ពបានទទួលដំណឹងថាក្រុងយេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ ៣២ ដូច្នេះ គាត់ប្រញាប់នាំកូនទាហាននិងនាយទាហានមួយចំនួន រត់ចុះទៅឯពួកគេ។ ពេលដែលពួកគេក្រឡេកទៅឃើញមេបញ្ជាការកងទ័ពនិងពួកទាហាន នោះពួកគេក៏ឈប់វាយប៉ូល។
៣៣ បន្ទាប់មក មេបញ្ជាការនោះចូលមកជិត ហើយចាប់ប៉ូល ដោយបង្គាប់ឲ្យយកច្រវាក់ពីរមកចងគាត់។+ ក្រោយមក មេបញ្ជាការចាប់ផ្ដើមសួរឲ្យដឹងថាគាត់ជាអ្នកណា ហើយគាត់បានធ្វើអ្វី។ ៣៤ ប៉ុន្តែ អ្នកខ្លះក្នុងបណ្ដាជនចាប់ផ្ដើមស្រែកយ៉ាងនេះ អ្នកខ្លះទៀតស្រែកយ៉ាងនោះ។ ដោយសារមានភាពចលាចលដូច្នេះ គាត់មិនអាចទទួលព័ត៌មានច្បាស់លាស់ទេ។ ម្ល៉ោះហើយ គាត់បង្គាប់ឲ្យយកប៉ូលទៅប៉ុស្តិ៍ទាហាន។ ៣៥ ប៉ុន្តែ ពេលដែលគាត់បានទៅដល់ជណ្ដើរប៉ុស្តិ៍ទាហាន នោះបណ្ដាជនក៏បញ្ចេញភាពឃោរឃៅខ្លាំងដល់ម្ល៉េះ បានជាពួកទាហានត្រូវគ្រាហ៍គាត់ឡើងទៅលើ ៣៦ ព្រោះមនុស្សច្រើនសន្ធឹកចេះតែទៅតាម ដោយស្រែកឡើងថា៖ «សម្លាប់អ្នកនោះចោលទៅ!»។
៣៧ កាលដែលគេហៀបនឹងនាំគាត់ចូលប៉ុស្តិ៍ទាហាន ប៉ូលនិយាយទៅមេបញ្ជាការថា៖ «តើខ្ញុំអាចនិយាយជាមួយនឹងលោកបន្តិចបានទេ?»។ មេបញ្ជាការសួរគាត់ថា៖ «តើអ្នកចេះនិយាយភាសាក្រិចទេ? ៣៨ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលបានបំបះបំបោរបណ្ដាជន ហើយនាំបុរស៤.០០០នាក់ប្រដាប់ដោយកាំបិតស្នៀតចេញទៅតំបន់ស្ងាត់ជ្រងំទេឬ?»។ ៣៩ ប៉ូលតបថា៖ «ខ្ញុំជាជនជាតិយូដា+ ពីក្រុងតើសុស+ក្នុងស្រុកស៊ីលីស៊ី ជាពលរដ្ឋនៃក្រុងដ៏ល្បីឈ្មោះ។ ដូច្នេះ ខ្ញុំសូមអង្វរលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់បណ្ដាជន»។ ៤០ បន្ទាប់ពីទទួលការអនុញ្ញាតពីមេបញ្ជាការ នោះប៉ូលឈរលើជណ្ដើរលើកដៃធ្វើសញ្ញាទៅបណ្ដាជន។ ពេលពួកគេស្ងាត់ច្រៀប គាត់ក៏និយាយភាសាហេប្រឺ+ទៅកាន់ពួកគេថា៖
២២ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំពន្យល់សិន»។+ ២ កាលដែលបណ្ដាជនឮប៉ូលនិយាយភាសាហេប្រឺទៅពួកគេ នោះពួកគេកាន់តែស្ងៀមទៅ រួចគាត់និយាយថា៖ ៣ «ខ្ញុំជាជនជាតិយូដា។+ ខ្ញុំកើតនៅក្រុងតើសុសក្នុងស្រុកស៊ីលីស៊ី+ តែខ្ញុំបានទទួលការអប់រំនៅក្រុងនេះពីកាម៉េលាល+ដោយផ្ទាល់ ហើយបានត្រូវបង្រៀនឲ្យកាន់តាមច្បាប់*+នៃពួកបុព្វបុរសរបស់យើងយ៉ាងហ្មត់ចត់។ ខ្ញុំក៏ខ្នះខ្នែងក្នុងកិច្ចបម្រើព្រះដូចអ្នករាល់គ្នាកំពុងធ្វើដែរ។+ ៤ ខ្ញុំបានបៀតបៀនអស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់* រហូតដល់បញ្ជូនទៅឲ្យគេសម្លាប់ទៀតផង ហើយខ្ញុំចាប់ចងទាំងប្រុសទាំងស្រី រួចប្រគល់ទៅឲ្យគេដាក់គុក។+ ៥ សម្ដេចសង្ឃនិងពួកអ្នកចាស់ទុំទាំងអស់នៃអង្គប្រជុំអាចធ្វើជាសាក្សីបាន។ ខ្ញុំក៏បានសុំសំបុត្រពីពួកគេ ដើម្បីយកទៅឲ្យបងប្អូនយើងនៅក្រុងដាម៉ាស់។ រួចខ្ញុំចេញដំណើរទៅទីនោះ ដើម្បីចាប់អស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់មកឲ្យគេដាក់ទោសនៅក្រុងយេរូសាឡិមទាំងជាប់ចំណង។
៦ «ប៉ុន្តែប្រហែលជាថ្ងៃត្រង់ កាលដែលខ្ញុំបានធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស់ហើយ ស្រាប់តែមានពន្លឺភ្លឺយ៉ាងខ្លាំងពីលើមេឃចាំងជុំវិញខ្ញុំ។+ ៧ រួចខ្ញុំដួលដល់ដី ហើយឮសំឡេងមួយបន្លឺមកខ្ញុំថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?›។ ៨ ខ្ញុំឆ្លើយថា៖ ‹តើលោកម្ចាស់ជាអ្នកណា?›។ លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ខ្ញុំគឺយេស៊ូ ពីក្រុងណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន›។ ៩ ឯបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងខ្ញុំបានឃើញពន្លឺនោះ តែមិនបានឮសំឡេងរបស់លោកដែលមានប្រសាសន៍មកខ្ញុំទេ។ ១០ បន្ទាប់មក ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ តើខ្ញុំត្រូវធ្វើយ៉ាងណា?›។ លោកម្ចាស់មានប្រសាសន៍មកខ្ញុំថា៖ ‹ចូរក្រោកឡើង ហើយចូលក្រុងដាម៉ាស់ចុះ។ នៅទីនោះ អ្នកនឹងទទួលដំណឹងអំពីការទាំងអស់ដែលអ្នកត្រូវធ្វើ›។+ ១១ ប៉ុន្តែ ខ្ញុំមិនអាចមើលឃើញអ្វីសោះដោយសារភាពរុងរឿងនៃពន្លឺនោះ។ ដូច្នេះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃខ្ញុំទៅដល់ក្រុងដាម៉ាស់។
១២ «រួចមក មានបុរសម្នាក់ឈ្មោះអាណានាស គាត់ជាអ្នកកោតខ្លាចព្រះនិងកាន់តាមច្បាប់ ហើយជនជាតិយូដាទាំងអស់ដែលអាស្រ័យនៅទីនោះតែងនិយាយល្អអំពីគាត់។ ១៣ គាត់មកឈរជិតខ្ញុំ ហើយនិយាយថា៖ ‹សុល បងប្រុសអើយ សូមមើលឃើញឡើងវិញចុះ!›។ រំពេចនោះ ខ្ញុំងើបភ្នែកឡើងឃើញគាត់។+ ១៤ គាត់និយាយថា៖ ‹ព្រះនៃពួកបុព្វបុរសរបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងប្រាថ្នារបស់លោក និងឲ្យអ្នកបានឃើញលោកដែលជាអ្នកសុចរិត+ ថែមទាំងឲ្យឮសំឡេងរបស់លោកទៀតផង ១៥ ព្រោះអ្នកត្រូវធ្វើជាសាក្សីរបស់លោក ដោយបញ្ជាក់ប្រាប់មនុស្សទាំងអស់អំពីអ្វីដែលអ្នកបានឃើញនិងឮ។+ ១៦ ឥឡូវ ហេតុអ្វីបានជាអ្នកបង្អែបង្អង់ដូច្នេះ? ចូរក្រោកឡើង ទទួលការជ្រមុជទឹក ហើយហៅរកនាមរបស់លោក+ដើម្បីលាងសម្អាតការខុសឆ្គងរបស់អ្នក›។+
១៧ «ប៉ុន្តែ ពេលដែលខ្ញុំត្រឡប់មកក្រុងយេរូសាឡិមវិញ+ ហើយកំពុងអធិដ្ឋានក្នុងវិហារ ខ្ញុំបានឃើញអ្វីមួយក្នុងគំនិត ១៨ គឺខ្ញុំឃើញលោកម្ចាស់កំពុងមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមភ្លាម ពីព្រោះពួកគេនឹងមិនព្រមទទួលការបញ្ជាក់ប្រាប់របស់អ្នកអំពីខ្ញុំទេ›។+ ១៩ ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ ពួកគេដឹងច្បាស់ថា ខ្ញុំធ្លាប់ចាប់ពួកអ្នកដែលមានជំនឿលើលោក ពីសាលាប្រជុំមួយទៅសាលាប្រជុំមួយ រួចបញ្ជូនទៅឲ្យគេដាក់គុក ក៏ធ្លាប់វាយពួកគេនឹងរំពាត់។+ ២០ ម្យ៉ាងទៀត ពេលដែលគេសម្លាប់ស្ទេផានដែលជាសាក្សីរបស់លោក នោះខ្ញុំក៏ឈរនៅក្បែរនោះដែរ ហើយខ្ញុំបានពេញចិត្តចំពោះការនោះ ថែមទាំងបានជួយមើលសម្លៀកបំពាក់ក្រៅរបស់ពួកអ្នកដែលកំពុងសម្លាប់គាត់ទៀតផង›។+ ២១ ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរទៅចុះ ពីព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯប្រជាជាតិដែលនៅឆ្ងាយៗ›»។+
២២ ពេលពួកគេស្ដាប់ប៉ូលនិយាយដល់ត្រឹមនេះ ពួកគេក៏ស្រែកឡើងថា៖ «កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ព្រោះអ្នកនេះមិនសមនឹងរស់ទេ!»។ ២៣ ពួកគេនាំគ្នាស្រែក បោះសម្លៀកបំពាក់ក្រៅរបស់ខ្លួន ហើយបាចធូលីដីឡើងលើ។+ ២៤ ដូច្នេះ មេបញ្ជាការបង្គាប់ឲ្យយកប៉ូលចូលប៉ុស្តិ៍ទាហាន រួចវាយគាត់នឹងរំពាត់ខ្សែតីសួរចម្លើយ ដើម្បីអាចដឹងច្បាស់អំពីមូលហេតុដែលពួកគេកំពុងស្រែកប្រឆាំងគាត់បែបនេះ។ ២៥ ប៉ុន្តែ ពេលដែលពួកគេចងសន្ធឹងប៉ូលដើម្បីវាយ គាត់សួរនាយទាហានដែលឈរនៅទីនោះថា៖ «តើអ្នករាល់គ្នាមានច្បាប់វាយពលរដ្ឋរ៉ូម ទាំងមិនទាន់បានវិនិច្ឆ័យទោសឬ?»។+ ២៦ ពេលដែលនាយទាហានឮដូច្នេះ គាត់ទៅរាយការណ៍ប្រាប់មេបញ្ជាការថា៖ «តើលោកចង់ធ្វើយ៉ាងណា? ព្រោះបុរសនេះជាពលរដ្ឋរ៉ូម»។ ២៧ ដូច្នេះ មេបញ្ជាការបានចូលទៅសួរប៉ូលថា៖ «ប្រាប់ខ្ញុំមក តើអ្នកជាពលរដ្ឋរ៉ូមឬ?»។ គាត់ឆ្លើយថា៖ «បាទ»។ ២៨ មេបញ្ជាការតបថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើនដើម្បីចូលសញ្ជាតិរ៉ូម»។ ប៉ូលនិយាយថា៖ «តែខ្ញុំបានកើតមកជាសញ្ជាតិរ៉ូមតែម្ដង»។+
២៩ ដូច្នេះ ពួកអ្នកដែលបម្រុងនឹងធ្វើទារុណកម្មដើម្បីសួរចម្លើយប៉ូល ក៏បានថយចេញពីគាត់ភ្លាម។ ឯមេបញ្ជាការតាំងភ័យខ្លាច ពេលដឹងថាប៉ូលជាពលរដ្ឋរ៉ូម ព្រោះគាត់បានចងប៉ូលនឹងច្រវាក់។+
៣០ លុះស្អែកឡើង មេបញ្ជាការចង់ដឹងប្រាកដអំពីមូលហេតុដែលជនជាតិយូដាកំពុងចោទប្រកាន់ប៉ូល។ ដូច្នេះ គាត់ស្រាយចំណងប៉ូល រួចបង្គាប់ឲ្យពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលមកជួបជុំគ្នា។ បន្ទាប់មក គាត់នាំប៉ូលចុះមកឲ្យឈរក្នុងចំណោមពួកគេ។+
២៣ ប៉ូលសម្លឹងទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយនិយាយថា៖ «បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស+នៅចំពោះមុខព្រះ គឺខ្ញុំមិនបានប្រព្រឹត្តអ្វីគួរនឹងទទួលទោសឡើយ»។ ២ ពេលឮដូច្នេះ អាណានាសដែលជាសម្ដេចសង្ឃបង្គាប់ពួកអ្នកដែលឈរជិតប៉ូលឲ្យទះមាត់គាត់។ ៣ រួចប៉ូលនិយាយទៅគាត់ថា៖ «មនុស្សលាក់ពុត!* ព្រះនឹងវាយអ្នក។ តើអ្នកអង្គុយដើម្បីវិនិច្ឆ័យទោសខ្ញុំស្របតាមច្បាប់ តែខ្លួនអ្នកបែរជាបំពានលើច្បាប់ដោយបង្គាប់គេឲ្យវាយខ្ញុំឬ?»។ ៤ ពួកអ្នកដែលឈរនៅក្បែរនិយាយថា៖ «តើអ្នកកំពុងប្រមាថសម្ដេចសង្ឃរបស់ព្រះឬ?»។ ៥ ប៉ូលនិយាយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថាគាត់ជាសម្ដេចសង្ឃទេ។ ព្រោះបទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវនិយាយអាក្រក់អំពីអ្នកគ្រប់គ្រងជាតិរបស់អ្នកឡើយ›»។+
៦ ពេលដែលប៉ូលដឹងថាពាក់កណ្ដាលនៃក្រុមប្រឹក្សាជាន់ខ្ពស់ជាពួកសាឌូស៊ី ហើយពាក់កណ្ដាលទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងប្រាប់ពួកគេថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី+ ហើយក៏ជាកូនពួកផារិស៊ីដែរ។ គេកំពុងវិនិច្ឆ័យខ្ញុំ ដោយសារខ្ញុំជឿអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ ៧ ដោយសារប៉ូលនិយាយដូច្នេះ ពួកផារិស៊ីនិងពួកសាឌូស៊ីចាប់ផ្ដើមទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។ ៨ ព្រោះពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ ហើយក៏មិនជឿថាមានទេវតាឬវិញ្ញាណដែរ។ ប៉ុន្តែ ពួកផារិស៊ីជឿថាមានទាំងអស់។+ ៩ ដូច្នេះ ពួកគេចាប់ផ្ដើមស្រែកយ៉ាងខ្លាំង ហើយក្នុងគណៈពួកផារិស៊ីមានអ្នកខ្លះដែលជំនាញខាងច្បាប់ បានក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីទេ ចុះយ៉ាងណា បើមានវិញ្ញាណឬទេវតាមួយនិយាយជាមួយនឹងគាត់?»។+ ១០ ពេលដែលការទាស់ទែងគ្នាផ្ទុះកាន់តែខ្លាំង នោះមេបញ្ជាការចាប់ផ្ដើមខ្លាចថាពួកគេនឹងប្រទាញប្រទង់ហែកប៉ូលជាពីរ ដូច្នេះគាត់បង្គាប់កងទាហានឲ្យចុះទៅកញ្ឆក់យកប៉ូលចេញពីចំណោមពួកគេ ហើយនាំមកប៉ុស្តិ៍ទាហាន។
១១ ប៉ុន្តែនៅយប់នោះឯង លោកម្ចាស់បានឈរជិតគាត់ ហើយមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង+ ព្រោះអ្នកត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងរ៉ូម ដូចអ្នកបានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីខ្ញុំនៅក្រុងយេរូសាឡិមដែរ»។+
១២ លុះព្រឹកឡើង ជនជាតិយូដាបានសមគំនិតគ្នា ទាំងស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់ប៉ូល។ ១៣ មានបុរសជាង៤០នាក់ដែលបានសមគំនិតគ្នាស្បថដូច្នោះ។ ១៤ ពួកគេទៅជួបពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំ រួចនិយាយថា៖ «យើងបានស្បថឲ្យត្រូវបណ្ដាសាថា យើងនឹងមិនបរិភោគអាហារមួយម៉ាត់ឡើយ ទាល់តែបានសម្លាប់ប៉ូល។ ១៥ ដូច្នេះ ឥឡូវសូមអ្នករាល់គ្នានិងក្រុមប្រឹក្សាជាន់ខ្ពស់ប្រាប់មេបញ្ជាការអំពីមូលហេតុដែលគាត់គួរនាំប៉ូលមកឯអ្នករាល់គ្នា ដោយយកលេសថាអ្នករាល់គ្នាចង់ពិចារណារឿងក្ដីរបស់អ្នកនោះឲ្យបានល្អិតល្អន់ជាង។ ប៉ុន្តែ មុនពេលដែលអ្នកនោះមកជិតដល់ យើងត្រៀមជាស្រេចដើម្បីសម្លាប់អ្នកនោះចោល»។
១៦ ប៉ុន្តែ ពេលក្មួយប្រុសរបស់ប៉ូលបានឮថាពួកគេកំពុងពួនចាំសម្លាប់ប៉ូល នោះគាត់ចូលប៉ុស្តិ៍ទាហានរាយការណ៍ប្រាប់ប៉ូល។ ១៧ រួចប៉ូលបានហៅនាយទាហានម្នាក់មកឯគាត់ ហើយប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបមេបញ្ជាការ ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៨ ម្ល៉ោះហើយ នាយទាហានបាននាំយុវជននោះទៅឯមេបញ្ជាការ រួចប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ រួចសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៩ មេបញ្ជាការដឹកដៃយុវជននោះនាំទៅដោយឡែកពីគេ ហើយសួរថា៖ «តើអ្នកមានរឿងអ្វីចង់រាយការណ៍ប្រាប់ខ្ញុំ?»។ ២០ យុវជននោះឆ្លើយថា៖ «ជនជាតិយូដាបានសន្មតគ្នាថា នឹងសុំលោកនាំប៉ូលចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថាពួកគេចង់ដឹងល្អិតល្អន់ជាងអំពីរឿងក្ដីរបស់ប៉ូល។+ ២១ ប៉ុន្តែ សូមលោកកុំជឿពាក្យបញ្ចុះបញ្ចូលរបស់ពួកគេឲ្យសោះ ព្រោះពួកគេមានបុរសជាង៤០នាក់កំពុងពួនចាំគាត់ ទាំងស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់គាត់។+ ឥឡូវនេះ ពួកគេបានត្រៀមខ្លួនជាស្រេច ហើយកំពុងចាំលោកយល់ព្រមតាមសំណូមពររបស់ពួកគេតែប៉ុណ្ណោះ»។ ២២ ដូច្នេះ មេបញ្ជាការឲ្យយុវជននោះទៅវិញ បន្ទាប់ពីបានបង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះថា អ្នកបានរាយការណ៍អំពីរឿងនេះដល់ខ្ញុំ»។
២៣ បន្ទាប់មក មេបញ្ជាការកោះហៅនាយទាហានពីរនាក់ឲ្យមក រួចប្រាប់ថា៖ «ចូររៀបចំកូនទាហានថ្មើរជើង២០០នាក់ ដើម្បីចេញដំណើរទៅក្រុងសេសារៀនៅម៉ោងទី៣*យប់នេះ ព្រមទាំងនាំទាហានសេះ៧០នាក់ និងទាហានកាន់លំពែង២០០នាក់ទៅជាមួយផង។ ២៤ ម្យ៉ាងទៀត ចូររៀបចំសេះឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯភេលីចជាអភិបាលដោយសុវត្ថិភាព»។ ២៥ រួចគាត់សរសេរសំបុត្រមួយដូចតទៅនេះ៖
២៦ «ខ្ញុំក្លូឌាសឡែសៀស សូមជម្រាបជូនឯកឧត្ដមអភិបាលភេលីច៖ ជម្រាបសួរ! ២៧ ជនជាតិយូដាបានចាប់បុរសនេះ ហើយបម្រុងនឹងសម្លាប់គាត់ចោល តែភ្លាមៗខ្ញុំបាននាំកងទាហានទៅសង្គ្រោះគាត់+ ពីព្រោះខ្ញុំបានដឹងថាគាត់ជាពលរដ្ឋរ៉ូម។+ ២៨ រួចមក ដោយសារខ្ញុំចង់ដឹងអំពីមូលហេតុដែលពួកគេចោទប្រកាន់គាត់ នោះខ្ញុំនាំគាត់ចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ។+ ២៩ ខ្ញុំឃើញថាពួកគេចោទប្រកាន់គាត់អំពីបញ្ហាទាក់ទងនឹងច្បាប់របស់ពួកគេ+ តែគ្មានការចោទប្រកាន់ណាមួយដែលសមឲ្យគាត់ជាប់ចំណង ឬមានទោសដល់ស្លាប់ឡើយ។ ៣០ ប៉ុន្តែ ដោយសារមានគេប្រាប់ខ្ញុំអំពីគម្រោងការសម្លាប់បុរសនេះ+ ខ្ញុំក៏បញ្ជូនគាត់ទៅឯលោកភ្លាម ហើយបង្គាប់ពួកដើមចោទឲ្យទៅចោទប្រកាន់គាត់នៅមុខលោក»។
៣១ ដូច្នេះ ពួកទាហានទាំងនេះក៏ធ្វើតាមបង្គាប់ ហើយយកប៉ូល+ទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់។ ៣២ លុះស្អែកឡើង ពួកគេឲ្យពួកទាហានសេះបន្តដំណើរជាមួយនឹងប៉ូល តែពួកគេបានវិលត្រឡប់ទៅប៉ុស្តិ៍ទាហានវិញ។ ៣៣ ពួកទាហានសេះចូលក្រុងសេសារៀ ហើយយកសំបុត្រជូនអភិបាល ទាំងប្រគល់ប៉ូលទៅឲ្យគាត់ដែរ។ ៣៤ អភិបាលក៏អានសំបុត្រនោះ ហើយសួរប៉ូលថាគាត់មកពីខេត្តមួយណា ប៉ូលប្រាប់ថាមកពីខេត្តស៊ីលីស៊ី។+ ៣៥ ដូច្នេះ គាត់និយាយថា៖ «ពេលពួកដើមចោទមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នកឲ្យបានសព្វគ្រប់»។+ រួចគាត់បង្គាប់ឲ្យគេឃុំប៉ូលក្នុងវាំងរបស់ហេរ៉ូឌ ដោយមានអ្នកយាមនៅឃ្លាំមើល។
២៤ ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស+បានចុះមកជាមួយនឹងពួកអ្នកចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស រួចពួកគេបានប្ដឹងអភិបាលអំពីប៉ូល។+ ២ ពេលដែលទើទូលុសបានត្រូវហៅឲ្យនិយាយ គាត់ចាប់ផ្ដើមចោទប្រកាន់ប៉ូលថា៖
«ឯកឧត្ដមភេលីច យើងឃើញថាយើងមានសេចក្ដីសុខសាន្តក្រៃលែងដោយសារលោក ហើយថាប្រជាជាតិនេះកំពុងកែទម្រង់ផ្សេងៗដោយសារគំនិតគិតទុកជាមុនរបស់លោក។ ៣ ទោះនៅពេលណាឬនៅកន្លែងណាក៏ដោយ យើងតែងមានអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកសម្រាប់អ្វីៗទាំងនេះ។ ៤ ប៉ុន្តែដើម្បីកុំឲ្យលោកខាតពេលយូរ ខ្ញុំសូមអង្វរលោកមេត្តាស្ដាប់យើងតែបន្តិចប៉ុណ្ណោះ។ ៥ ព្រោះយើងបានឃើញថាបុរសនេះជាមនុស្សចង្រៃ*+ និងជាមេដឹកនាំនិកាយពួកណាសារ៉ែត ហើយក៏ជាអ្នកដែលបំបះបំបោរ+ជនជាតិយូដាទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដីផង។+ ៦ បុរសនេះក៏ប៉ុនប៉ងធ្វើឲ្យវិហារលែងបរិសុទ្ធដែរ។ ដូច្នេះ យើងបានចាប់គាត់។+ ៧ *—— ៨ ពេលលោកសួរចម្លើយបុរសនេះដោយផ្ទាល់ នោះលោកមុខជាដឹងអំពីរឿងទាំងអស់នេះដែលយើងបានចោទប្រកាន់គាត់»។
៩ លុះនិយាយចប់ ជនជាតិយូដាក៏បានចូលរួមនិយាយវាយប្រហារប៉ូល ហើយអះអាងថារឿងទាំងនោះគឺជាការពិត។ ១០ ពេលដែលអភិបាលងក់ក្បាលជាសញ្ញាឲ្យប៉ូលនិយាយ នោះប៉ូលតបថា៖
«ខ្ញុំដឹងច្បាស់ថាលោកបានធ្វើជាចៅក្រមឲ្យជនជាតិនេះអស់ជាច្រើនឆ្នាំហើយ ខ្ញុំសប្បាយចិត្តនិយាយការពាររឿងក្ដីរបស់ខ្ញុំនៅចំពោះមុខលោក។+ ១១ លោកអាចស៊ើបសួរឲ្យដឹងថា តាំងពីខ្ញុំបានឡើងទៅគោរពប្រណិប័តន៍នៅក្រុងយេរូសាឡិម គឺខ្ញុំមិនបាននៅទីនោះលើសពី១២ថ្ងៃទេ+ ១២ ហើយពួកគេមិនឃើញថាខ្ញុំកំពុងឈ្លោះប្រកែកជាមួយនឹងអ្នកណាក្នុងវិហារឡើយ ក៏មិនឃើញថាខ្ញុំនាំឲ្យបណ្ដាជនកើតចលាចលដែរ ទោះជាក្នុងសាលាប្រជុំឬក្នុងក្រុងក៏ដោយ។ ១៣ ពួកគេក៏មិនអាចផ្ដល់ភ័ស្តុតាងអំពីអ្វីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅឥឡូវនេះដែរ។ ១៤ ប៉ុន្តែ ខ្ញុំសារភាពប្រាប់លោកថា ខ្ញុំកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះនៃពួកបុព្វបុរសរបស់ខ្ញុំ+ សមស្របតាមរបៀបគោរពប្រណិប័តន៍ដែលគេហៅថានិកាយ ពីព្រោះខ្ញុំជឿអ្វីៗទាំងអស់ដែលចែងក្នុងច្បាប់* និងអ្វីៗដែលសរសេរដោយពួកអ្នកប្រកាសទំនាយ។+ ១៥ ខ្ញុំក៏មានសេចក្ដីសង្ឃឹមលើព្រះ ដូចបុរសទាំងនេះដែរថា មនុស្សសុចរិតនិងមនុស្សមិនសុចរិត+នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។+ ១៦ ហេតុនេះហើយបានជាខ្ញុំខំប្រឹងជានិច្ច ដើម្បីមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស*នៅចំពោះមុខព្រះនិងមនុស្ស។+ ១៧ ដូច្នេះ ក្រោយច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំបានមកដើម្បីយកអំណោយ*+មកជូនជនរួមជាតិរបស់ខ្ញុំ ហើយក៏បានយកគ្រឿងបូជាមកជូនព្រះដែរ។ ១៨ កាលដែលខ្ញុំកំពុងចាត់ចែងកិច្ចការទាំងនោះ ពួកគេឃើញខ្ញុំនៅក្នុងវិហារ+បន្ទាប់ពីខ្ញុំបានសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធ តែខ្ញុំមិនបាននៅជាមួយនឹងក្រុមមនុស្ស ឬបង្កចលាចលទេ។ ប៉ុន្តែ ពេលនោះមានជនជាតិយូដាខ្លះមកពីខេត្តអាស៊ី។* ១៩ ប្រសិនបើពួកគេមានហេតុទាស់នឹងខ្ញុំ ពួកគេគួរតែមកចោទប្រកាន់ខ្ញុំនៅចំពោះមុខលោក។+ ២០ ឬមួយលោកអាចឲ្យបុរសទាំងប៉ុន្មានដែលនៅទីនេះចេញមកនិយាយថា ខ្ញុំបានធ្វើខុសអ្វីពេលដែលខ្ញុំឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់នោះ ២១ ក្រៅពីពាក្យដែលខ្ញុំបានស្រែកឡើងកាលដែលខ្ញុំកំពុងឈរក្នុងចំណោមពួកគេថា៖ ‹គេកំពុងវិនិច្ឆ័យខ្ញុំនៅមុខអ្នករាល់គ្នា ដោយសារខ្ញុំជឿអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ!›»។+
២២ ក៏ប៉ុន្តែ ដោយសារភេលីចដឹងច្បាស់អំពីរឿងទាំងនោះដែលទាក់ទងនឹងផ្លូវលោកម្ចាស់*+ គាត់បានពន្យារពេលសម្រេចរឿងក្ដីនោះ ដោយនិយាយថា៖ «កាលណាមេបញ្ជាការឡែសៀសមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អ្នករាល់គ្នា»។ ២៣ រួចគាត់បង្គាប់នាយទាហានឲ្យឃុំប៉ូល តែឲ្យប៉ូលមានសេរីភាពខ្លះ ហើយប្រាប់ថាមិនត្រូវហាមឃាត់មិត្តភក្ដិរបស់គាត់ដែលមកផ្ដល់ជំនួយដល់គាត់ឡើយ។
២៤ ប៉ុន្មានថ្ងៃក្រោយមក ភេលីចនិងប្រពន្ធឈ្មោះទ្រូស៊ីលឡាដែលជាជនជាតិយូដាបានមកដល់ រួចភេលីចចាត់គេឲ្យទៅនាំប៉ូលមក ហើយគាត់ស្ដាប់ប៉ូលនិយាយអំពីជំនឿលើគ្រិស្តយេស៊ូ។+ ២៥ ប៉ុន្តែ កាលដែលប៉ូលនិយាយអំពីសេចក្ដីសុចរិត ការចេះទប់ចិត្ត និងការវិនិច្ឆ័យក្ដីនៅអនាគត+ នោះភេលីចតាំងភ័យខ្លាច ហើយតបថា៖ «ឥឡូវនេះ ចូរត្រឡប់ទៅវិញសិនចុះ តែពេលដែលខ្ញុំមានឱកាសល្អ ខ្ញុំនឹងចាត់គេឲ្យនាំអ្នកមកម្ដងទៀត»។ ២៦ ប៉ុន្តែដំណាលគ្នានោះ គាត់សង្ឃឹមថានឹងបានទទួលប្រាក់ពីប៉ូល។ ហេតុនោះ គាត់ចាត់គេឲ្យនាំប៉ូលមកសន្ទនាជាមួយនឹងគាត់កាន់តែញឹកញាប់។ ២៧ ប៉ុន្តែពីរឆ្នាំក្រោយមក ព័រសៀសភេស្ទុសបានចូលកាន់តំណែងជំនួសភេលីច ហើយដោយសារភេលីចចង់ផ្គាប់ចិត្តជនជាតិយូដា+ គាត់ទុកប៉ូលឲ្យនៅជាប់គុកតទៅទៀត។
២៥ ដូច្នេះ បន្ទាប់ពីភេស្ទុស+ចូលមកគ្រប់គ្រងខេត្តនោះបានបីថ្ងៃ គាត់ក៏ចេញពីក្រុងសេសារៀ ហើយឡើងទៅក្រុងយេរូសាឡិម។ ២ ពេលឮដូច្នោះ ពួកសង្ឃនាយកនិងពួកបុរសដែលមានមុខមានមាត់ក្នុងចំណោមជនជាតិយូដា បានប្ដឹងប៉ូល+ទៅភេស្ទុស។ ពួកគេចាប់ផ្ដើមអង្វរភេស្ទុស ៣ ឲ្យចាត់គេនាំប៉ូលមកក្រុងយេរូសាឡិម។ ប៉ុន្តែ ក្នុងអំឡុងពេលនោះពួកគេកំពុងរៀបចំឲ្យគេពួនចាំសម្លាប់ប៉ូលនៅតាមផ្លូវ។+ ៤ ក៏ប៉ុន្តែ ភេស្ទុសប្រាប់ថាប៉ូលត្រូវនៅជាប់ឃុំក្នុងក្រុងសេសារៀ ហើយថាមិនយូរទៀតខ្លួនគាត់នឹងទៅក្រុងនោះដែរ។ ៥ គាត់និយាយថា៖ «ប្រសិនបើបុរសនោះមានកំហុសមែន ចូរឲ្យពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាចុះទៅជាមួយនឹងខ្ញុំ ហើយចោទប្រកាន់គាត់នៅទីនោះចុះ»។+
៦ ម្ល៉ោះហើយ ភេស្ទុសនៅក្រុងយេរូសាឡិមត្រឹមតែ៨ឬ១០ថ្ងៃប៉ុណ្ណោះ រួចគាត់ចុះទៅក្រុងសេសារៀ។ លុះស្អែកឡើង គាត់អង្គុយនៅកន្លែងវិនិច្ឆ័យក្ដី ហើយបង្គាប់ឲ្យគេនាំប៉ូលចូលមក។ ៧ កាលដែលប៉ូលមកដល់ ជនជាតិយូដាដែលបានចុះមកពីក្រុងយេរូសាឡិមក៏ឈរជុំវិញគាត់ ហើយចោទប្រកាន់គាត់អំពីរឿងធ្ងន់ធ្ងរជាច្រើន តែពួកគេមិនអាចរកភ័ស្តុតាងមកបញ្ជាក់បានឡើយ។+
៨ ប៉ុន្តែ ប៉ូលនិយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើខុសច្បាប់*របស់ជនជាតិយូដាទេ ហើយក៏មិនបានប្រឆាំងវិហារឬសេសារ*ដែរ»។+ ៩ ដោយសារភេស្ទុសចង់ផ្គាប់ចិត្តជនជាតិយូដា+ គាត់តបទៅប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំវិនិច្ឆ័យរឿងក្ដីរបស់អ្នកនៅទីនោះទេ?»។ ១០ ប៉ុន្តែ ប៉ូលនិយាយថា៖ «ខ្ញុំកំពុងឈរនៅកន្លែងវិនិច្ឆ័យក្ដីរបស់សេសារហើយ ជាកន្លែងដែលខ្ញុំគួរទទួលការវិនិច្ឆ័យ។ ខ្ញុំមិនបានធ្វើអ្វីខុសនឹងជនជាតិយូដាទេ ដូចលោកបានឃើញច្បាស់ហើយ។ ១១ ប្រសិនបើខ្ញុំបានប្រព្រឹត្តខុសមែន ហើយបានធ្វើអ្វីដែលសមនឹងទទួលទោសដល់ស្លាប់+ នោះខ្ញុំសុខចិត្តស្លាប់ទៅចុះ។ ក៏ប៉ុន្តែ ប្រសិនបើរឿងដែលបុរសទាំងនេះចោទប្រកាន់ខ្ញុំមិនមែនជាការពិតទេ នោះគ្មានអ្នកណាមានសិទ្ធិប្រគល់ខ្ញុំដើម្បីផ្គាប់ចិត្តពួកគេឡើយ។ ខ្ញុំសុំលើករឿងក្ដីទៅសេសារ!»។+ ១២ ដូច្នេះ ភេស្ទុសក៏ពិគ្រោះជាមួយនឹងពួកទីប្រឹក្សា រួចមកគាត់តបថា៖ «ដោយសារអ្នកបានសុំលើករឿងក្ដីទៅសេសារ អ្នកប្រាកដជានឹងបានជួបសេសារ»។
១៣ ក្រោយច្រើនថ្ងៃកន្លងផុតទៅ ស្ដេចអាគ្រីប៉ានិងប៊ឺនីសបានមកដល់ក្រុងសេសារៀ ដើម្បីចូលទៅជួបភេស្ទុសសម្ដែងការគួរសម។ ១៤ ដោយសារពួកគេនឹងនៅទីនោះជាច្រើនថ្ងៃ ដូច្នេះភេស្ទុសរៀបរាប់ប្រាប់ស្ដេចអំពីរឿងប៉ូលថា៖
«មានបុរសម្នាក់ដែលភេលីចបានទុកឲ្យជាប់គុក។ ១៥ កាលដែលខ្ញុំនៅក្រុងយេរូសាឡិម ពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំនៃជនជាតិយូដា បានប្ដឹងបុរសនោះ+ ដោយសុំឲ្យដាក់ទោសគាត់។ ១៦ ប៉ុន្តែ ខ្ញុំប្រាប់ពួកគេថាច្បាប់រ៉ូមមិនអនុញ្ញាតឲ្យប្រគល់មនុស្សណាម្នាក់ដើម្បីផ្គាប់ចិត្តអ្នកណាឡើយ ទាល់តែចុងចោទបានជួបដើមចោទដោយផ្ទាល់ ហើយមានឱកាសនិយាយការពារខ្លួនស្ដីអំពីរឿងដែលគេចោទប្រកាន់។+ ១៧ ដូច្នេះ ពេលដែលពួកគេបានមកជួបជុំគ្នានៅទីនេះ ខ្ញុំបានចាត់វិធានការភ្លាមៗ គឺស្អែកឡើងខ្ញុំបានអង្គុយនៅកន្លែងវិនិច្ឆ័យក្ដី ហើយបង្គាប់ឲ្យគេនាំបុរសនោះមក។ ១៨ កាលដែលពួកអ្នកចោទប្រកាន់ឡើងនិយាយ ពួកគេមិនបានចោទប្រកាន់គាត់អំពីការអាក្រក់ណាមួយ ដូចខ្ញុំបានគិតស្មាននោះទេ។+ ១៩ ពួកគេគ្រាន់តែមានទំនាស់ជាមួយនឹងបុរសនោះអំពីសាសនារបស់ពួកគេ+ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ហើយ តែប៉ូលចេះតែអះអាងថានៅរស់។+ ២០ ដោយសារខ្ញុំមិនដឹងថាត្រូវដោះស្រាយទំនាស់នេះយ៉ាងណា នោះខ្ញុំក៏សួរគាត់ថាចង់ទៅក្រុងយេរូសាឡិមដើម្បីទទួលការវិនិច្ឆ័យក្ដីអំពីរឿងទាំងនេះឬទេ។+ ២១ ប៉ុន្តែ ពេលដែលប៉ូលសុំនៅជាប់ឃុំតទៅទៀត រហូតដល់គាត់បានទទួលការវិនិច្ឆ័យក្ដីពីអធិរាជ*+ នោះខ្ញុំក៏បង្គាប់ឲ្យគេឃុំគាត់ រហូតដល់ខ្ញុំបញ្ជូនគាត់ឡើងទៅជួបសេសារ»។
២២ រួចមក អាគ្រីប៉ានិយាយទៅភេស្ទុសថា៖ «ខ្ញុំចង់ស្ដាប់បុរសនោះដោយផ្ទាល់»។+ ភេស្ទុសនិយាយថា៖ «ថ្ងៃស្អែកលោកនឹងបានស្ដាប់គាត់»។ ២៣ ដូច្នេះ ស្អែកឡើងអាគ្រីប៉ានិងប៊ឺនីសបានមកយ៉ាងអធិកអធមទាំងមានឫកខ្ពស់ ហើយចូលសាលសវនាការជាមួយនឹងពួកមេបញ្ជាការ និងពួកអ្នកដែលមានមុខមានមាត់ក្នុងក្រុងនោះ។ ពេលដែលភេស្ទុសចេញបញ្ជា នោះគេក៏នាំប៉ូលចូលមក។ ២៤ រួចភេស្ទុសនិយាយថា៖ «ស្ដេចអាគ្រីប៉ានិងអស់លោកដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជម្រាបថា បុរសនេះឯងដែលជនជាតិយូដាទាំងឡាយបានមកប្ដឹងដល់ខ្ញុំនៅក្រុងយេរូសាឡិមនិងនៅទីនេះ ហើយនាំគ្នាស្រែកថាគាត់មិនសមនឹងរស់តទៅទៀតឡើយ។+ ២៥ ប៉ុន្តែ ខ្ញុំយល់ឃើញថាគាត់មិនបានធ្វើអ្វីសមនឹងទទួលទោសដល់ស្លាប់ទេ។+ ដូច្នេះ ពេលដែលបុរសនេះសុំលើករឿងក្ដីទៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅ។ ២៦ ប៉ុន្តែ មិនមានអ្វីដែលខ្ញុំអាចសរសេរទៅកាន់អធិរាជ*ស្ដីអំពីបុរសនេះទេ។ ហេតុនេះ ខ្ញុំបាននាំគាត់មកឲ្យឈរនៅមុខអ្នករាល់គ្នា ជាពិសេសនៅមុខស្ដេចអាគ្រីប៉ា ដើម្បីឲ្យមានការសួរចម្លើយគាត់។ យ៉ាងនេះ ខ្ញុំអាចសរសេររបាយការណ៍ទៅអធិរាជ។ ២៧ ព្រោះចំពោះខ្ញុំ គឺមិនសមហេតុសមផលទេ ប្រសិនបើបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ថា អ្នកនោះត្រូវគេចោទប្រកាន់អំពីរឿងអ្វី»។
២៦ អាគ្រីប៉ា+និយាយទៅប៉ូលថា៖ «អ្នកអាចនិយាយការពារខ្លួនបាន»។ រួចមក ប៉ូលលាតដៃ ហើយចាប់ផ្ដើមនិយាយការពារខ្លួនថា៖
២ «ស្ដេចអាគ្រីប៉ា ខ្ញុំសប្បាយចិត្តដែលថ្ងៃនេះខ្ញុំត្រូវនិយាយការពារខ្លួននៅមុខលោក ស្ដីអំពីរឿងផ្សេងៗដែលជនជាតិយូដាចោទប្រកាន់ខ្ញុំ+ ៣ ជាពិសេស ដោយសារលោកយល់ច្បាស់អំពីទំនៀមទម្លាប់ទាំងអស់របស់ជនជាតិយូដា និងអំពីជម្លោះទាំងប៉ុន្មានរបស់ពួកគេ។ ដូច្នេះ ខ្ញុំសូមលោកមេត្តាស្ដាប់ខ្ញុំដោយអនុគ្រោះ។
៤ «ស្ដីអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីក្មេងមក គឺកាលដែលខ្ញុំរស់នៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំនិងនៅក្រុងយេរូសាឡិម នោះជនជាតិយូដាគ្រប់គ្នា+ ៥ ដែលធ្លាប់ស្គាល់ខ្ញុំពីមុនមកដឹងថា ខ្ញុំបានកាន់តាមពួកផារិស៊ី+សមស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង+ ហើយអ្នកទាំងនោះដែលស្គាល់ខ្ញុំក៏អាចធ្វើជាសាក្សីបញ្ជាក់អំពីការនោះដែរ ប្រសិនបើពួកគេចង់ធ្វើដូច្នោះ។ ៦ ប៉ុន្តែ ឥឡូវនេះខ្ញុំកំពុងទទួលការវិនិច្ឆ័យក្ដី ដោយសារខ្ញុំសង្ឃឹមលើអ្វីដែលព្រះបានសន្យាឲ្យដល់ពួកបុព្វបុរសរបស់យើង។+ ៧ នេះក៏ជាសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំង១២របស់យើង សង្ឃឹមថានឹងក្លាយជាការពិតដែរ។ ពួកគេខំប្រឹងយ៉ាងខ្លាំងក្នុងការបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះទាំងយប់ទាំងថ្ងៃ។ ស្ដេចអាគ្រីប៉ា គឺអំពីសេចក្ដីសង្ឃឹមនេះឯងដែលជនជាតិយូដាកំពុងចោទប្រកាន់ខ្ញុំ។+
៨ «ហេតុអ្វីអស់លោកគិតថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជារឿងដែលមិនគួរឲ្យជឿនោះ? ៩ ចំណែកខ្ញុំវិញ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនាមរបស់លោកយេស៊ូពីក្រុងណាសារ៉ែត។ ១០ នៅក្រុងយេរូសាឡិម ខ្ញុំបានធ្វើដូច្នោះមែន។ ខ្ញុំបានចាប់អ្នកបរិសុទ្ធជាច្រើននាក់ដាក់គុក+ ព្រោះខ្ញុំមានសិទ្ធិអំណាចពីពួកសង្ឃនាយក+ ហើយពេលដែលពួកគាត់ត្រូវគេវិនិច្ឆ័យប្រហារជីវិត ខ្ញុំបានបោះឆ្នោតគាំទ្រការនោះ។ ១១ ខ្ញុំបានចូលគ្រប់សាលាប្រជុំទាំងអស់ ហើយដាក់ទោសពួកគាត់ជាច្រើនដង ដើម្បីបង្ខំពួកគាត់ឲ្យបោះបង់ចោលជំនឿ។ ខ្ញុំខឹងពួកគាត់ខ្លាំងដល់ម្ល៉េះ បានជាខ្ញុំតាមបៀតបៀនពួកគាត់នៅក្រុងផ្សេងៗទៀត។
១២ «នៅពេលមួយ ខ្ញុំបានចេញដំណើរទៅក្រុងដាម៉ាស់ ដោយសារពួកសង្ឃនាយកបានចាត់ខ្ញុំឲ្យទៅធ្វើរឿងនោះ។ ១៣ ស្ដេចអើយ នៅតាមផ្លូវប្រហែលជាថ្ងៃត្រង់ ខ្ញុំឃើញពន្លឺមួយដែលភ្លឺជាងពន្លឺថ្ងៃ គឺបានភ្លឺពីលើមេឃមកចាំងជុំវិញខ្ញុំនិងពួកអ្នកដែលកំពុងរួមដំណើរជាមួយនឹងខ្ញុំ។+ ១៤ យើងទាំងអស់គ្នាក៏ដួលដល់ដី រួចខ្ញុំឮសំឡេងមួយបន្លឺមកកាន់ខ្ញុំជាភាសាហេប្រឺថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ? អ្នកធ្វើទុក្ខដល់ខ្លួនឯងហើយ ព្រោះអ្នកចេះតែធាក់ជន្លួញ›។* ១៥ ប៉ុន្តែ ខ្ញុំសួរថា៖ ‹តើលោកម្ចាស់ជាអ្នកណា?›។ លោកម្ចាស់មានប្រសាសន៍ថា៖ ‹ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន។ ១៦ ទោះជាយ៉ាងនោះក៏ដោយ ចូរក្រោកឈរឡើង។ មូលហេតុដែលខ្ញុំបានលេចមកឲ្យអ្នកឃើញ គឺដើម្បីជ្រើសរើសអ្នកឲ្យធ្វើជាអ្នកបម្រើ និងជាសាក្សីបញ្ជាក់អំពីការទាំងប៉ុន្មានអំពីខ្ញុំដែលអ្នកបានឃើញ និងការដែលខ្ញុំនឹងធ្វើឲ្យអ្នកឃើញ។+ ១៧ ខ្ញុំនឹងសង្គ្រោះអ្នកពីបណ្ដាជននេះ និងពីប្រជាជាតិនានាដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ+ ១៨ ដើម្បីបើកភ្នែកពួកគេ+ ហើយឲ្យពួកគេបែរចេញពីភាពងងឹត+មកឯពន្លឺ+ ថែមទាំងឲ្យចេញពីអំណាចរបស់សាថាន*+មកឯព្រះវិញ ដើម្បីឲ្យពួកគេអាចទទួលការអភ័យទោសចំពោះអំពើខុសឆ្គង+ ព្រមទាំងទទួលមត៌កជាមួយនឹងពួកអ្នកដែលបានត្រូវញែកជាបរិសុទ្ធដោយសារមានជំនឿលើខ្ញុំ›។
១៩ «ដូច្នេះ ស្ដេចអាគ្រីប៉ា ខ្ញុំមិនបានធ្វើព្រងើយនឹងអ្វីដែលបានត្រូវបើកបង្ហាញពីស្ថានសួគ៌ឲ្យខ្ញុំឃើញក្នុងគំនិតទេ។ ២០ ប៉ុន្តែ ខ្ញុំបាននាំសារទៅដល់អ្នកក្រុងដាម៉ាស់+មុនដំបូង ហើយដល់បណ្ដាជននៅក្រុងយេរូសាឡិម+ និងពេញតំបន់យូឌា រួចដល់ជនជាតិដទៃ។ ខ្ញុំប្រាប់ពួកគេថា ពួកគេត្រូវប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះ ដោយប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត។+ ២១ ដោយសារការទាំងនេះ ជនជាតិយូដាបានចាប់ខ្ញុំក្នុងវិហារ រួចព្យាយាមសម្លាប់ខ្ញុំ។+ ២២ ក៏ប៉ុន្តែ ដោយសារខ្ញុំបានទទួលជំនួយពីព្រះ ខ្ញុំបន្តធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូចអំពីដំណឹងល្អរហូតដល់ថ្ងៃនេះ តែខ្ញុំមិននិយាយអ្វីក្រៅពីការទាំងប៉ុន្មានដែលពួកអ្នកប្រកាសទំនាយនិងម៉ូសេបានប្រាប់ថានឹងកើតឡើងនោះទេ+ ២៣ ពោលគឺគ្រិស្តត្រូវរងទុក្ខ+ រួចដោយសារលោកជាអ្នកដែលត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេបង្អស់+ នោះលោកនឹងផ្សព្វផ្សាយ ហើយបំភ្លឺទាំងបណ្ដាជននេះទាំងជនជាតិដទៃ»។+
២៤ កាលដែលគាត់កំពុងនិយាយអ្វីៗទាំងនេះដើម្បីការពារខ្លួន ភេស្ទុសបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប៉ូល! អ្នកឆ្កួតហើយ! ការចេះដឹងច្រើនពេកបានធ្វើឲ្យអ្នកឆ្កួត!»។ ២៥ ប៉ុន្តែ ប៉ូលនិយាយថា៖ «ឯកឧត្ដមភេស្ទុស ខ្ញុំមិនឆ្កួតទេ តែខ្ញុំកំពុងនិយាយសេចក្ដីពិតដោយដឹងខុសត្រូវ។ ២៦ តាមការពិត ស្ដេចដឹងច្បាស់អំពីការទាំងនេះ ទើបខ្ញុំហ៊ានជម្រាបលោក ព្រោះខ្ញុំជឿជាក់ថាក្នុងការទាំងអស់នេះគ្មានអ្វីដែលកំបាំងពីលោកទេ ព្រោះការទាំងអស់នេះមិនបានធ្វើឡើងដោយសម្ងាត់ឡើយ។+ ២៧ ស្ដេចអាគ្រីប៉ា តើលោកជឿពួកអ្នកប្រកាសទំនាយទេ? ខ្ញុំដឹងថាលោកជឿ»។ ២៨ ប៉ុន្តែ អាគ្រីប៉ានិយាយទៅប៉ូលថា៖ «តែបន្តិចទៀត ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ»។ ២៩ ដូច្នេះ ប៉ូលនិយាយថា៖ «ខ្ញុំអធិដ្ឋានទៅព្រះថា ទោះជាឆាប់ឬយូរក្ដី ខ្ញុំសូមឲ្យទាំងលោក ទាំងអស់អ្នកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ នឹងបានដូចខ្ញុំដែរ តែដោយគ្មានចំណងទាំងនេះ»។
៣០ រួចមក ស្ដេចក៏ក្រោកឈរជាមួយនឹងអភិបាល និងប៊ឺនីស ព្រមទាំងបុរសទាំងប៉ុន្មានដែលបានអង្គុយជាមួយនឹងពួកគាត់។ ៣១ ប៉ុន្តែ កាលដែលពួកគាត់កំពុងចេញទៅ ពួកគាត់និយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងទទួលទោសដល់ស្លាប់ ឬជាប់គុកទេ»។+ ៣២ បន្ទាប់មក អាគ្រីប៉ានិយាយទៅភេស្ទុសថា៖ «បុរសនេះអាចត្រូវដោះលែងបាន ប្រសិនបើគាត់មិនបានសុំលើករឿងក្ដីទៅសេសារ»។*+
២៧ ពេលគេបានសម្រេចឲ្យយើងឡើងសំពៅទៅស្រុកអ៊ីតាលី+ នោះគេប្រគល់ប៉ូលនិងអ្នកទោសមួយចំនួនទៀតទៅឲ្យនាយទាហានម្នាក់ឈ្មោះយូលាស ពីកងទាហានអូគូស។ ២ យើងឡើងសំពៅមួយពីក្រុងអាដ្រាមីទីម ដែលហៀបនឹងចេញដំណើរទៅកន្លែងផ្សេងៗតាមឆ្នេរខេត្តអាស៊ី។* បន្ទាប់ពីឡើងរួច សំពៅក៏ចេញដំណើរទៅ។ អារីស្ដាក+ជាអ្នកក្រុងថែស្សាឡូនិចពីស្រុកម៉ាសេដូន ក៏នៅជាមួយនឹងយើងដែរ។ ៣ លុះស្អែកឡើង យើងបានចតសំពៅនៅក្រុងស៊ីដូន ហើយយូលាសបានប្រព្រឹត្តដោយសប្បុរសចំពោះប៉ូល ក៏អនុញ្ញាតឲ្យប៉ូលទៅជួបមិត្តសម្លាញ់របស់គាត់ ដើម្បីឲ្យគាត់ទទួលការទំនុកបម្រុងពីពួកគេ។
៤ រួចយើងក៏ចេញសំពៅពីកន្លែងនោះ សសៀរតាមបណ្ដោយកោះគីប្រុសដើម្បីបាំងខ្យល់ ព្រោះយើងកំពុងធ្វើដំណើរបញ្ច្រាសខ្យល់។ ៥ រួចយើងបើកសំពៅឆ្លងលំហសមុទ្រក្បែរខេត្តស៊ីលីស៊ីនិងខេត្តប៉ាមភីលៀ រួចបានចតនៅក្រុងមីរ៉ា នាតំបន់លីស៊ី។ ៦ នៅទីនោះ នាយទាហានយូលាសរកឃើញសំពៅមួយដែលមកពីក្រុងអាឡិចសង់ទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី ដូច្នេះគាត់ឲ្យយើងឡើងសំពៅនោះ។ ៧ បន្ទាប់មក យើងធ្វើដំណើរយឺតៗអស់ជាច្រើនថ្ងៃ ក៏មកដល់ក្រុងគ្នីដូសទាំងលំបាក។ ប៉ុន្តែ ដោយសារខ្យល់មិនអំណោយផល នោះយើងបើកសំពៅសសៀរតាមបណ្ដោយកោះក្រេត ដោយកាត់ជ្រោយសាល់ម៉ូណេ។ ៨ យើងក៏ធ្វើដំណើរសសៀរទៅទាំងលំបាក រហូតទៅដល់កន្លែងមួយហៅថាកំពង់ផែល្អ ដែលនៅជិតក្រុងឡាសេ។
៩ យើងបានខាតពេលអស់ជាច្រើនថ្ងៃ ហើយបើយើងបន្តដំណើរទៅមុខទៀត យើងអាចមានគ្រោះថ្នាក់ ពីព្រោះថ្ងៃតមអាហារនិងជម្រះការខុសឆ្គង*+បានកន្លងផុតទៅហើយ។ ដូច្នេះ ប៉ូលជូនយោបល់ ១០ ដល់ពួកគេថា៖ «អ្នករាល់គ្នាអើយ ខ្ញុំយល់ថា បើបន្តដំណើរទៅមុខទៀត យើងនឹងរងការខូចខាតនិងការបាត់បង់យ៉ាងសម្បើម មិនត្រឹមតែទំនិញនិងសំពៅប៉ុណ្ណោះទេ តែទាំងជីវិតរបស់យើងផង»។ ១១ ក៏ប៉ុន្តែ នាយទាហាននោះបានស្ដាប់អ្នកបើកសំពៅនិងម្ចាស់សំពៅ ជាជាងស្ដាប់អ្វីដែលប៉ូលបាននិយាយ។ ១២ ដោយសារកំពង់ផែនោះគឺមិនមែនជាកន្លែងស្រួលស្នាក់នៅក្នុងរដូវត្រជាក់ នោះអ្នកដំណើរភាគច្រើនបានជូនយោបល់ឲ្យចេញដំណើរពីកន្លែងនោះ ហើយទៅកំពង់ផែភេនីចប្រសិនបើអាចធ្វើទៅបាន ដើម្បីស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ភេនីចជាកំពង់ផែមួយនៅកោះក្រេតដែលបែរទៅរកទិសខាងជើងឆៀងខាងកើត និងទិសខាងត្បូងឆៀងខាងកើត។
១៣ ពេលដែលខ្យល់បក់មកតិចៗ ពួកគេគិតស្មានថាច្បាស់ជានឹងទៅដល់កំពង់ផែភេនីចដូចបំណងហើយ។ ដូច្នេះ ពួកគេក៏ទាញយុថ្កាឡើង រួចចាប់ផ្ដើមបើកសំពៅសសៀរតាមឆ្នេរកោះក្រេត។ ១៤ ក៏ប៉ុន្តែ មិនយូរក្រោយមក ខ្យល់ព្យុះហៅថាយូរ៉ូអាគីឡូ*បានបក់បោកមក។ ១៥ ខ្យល់នោះបក់យ៉ាងខ្លាំងនាំយកសំពៅទៅ ហើយដោយសារសំពៅមិនអាចទៅបញ្ច្រាសខ្យល់បាន ដូច្នេះយើងក៏បណ្ដោយទៅតាមខ្យល់វិញ។ ១៦ ក្រោយមក យើងបើកសំពៅសសៀរតាមកោះតូចមួយហៅថាខូដា ដើម្បីបាំងខ្យល់។ ទោះជាយ៉ាងនោះក៏ដោយ យើងទាញទូកតូច*ដែលចងនៅកន្ទុយសំពៅមកសឹងតែមិនបានផង។ ១៧ ប៉ុន្តែ ក្រោយពីបានទាញទូកតូចនោះឡើងលើសំពៅហើយ ពួកគេក៏ចងក្រៀកសំពៅ រួចស្រាយខ្សែបង្រួមក្ដោង ហើយឲ្យខ្យល់រុញទៅ ដោយសារខ្លាចកឿងនៅលើផ្នូកខ្សាច់សៀទីស។* ១៨ ស្អែកឡើង ពួកគេចាប់ផ្ដើមទម្លាក់ទំនិញចោលដើម្បីធ្វើឲ្យសំពៅស្រាល ព្រោះខ្យល់ព្យុះកំពុងធ្វើឲ្យសំពៅយោគចុះយោគឡើងយ៉ាងខ្លាំង។ ១៩ នៅថ្ងៃទី៣ ពួកគេបោះខ្សែក្ដោងចេញ។
២០ លុះមិនឃើញពន្លឺថ្ងៃឬផ្កាយអស់ជាច្រើនថ្ងៃ ហើយខ្យល់ព្យុះកំពុងបក់បោកមកលើយើងយ៉ាងខ្លាំងផង នោះយើងគិតថាយើងគ្មានសង្ឃឹមនឹងបានទទួលសេចក្ដីសង្គ្រោះទេ។ ២១ ក្រោយពីពួកគេខានបរិភោគអាហារអស់ជាច្រើនថ្ងៃ នោះប៉ូលក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយនិយាយថា៖ «អ្នករាល់គ្នាអើយ ប្រសិនបើអ្នករាល់គ្នាបានធ្វើតាមយោបល់ខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេត អ្នករាល់គ្នាច្បាស់ជាមិនរងការខូចខាតនិងការបាត់បង់ដូច្នេះទេ។+ ២២ ប៉ុន្តែ ឥឡូវខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំភ័យខ្លាចឡើយ គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ មានតែសំពៅប៉ុណ្ណោះដែលនឹងត្រូវបាត់បង់។ ២៣ ព្រោះយប់មិញ ព្រះដែលខ្ញុំគោរពប្រណិប័តន៍និងបំពេញកិច្ចបម្រើពិសិដ្ឋជូន បានចាត់ទេវតាមួយរូប+ឲ្យមកឈរនៅជិតខ្ញុំ។ ២៤ ទេវតានោះនិយាយមកខ្ញុំថា៖ ‹ប៉ូលអើយ កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ*+ ហើយមើល! ព្រះក៏នឹងសង្គ្រោះអស់អ្នកដែលកំពុងរួមដំណើរជាមួយនឹងអ្នកដែរ›។ ២៥ ដូច្នេះ កុំភ័យខ្លាចឡើយ ព្រោះខ្ញុំជឿថាព្រះនឹងសម្រេចដូចអ្វីដែលទេវតានោះបានប្រាប់ខ្ញុំ។ ២៦ ក៏ប៉ុន្តែ យើងនឹងលិចសំពៅនៅជិតកោះមួយ»។+
២៧ នៅយប់ទី១៤ យើងកំពុងត្រូវយោគចុះយោគឡើងលើសមុទ្រអេឌ្រា។ លុះកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅចាប់ផ្ដើមសង្ស័យថាពួកគេជិតដល់ដីគោកហើយ។ ២៨ ពួកគេបានស្ទង់ជម្រៅទឹកឃើញថាមានជម្រៅប្រហែល៣៦ម៉ែត្រ។* ដូច្នេះពួកគេទៅមុខបន្តិច ហើយស្ទង់ម្ដងទៀតឃើញថាមានជម្រៅប្រហែល២៧ម៉ែត្រ។* ២៩ ដោយសារពួកគេខ្លាចថាសំពៅនឹងកឿងលើថ្ម នោះពួកគេក៏ទម្លាក់យុថ្កាបួនពីកន្ទុយសំពៅ ហើយទន្ទឹងរង់ចាំឲ្យឆាប់ភ្លឺ។ ៣០ ប៉ុន្តែ ពេលដែលពួកអ្នកដើរសំពៅចាប់ផ្ដើមរកវិធីរត់ចេញពីសំពៅ ហើយកំពុងទម្លាក់ទូកតូចទៅក្នុងទឹក ដោយធ្វើហាក់ដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ ៣១ នោះប៉ូលនិយាយទៅនាយទាហាននិងទាហានឯទៀតថា៖ «អ្នករាល់គ្នានឹងមិនបានសង្គ្រោះទេ បើបុរសទាំងនេះមិននៅក្នុងសំពៅ»។+ ៣២ ឮដូច្នេះ ពួកទាហានក៏កាត់ខ្សែទូកតូចនោះ ហើយឲ្យធ្លាក់ទៅ។
៣៣ លុះជិតភ្លឺហើយ ប៉ូលបានលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយនិយាយថា៖ «ថ្ងៃនេះជាថ្ងៃទី១៤ហើយ ដែលអ្នករាល់គ្នាបានរង់ចាំយ៉ាងអន្ទះសា ហើយមិនបានបរិភោគអ្វីសោះ។ ៣៤ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យបរិភោគអាហារ ដើម្បីសុខភាពរបស់អ្នករាល់គ្នា ព្រោះសូម្បីតែសក់អ្នករាល់គ្នាមួយសរសៃនឹងមិនវិនាសបាត់ទៅឡើយ»។ ៣៥ លុះនិយាយចប់ គាត់យកនំប៉័ងមក អរគុណព្រះនៅមុខពួកគេទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមបរិភោគ។ ៣៦ ដូច្នេះ ពួកគេទាំងអស់គ្នាក៏លែងភ័យខ្លាចទៀត ហើយយកអាហារមកបរិភោគដែរ។ ៣៧ សរុបទៅយើងមានគ្នា២៧៦នាក់ក្នុងសំពៅ។ ៣៨ លុះបរិភោគឆ្អែតហើយ ពួកគេក៏បោះស្រូវសាលីចោលក្នុងសមុទ្រដើម្បីធ្វើឲ្យសំពៅស្រាលជាង។+
៣៩ លុះភ្លឺហើយ ពួកគេឃើញដីគោកតែមិនស្គាល់កន្លែងនោះទេ។+ ក៏ប៉ុន្តែ ពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ហើយពួកគេតាំងចិត្តបើកសំពៅទៅកឿងលើឆ្នេរនោះ ប្រសិនបើអាចធ្វើទៅបាន។ ៤០ ដូច្នេះ ពួកគេកាត់ខ្សែឲ្យយុថ្កាធ្លាក់ចូលសមុទ្រ ហើយនៅដំណាលគ្នាក៏ស្រាយខ្សែចង្កូត រួចលើកក្ដោងមុខឡើងឲ្យចំខ្យល់ ហើយបើកសំពៅឆ្ពោះទៅឆ្នេរនោះ។ ៤១ កាលដែលសំពៅប៉ះលើផ្នូកខ្សាច់មួយនៅចន្លោះខ្សែទឹកពីរ សំពៅក៏កឿងទៅ ហើយក្បាលសំពៅបានជាប់នឹងថ្កល់ តែរលកសមុទ្រចាប់ផ្ដើមវាយផ្ទប់កន្ទុយសំពៅយ៉ាងខ្លាំង ធ្វើឲ្យបែកបាក់ខ្ទេចខ្ទីអស់។+ ៤២ ឃើញដូច្នេះ ពួកទាហានតាំងចិត្តសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យពួកគេហែលគេចខ្លួន។ ៤៣ ប៉ុន្តែ នាយទាហានចង់សង្គ្រោះប៉ូល។ ម្ល៉ោះហើយ គាត់ឃាត់ពួកទាហានកុំឲ្យធ្វើដូច្នោះ។ រួចគាត់បង្គាប់អស់អ្នកដែលចេះហែលទឹក ឲ្យលោតចុះក្នុងទឹក ហើយហែលទៅគោកមុន។ ៤៤ រួចគាត់បង្គាប់អ្នកដែលនៅសល់ទាំងប៉ុន្មានឲ្យលោតចុះក្នុងទឹកដែរ ដោយមានអ្នកខ្លះតោងបន្ទះក្ដារ ហើយអ្នកខ្លះទៀតតោងបំណែកសំពៅហែលទៅ។ ដូច្នេះនៅទីបំផុត ពួកគេទាំងអស់គ្នាបានទៅដល់គោកដោយសុវត្ថិភាព។+
២៨ ក្រោយពីយើងបានទៅដល់ឆ្នេរដោយសុវត្ថិភាពហើយ ទើបយើងដឹងថាកោះនោះឈ្មោះម៉ល់តា។+ ២ អ្នកកោះ*នោះប្រព្រឹត្តមកលើយើងដោយចិត្តសប្បុរសក្រៃលែង។ ពួកគេបានបង្កាត់ភ្លើងនិងទទួលយើងទាំងអស់គ្នាយ៉ាងរាក់ទាក់ ព្រោះពេលនោះកំពុងធ្លាក់ភ្លៀង ហើយអាកាសធាតុក៏ត្រជាក់ផង។ ៣ ប៉ុន្តែ ពេលដែលប៉ូលប្រមូលអុសមួយកងមកដាក់លើភ្លើង ស្រាប់តែមានពស់ពិសមួយក្បាលចេញមកដោយសារត្រូវកម្ដៅភ្លើង ហើយក៏ចឹកដៃគាត់ជាប់។ ៤ កាលដែលអ្នកកោះនោះឃើញសត្វមានពិសនៅជាប់នឹងដៃគាត់ ពួកគេចាប់ផ្ដើមនិយាយគ្នាថា៖ «បុរសនេះប្រាកដជាឃាតករ ហើយទោះជាគាត់បានរួចពីសមុទ្រដោយសុវត្ថិភាពក៏ដោយ យុត្តិធម៌*មិនអនុញ្ញាតឲ្យគាត់រស់តទៅទៀតទេ»។ ៥ ក៏ប៉ុន្តែ ប៉ូលរលាស់សត្វនោះឲ្យធ្លាក់ទៅក្នុងភ្លើង ហើយគាត់មិនមានគ្រោះថ្នាក់អ្វីទេ។ ៦ អ្នកកោះនោះចាំមើលថាគាត់ហើមខ្លួន ឬដួលស្លាប់ភ្លាមៗឬយ៉ាងណា។ ក្រោយពីបានចាំយ៉ាងយូរ ហើយមិនឃើញថាមានអ្វីកើតឡើងដល់គាត់ទេ នោះពួកគេក៏ផ្លាស់គំនិត រួចចាប់ផ្ដើមនិយាយថាគាត់ជាព្រះមួយទៅវិញ។
៧ នៅតំបន់នោះ បុរសម្នាក់ឈ្មោះផឹបភ្លាស ដែលជាអ្នកធំជាងគេនៅកោះនោះ គាត់មានដីច្រើន ហើយគាត់ទទួលយើងយ៉ាងរាក់ទាក់ដោយចិត្តសប្បុរសអស់បីថ្ងៃ។ ៨ ពេលនោះ ឪពុករបស់ផឹបភ្លាសកំពុងសម្រាន្តលើគ្រែ ដោយសារឈឺគ្រុនក្ដៅនិងរាកមួល។ រួចប៉ូលចូលទៅឯគាត់ អធិដ្ឋាន ហើយដាក់ដៃលើគាត់ធ្វើឲ្យជាសះស្បើយ។+ ៩ បន្ទាប់ពីការនេះ អ្នកឯទៀតដែលឈឺនៅកោះនោះចាប់ផ្ដើមមករកប៉ូល ហើយពួកគេក៏បានជាសះស្បើយដែរ។+ ១០ ម្យ៉ាងទៀត ពួកគេបានធ្វើអំណោយជាច្រើនដើម្បីបង្ហាញការគោរពចំពោះយើង ហើយពេលយើងចេញសំពៅ ពួកគេបានឲ្យអ្វីៗជាច្រើនសន្ធឹកដែលយើងត្រូវការ។
១១ ក្រោយពីយើងបានស្នាក់នៅកោះនោះអស់បីខែ យើងក៏ចេញដំណើរតាមសំពៅមួយពីក្រុងអាឡិចសង់ទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងរដូវត្រជាក់។ នៅក្បាលសំពៅនោះមានរូបមួយដែលមានអក្សរថា កូនរបស់ព្រះសឺស។ ១២ រួចមក យើងចតនៅកំពង់ផែស៊ីរ៉ាគូស ហើយនៅក្រុងនោះអស់បីថ្ងៃ។ ១៣ ពីកន្លែងនោះ យើងចេញដំណើរទៅដល់ក្រុងរេគៀម។ មួយថ្ងៃក្រោយមក ខ្យល់បក់មកពីទិសខាងត្បូង ហើយនៅថ្ងៃទី២ យើងបានទៅដល់កំពង់ផែពូតេអូលី។ ១៤ នៅទីនោះយើងរកឃើញបងប្អូន ហើយពួកគាត់បានសុំយើងឲ្យនៅជាមួយនឹងពួកគាត់អស់៧ថ្ងៃ។ រួចយើងចេញដំណើរឆ្ពោះទៅក្រុងរ៉ូម។ ១៥ ពេលដែលបងប្អូននៅក្រុងរ៉ូមបានទទួលដំណឹងអំពីយើង ពួកគាត់បានមករហូតដល់ផ្សារអាពីយូសនិងផ្ទះសម្នាក់បី ដើម្បីជួបយើង។ កាលដែលប៉ូលឃើញបងប្អូន គាត់អរគុណព្រះ ហើយក៏មានកម្លាំងចិត្ត។*+ ១៦ នៅទីបំផុត យើងបានចូលក្រុងរ៉ូម ហើយប៉ូលបានត្រូវអនុញ្ញាតឲ្យស្នាក់នៅម្នាក់ឯង ជាមួយនឹងទាហានម្នាក់ដែលយាមគាត់។
១៧ ក៏ប៉ុន្តែ បីថ្ងៃក្រោយមក ប៉ូលសុំគេឲ្យហៅបុរសដែលមានមុខមានមាត់ក្នុងចំណោមជនជាតិយូដាឲ្យមកជុំគ្នា។ លុះបានជួបជុំគ្នាហើយ គាត់និយាយទៅពួកគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងបណ្ដាជនឬទំនៀមទម្លាប់បុព្វបុរសរបស់យើងទេ។+ ទោះជាយ៉ាងនោះក៏ដោយ គេបានប្រគល់ខ្ញុំជាអ្នកទោសពីក្រុងយេរូសាឡិម ទៅក្នុងកណ្ដាប់ដៃជនជាតិរ៉ូម។+ ១៨ ក្រោយពីសួរចម្លើយខ្ញុំ+ អ្នកទាំងនោះចង់ដោះលែងខ្ញុំ ដោយឃើញថាខ្ញុំមិនបានធ្វើអ្វីឲ្យសមនឹងទទួលទោសដល់ស្លាប់ឡើយ។+ ១៩ ប៉ុន្តែ ជនជាតិយូដាចេះតែជំទាស់ ទើបខ្ញុំត្រូវសុំលើករឿងក្ដីទៅសេសារ*+ តែមិនមែនដោយសារខ្ញុំមានរឿងអ្វីដែលចង់ចោទប្រកាន់ជាតិខ្ញុំទេ។ ២០ ហេតុនេះហើយបានជាខ្ញុំសុំគេឲ្យហៅអ្នករាល់គ្នាមក ដើម្បីខ្ញុំអាចជួបនិងអាចនិយាយជាមួយនឹងអ្នករាល់គ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់អ៊ីស្រាអែល»។+ ២១ ពួកគេនិយាយទៅគាត់ថា៖ «យើងមិនបានទទួលសំបុត្រពីតំបន់យូឌាស្ដីអំពីអ្នកទេ ហើយក្នុងចំណោមបងប្អូនដែលទើបតែមកដល់ ក៏គ្មានអ្នកណាបានរាយការណ៍ឬនិយាយអ្វីអាក្រក់អំពីអ្នកដែរ។ ២២ ប៉ុន្តែ យើងគិតថាជាការត្រឹមត្រូវឲ្យយើងឮអ្នកនិយាយផ្ទាល់អំពីគំនិតរបស់អ្នក ព្រោះយើងដឹងច្បាស់ថានៅគ្រប់ទីកន្លែងគេតែងនិយាយប្រឆាំងនិកាយនេះ»។+
២៣ រួចពួកគេបានណាត់ថ្ងៃជួបប៉ូលម្ដងទៀត។ នៅថ្ងៃណាត់នោះ ពួកគេមកកន្លែងដែលប៉ូលស្នាក់នៅ ដោយមានគ្នាច្រើនជាងមុន ហើយតាំងពីព្រឹកដល់ល្ងាច គាត់បានពន្យល់ពួកគេអំពីរឿងនោះ ដោយធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ហើយខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីលោកយេស៊ូ+ ដោយផ្អែកលើច្បាប់ម៉ូសេ+និងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ។+ ២៤ អ្នកខ្លះចាប់ផ្ដើមជឿអ្វីដែលគាត់និយាយ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ ២៥ ដូច្នេះ ដោយសារពួកគេខ្វែងគំនិតគ្នា នោះពួកគេចាប់ផ្ដើមចាកចេញទៅ។ ពេលនោះ ប៉ូលនិយាយថា៖
«អ្វីដែលឫទ្ធានុភាពបរិសុទ្ធបាននិយាយទៅកាន់ពួកបុព្វបុរសរបស់អ្នករាល់គ្នា តាមរយៈអេសាយជាអ្នកប្រកាសទំនាយ នោះគឺត្រឹមត្រូវណាស់ ២៦ ពេលថា៖ ‹ចូរទៅឯបណ្ដាជននេះ ហើយនិយាយថា៖ «អ្នករាល់គ្នានឹងស្ដាប់ឮ តែមិនយល់អត្ថន័យអ្វីសោះ ហើយអ្នករាល់គ្នានឹងមើល តែមិនឃើញអ្វីសោះ។+ ២៧ ពីព្រោះចិត្តរបស់បណ្ដាជននេះបានទៅជារឹង ហើយពួកគេបានឮនឹងត្រចៀក តែមិនបានអើពើទេ។ ពួកគេបានបិទភ្នែកដើម្បីកុំឲ្យមើលឃើញ ហើយបិទត្រចៀកដើម្បីកុំឲ្យស្ដាប់ឮ ហើយយល់អត្ថន័យ រួចប្រែចិត្ត ដើម្បីឲ្យខ្ញុំធ្វើឲ្យពួកគេជាសះស្បើយឡើយ»›។+ ២៨ ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ដំណឹងនេះស្ដីអំពីរបៀបដែលព្រះផ្ដល់សេចក្ដីសង្គ្រោះ បានត្រូវផ្សាយដល់ប្រជាជាតិនានា។+ ពួកគេប្រាកដជានឹងស្ដាប់»។+ ២៩ *——
៣០ ដូច្នេះ ប៉ូលស្នាក់នៅក្នុងផ្ទះដែលគាត់ជួលអស់ពីរឆ្នាំ+ ហើយគាត់តែងតែទទួលអស់អ្នកដែលមកជួបគាត់យ៉ាងរាក់ទាក់។ ៣១ គាត់ក៏ផ្សព្វផ្សាយប្រាប់ពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយបង្រៀនអំពីលោកម្ចាស់យេស៊ូគ្រិស្តដោយក្លាហានបំផុត+ និងដោយគ្មានអ្វីមករារាំងគាត់ឡើយ។
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
ន័យត្រង់«ដាក់នៅក្រោមអំណាច»
ន័យត្រង់«ចម្ងាយដែលគេអនុញ្ញាតឲ្យដើរក្នុងថ្ងៃឈប់សម្រាក»។ តាមច្បាប់ម៉ូសេ មនុស្សមិនត្រូវបានអនុញ្ញាតឲ្យដើរឆ្ងាយពីផ្ទះក្នុងថ្ងៃឈប់សម្រាកទេ
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«អាស៊ី»
ឬ«អ្នកដែលចូលសាសនាយូដា»
ឬ«ស្រាថ្មី»
ប្រហែលជាម៉ោង៩ព្រឹក
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬប្រហែលជាមានន័យថា«ចំណង»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ការជ្រមុជទឹកជាពិធីសាសនា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ក៏បានចែកអ្វីៗទាំងអស់ជាមួយគ្នា»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ប្រហែលជាម៉ោងបីរសៀល
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
សំដៅលើដុំថ្មដែលដាក់នៅជំនួបជញ្ជាំងពីរនៅកែងឬជ្រុងសំណង់
នេះសំដៅលើការមិនបានរៀនសូត្រនៅសាលាសាសនារបស់ជនជាតិហេប្រឺ
តុលាការកំពូលរបស់ជនជាតិយូដា
ឬ«ការអស្ចារ្យ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«និងគ្រិស្តរបស់លោក»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«អធិដ្ឋានអស់ពីចិត្ត»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
ផារិស៊ីគឺជានិកាយដ៏ធំមួយនៃសាសនាយូដានៅសតវត្សរ៍ទី១ គ.ស.
សំដៅលើពួកអ្នកកាន់តាមជាជនជាតិយូដា
សំដៅលើពួកអ្នកកាន់តាមជាជនជាតិយូដា
ន័យត្រង់«ទៅបម្រើនៅតុ»
សំដៅលើអ្នកដែលចូលសាសនាយូដា
មើលនិយមន័យពាក្យ«អាស៊ី»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ឬប្រហែលជាមានន័យថា«បានធ្វើដូចគ្នាដល់»
ឬ«បុព្វបុរស»
ឬ«ស្រូវ»
ន័យត្រង់«អស់ទាំងប្រាជ្ញា»
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«ស្បែកចិត្តនិងត្រចៀកមិនទាន់ត្រូវកាត់ទេ»
ឬ«ស្ថានសួគ៌»
មើលនិយមន័យពាក្យ«ជីវិត»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«គាត់ដេកលក់ក្នុងសេចក្ដីស្លាប់»
ឬប្រហែលជាមានន័យថា«ក្រុងមួយនៃ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«ជនគម្រៀវ»។ មើលនិយមន័យពាក្យ«ជនគម្រៀវ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣
នេះសំដៅលើពួកអ្នកកាន់តាម
ន័យត្រង់«ចាប់ចង»
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
ការជ្រមុជទឹកជាពិធីសាសនា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ជាភាសាក្រិចឈ្មោះដ័រកាស ហើយជាភាសាអារ៉ាប់ឈ្មោះតាប៊ីថា ឈ្មោះទាំងពីរមានន័យថា«ប្រើស»
ឬ«មេទាហាន»ដែលត្រួតត្រាលើទាហាន១០០នាក់
នេះជាកងទ័ពរ៉ូមដែលមានទាហានចំនួន៦០០នាក់
ប្រហែលជាម៉ោងបីរសៀល
ប្រហែលជាម៉ោង១២ថ្ងៃត្រង់
ន័យត្រង់«ភាជនៈមួយ»
ប្រហែលជាម៉ោងបីរសៀល
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
ឬ«ពួកអ្នកស្មោះត្រង់»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ន័យត្រង់«ភាជនៈមួយ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
តាមពិតហេរ៉ូឌជាអភិបាលស្រុក ប៉ុន្តែបណ្ដាជននិយមហៅគាត់ថា«ស្ដេច»
ឬ«មកទទួលការវិនិច្ឆ័យក្ដី»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ជួយ»
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«ដោយដៃដែលបានលើកខ្ពស់»
ន័យត្រង់«ពូជ»
ការជ្រមុជទឹកជាពិធីសាសនា
ឬ«អ្នកដែលចូលសាសនាយូដា»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«កម្រង»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ឬ«ការជជែកតវ៉ាជាច្រើន»
ឬ«ខ្ទម» ឬ«ផ្ទះ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«សម្លាប់ដោយមិនបង្ហូរឈាម»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«សម្លាប់ដោយមិនបង្ហូរឈាម»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬប្រហែលជាមានន័យថា«ទោះជាយ៉ាងណាក៏ដោយ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«អាស៊ី»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ការជ្រមុជទឹកជាពិធីសាសនា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ភាសាក្រិច«ដាយម៉ូនីអន»សំដៅលើពួកទេវតាអាក្រក់
កន្លែងសាធារណៈដែលមហាជនប្រជុំគ្នា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«អធិរាជ»
ក្រុមអ្នកកាន់តាមទស្សនវិទូឈ្មោះអេពីគួរូស ដែលមានជំនឿថាមនុស្សគួរតែរកការសប្បាយច្រើនបំផុតក្នុងជីវិត
ក្រុមអ្នកកាន់តាមទស្សនវិទូឈ្មោះស៊ីណូ ដែលមានជំនឿថាមនុស្សគួរតែរស់នៅស្របតាមវិចារណញ្ញាណ ហើយតាំងចិត្តនៅកណ្ដាល មិនព្រួយលំបាក ហើយក៏មិនសប្បាយ
ទួលមួយនៅក្រុងអាថែន ហើយជាកន្លែងដែលតុលាការកំពូលជួបជុំគ្នានៅសម័យបុរាណ
ឬ«ពូជពង្ស»
ឬ«ពូជពង្ស»
ឬ«វែកញែកហេតុផល»
ន័យត្រង់«ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើអ្នករាល់គ្នាវិញ»
នេះសំដៅលើសាលាប្រជុំ
ការជ្រមុជទឹកជាពិធីសាសនា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ទំនងជាឡើងទៅក្រុងយេរូសាឡិម
ឬ«បង្រៀនដោយមាត់ទទេ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«មានអ្នកខ្លះកាន់តែរឹងចចេស»
មើលនិយមន័យពាក្យ«អាស៊ី»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«អាស៊ី»
ន័យត្រង់«ចាប់ផ្ដើមកាច់នំប៉័ងបរិភោគ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«វិសេស»
ឬ«គោលបំណងទាំងអស់»
ន័យត្រង់«ជិះជាន់»
ឬ«ថើបថ្នមៗ»
ភីលីពជាបុរសម្នាក់ក្នុងចំណោមបុរស៧នាក់ដែលពួកសាវ័កបានជ្រើសរើសនៅក្រុងយេរូសាឡិម។ មើលសកម្ម ៦:៣
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«ឲ្យក្បត់»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ឬ«ដោយមិនបង្ហូរឈាម»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មើលនិយមន័យពាក្យ«អាស៊ី»
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ឬ«ផ្លូវនៃសេចក្ដីពិត»
ន័យត្រង់«មនុស្សជញ្ជាំងលាបកំបោរស»
ប្រហែលជាម៉ោង៩យប់
ឬ«ជាជនបង្កបញ្ហា»។ ន័យត្រង់«រោគរាតត្បាត»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ឬ«គ្មានកន្លែងបន្ទោស»
ឬ«ទាន»
មើលនិយមន័យពាក្យ«អាស៊ី»
ឬ«ផ្លូវនៃសេចក្ដីពិត»
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«អធិរាជ»
ន័យត្រង់«សេសារអូគូស»
ន័យត្រង់«ទៅកាន់លោកម្ចាស់របស់ខ្ញុំ»
ជន្លួញជាដំបងដែលមានមុខស្រួច ដើម្បីប្រើចាក់សត្វឲ្យទៅមុខ
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ន័យត្រង់«អធិរាជ»
មើលនិយមន័យពាក្យ«អាស៊ី»
នោះគឺនៅខែធិសស្រ៊ី ដែលចាប់ផ្ដើមពាក់កណ្ដាលខែកញ្ញាដល់ពាក់កណ្ដាលខែតុលា។ ពេលនោះរដូវភ្លៀងចាប់ផ្ដើម និងមានរលកសមុទ្រធំៗ
នេះសំដៅលើខ្យល់មកពីទិសខាងជើង
ទូកតូចដែលអាចប្រើជាទូកសង្គ្រោះ
មើលនិយមន័យពាក្យ«សៀទីស»
ន័យត្រង់«អធិរាជ»
ឬ«២០ហ្វាតូម»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«១៥ហ្វាតូម»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«អ្នកដែលនិយាយភាសាបរទេស»
ភាសាក្រិចឌីខេ ប្រហែលជាសំដៅលើព្រះនៃការសងសឹកដើម្បីយុត្តិធម៌ ឬអបិយជំនឿអំពីយុត្តិធម៌
ឬ«មានចិត្តក្លាហាន»
ន័យត្រង់«អធិរាជ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣